ក្រសួងរ៉ែ និងថាមពល កំពុងពិភាក្សាជាមួយក្រុមហ៊ុនបរទេសដើម្បីសិក្សាពីលទ្ធភាពនៃការបង្កើតរោងចក្រផលិតកញ្ចក់នៅកម្ពុជា។ មន្ត្រីជំនាញអះអាងថា គម្រោងនេះគឺដើម្បីទាញយកផលឲ្យបានអតិបរមាពីធនធានរ៉ែខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់ស ជាជាងការនាំចេញទៅក្រៅប្រទេសដែលធ្វើឲ្យខាតបង់តម្លៃបន្ថែមជាច្រើន។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា អះអាងប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗនេះថា កម្ពុជា មានធនធានខ្សាច់ស៊ីលីកា ឬខ្សាច់សជាច្រើនសន្ធឹកសន្ធាប់នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលអាចបម្រើឲ្យឧស្សាហកម្មផលិតកញ្ចក់បានយ៉ាងពេញលេញ។
លោកអះអាងថា កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានចរចាជាមួយក្រុមហ៊ុនមួយចំនួនរួចទៅហើយអំពីលទ្ធភាពនៃការបង្កើតរោងចក្រផលិតកញ្ចក់នៅកម្ពុជា តែការចរចាមិនបានសម្រេចនោះឡើយ ដោយសារតែខាងក្រុមហ៊ុនទាំងនោះបានទាមទារលក្ខខណ្ឌច្រើនយ៉ាងពេក ដែលក្រសួងមិនអាចផ្តល់ជូនបាន។
លោកបន្តថា បច្ចុប្បន្ននេះក្រសួងកំពុងចរចាជាមួយក្រុមហ៊ុនមួយផ្សេងទៀតរបស់ចិន ដែលមានរោងចក្រផលិតកញ្ចក់នៅម៉ាឡេស៊ី ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុននោះនៅឡើយទេ។
មន្ត្រីជំនាញរូបនេះសម្ដែងសុទិដ្ឋិនិយមថា ប្រសិនបើមានរោងចក្រផលិតកញ្ចក់នៅក្នុងស្រុក កម្ពុជា នឹងអាចទទួលបានតម្លៃបន្ថែមជាច្រើនពីខ្សាច់ស៊ីលីកា៖ « ឥឡូវនេះដោយសារយើងបង្ហាញសក្ដានុពលនៃខ្សាច់ស៊ីលីការបស់យើង ដែលក្រៅពីដីឯកជន គឺវាធំធេង។ យើងទាក់ទាញគេឲ្យមកសិក្សាបង្កើតរោងចក្រកញ្ចក់នៅស្រុកយើង។ គេកំពុងតែមកសិក្សា។ ប្រសិនបើអាចបង្កើតបាន យើងលែងនាំចេញហើយ យើងប្រើក្នុងស្រុកវិញ »។
មន្ត្រីជំនាញរូបនេះបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនពីរដែលមានសិទ្ធិស្របច្បាប់ក្នុងការធ្វើអាជីវកម្មខ្សាច់ស៊ីលីកា គឺក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd) និងក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd)។
លោក ម៉េង សក្តិធារ៉ា អះអាងទៀតថា ការធ្វើអាជីវកម្មខ្សាច់ស៊ីលីកានាពេលបច្ចុប្បន្នមានតែនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ប៉ុណ្ណោះ ដោយសារខ្សាច់ទាំងនោះស្ថិតនៅលើដីឯកជនជាកន្លែងដែលត្រូវសាងសង់តំបន់សេដ្ឋកិច្ចពិសេស ចំណែកខ្សាច់ស៊ីលីកាដែលស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ មិនទាន់ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មនៅឡើយ។
ជុំវិញរឿងនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលមានយន្តការគ្រប់គ្រងច្បាស់លាស់ ការបង្កើតរោងចក្រកញ្ចក់នេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាពលរដ្ឋ ដូចជាបង្កើនចំណូលជាតិ និងបង្កើតការងារជាដើម។ សកម្មជនបរិស្ថានរូបនេះចង់ឃើញគម្រោងនេះត្រូវបានអនុវត្តដោយមានតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ « ទីមួយគឺតម្លាភាព និងគណនេយ្យភាព ធ្វើយ៉ាងម៉េចឲ្យយើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋ ក្នុងនាមជាសកម្មជន គឺត្រូវទទួលបានព័ត៌មានពេញលេញ។ ទីពីរ ប្រជាជនមូលដ្ឋានត្រូវតែចូលរួមនៅក្នុងការសម្រេចចិត្ត មិនអាចក្រសួងរ៉ែ និងថាមពល ចរចាគ្នាដោយសម្ងាត់ជាមួយនឹងក្រុមហ៊ុនចិន មិនដឹងថាក្រុមហ៊ុននោះឈ្មោះអី ហើយសម្រេចចិត្តដោយខ្លួនឯងបានទេ ត្រូវតែមានការសម្រេចចិត្តដោយគ្រប់ភាគីពាក់ព័ន្ធ ហើយក៏ត្រូវតែមានការវាយតម្លៃការសិក្សាច្បាស់លាស់ពីផលប៉ះពាល់បរិស្ថាន និងសង្គម »។
តួលេខរបស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាននាំចេញខ្សាច់ស៊ីលីកាចំនួនជាង ៥ម៉ឺនតោន (៥៤.១០០តោន) និងក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) ចំនួនជាង ១០ម៉ឺនតោន (១០៤.០០០តោន)។ ក្នុងរយៈពេលនេះ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលសួយសារបានជាង ៤៧ម៉ឺនដុល្លារ (៤៧៤.៣០០ដុល្លារ) ដោយមិនរួមបញ្ចូលចំណូលពន្ធអាករផ្សេងទៀតឡើយ។
ខ្សាច់ស៊ីលីកា ឬខ្សាច់ស គឺជាធនធានរ៉ែដែលបម្រើឲ្យវិស័យឧស្សាហកម្មផលិតកែវ ដប និងកញ្ចក់។ ខ្សាច់នេះមិនស្ថិតក្នុងបម្រាមនៃការនាំចេញទៅក្រៅប្រទេសដូចខ្សាច់សំណង់ និងខ្សាច់ល្បាយភក់នោះឡើយ។
កាលពីខែកក្កដា កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានបញ្ឈប់ជាស្ថាពរការអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់សំណង់ និងខ្សាច់ល្បាយភក់គ្រប់ប្រភេទពីខេត្តកោះកុង ចេញទៅក្រៅប្រទេស។ ការដាក់ចេញវិធានការដាច់ខាតរបស់ក្រសួងនេះ គឺកើតឡើងជិត ១ឆ្នាំ ក្រោយពីរឿងអាស្រូវបាត់ទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិកពីការនាំចេញខ្សាច់ទៅសិង្ហបុរី បានផ្ទុះឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។