សហគមន៍អន្តរជាតិនៅតែបន្តឲ្យចំណាត់ថ្នាក់កម្ពុជា ទាបសឹងគ្រប់វិស័យ តាំងពីវិស័យអប់រំ យុត្តិធម៌ ធនធានធម្មជាតិ និងការអភិវឌ្ឍជាតិ ដោយសារតែអំពើពុករលួយ។ អង្គការឃ្លាំមើលបរិស្ថានពិភពលោកមួយ ធ្លាប់ចាត់ទុកកម្ពុជា ថាជាប្រទេសមួយសម្រាប់លក់សម្បត្តិធម្មជាតិរបស់ខ្លួនទៅឲ្យបរទេស។
ក្រុមអ្នកឃ្លាំមើលអះអាងថា ក្រៅពីសម្បត្តិធម្មជាតិ កម្ពុជា បានលក់អគារសាធារណៈរបស់រដ្ឋជាច្រើនឲ្យទៅក្រុមហ៊ុនឯកជន។ តើកម្ពុជា នៅសេសសល់អ្វីខ្លះដែលត្រូវលក់បន្ត?
កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ នៅតែបន្តធ្លាក់ចុះបាក់មុខងើបមិនដែលរួច។ នៅរាល់ការវាយតម្លៃរបស់សហគមន៍អន្តរជាតិ បើចង់រកមើលប្រទេសកម្ពុជា ឲ្យបានឆាប់ គឺត្រូវមើលពីក្រោមឡើងលើទៅវិញ។
អង្គការតម្លាភាពអន្តរជាតិដែលជាអង្គការឃ្លាំមើលអំពើពុករលួយនៅឆ្នាំ២០១៤ នេះ បានឲ្យពិន្ទុកម្ពុជា ជាប់លេខរៀងទី១៥៦ ក្នុងចំណោមប្រទេស១៧៥ លើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្វើឲ្យកម្ពុជា មានពិន្ទុទាបជាងប្រទេសជិតខាងរបស់ខ្លួន ដូចជា ថៃ វៀតណាម និងប្រទេសឡាវ។ តារាងវាយតម្លៃអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា បញ្ហាពុករលួយរបស់កម្ពុជា ហាក់ស្រដៀងគ្នាទៅនឹងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដូចជាប្រទេសអាហ្វកានីស្ថាន (Afghanistan) អ៊ីរ៉ាក់ (Iraq) យេម៉ែន (Yemen) និងបណ្ដាប្រទេសនៅតំបន់អាហ្វ្រិក ដូចជា ហ្គីណេ (Guinea) អង់ហ្គោឡា (Angola) ហ្ស៊ីមបាវ៉េ (Zimbabwe)។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចនៅកម្ពុជា មិនទទួលស្គាល់ចំពោះរបាយការណ៍នេះទេ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យនៃរដ្ឋសភា លោក ឈាង វុន បានច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ៖ «ខ្ញុំអត់ចង់ស្តាប់ឮរបាយការណ៍ពួកបរទេសអី វាយតម្លៃស្រុកខ្មែរអី ខ្ញុំអត់ចង់ស្តាប់សោះតែម្តង។ ខ្ញុំសូមអភ័យទោស ហើយខ្ញុំអត់ចង់ឆ្លើយទេ ពីព្រោះវាអត់មានន័យអីត្រូវឆ្លើយ ឬវាត្រូវបកស្រាយអី បើគាត់ជាខ្មែរឲ្យមកធ្វើនយោបាយស្រុកខ្មែរមក។ ហើយបរទេសកុំឲ្យលូកដៃចូលស្រុកខ្មែរច្រើនពេក ដោះស្រាយរឿងនៅស្រុកគាត់សិនទៅ»។
បញ្ហាពុករលួយនៅប្រទេសកម្ពុជា ត្រូវបានមនុស្សជាច្រើនដឹងសឹងគ្រប់គ្នាទៅហើយថា កើតឡើងដោយសារការសូកប៉ាន់ដើម្បីទទួលសិទ្ធិអំណាច ក្នុងការធ្វើអាជីវកម្មខុសច្បាប់ ការលក់ដូរ ឬដោះដូរទ្រព្យសម្បត្តិរដ្ឋជាច្រើនមិនបានធ្វើឡើងដោយតម្លាភាព និងមិនស្របច្បាប់។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺទឹកប្រាក់ដែលបានមកពីការលក់ដូរទាំងនេះ មិនឃើញបង្ហាញនៅក្នុងខ្ទង់ចំណូលចំណាយរបស់រដ្ឋឡើយ។
ក្រុមអ្នកឃ្លាំមើលឲ្យដឹងថា ទ្រព្យសម្បត្តិរបស់រដ្ឋទាំងឡាយមានដូចជាអគារប្រវត្តិសាស្ត្រ វត្តអារាម សាលារៀន ក្រសួងមន្ទីរ ស្តាតអូឡាំពិក ត្រពាំងបឹងបួ ភ្នំតូច ភ្នំធំ ព្រៃឈើ សត្វព្រៃ និងមច្ឆជាតិ ត្រូវបានលក់អស់គ្មានសល់។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា រហូតមកទល់ពេលនេះ គេឃើញមហោស្រព រោងកុន រោងចក្ររបស់រដ្ឋ និងស្តាតអូឡាំពិក ត្រូវបានប្រែក្លាយទៅជាសម្បត្តិឯកជនជាសំណង់អគារផ្ទះល្វែង ជាក្លឹបខារ៉ាអូខេ និងជាកន្លែងលក់គ្រឿងស្រវឹងពាសពេញប្រទេសទៅវិញ៖ «ឥឡូវយើងមើលស្តាតអូឡាំពិក យើងលែងមើលឃើញស្រមោលស្តាតបាត់ទៅហើយ ស្តាតចាស់ក៏អត់មាន ប៉ុន្តែវានៅក្នុងទឹកដីខ្មែរ ដូចជារ៉ែជាអីហ្នឹង វាត្រូវបានលក់ហើយ នាំចេញក្រៅតែម្តង។ ត្រីលក់ ហើយត្រូវអស់តែម្តង ព្រៃលក់អស់ ប៉ុន្តែអ្វីដែលជាដីជាអីវាលក់មែន តែវានៅក្នុងទឹកដីខ្មែរ។ វាលក់យកតែលុយ ប៉ុន្តែវាទៅជាឯកជនកាន់កាប់តែប៉ុណ្ណឹងទេ ហើយអ្វីដែលលក់ហើយបាត់ហ្នឹង គឺរ៉ែ ត្រីហ្នឹង ហើយនិងព្រៃដែលមិនអាចវិលត្រឡប់មកវិញបាន»។
លើសពីនេះទៅទៀត ក្រសួងមន្ទីរ ឬស្ថាប័នរដ្ឋជាច្រើន ត្រូវបានរើចេញពីកណ្ដាលទីក្រុងយកទៅដាក់នៅជាយក្រុងទៅវិញ។ តួយ៉ាងដូចជា ក្រសួងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នរដ្ឋជាច្រើនទៀត ត្រូវបានផ្លាស់ទីពីទីក្រុងទៅជាយក្រុងវិញ។
អ្នកឃ្លាំមើលមួយចំនួនអះអាងថា ការអភិវឌ្ឍទីក្រុងភ្នំពេញ គឺដើម្បីលក់ ឬដោះដូរ។ ចំណែកការអភិវឌ្ឍទីក្រុងនៃបណ្ដាប្រទេសជឿនលឿនវិញ គឺដើម្បីការរស់នៅសុខដុមរមនា ការសិក្សា និងការលូតលាស់របស់ក្មេង។
ងាកទៅមើលបញ្ហាធនធានធម្មជាតិវិញ អ្វីដែលកម្ពុជា កំពុងប្រឈមជាងគេ គឺការធ្វើអាជីវកម្មឈើប្រណីត និងការរុករករ៉ែ ហើយធ្វើអាជីវកម្មជាចំហទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ដោយក្រុមឈ្មួញបរទេស តាមរយៈគោលនយោបាយដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
កាលពីឆ្នាំ២០០៩ អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចេញផ្សាយរបាយការណ៍របស់ខ្លួនមានចំណងជើងថា "ប្រទេសសម្រាប់លក់" លាតត្រដាងថា កម្ពុជា ជាប្រទេសសម្រាប់ហែកច្រៀកលក់សម្បត្តិរបស់រដ្ឋទៅឲ្យបរទេសដោយក្រុមអ្នកមានអំណាច។ អង្គការឃ្លាំមើលពិភពលោក ឲ្យដឹងថា ការលក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងនោះរួមមាន ការធ្វើអាជីវកម្មព្រៃឈើ ការលក់ធនធានជលផល រួមមានមច្ឆជាតិ កោះ ឆ្នេរសមុទ្រ ធនធានឧស្ម័ន រ៉ែ និងប្រេងកាត ជាដើម។
អង្គការឃ្លាំមើលពិភពលោកមួយនេះបង្ហាញថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ផ្ទៃដីកម្ពុជា ចំនួន ៤៥% ត្រូវលក់ទៅឲ្យក្រុមអ្នកវិនិយោគដោយមានការសមគំនិតគ្នាពីអ្នកមានអំណាចខ្មែរ។ សហគមន៍អន្តរជាតិវាយតម្លៃថា ដោយសារអំពើពុករលួយ បានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍយឺត ហើយរីឯធនធានមនុស្សវិញមានកម្រិតទាបជាងប្រទេសជិតខាង។
វិទ្យាស្ថានលេកាតធិម (Legatum) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហាញសន្ទស្សន៍នៃការរីកចម្រើនក្នុងបណ្ដាប្រទេសជាង ១០០ ក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៤ នេះ វិទ្យាស្ថានលេកាតធិម បានផ្តល់ចំណាត់ថ្នាក់ឲ្យកម្ពុជា ជាប់លេខរៀងទី១១២ ក្នុងចំណោមប្រទេសចំនួន១៤២ ក្នុងពិភពលោក។ ពិន្ទុនេះ បានធ្វើឲ្យកម្ពុជា មានចំណាត់ថ្នាក់ទាបជាងប្រទេសជិតខាងរបស់ខ្លួន ដូចជា វៀតណាម ថៃ និងឡាវ ទៅទៀត។
ជុំវិញការប្រមូលធនធានធម្មជាតិ និងសម្បត្តិសាធារណៈរបស់រដ្ឋលក់ ដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិនេះដែរ លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគឯករាជ្យមានប្រសាសន៍ថា អ្វីដែលនៅសេសសល់សម្រាប់កម្ពុជា បន្តលក់ទៀតនោះ គឺអគាររបស់រដ្ឋ និងដីកោះមួយចំនួន៖ «កន្លងមកយើងឃើញមានការដោះដូរដីប៉ុន្មានកន្លែងដែលមានតម្លៃបំផុតហ្នឹង គឺដោះដូរអស់ច្រើន មិនមែនអស់ទាំងស្រុងទេ។ តែអាចនឹងដោះដូរបន្តទៅទៀត នៅពេលដែលទៅជាយក្រុង ហើយជាយក្រុងហ្នឹងដីវាឡើងថ្លៃនៅបន្ថែមទៅទៀត ហើយនឹងមានការដោះដូរបន្ថែមទៅទៀត អាហ្នឹងដែលខ្ញុំមើលឃើញ។ ហើយជារួម គឺយើងបារម្ភអំពីកោះមួយចំនួន។ ខ្ញុំបារម្ភខ្លាចនៅពេលដែលអ្នកដែលដេញថ្លៃបានអត់មានធ្វើការអភិវឌ្ឍ គាត់ត្រូវជួល ហើយលក់បន្ត ហើយការជួល និងលក់បន្តហ្នឹង ប្រសិនបើតំបន់កោះមួយចំនួនបានទៅដល់ដៃក្រុមហ៊ុនវៀតណាម ឬក្រុមហ៊ុនរដ្ឋាភិបាលវៀតណាម អី គឺថ្ងៃក្រោយយើងមានហានិភ័យខ្ពស់ណាស់តំបន់កោះទាំងអស់ហ្នឹង»។
អ្នកវិភាគឯករាជ្យរូបនេះអះអាងថា ក្រៅពីការលក់ ឬដោះដូរអគាររដ្ឋ ព្រៃឈើ រ៉ែ មច្ឆជាតិ និងដីកោះហើយ ហើយអ្វីដែលអាចត្រូវលក់បង្ហើយចុងក្រោយ គឺភ្នំ ឬព្រៃឈើចុងក្រោយនៅតំបន់អារ៉ែង តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។