ក្រសួង​រ៉ែ​និង​ថាមពល​កំពុង​ចរចា​បង្កើត​រោងចក្រ​ផលិត​កញ្ចក់​នៅ​កម្ពុជា

0:00 / 0:00

ក្រសួង​រ៉ែ និង​ថាមពល កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បរទេស​ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​កញ្ចក់​នៅ​កម្ពុជា។ មន្ត្រី​ជំនាញ​អះអាង​ថា គម្រោង​នេះ​គឺ​ដើម្បី​ទាញ​យក​ផល​ឲ្យ​បាន​អតិបរមា​ពី​ធនធាន​រ៉ែ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ជាជាង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​ឲ្យ​ខាតបង់​តម្លៃ​បន្ថែម​ជាច្រើន។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា អះអាង​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា មាន​ធនធាន​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ជាច្រើន​សន្ធឹកសន្ធាប់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​អាច​បម្រើ​ឲ្យ​ឧស្សាហកម្ម​ផលិត​កញ្ចក់​បាន​យ៉ាង​ពេញលេញ។

លោក​អះអាង​ថា កន្លង​ទៅ ក្រសួង​រ៉ែ និង​ថាមពល បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​រួច​ទៅ​ហើយ​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​កញ្ចក់​នៅ​កម្ពុជា តែ​ការ​ចរចា​មិន​បាន​សម្រេច​នោះ​ឡើយ ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ទាមទារ​លក្ខខណ្ឌ​ច្រើន​យ៉ាង​ពេក ដែល​ក្រសួង​មិន​អាច​ផ្តល់​ជូន​បាន។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​របស់​ចិន ដែល​មាន​រោងចក្រ​ផលិត​កញ្ចក់​នៅ​ម៉ាឡេស៊ី ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​ជំនាញ​រូប​នេះ​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រសិន​បើ​មាន​រោងចក្រ​ផលិត​កញ្ចក់​នៅ​ក្នុង​ស្រុក កម្ពុជា នឹង​អាច​ទទួល​បាន​តម្លៃ​បន្ថែម​ជាច្រើន​ពី​ខ្សាច់​ស៊ីលីកា៖ « ឥឡូវ​នេះ​ដោយសារ​យើង​បង្ហាញ​សក្ដានុពល​នៃ​ខ្សាច់​ស៊ីលីកា​របស់​យើង ដែល​ក្រៅ​ពី​ដី​ឯកជន គឺ​វា​ធំធេង។ យើង​ទាក់ទាញ​គេ​ឲ្យ​មក​សិក្សា​បង្កើត​រោងចក្រ​កញ្ចក់​នៅ​ស្រុក​យើង។ គេ​កំពុង​តែ​មក​សិក្សា។ ប្រសិន​បើ​អាច​បង្កើត​បាន យើង​លែង​នាំ​ចេញ​ហើយ យើង​ប្រើ​ក្នុង​ស្រុក​វិញ »

មន្ត្រី​ជំនាញ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ពីរ​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd) និង​ក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd)។

លោក ម៉េង សក្តិធារ៉ា អះអាង​ទៀត​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា​នា​ពេល​បច្ចុប្បន្ន​មាន​តែ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ប៉ុណ្ណោះ ដោយសារ​ខ្សាច់​ទាំងនោះ​ស្ថិត​នៅ​លើ​ដី​ឯកជន​ជា​កន្លែង​ដែល​ត្រូវ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស ចំណែក​ខ្សាច់​ស៊ីលីកា​ដែល​ស្ថិត​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​យន្តការ​គ្រប់គ្រង​ច្បាស់លាស់ ការ​បង្កើត​រោងចក្រ​កញ្ចក់​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​ជាតិ និង​ប្រជាពលរដ្ឋ ដូចជា​បង្កើន​ចំណូល​ជាតិ និង​បង្កើត​ការងារ​ជាដើម។ សកម្មជន​បរិស្ថាន​រូប​នេះ​ចង់​ឃើញ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​តម្លាភាព និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៖ « ទី​មួយ​គឺ​តម្លាភាព និង​គណនេយ្យភាព ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​សកម្មជន គឺ​ត្រូវ​ទទួល​បាន​ព័ត៌មាន​ពេញលេញ។ ទី​ពីរ ប្រជាជន​មូលដ្ឋាន​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត មិន​អាច​ក្រសួង​រ៉ែ និង​ថាមពល ចរចា​គ្នា​ដោយ​សម្ងាត់​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន មិន​ដឹង​ថា​ក្រុមហ៊ុន​នោះ​ឈ្មោះ​អី ហើយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ទេ ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ក៏​ត្រូវ​តែ​មាន​ការ​វាយ​តម្លៃ​ការ​សិក្សា​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម »

តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ចំនួន​ជាង ៥​ម៉ឺន​តោន (៥៤.១០០​តោន) និង​ក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) ចំនួន​ជាង ១០​ម៉ឺន​តោន (១០៤.០០០​តោន)។ ក្នុង​រយៈពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​ចំណូល​សួយសារ​បាន​ជាង ៤៧​ម៉ឺន​ដុល្លារ (៤៧៤.៣០០​ដុល្លារ) ដោយ​មិន​រួម​បញ្ចូល​ចំណូល​ពន្ធ​អាករ​ផ្សេង​ទៀត​ឡើយ។

ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស គឺ​ជា​ធនធាន​រ៉ែ​ដែល​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់។ ខ្សាច់​នេះ​មិន​ស្ថិត​ក្នុង​បម្រាម​នៃ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នោះ​ឡើយ។

កាល​ពី​ខែ​កក្កដា កន្លង​ទៅ ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ឈប់​ជា​ស្ថាពរ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​គ្រប់​ប្រភេទ​ពី​ខេត្ត​កោះកុង ចេញ​ទៅ​ក្រៅ​ប្រទេស។ ការ​ដាក់​ចេញ​វិធានការ​ដាច់ខាត​របស់​ក្រសួង​នេះ គឺ​កើត​ឡើង​ជិត ១​ឆ្នាំ ក្រោយ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី បាន​ផ្ទុះ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។