ម៉ាស៊ីនកាត់ឈើបីគ្រឿង និងឈើប្រណីតជាច្រើនដុំ ត្រូវបានសហគមន៍ភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់បានពីមន្ត្រីយោធាស្រុក ខណៈកំពុងលួចអារច្រៀកឈើប្រណីតក្នុងព្រៃសហគមន៍។
កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន សមាជិកសហគមន៍មានគ្នា ១២នាក់ បានចុះល្បាតព្រៃ ហើយប្រទះឃើញក្រុមយោធាមានគ្នា ៥នាក់ កំពុងលួចអារឈើនៅតំបន់ព្រៃការពារ ចំណុចអូរអន្រះ ទើបអ្នកភូមិនាំគ្នាចាប់រឹបអូសម៉ាស៊ីនកាត់ឈើនាំមករក្សាទុកនៅរោងប្រជុំសហគមន៍ និងបានរាយការណ៍ជូនអាជ្ញាធរឃុំ។ ចំណែកក្រុមយោធាបានព្យាយាមសម្របសម្រួលឲ្យសហគមន៍ប្រគល់ម៉ាស៊ីនកាត់ឈើវិញ ជាថ្នូរនឹងការបង់ប្រាក់ជូនសហគមន៍ ប៉ុន្តែសហគមន៍មិនយល់ព្រម។
សមាជិកសហគមន៍ អ្នកស្រី ព្យាន និ មានប្រសាសន៍បញ្ជាក់ថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី២១ តុលា កន្លងទៅ ក្រុមយោធាមានគ្នាបីនាក់ ក្នុងនោះអ្នកភូមិស្គាល់យោធាម្នាក់មានឈ្មោះ វណ្ណ បានចូលមកដល់ភូមិ ហើយគំរាមឲ្យអ្នកភូមិប្រគល់ម៉ាស៊ីនជាថ្មី ប៉ុន្តែអ្នកភូមិនៅតែមិនយល់ព្រម។ អ្នកស្រីបន្តថា ក្រុមយោធាទាំងនោះបានចូលព្រៃសហគមន៍ ហើយអាររំលំឈើប្រណីតអារច្រៀកធ្វើអាជីវកម្មយូរខែ ហើយមិនមានសមត្ថកិច្ចណាបង្ក្រាបឡើយ៖ «អាអ្នកបទល្មើសអាងសិទ្ធិអំណាច គេកំពុងអារឈើនៅចោលក្នុងព្រៃ។ ទាហានអ្នកបទល្មើសហ្នឹង ថាយកម៉ាស៊ីន ឥឡូវៗយកឈើអស់មួយព្រៃហ្នឹងលក់ឲ្យក្រុមហ៊ុន គាត់ថាមិនមែនខ្ញុំអារទេ ឧកញ៉ាឲ្យអារ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា មិនអាចទាក់ទងមន្ត្រីយោធាឈ្មោះ វណ្ណ សុំបញ្ជាក់ពីការចោទប្រកាន់នេះបានទេ។
មេឃុំមេម៉ង់ លោក ចាន់ សាមេន ទទួលស្គាល់ថា ក្រុមយោធាស្រុកពិតជាមានពាក់ព័ន្ធអារឈើក្នុងព្រៃការពារមែន។ លោកមានប្រសាសន៍ថា ដោយសារមានការយោគយល់លោកមានបំណងអប់រំ និងធ្វើកិច្ចសន្យាឲ្យក្រុមយោធាឈប់ប្រព្រឹត្តបទល្មើសព្រៃឈើនេះ៖ «យើងព្រមានវាទៅកុំឲ្យលើកទីពីរទៀត។ គោលបំណងខ្ញុំធ្វើអ៊ីចឹងទេ ធ្វើកំណត់ហេតុទៅហើយវាផ្ដិតមេដៃទៅ កុំឲ្យបទល្មើសទៅលើកទីពីរទីបីអ៊ីចឹងណា!»។
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា តំណាងសហគមន៍ពីរនាក់បានធ្វើដំណើរមកការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តមណ្ឌលគិរី សុំឲ្យមន្ត្រីអង្គការនេះជួយអន្តរាគមន៍ការពារសុវត្ថិភាពពួកគាត់ និងអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនេះកុំឲ្យកើតមានបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ការសម្របសម្រួលដោះលែងជនប្រព្រឹត្តិបទល្មើសព្រៃឈើ គឺជាការខុសច្បាប់។ លោកអះអាងថា នឹងអន្តរាគមន៍ពាក្យប្ដឹងរបស់សហគមន៍ជូនមន្ត្រីព្រៃឈើចាត់វិធានការតាមច្បាប់៖ «មិនត្រូវឲ្យមានការសម្របសម្រួលទៅតាមវិធីការសម្របសម្រួលណាមួយទេ សំខាន់គឺចូលទៅកាប់ព្រៃឈើ គឺជាបទល្មើសឧក្រិដ្ឋ ត្រូវតែចាប់ជនបង្កមកផ្ដន្ទាទោសឲ្យបាន»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ បដិសេធមិនឆ្លើយតបសំណួរវិទ្យុអាស៊ីសេរី ទេ។ លោកអះអាងថា កំពុងនៅតំបន់ឆ្ងាយស្តាប់សំណួរមិនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។