សហគមន៍​ខេត្រ​មណ្ឌលគិរី ​ចុះ​ឃាត់​គ្រឿងចក្រ​បូម​ខ្សាច់​ក្នុង​ទឹក​អូរ​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​មាន​អំណាច

ដោយ ជាតិ ចំណាន
2018.11.26
បូមខ្សាច់​នៅ​មណ្ឌលកិរី ៦២២ គ្រឿងចក្រ​បូម​ខ្សាច់​ក្នុង​ទឹក​អូរ​ធម្មជាតិ នៅ​ចំណុច​អូរ​ពោធិ៍ ​នៃ​ភូមិ​ពូទឿ​ត ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រា​ដា ​ខេត្ត​មណ្ឌលគិរី ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០នាក់ ឃាត់​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ឆ្នាំ ២០១៨។
រូបថត​សហគមន៍

ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) រស់នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រា​ដា ​ខេត្ត​មណ្ឌលគិរី ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​បុគ្គល​ឯកជន ​មាន​ឥទ្ធិពល។

សហគមន៍​បារម្ភ​ថា អាជីវកម្ម​នេះ​នឹង​សម្លាប់​ជីវិត​ទឹក​អូរ​ធម្មជាតិ ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចំនួន ៧ភូមិ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​ឃុំ​ប៊ូស្រា ​ជាង ១០នាក់​នៅ​ព្រឹក​ថ្ងៃ​ទី២៦ វិច្ឆិកា​បាន​លើក​គ្នា​តវ៉ា​នៅមុខ​សាលា​ឃុំ​ប៊ូស្រា ​ដោយ​បង្ហាញ​ជំហរ​ប្រឆាំង​អាជីវកម្ម​បូម​ខ្សាច់​ឋិត​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំ​លៀ ​ក្នុង​ចំណុច​អូរ​ពោធិ៍ ​នៃ​ភូមិ​ពូទឿ​ត ​ឃុំ​ប៊ូស្រា។ ពួកគាត់​ចាត់ទុក​អាជីវកម្ម​នេះ​ថា​មាន​ហានិភ័យ​ខ្ពស់​ ​ដល់​ធនធាន​ធម្មជាតិ​មាន​តម្លៃ​ ​និង​មុខ​របប​ចិញ្ចឹម​ជីវិត​របស់​អ្នកភូមិ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ភូមិ​ពូទឿ​ត ​លោក ស្រាំង សឿន ឲ្យដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ និង​ផ្អាក អាជីវកម្ម​មូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ជា​បណ្ដោះ​អាសន្ន​សិន ខណៈ​ដែល​ពួក​គេ​រក​ឃើញ​ថា អាជីវកម្ម​នេះ​ធ្វើឡើង​ដោយ​លួចលាក់ គ្មាន​ច្បាប់​អនុញ្ញាត និង​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​មូលដ្ឋាន​។ ​លោក​បារម្ភ​ថា អាជីវកម្ម​នេះ នឹង​ធ្វើឲ្យ​ទឹក​អូរ​រីក​រាក់ ​ព្រោះ​ឈ្មួញ​បាន​ទប់ទឹក​អូរ ​បង្ក ​ឲ្យ​ទឹក​អូរ​នៅ​ខ្សែ​ទឹក​ខាងក្រោម​រាក់​ខ្លាំង​ប៉ះពាល់​ព្រៃ​ជំនឿ ​ព្រៃ​តំណម​និង​ ត្រី​សាច់​ដែល​ផ្តត់​ផ្គង់​ម្ហូប​អាហារ​របស់​សហគមន៍​ប្រចាំ​ថ្ងៃ​។ ​ទន្ទឹម​នឹង​នេះ​អាជីវកម្ម​នេះ​ ​មាន​រថយន្ត​ដឹក​ខ្សាច់​ខ្នាត​ធំ​ ៥ គ្រឿង​អេស្ការ​វឺទ័រ​មួយ​គ្រឿង​ និង​ម៉ាស៊ីន​បូម​ខ្សាច់​នៅ​ជាប់​មាត់​អូរ​ធម្មជាតិ​មួយ​គ្រឿង៖ «ប៉ះពាល់​ព្រៃ​តំណម និង​ព្រៃ​សហគមន៍​ផង និង​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ណាំ​លៀ។ អាជ្ញាធរ​រាល់​ថ្ងៃ​ហ្នឹង អត់​មាន​ការពារ​សហគមន៍​ទេ និង​ការពារ​ធនធាន​ធម្មជាតិ មាន​តែ​បំផ្លាញ​ហ្នឹង។ គេ​ទប់​ធ្វើ​ទំនប់ អាអេច​មួយ​គ្រឿង និង​ឡាន ដឹក​ខ្សាច់​ចេញ​ចូលៗ»

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​ រស់នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា អះអាង​ថា គោលបំណង​ដែល​សហគមន៍​ឃាត់​គ្រឿងចក្រ ​បូម​ខ្សាច់​នេះ​គឺ​ទាមទារ​ឲ្យ​ផ្អាក​អាជីវកម្ម​ជា​បន្ទាន់​ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត ​និង​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​ពលរដ្ឋ​មូលដ្ឋាន​។ ​លោក​ថា​ ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ជា​របស់​មន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា ​ខេត្ត​មណ្ឌលគិរី​ឈ្មោះ​ ណក់ វែន។ ​ទោះ​យ៉ាង​ណា​ក្ដី លោក​ព្រមាន​ថា អ្នកភូមិ​រាប់​រយ​នាក់​ ​នឹង​លើក​គ្នា​តវ៉ា​នៅមុខ​សាលា​ឃុំ​ ​ប្រសិនបើ​អាជ្ញាធរ​ជំនាញ​ ​មិន​បញ្ឈប់​អាជីវកម្ម​នេះ​ទេ ​ខណៈ​ដែល​ពួកគេ​រក​ឃើញ​ថា​ ​អាជីវកម្ម​បូម​ខ្សាច់​នេះ​មិន​បាន​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ៖ «សុំ​ឲ្យ​គាត់​ផ្អាក​សិន ដោយសារ​ទី១ គាត់​គ្មាន​ឯកសារ បន្តិច​ក៏​អត់​ដែរ។ សំណូមពរ​អាជ្ញាធរ​ឃុំ និង​ស្រុក​ឲ្យ​គាត់​ជួយ​ពលរដ្ឋ​ផង កុំ​ឲ្យ​តែ​គាត់ ហៃអើៗ មិនមែន​អាជ័យ​ធ្លាក់​ទឹក​ទេ គឺ​ហៃអើ ពលរដ្ឋ​កាន់​តែ​ក្រ ហើយ​ឈ្មួញ​កាន់​តែ​មាន»

មេឃុំ​ប៊ូស្រា ​លោក​ យឺត ​សារៀន​ ​បាន​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​លោក​បាន​ចុច​ផ្តាច់​ទូរស័ព្ទ​។​

 

ទោះ​យ៉ាង​ណា​ ​អនុ​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល ​ខេត្ត​មណ្ឌលគិរី ​លោក​ ​ទី ​សុផល​ មានប្រសាសន៍​ថា​ ​លោក​ទើប​ទទូល​ព័ត៌មាន​ពី​អាជីវកម្ម​បូម​ខ្សាច់​នេះ និង​បាន​ចាត់​ឲ្យ​សហការី​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​រួច​ហើយ។ ទោះ​យ៉ាង​ណា លោក​បដិសេធ និង​សំនួរ​របស់​អាស៊ី​សេរី​ថា តើ​អាជីវកម្ម​នៅ​តំបន់​នោះ មាន​ច្បាប់​អនុញ្ញាត ឬ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ទើប​តែ​ទទួល​ដំណឹង​នេះ៖ «ខ្ញុំ​ទើប​តែ​ទទួល​ព័ត៌មាន​ដែរ​ថា មាន​បូម​ខ្សាច់​នៅ​កន្លែង​ហ្នឹង។ នៅ​តំបន់​ហ្នឹង​កាល​មុន ពលរដ្ឋ​គាត់​បូម​ខ្សាច់ ហើយ​វា​ហូរ​នៅ​ខែ​វស្សា វា​កក​នៅ​ខែ​ប្រាំង ព្រោះ​ពលរដ្ឋ​គាត់​បូម​ធ្វើ​ផ្ទះ​នៅ​ហ្នឹង​ផ្ទាល់​ពី​មុន។ ដោយ​ឡែក​ខ្ញុំ​ទើប​ទទួល​ព័ត៌មាន​ថា មាន​គ្រឿង​ចក្រ ហេតុ​នេះ​ខ្ញុំ​ចប់​បេសកម្ម​នឹង​ចុះ​ទៅ​តំបន់​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ​ខេត្ត​មណ្ឌលគិរី ​លោក​ ​អ៊ាង​ ម៉េង​លី ​យល់​ថា​ ​អាជ្ញាធរ​ជំនាញ​ត្រូវ​បង្ហាញ​ព័ត៌មាន​ឲ្យ​ច្បាស់លាស់​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ ​មុននឹង​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​នៅ​តំបន់​នោះ​។ ​លោក​ សហគមន៍​បាន​ការ​ឃាត់​គ្រឿងចក្រ​របស់​បុគ្គល​ឯកជន​ ក្នុង​បំណង​ឲ្យ​អាជ្ញាធរ​ជំនាញ​ស៊ើបអង្កេត​ឲ្យ​មាន​ការទទួលខុសត្រូវ​ ​ខណៈ​ដែល​ពួក​គេ​មាន​មន្ទិល ​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​នៅ​តំបន់​នោះ៖ «វា​ប៉ះពាល់​ខ្លាំង ដោយសារ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គាត់​អាស្រ័យ​ផល និង​ប្រើប្រាស់​ធនធាន​ទឹក​នៅ​ហ្នឹង។ ប្រសិន​ជា​គាត់​មាន​បូម​ខ្សាច់​ប្រើប្រាស់​គីមី និង​ប្រេង​សាំង នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​អាច​ប្រើប្រាស់​ទឹក និង​ជួប​បញ្ហា​សុខភាព និង​បញ្ហា​ផ្សេង​ទៀត»

សហគមន៍​ថា​ កន្លងទៅ​មន្ត្រី​បរិស្ថាន​ ដែល​ប្រចាំ​ការ​នៅ​ឃុំ​ប៊ូស្រា​ បាន​ពិន័យ​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន ដែល​បាន​ទៅ​ប្រមូល​ខ្សាច់​ពី​អូរ​ពោធិ៍​យក​ទៅ​ប្រើប្រាស់​លក្ខណៈ​គ្រួសារ។ ពួក​គេ​ឃើញ​ថា​ ​អាជីវកម្ម​បូម​ខ្សាច់​នេះ​ ​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​មួយ​ចំនួន​ ​នៅ​គ្រា​ដែល​ម្ចាស់​អាជីវកម្ម​នេះ​ ​គឺ​ជា​របស់​មន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា ​លោក​ ណក់​ ​វែន។ អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ ​លោក​ ណក់​ ​វែន ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។