បណ្ដុំអង្គការសម្ព័ន្ធទន្លេមេគង្គ​បដិសេធ​ចូលរួម​វេទិកា​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ឡាវ

សមាជិក​សម្ព័ន្ធ​​ទន្លេមេគង្គ​​កម្ពុជា ដែលជា​បណ្តុំ​អង្គការ​មិនមែន​រដ្ឋាភិបាល ៥២​ស្ថាប័ន បដិសេធ​​មិន​​ចូលរួម​​វេទិកា​ពិគ្រោះ​យោបល់ ស្តីពី​ក្តីកង្វល់ និង​ផលប៉ះពាល់​នានា​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ និង​ប៉ាក់​បេង ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​។ ហេតុផល​សំខាន់ ដែល​ពួកគេ​បដិសេធ​មិន​ចូលរួម ដោយសារ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ មិន​បាន​ឆ្លើយតប​លិខិត​របស់​ពួកគេ ដែល​ទាមទារ​ឲ្យ​បើក​លំហ​សេរីភាព​ពិគ្រោះ​យោបល់​ឲ្យ​គ្រប់​ជ្រោយ ពី​ភាគី​ពាក់ព័ន្ធ មុន​ផ្តើម​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សាងហុង និងទំនប់​ប៉ាក់​បេង ​ក្នុងប្រទេស​ឡាវ​។​

​សមាជិក​សម្ព័ន្ធ​ទន្លេមេគង្គ​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃទី១៣ កញ្ញា​ថា ការបដិសេធ​មិន​ចូលរួម​នេះ​ដោយសារតែ គណៈកម្មការ​ទន្លេមេគង្គ​មិនបាន​ឆ្លើយតប​លិខិត​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​គណៈកម្មការ​ទន្លេ​មគ​ង្គ​ទទួលខុសត្រូវ​ក្នុងការ​ផ្តល់​សិទ្ធិសេរីភាព​ពិភាក្សា​ឲ្យ​បាន​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ ស្តីពី​ការបារម្ភ និង​ផលប៉ះពាល់​នានា ទាក់ទិន​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ ។​

​សមាជិក​អង្គការ​សម្ព័ន្ធ​ទន្លេមេគង្គ លោក លាង ប៊ុន​លាភ យល់ថា ប្រសិនបើ​ពួកគេ​ចូលរួម​វេ​ទិ​កា​នេះ គ្រាន់តែ​ជា​បង្គ​ប់​កិច្ច​តែប៉ុណ្ណោះ រីឯ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ប៉ាក់​បេង និង ទំនប់​ប៉ាក់​ឡាយ អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ដ​ដែរ​។ លោក​ទាមទារ ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ ត្រូវ​ឆ្លើយតប​ជា​ផ្លូវការ​រាល់​សំណើ​របស់​សមាជិក​សម្ព័ន្ធ​ទន្លេមេគង្គ ដើម្បី​ធានា​ឲ្យ​បាន​ក្នុងការ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​រស់រានមានជីវិត​សម្តែង​ក្តីកង្វល់​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ​។ លោក​អង្កេត​ឃើញថា គណៈកម្មការ​ទន្លេមេគង្គ​ដែលមាន​សមាជិក ៤ ប្រទេស រូ​ម​មាន មាន​ថៃ ឡាវ វៀតណាម និង​កម្ពុជា បាន​ចុះហត្ថលេខា​អនុវត្ត​កិច្ចព្រមព្រៀង ឆ្នាំ១៩៩៥ ក៏ប៉ុន្តែ​មិនបាន​អនុវត្ត ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​គ្រប់​ជ្រុងជ្រោយ​ទេ ផ្ទុយទៅវិញ​ប្រទេស​នីមួយៗ​តែង​គិតតែ​ប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​ទៅវិញ​។ លោក​បញ្ជាក់ថា ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ហាក់​មិនបាន​សហការ​ល្អ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន​នោះទេ មកទល់ពេលនេះ​។ «»

​កាលពី​ចុងខែសីហា គណៈកម្មការ​ទន្លេមេគង្គ​បានប្រកាស ថា​នឹង​រៀបចំ​វេទិកា​មួយ​នៅ​ទីក្រុង​វៀងចន្ទន៍ ​ប្រទេស​ឡាវ​ ដើម្បី​ពិភាក្សា​ពី​ក្ដីកង្វល់ និង​ផលប៉ះពាល់​នានា​នៃ​សំណើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ និង​ប៉ាក់​បេង ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២០ និង២១ ខែកញ្ញា​ខាងមុខនេះ​។​

​អាស៊ីសេរី​នៅ​មិនទាន់​សុំ​ការបំភ្លឺ​រឿងនេះ ពី​គណៈកម្មការ​ជាតិ​គ្រប់គ្រង​ទន្លេមេគង្គ​ជាតិ​កម្ពុជា លោក តែ ណា​វុ​ធ បាន​នៅឡើយ​ទេ ​នៅ​ថ្ងៃទី១៣ កញ្ញា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បា​ន​។​

​ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​ទន្លេមេគង្គ លោក ផាំ តន់​ផាន់ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា វេទិកា​នេះ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​សម្តែង​ពី​ក្ដីបារម្ភ និង​សំណូមពរ​សមស្រប​គម្រោង​ទំនប់​វា​រី​អគ្គិសនី ប៉ាក់​ឡាយ និង​គម្រោង​សេសសល់​ផ្សេងទៀត​។ លោក​ថា ការបើក​វេទិកា​នេះ ក្នុង​បំណង​កត់​ត្រាទុក និង​ចែករំលែក​ក្ដីបារម្ភ​ជាមួយ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ដែល​លោក​ចាត់ទុកថា ជា​ឱកាស​ពិសេស​គ្មាន​នរណាម្នាក់​ប្រកែក​បាន​។​

​ប្រទេស​ឡាវ​មាន​គម្រោង​ស្ថាបនា និង​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ខ្នាត​ធំ​ចំនួន ៤​ទៀត តាម​ដង​ទន្លេមេគង្គ​រួមមាន ទំនប់​ដន​សាងហុង (Don Sahong) ដែល​កំពុង​ឋិត​ក្នុង​ដំណើរការ​សាងសង់​បាន​ប្រហែល ៦០ ភាគរយ ទំនប់​សា​យ៉ា​ប៊ូ​រី (Xayaburi ) ទំនប់​ប៉ាក់​ឡាយ និង​ទំនប់​ប៉ាក់​បេង (Pakbeng)​។​

​កាលពី​ចុងខែកក្កដា​​កន្លងទៅ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ឡាវ នាំ​ឲ្យ​ទឹកទន្លេ​សេ​ពាន ហក់​ឡើង​លឿន បណ្តាល​ឲ្យ​បាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន សេណា​មណ​យ ឋិត​ក្នុងស្រុក​សា​ណាម​សៃ ខេត្ត​អត្ត​ពឺ ( Attapeu ) ប្រទេស​ឡាវ បង្ក​ឲ្យ​ពលរដ្ឋ​ឡាវ​ស្លាប់​កើនឡើង ៤០ និង​ជាង ២០ នាក់​ទៀត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ហើយ​ចំនួន​អ្នក​បាត់​ខ្លួន ៣៣១ នាក់ ប៉ុន្តែ​ប្រភព​ខ្លះ​ថា ចំនួន​បាត់​ខ្លួន​មាន​ច្រើនជាង​នេះ​។ គ្រោះមហន្តរាយ​នេះ​បង្ក​ប៉ះពាល់​ភូមិ​ឡាវ​ចំនួន ១២ និង​មនុស្ស​ជាង ៣ ពាន់​នាក់ ​(៣.០៦០) ស្មើ ៨៥១​គ្រួសារ​ បាត់បង់​ទីជម្រក​។ ឥទ្ធិពល​នៃ​ការបាក់​ទំនប់​នេះ ធ្វើ​ឲ្យ​ពល​ដ្ឋ​រស់នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ជាង ១ ពាន់ ២ រយ​គ្រួសារ ស្មើនឹង​ជាង ៥​ពាន់​នាក់ ត្រូវ​ជម្លៀស​ពី​លំនៅឋាន ខូចខាត​ដំណាំ​កសិកម្ម​រាប់រយ​ហិកតារ ផ្លូវថ្នល់ និង​មាន​មន្ត្រី​យោធា​ម្នាក់​ស្លាប់​ក្នុង​បេសកម្ម​ជួយសង្គ្រោះ​ពលរដ្ឋ​ជាដើម​។​

​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​ឡាវ ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង លោក ផ​យ វណ្ណា បារម្ភ​ពី​ហានិភ័យ​នានា ដែល​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​ខាងមុខ នៅពេលដែល​ប្រទេស​ឡាវ​បាន​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ដន​សាងហុង​សម្រេចបាន ៦០ភាគរយ ដែលមាន​ភូមិសាស្ត្រ​ នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ១ ពាន់ ៥ រយ​ម៉ែត្រ។ លោក​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ព្រះ​រំកិល​ទាំងមូល​នៅ​គៀក​នឹង​ទំនប់​ដន​សា​ហុង អាច​ជួប​ហានិភ័យ​ខ្ពស់ ប្រសិនបើ​ទំនប់​នេះ​បញ្ហា​បច្ចេកទេស​នៅ​ថ្ងៃ​អនាគត​។ លោក​ថា ថ្មីៗ​នេះ ដើមឈើ​ធំៗ លើ​កោះ​ល្ងរ​ទល់មុខ​ទំនប់​ដន​សា​ហុង ឋិត​ក្នុង​ទឹកដី​ខ្មែរ បាន​បាក់​រំលំ​ជាច្រើន​ដើម បង្ក​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​ក្នុង​តំបន់ និង​ប្រាក់ចំណូល​របស់​សហគម​ន៍។ «»

​រីឯ​ពលរដ្ឋ​រស់នៅ​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ រងគ្រោះ​ដោយ​ទឹកជំនន់​ថ្លែង​សុំ​លាក់​ឈ្មោះ ឲ្យ​ដឹងថា អ្នកភូមិ​ហាក់​គ្មាន​ជំ​នុ​ក​ចិត្ត លើ​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ជម្រុញ​ឲ្យ​ភាគី​ឡាវ​ទទួលខុសត្រូវ​ពី​ផលប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ​គ្រោះមហន្តរាយ​បាក់​ទំនប់​នៅ​ឡាវ​នោះទេ ព្រោះ​ពលរដ្ឋ​រងគ្រោះ​នៅ​មិនទាន់​ត្រូវបាន​អាជ្ញាធរ កោះហៅ​មក​ពិភាក្សា​ពិគ្រោះ​យោបល់​បញ្ហា​នេះ​នៅឡើយ​ទេ រហូតមកទល់​ពេលនេះ​។ «»

​កាលពី​ដើមខែសីហា​កន្លងទៅ ​អង្គការ Save the Mekong ជា​សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុម​សហគមន៍ និង​ប្រជាពលរដ្ឋ បានចេញ​សេចក្តីថ្លែងការណ៍​ចំនួន​ពីរ​ទំព័រ​ជំរុញ ឲ្យ​អ្នក​អភិវឌ្ឍន៍​គម្រោង និង​អ្នកផ្ដល់​ហិរញ្ញវត្ថុ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ពី​ផលប៉ះពាល់​ដោយ​ការបាក់​ទំនប់​នេះ ​លើ​ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា​។ ក្រៅពីនេះ​ត្រូវបង្កើត​ប្រព័ន្ធ​ឯករាជ្យ​មួយ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​រស់រានមានជីវិត​សម្តែង​ក្តីកង្វល់​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ ពី​ការខូចខាត ឬ​ទំហំ​ផលប៉ះពាល់ និង​ការទាមទារ​សំណង ជាពិសេស​ត្រូវអនុវត្ត​ផែនការ​រយៈពេល​វែង ដើម្បី​ស្តារ​ឡើង​ការខូចខាត​។ សេចក្តីថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​តាម​ដង​ទន្លេមេគង្គ ត្រូវ​ផ្អាក​គម្រោង​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ​ទាំងអស់ រង់ចាំ​ឲ្យ​មានការ​វាយតម្លៃ ដោយ​ឯករាជ្យ និង​គ្រប់​ជ្រុងជ្រោយ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។