មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថានអះអាងថា មន្ត្រីឧទ្យានុរក្សរបស់ក្រសួង មិនបានយកតួនាទីកាងបទល្មើសព្រៃឈើនោះទេ។ ការអះអាងនេះ បន្ទាប់ពីសហគមន៍ការពារព្រៃព្រះរកា និងនគរបាលមូលដ្ឋាន បានចោទមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានម្នាក់ឈ្មោះ អឿន អ៊ុក ថាយកអំណាច កាងបទល្មើសព្រៃឈើបំពានច្បាប់ ក្រោយពីពួកគេបានឃាត់ចាប់គោយន្តដឹកឈើខុសច្បាប់ពីរគ្រឿង។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ចាត់ទុកការចោទប្រកាន់ប្រជាសហគមន៍ព្រៃព្រះរកាថា ជាការមួលបង្កាច់ និងលាបពណ៌មន្ត្រីឧទ្យានុរក្សទាំងស្រុង ខណៈមន្ត្រីឧទ្យានុរក្សរូបនោះបានចូលទៅនាំយកគោយន្តដឹកឈើ មកអនុវត្តច្បាប់។ លោកបញ្ជាក់ប្រាប់អាស៊ីសេរីតាមប្រព័ន្ធទំនាក់ទំនងសង្គមសិកណល (Signal) ថា មុននឹងចុះបង្ក្រាបបទល្មើសព្រៃឈើ មន្ត្រីឧទ្យានុរក្សបានជូនដំណឹងទៅព្រះរាជអាជ្ញា ខេត្តព្រះវិហារដែរ។ ចំណែកមន្ទីរបរិស្ថានខេត្ត កំពុងកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការ។
អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា អ្នកដែលពាក់ព័ន្ធផ្សព្វផ្សាយមួលបង្កាច់មន្ត្រីឧទ្យានុរក្ស អាជ្ញាធរនឹងកោះហៅ មកសួរនាំ។ លើសពីនេះទៀត លោកស្នើឱ្យសហគមន៍ ត្រូវពិនិត្យហេតុការណ៍ឱ្យច្បាស់លាស់សិន មុននឹងផ្សព្វផ្សាយ ចៀសវាងបង្កើតជម្លោះជាមួយច្បាប់។
កាលពីថ្ងៃទី២០ ខែឧសភា នាយរងប៉ុស្តិ៍នគរបាល ឃុំពោធិ៍ បានឃាត់ចាប់គោយន្ត ២គ្រឿង ដឹកឈើបន្ទះក្តារជាង ១ម៉ែត្រគូប និងឈើមានមុខកាត់ ៩ តឹកប្រវែង ៣ម៉ែត្រ ចំនួន ៤សន្លឹក ដែលក្រុមជនល្មើស ដឹកចេញពីព្រៃព្រះរកា។ សហគមន៍ថា សកម្មភាពឃាត់ចាប់នោះ មន្ត្រីបរិស្ថាន លោក អឿន អុក ស្លៀកពាក់ស៊ីវិលឈរកាងការពារ និងនិយាយចរចាជាមួយ នគរបាលឱ្យដោះលែងគោយន្តទាំងនោះ ប៉ុន្តែប៉ូលិសបានបដិសេធ។ រីឯនគរបាល និងសហគមន៍បានថតរូប ទុកជាភស្តុតាង ត្រៀមបង្ហាញតុលាការ។
តំណាងសហគមន៍ព្រៃព្រះរកា លោក បា ផល ឱ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា សកម្មភាពកាងបទល្មើសដឹកឈើចេញពីព្រៃព្រះរកាតែងតែកើតមានជាយូរមកហើយ ទើបតែមួយករណីនេះ នគរបាល និងសហគមន៍ ចាប់បានកំហុសជាក់ស្តែង មានភស្តុតាង និងរូបភាពច្បាស់លាស់។ លោកថា ឈើទាំងនោះ ប្រសិនបើនគរបាលមូលដ្ឋាន មិនឃាត់ចាប់ទេ នឹងដឹកចេញពីព្រៃអភិរក្សយ៉ាងរលូន។ លោកចាត់ទុក ការលើកឡើង របស់ក្រសួងដើម្បីការពារមន្ត្រីក្រោមឱវាទរបស់ខ្លួន មិនមែនជាដំណោះស្រាយការពារវិបត្តិព្រៃឈើទេ៖ «គេឆ្លើយគេមិនដែលឆ្លើយថា ខ្លួនគេឱ្យគេខុសទេ។ បាទមិនមិនឥឡូវទេ យូរហើយ បើសិនជាឥឡូវក៏វាមិនអាចអស់ព្រៃឈើទេ។ តែវាយូរហើយ តែយើងអត់មានភស្តុតាងយើងអត់ហ៊ាននិយាយ។ ខ្ញុំ មើលឃើញថា វាអត់សល់ វា អស់ហើយ តាំងពី បរិស្ថានមក អស់តាំងពី មេព្រៃនៅ ឈើព្រៃនៅរឹង តាំងពី បរិស្ថាន ចូលមក អស់ព្រៃឈើហើយ»។
នាយរងប៉ុស្តិ៍នគរបាលឃុំពោធិ៍ លោក ពោធិ៍ គង់ ទទួលស្គាល់ថា មន្ត្រីបរិស្ថានរូបនេះ ពិតជាបានកាងបទល្មើសព្រៃឈើនោះមែន ព្រោះលោកបានចាប់គោយន្តពីរគ្រឿងដឹកឈើខុសច្បាប់ នៅពេលថ្មីៗនេះ ដោយបញ្ជូនទៅស្នាក់ការបរិស្ថាន ស្រុកឆែប ដើម្បីអនុវត្តនីតិវិធី។ លោកបញ្ជាក់ថា អំឡុងពេលដែលលោក ឃាត់ចាប់បទល្មើសព្រៃឈើ មន្ត្រីបរិស្ថាន លោក អឿន អុក និយាយនៅចំពោះមុខលោកថា អ្នកផ្សេងដឹកឈើបានហេតុអ្វីក្រុមរបស់លោកដឹងឈើមិនបាន? ៖ «ឃាត់ហើយ គាត់ទៅនិយាយសុំថា និយាយថា គេដឹកបាន តែខាងក្រុមគាត់ដឹកមិនបាន និយាយទាំងខ្លួនឯងជា មន្ត្រីបរិស្ថាន»។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ លើកឡើងថា ក្រសួងគួរតែស្រាវជ្រាវរឿងនេះ ឱ្យច្បាស់លាស់ ថាតើការចោទប្រកាន់របស់ពលរដ្ឋ និងនគរបាល ជាការពិតឬយ៉ាងណា៖ «រវាងពាក្យពីរការនិយាយការពារ និងការនិយាយការពិត ក្រសួងគួរតែមានវិធានការ ឬឆន្ទៈច្បាស់លាស់ ចុះសិក្សា ដែលមន្ត្រីត្រូវបានចោទរបស់ពលរដ្ឋឱ្យច្បាស់ ពិតប្រាកដ នោះនឹងបានដឹងថា ការនិយាយការពិត ឬក៏ជាការនិយាយការពារ»។
ទោះយ៉ាងណា អាស៊ីសេរីបានព្យាយាមទាក់ទង មន្ត្រីបរិស្ថាន លោក អឿន អុក ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទមិនអាចទាក់ទងបាន នៅថ្ងៃទី២៤ ឧសភា។
បណ្ដាញសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារឱ្យដឹងថា ពួកគេជាង ១ពាន់នាក់ គ្រោងប្រមូលស្នាមមេដៃ ប្ដឹងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានម្នាក់លោក អឿន អុក ទៅតុលាការ ពីបទយកតួនាទីកាងបទល្មើសព្រៃឈើ។ សហគមន៍ថា ដែនជម្រកសត្វព្រៃព្រះរកា ដែលមានទំហំជាង ៩ម៉ឺនហិកតារ ចាប់តាំងពីគ្រប់គ្រងដោយក្រសួងបរិស្ថានដើមឈើធំៗ បាត់បង់ស្ទើរទាំងស្រុង ដោយសារអំពើពុករលួយ ភាពធូររលុងអនុវត្តច្បាប់ និងការរឹតត្បិតពលរដ្ឋ ក្រុមយុវជនមិនឱ្យល្បាតព្រៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។