សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុន យាន ឆាយ និងឧកញ៉ាមួយចំនួន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ទៅលក់នៅប្រទេសវៀតណាម និងចែកចាយតាមដេប៉ូក្នុងប្រទេស។ ការលើកឡើងនេះ បន្ទាប់ពីពួកគេបានចុះស៊ើបអង្កេតដល់ទីតាំងផ្ទាល់ ប្រទះឃើញក្បួនរថយន្តយីឌុប រាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្លងកាត់ភូមិសំពោច ស្រុកស្នួល ខេត្តក្រចេះ។
ចំណែកមន្រ្តីពាក់ព័ន្ធទទួលបន្ទុកការពារព្រៃឈើ នៃរបបក្រុងភ្នំពេញ មិនទាន់មានប្រតិកម្មជុំវិញការរកឃើញពីបទល្មើសឈើនេះនៅឡើយទេ។
សកម្មជនបរិស្ថានថា ក្រុមហ៊ុនចិន យាន ឆាយ ដែលទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ១ពាន់ហិកតារ (១.១០០) នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងធ្វើអាជីវកម្មឈើខ្នាតធំ និងមានឧកញ៉ាមួយចំនួនជ្រកក្រោមស្លាកក្រុមហ៊ុននេះខ្ចីដៃពលរដ្ឋឲ្យចូលព្រៃអភិរក្សកាប់ឈើលក់ឲ្យខ្លួន។
សកម្មជនបរិស្ថាន ដែលចុះស៊ើបអង្កេតករណីនេះ លោក ហេង ស្រស់ ឲ្យដឹងនៅថ្ងៃទី២៣ ឧសភាថា គោយន្ត ៩គ្រឿង និងរថយន្តប៉ាកុង ឬហៅថា អារ៉េវ ចំនួន ៨០គ្រឿង បានដឹកជញ្ជូនឈើមូលធំៗ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ចូលការដ្ឋានក្រុមហ៊ុនចិន យាន ឆាយ ដើម្បីអាច្រៀកជាឈើជ្រុង រួចដឹកចេញទៅក្រៅនៅពេលយប់ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ ចាំស៊ីញេបំប្លែងឈើទាំងនោះ ឲ្យទៅជាឈើស្របច្បាប់។ លោកថា អាជីវកម្មឈើខ្នាតធំនេះ មន្ត្រីពាក់ព័ន្ធចូលរួមប្រព្រឹត្តអំពើពុករលួយ និងធ្វើរបាយការណ៍ភូតភរទៅថ្នាក់លើ បំណងជួយបិទបាំងរបររកស៊ីផ្លូវងងឹតរបស់ជនទុច្ចរិតមួយចំនួន៖ « យប់ម្សិលមិញដែលខ្ញុំចុះផ្ទាល់ហ្នឹង យើងមើលឃើញថា មិនត្រឹមមន្ត្រីរដ្ឋបាលព្រៃឈើទេ មន្ត្រីរដ្ឋបាលព្រៃឈើគ្រាន់តែជាអ្នកកាង គ្រាន់តែជាអ្នកអះអាង ការពារព្រៃឈើហ្នឹងឲ្យស្របច្បាប់ ហើយឡានពាក់ស្លាកលេខ ខ . ម ចំនួន ២គ្រឿង មានឡានមួយអ្នករត់ការ និងឡានមួយទៀតការពារសុវត្ថិភាពឈើចេញពីព្រៃ ទៅក្រៅប្រទេសដោយសុវត្ថិភាព » ។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ពួកគេបានប្រទះឃើញរថយន្តយីឌុប ២២គ្រឿង បានដឹកជញ្ជូនឈើកាលពីយប់ថ្ងៃទី២១ ឧសភា ហើយឈើទាំងនោះមាន លិខិតអនុញ្ញាតឬហៅថា ប៉េសេ ចំនួន ១២រថយន្ត និង ១០រថយន្តទៀត គ្មានលិខិតអនុញ្ញាត ហើយរថយន្តយីឌុបទាំងនោះ ដឹកឈើចេញពីក្រុមហ៊ុនចិន យាន ឆាយ។ លោកសង្កេតឃើញថា ក្រុមហ៊ុន យាន ឆាយ ទទួលសិទ្ធិវិនិយោគលើផ្ទៃដីទំហំ ១ពាន់ ១រយហិកតារ ក៏ប៉ុន្តែដីក្រុមហ៊ុននេះ គ្មានដើមឈើធំៗ សម្រាប់ប្រមូលទៀតទេ ហើយឈើដែលកំពុងធ្វើអាជីវកម្ម គឺជាឈើដែលប្រមូលបានពីព្រៃអភិរក្ស ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម៖ « ឈូសឆាយព្រៃស្អាតធេងតែម្ដង ធ្វើតែរោង ដើម្បី អារច្រៀកឈើ ដឹកជញ្ជូនទៅក្រៅសុទ្ធតែម្ដង បើឲ្យមានដាំដុះអ្វីមួយ គឺមិនមាន។ គេចែកគ្នាស៊ីតែម្ដង ជាពិសេស គឺរដ្ឋបាលព្រៃឈើតែម្តង ជាអ្នកស៊ីញេឲ្យមានការ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ធ្វើរូបភាពបែបនេះ មានការកាប់បំផ្លាញព្រៃក្នុងដែនជម្រកសត្វព្រៃមួយនេះ ជិតរលាយហិនហោច » ។
ជនជាតិដើមភាគតិចរស់នៅឃុំរយ៉ ស្រុកកោះញែក លោក ប្រុង ណច សង្កេតឃើញថា ដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានកម្លាំងកម្មកររាប់សិបនាក់ សម្រុកកាប់យកឈើធំៗស្ទើរគ្រប់តំបន់ លក់ឲ្យក្រុមហ៊ុន ដែលចាំទទួលទិញនៅតាមដេប៉ូអាឈើមួយចំនួន ដែលឋិតនៅក្បែរតំបន់ព្រៃអភិរក្សទាំងនោះ។ សកម្មភាពកាប់បំផ្លាញព្រៃឈើនេះ បានរាលដាលដល់តំបន់ព្រៃកប់សព និងព្រៃអារក្សរបស់ពួកគេអស់ស្ទើរទាំងស្រុង។ លោកថា ថ្មីៗ នេះ ក្រុមល្បាតសហគមន៍បានប្រទះឃើញ ដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវគេកាប់នៅសល់តែគល់ ហើយនេះ គឺជាវិនាសកម្មព្រៃឈើ ដែលមិនអាចប្រកែកបាន៖ « ឈើហ្នឹងគេកាប់តែ ២ថ្ងៃទៅ ៣ថ្ងៃអស់អាលីង បងអើយ ទប់ស្កាត់អត់ឈ្នះទេ កាប់ឈើកន្លែងផ្នូរខ្មោចខ្ញុំហ្មង និងព្រៃអារក្សអ្នកតាខ្ញុំហ្មង ឡានឡើងទក់ ប៊ិះទាន់ បាត់បង់អត្តសញ្ញាណ បាត់បង់ព្រៃឈើ អនាគតមានអីទៀតវាលធេង » ។
ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ចេញព្រះរាជក្រឹត្យកំណត់ជាព្រៃអភិរក្សកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជាង ២២ម៉ឺនហិកតារ (២២២.៥០០) ឋិតនៅស្រុកកោះញែក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នូល ខេត្តក្រចេះ។ កម្មជនបរិស្ថានរកឃើញថា ក្រសួងកសិកម្ម គឺជាអ្នករួមចំណែកបំផ្លាញព្រៃឈើក្នុងព្រៃអភិរក្សមួយនេះ តាមរយៈផ្ដល់អាជ្ញាប័ណ្ណប្រមូលឈើក្នុងដីសម្បទានជាប់ព្រៃអភិរក្ស។
អាស៊ីសេរី ពុំទាន់អាចសុំការឆ្លើយតប ពីការរកឃើញករណីជួញដូរឈើទ្រង់ទ្រាយធំនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាននៅឡើយទេ នៅថ្ងៃទី២៣ ឧសភា។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី និង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី លោក សុខ ឃាង ក៏ពុំទាន់សុំប្រតិកម្មជុំវិញរឿងនេះបានដែរ ដោយពួកលោក មិនលើកទូរស័ព្ទ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា តំបន់មួយចំនួនឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ធ្វើឲ្យលោកពិបាកសន្និដ្ឋានថា ឈើទាំងនោះមានប្រភពមកពីណា? ក៏ប៉ុន្តែក៏មានឈើខ្លះមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើដែរ។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ២០នាក់ កំពុងឈរជើងនៅតំបន់នោះ បានសហការជាមួយអង្គការ WWF រួមគ្នា អភិរក្សព្រៃឈើ ជីវចម្រុះ និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ។ លោកទទួលស្គាល់ថា បទល្មើសព្រៃឈើបានថយចុះច្រើន ព្រោះមន្ត្រីជំនាញ កំពុងបង្កើនការចុះល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ និងដោះអន្ទាក់សត្វព្រៃជាដើម។ លោកអំពាវនាវឲ្យពលរដ្ឋបញ្ឈប់កាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ និងកុំជឿ ពាក្យបោកប្រាស់មេខ្លោងដែលប្រើលុយ ជួលអ្នកភូមិឲ្យចូលព្រៃកាប់ឈើលក់ឲ្យខ្លួននោះ៖ « គួរតែបែងចែកឲ្យបានច្បាស់លាស់ថា ការដឹកជញ្ជូនឈើខ្លះក៏មាន ច្បាប់អនុញ្ញាតដោយរដ្ឋបាលព្រៃឈើដែរជាឈើស្របច្បាប់។ តែជាមួយគ្នានេះ យើងនៅតែបន្តប្រយុទ្ធប្រឆាំង ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជាពិសេស ដែនសមត្ថកិច្ចក្រសួងបរិស្ថានយើងផ្ដោតការពារ និងអភិរក្ស ទប់ស្កាត់ និងរុករានទន្ទ្រានដីធ្លី » ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ប្ដេជ្ញាថា នឹងបន្តស៊ើបអង្កេតពីភាពមិនប្រក្រតីនៃលិខិតអនុញ្ញាតរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម បានផ្ដល់លទ្ធភាពឲ្យឧកញ៉ាមួយចំនួនដឹកឈើទៅលក់នៅក្រៅប្រទេស និងចែកចាយតាមដេប៉ូក្នុងស្រុកនោះ។ លោកអះអាង បើគ្មានការឃុបឃិតគ្នា និងបើកដៃពីអាជ្ញាធរពាក់ព័ន្ធទេ ឈើទាំងនោះនឹងមិនអាចដឹកជញ្ជូនចេញ ទៅលក់នៅក្រៅប្រទេស តាមច្រករបៀង ព្រំដែនត្រពាំងស្រែ ឋិតក្នុងស្រុកស្រូលខេត្តក្រចេះបាននោះទេ៖ « យើងចង់ឲ្យខាងមេព្រៃ រដ្ឋបាលព្រៃឈើក្នុងតំបន់នេះ បញ្ចេញក្រដាស ប៉េសេ PC ថា ក្រុមហ៊ុនមួយហ្នឹង មានសិទ្ធិដឹកជញ្ជូនឈើដឹកទៅក្រៅប្រទេស មានប៉ុន្មានម៉ែត្រគូប។ រហូតមកដល់ពេលហ្នឹង យើងអត់ដែលឃើញថា មន្ត្រីទាំងអស់ហ្នឹងបញ្ចេញព័ត៌មានទាំងអស់ហ្នឹងឲ្យពលរដ្ឋបានដឹងទេ អីចឹងហើយឈើទាំងអស់ហ្នឹងខុសច្បាប់ » ។
សកម្មជនបរិស្ថានបន្ថែមថា បើទោះជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនោះ អះអាងថា មានលិខិតអនុញ្ញាត ឬហៅថា PC តែការដឹកជញ្ជូនឈើទាំងនោះ សុទ្ធសឹងតែប្រមូលពីតំបន់ព្រៃការពារធម្មជាតិ ដើម្បីបំប្លែងជាឈើស្របច្បាប់ ដែលឃុបឃិតគ្នាជាប្រព័ន្ធ ដោយអាជ្ញាធរមានសមត្ថកិច្ចប្រចាំតាមតំបន់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។