រដ្ឋាភិបាល​ថា​នឹង​ថ្លឹងថ្លែង​មុន​ពេល​សម្រេច​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង

ដោយ សុ ជីវី
2015-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
RFA

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា នឹង​ថ្លឹងថ្លែង​រវាង​ផល​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ជាមួយ​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស ឬ​បោះ​បង់​គម្រោង​អភិវឌ្ឍន៍។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​បែប​នេះ​នៅ​ក្នុង​លិខិត​ឆ្លើយ​បំភ្លឺ​ទៅ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដែល​បាន​ស្នើសុំ​អន្តរាគមន៍​បញ្ឈប់​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង និង​ចាត់​វិធានការ​រក្សា​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​ក្នុង​តំបន់ ឬ​កែប្រែ​តំបន់​នោះ​ជា​មណ្ឌល​ទេសចរណ៍​ធម្មជាតិ។ ទោះ​យ៉ាង​ណា ការ​ឆ្លើយ​តប​នេះ​នៅ​តែ​បង្ក​ការ​ព្រួយ​បារម្ភ​ក្នុង​គំនិត​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អង្គការ​រក្សា​បរិស្ថាន​ក្នុង​តំបន់​អារ៉ែង។

អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អង្គការ​រក្សា​តំបន់​អារ៉ែង បារម្ភ​ថា ការ​អភិវឌ្ឍ​វារីអគ្គិសនី​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​តំបន់​អារ៉ែង ប្រសិន​បើ​ការ​សិក្សា​មិន​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ ឬ​លម្អៀង​ទៅ​រក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ច្រើន​ជាង​គិតគូរ​ពី​ផល​ប៉ះពាល់​ទៅ​លើ​ពលរដ្ឋ និង​បរិស្ថាន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​លេខាធិការ​ប្រធាន​គណៈកម្មការ​ទី​៣ រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក អ្នកស្រី តែ ច័ន្ទមុនី មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​ចំពោះ​លិខិត​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​អ្នកស្រី​បារម្ភ​ចំពោះ​ការ​អនុវត្ត​ដែល​ទំនង​មិន​ដូច​ការ​លើក​ឡើង​របស់​លោក​ឡើយ៖ «ក្រុមហ៊ុន​ដែល​គាត់​ធានា​អះអាង​ថា​នឹង​ធ្វើ​វារីអគ្គិសនី តែង​តែ​បំពាន​ទៅ​លើ​អ្វី​ដែល​លើស​ហ្នឹង​ទៀត។ តើ​ក្រសួង​ពាក់ព័ន្ធ​ដែល​ប្រគល់​ភារកិច្ច​ទៅ តើ​អាច​គ្រប់គ្រង​បាន ឬ​អត់​ទេ នៅ​ពេល​ក្រុមហ៊ុន​កាប់​ព្រៃ​ឈើ​បំពាន ជាដើម»

នៅ​ក្នុង​លិខិត​ដែល​មាន​ចំនួន ៥​ទំព័រ ផ្ញើ​ទៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា លោក​នាយក​រដ្ឋមន្ត្រី​បាន​បំភ្លឺ​ម្ដង​មួយ​ចំណុចៗ​ដែល អ្នកស្រី តែ ច័ន្ទមុនី បាន​ស្នើ​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ ក្នុង​នោះ​រួម​មាន ស្នើ​អន្តរាគមន៍​ទៅ​ក្រសួង ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ និង​ជួយ​អភិរក្ស​ព្រៃ សត្វ​ព្រៃ និង​ពូជ​ត្រី​មាស បញ្ឈប់​គម្រោង​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង និង​ជួយ​កែប្រែ​តំបន់​អារ៉ែង ឲ្យ​ទៅ​តំបន់​អេកូ​ទេសចរណ៍។ ជា​រួម លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​អារ៉ែង កំពុង​ឋិត​ក្នុង​ដំណាក់​កាល​សិក្សា និង​ផ្ទៀងផ្ទាត់។ លិខិត​ដដែល​បញ្ជាក់​ថា តំបន់​អារ៉ែង​ជា​តំបន់​ព្រៃ​ស្រោង ដែល​មាន​ធនធាន​កម្រ ប៉ុន្តែ​ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនី មិន​មែន​មាន​ន័យ​ថា ជា​ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំង​មូល​នៃ​តំបន់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វារីអគ្គិសនី​នឹង​ចូលរួម​អភិរក្ស និង​ថែទាំ​ព្រៃ​ឈើ​ដែល​នៅ​សល់។ លើស​ពី​នេះ រដ្ឋាភិបាល​នឹង​ថ្លឹងថ្លែង​រវាង​ផល​ប្រយោជន៍​ដែល​ទទួល​បាន ជាមួយ​នឹង​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​នឹង​មិន​អភិវឌ្ឍ​តំបន់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​នេះ​ទេ ប្រសិន​បើ​ការ​សិក្សា​រក​ឃើញ​ថា ការ​បាត់​បង់​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​នេះ​មាន​ទំហំ​ធំ​ខ្លាំង ធៀប​ទៅ​នឹង​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ផល​ប្រយោជន៍​ផ្សេងៗ។ លិខិត​បញ្ជាក់​ដែរ​ថា ទោះ​ជា​មាន ឬ​គ្មាន​គម្រោង​វារីអគ្គិសនី​នេះ រដ្ឋាភិបាល​ក៏​កំពុង​គិតគូរ​ប្រែ​ក្លាយ​តំបន់​អារ៉ែង ជា​តំបន់​អេកូ​ទេសចរណ៍។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មាន​ប្រសាសន៍​ថា ការ​បំភ្លឺ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហាក់​លម្អៀង​ទៅ​រក​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី ដ្បិត​ក្រុមហ៊ុន​ដែល​សិក្សា​ពី​ផល​ប៉ះពាល់​ក្នុង​តំបន់​អារ៉ែង ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុមហ៊ុន សីណូហាយដ្រូ (Shyno Hydro) ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​គម្រោង​វារីអគ្គិសនី​នេះ។ លោក អាឡិច ពុំ​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​ផល​ចំណេញ​ឡើយ៖ «លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​លុប​ចោល​គម្រោង​រ៉ែ​ទីតានីញ៉ូម (Titanium) នៅ​ជីផាត ដោយ​សំអាង​ថា រ៉ែ​នៅ​ទី​នោះ​មាន​ផល​ចំណេញ​ដល់​ជាង ២០​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ផល​ប៉ះពាល់​ច្រើន​មិន​បាច់​សិក្សា មិន​បាច់​ធ្វើ​ទេ ទុក​ជា​សម្បត្តិ​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ។ យើង​ចង់​បាន​ពាក្យ​សម្ដី​ហ្នឹង​ចំពោះ​តំបន់​អារ៉ែង​ដែរ ទោះ​ជា​វារីអគ្គិសនី​ប្រយោជន៍​រហូត​ដល់ ១​ពាន់​លាន ក៏​មិន​អាច​បំផ្លាញ​ដែរ ដោយសារ​តំបន់​នោះ​ខ្មែរ​រាប់​លាន​នាក់​ស្រឡាញ់ ជា​តំបន់​ដែល​អន្តរជាតិ​ចូល​ចិត្ត ដោយសារ​មាន​សត្វ មាន​រុក្ខជាតិ​កម្រ​ជាច្រើន»

ក្នុង​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា តំបន់​អារ៉ែង​ទាំង​មូល​មាន​ទំហំ ១០​ម៉ឺន​ហិកតារ ហើយ​ទំនប់​ហ្នឹង​ធ្វើ​ក្នុង​ទំហំ ៩% នៃ​ផ្ទៃដី​សរុប ដែល​ស្មើ​នឹង​ជាង ៩​ពាន់​ហិកតារ។ គម្រោង​នេះ​ប៉ះពាល់​ពលរដ្ឋ​ចំនួន ៣៤៩​គ្រួសារ ភាគ​ច្រើន​ជា​ជនជាតិ​ជង ដែល​នឹង​ត្រូវ​ដោះ​ដូរ​ទៅ​ទីតាំង​ផ្សេង ចំណែក​ផល​ប៉ះពាល់​ផ្សេង​ទៀត កំពុង​ឋិត​ក្នុង​ការ​សិក្សា និង​ផ្ទៀងផ្ទាត់។ អនុភាព​អគ្គិសនី​ដែល​ទទួល​បាន​ពី​គម្រោង​នេះ គឺ ១០៨​មេហ្គាវ៉ាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

This is another trick in order to get China to bribe more.

Feb 04, 2015 02:32 AM

ភវរ័្មន

ពី បាវិត

ជាង១៥ឆ្នាំហើយដែលរបបបក្សប្រជាជនធ្វើគម្រោងអភិវឌ្ឍថាម
ពលអគ្គិសនីវារីអគ្គិសនីអភិវឌ្ឍតាំងពីនៅមានព្រៃឈើអាចរក្សា
ទឹកក្នុងដីធ្វើឲ្យប្រភពទឹកជ្រោះស្ទឹងអូរមានលំនឹងហូរខួបវស្សា
ខួបប្រាំងឥឡូវព្រៃឈើវិនាសអស់ប្រភពទឹកក៏អន្តរាយជ្រោះ
ស្ទឹង១ចំនួនរីងគោករាក់អស់វារីអគ្គិសនីក៏មិនទាន់បានទទួលផល
សរុបសេចក្ដីមកគឺអភិវឌ្ឍពីមានមកគ្មាន ធ្វើខ្មែរក្ររហាម​គឺធ្វើតាមនយោបាយយួនបំផ្លាញគ្រឹះសេដ្ឋកិច្ច​ បំផ្លាញ​ធនធាន
ធម្មជាតិខ្មែរ បំផ្លាញបរិស្ថានអំណោយផលរបស់ប្រជាជនខ្មែរ​
ឲ្យរស់ទីពឹងធនធានធម្មជាតិទឹកដីលែងបាន...

Feb 04, 2015 01:42 AM

អ្នក​អាន​អនាមិក

DO NOT BELEIVE THIS CURRENT CORRUPTION GOVERNMENT TO SAY NO.

Feb 03, 2015 03:43 PM

គេហទំព័រ​ទាំងមូល