មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ថា សកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហាក់មានការយឺតយ៉ាវ ហើយគ្មានចំណាត់ការទៅលើម្ចាស់សំណង់រឹងមាំ ដែលសង់នៅជាប់ឆ្នេរសមុទ្រនោះទេ។
ត្រង់ចំណុចនេះ នាំឲ្យមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរ ពិសេសប្រជាពលរដ្ឋ និងអាជីវករតូចតាចគ្មានអំណាចនាខេត្តព្រះសីហនុ ទៅលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្ររដ្ឋាភិបាល ថាមានបក្ខពួកនិយម។
មន្ត្រីសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននាខេត្តព្រះសីហនុ បានរិះគន់ចំពោះផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាលនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ថាមានការយឺតយ៉ាវ ឬមិនមានការរីកចម្រើនទៅមុខនោះទេ ក្រៅអំពីថ្នាក់ដឹកនាំស្ថាប័ននេះចេញបទបញ្ជាឲ្យសមត្ថកិច្ចប្រើគ្រឿងចក្រឈូសកម្ទេចតូបលក់ដូររបស់អាជីវករនៅពីមុខអតីតក្រុមហ៊ុនអារីស្តុន ឬចុងឆ្នេរអូរឈើទាល កាលពីថ្ងៃទី៩ ខែមេសា រួចមក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា រហូតមកដល់ពេលនេះ សកម្មភាពអភិវឌ្ឍឆ្នេរសមុទ្រតាមឆ្នេរខេត្តនេះហាក់មិនមានការរីកចម្រើនទៅមុខទេ។ ផ្ទុយទៅវិញ គេសង្កេតឃើញសំណង់រឹងមាំរបស់ក្រុមហ៊ុន ឬឈ្មួញមួយចំនួន កំពុងបន្តសកម្មភាពសាងសង់ និងបុកសសរគ្រឹះសម្រាប់ការដ្ឋានសំណង់របស់គេជារៀងរាល់ថ្ងៃ មានដូចជានៅឆ្នេរឯករាជ្យ និងឆ្នេរសុខា ជាដើម។ ជាងនេះទៀត សម្រាប់សំណង់រឹងមាំដែលសង់រួច និងកំពុងធ្វើអាជីវកម្មនៅតាមឆ្នេរមួយចំនួនមានទីតាំងទល់មុខអគារសាលាខេត្តព្រះសីហនុ ជាដើម គឺគ្មានការរុះរើឲ្យស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីអំពីផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រធ្វើយ៉ាងណាឲ្យសំណង់រឹងមាំផ្សេងៗ ត្រូវសង់ឲ្យឃ្លាតពីឆ្នេរសមុទ្រយ៉ាងហោចចំនួន ៥០ម៉ែត្រនោះទេ។
អ្នកស្រី សុធារី ឲ្យដឹងទៀតថា បច្ចុប្បន្ន ឆ្នេរមួយចំនួននាខេត្តព្រះសីហនុ ត្រូវឈ្មួញ ឬឯកជន បានបន្តហ៊ុមព័ទ្ធរបងថ្មមិនឲ្យទេសចរដើរឆ្លងកាត់ ឬមិនអាចឲ្យភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវជាប់ឆ្នេរសមុទ្រ អាចមើលឃើញទឹកសមុទ្រពីចម្ងាយនោះទេ។ ករណីនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មិនទាន់មានវិធានការនោះដែរ ក្រៅអំពីបញ្ជាកម្លាំងសមត្ថកិច្ចឈូសកម្ទេចតូប ឬស្តង់លក់ដូររបស់ក្រុមអាជីវករនៅចុងឆ្នេរអូរឈើទាលទាំងកំរោលរាបដល់ដី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦៖ « បើយើងយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ គឺការកាន់កាប់ទាំងឡាយណាទៅលើដីសាធារណៈរបស់រដ្ឋ ទោះបីបុគ្គលនោះកាន់កាប់ច្រើនឆ្នាំប៉ុណ្ណាក៏ដោយ ក៏មានសុពលភាពក្នុងការទទួលបានជាកម្មសិទ្ធិនោះទេ។ ដូច្នេះ រដ្ឋក៏មានសិទ្ធិក្នុងការប្ដឹងដកហូតដីរដ្ឋទាំងនោះយកមកគ្រប់គ្រងវិញ។ ហេតុដូចនេះ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ នឹងរង់ចាំមើលថា តើអាជ្ញាធរនឹងដោះស្រាយយ៉ាងណាទៅលើបញ្ហានេះ ?»។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរមានឋានៈតូចទាបនៅតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ ដែលគ្មានខ្នងបង្អែកមន្ត្រីមានអំណាច បង្ហាញអារម្មណ៍ខកចិត្ត និងបន្តរិះគន់មន្ត្រីរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ដែលអនុវត្តការងារមិនបានស្មើភាពរវាងពលរដ្ឋសាមញ្ញ និងម្ចាស់សំណង់រឹងមាំដែលសង់នៅជាប់ឆ្នេរសមុទ្រ ប៉ុន្តែមិនមានវិធានការតាមផ្លូវច្បាប់ឲ្យបានស្មើភាពគ្នា។
ស្រដៀងគ្នាដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏ហាក់គ្មានជំនឿទៅលើប្រសិទ្ធភាពនៃសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ដឹកនាំដោយលោក ជា សុផារ៉ា នេះដែរ។ លោកកត់សម្គាល់ថា ឆ្នេរមួយចំនួននាខេត្តព្រះសីហនុ នៅបន្តហ៊ុមព័ទ្ធរបងថ្ម និងរបងដែកទុកចោលគ្មានការអភិវឌ្ឍ និងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរចេញ ឬចូលទៅកម្សាន្តទេ មានដូចជាឆ្នេរហាវៃ ជាដើម។ ជាងនេះទៀត សំណង់អគាររឹងមាំដែលសង់នៅតាមមាត់សមុទ្រមួយចំនួននាខេត្តព្រះសីហនុ មាននៅតាមឆ្នេរថ្មី ឆ្នេរមាស ឆ្នេរប៉ោកី និងឆ្នេររីករាយ ជាដើម គឺសំណង់ទាំងនោះបានបន្តធ្វើអាជីវកម្មដោយគ្មានការផ្លាស់ប្ដូរនោះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រ លោក ជា សុផារ៉ា ជួយបង្ហាញរបាយការណ៍នៃការវិវឌ្ឍន៍ជុំវិញផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ជាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានដឹង និងមានទំនុកចិត្តទៅលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំស្ថាប័ននេះ និងចូលរួមគាំទ្រ៖ « ដីតំបន់ឆ្នេរនាខេត្តព្រះសីហនុ គឺជាដីសាធារណៈរបស់រដ្ឋ។ តើហេតុអ្វីបានជាមានការដាក់តាំងលក់ដីរដ្ឋទៅវិញ ? រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ដីសាធារណៈរបស់រដ្ឋ គឺមិនអាចមានបុគ្គលណាមួយទិញលក់ ឬជួលនោះទេ ក្រៅពីសម្រាប់បម្រើដល់ប្រយោជន៍សាធារណៈរបស់រដ្ឋ។ ករណីនេះជាគំរូមួយដ៏អាក្រក់ ព្រោះឆ្នេរសមុទ្ររបស់កម្ពុជា បែរជាមានបុគ្គលយកទៅលក់អនាធិបតេយ្យទៅវិញ »។

កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសេចក្ដីសម្រេច ៥ចំណុច ជូនគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រចុះអនុវត្តឲ្យមានប្រសិទ្ធភាព។ ចំណុចទាំង ៥នោះ មានដូចជា ករណីបឹងព្រែកទប់ ត្រូវរៀបចំដាក់បឹងធម្មជាតិមួយនេះជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ។ ចំណែកឆ្នេរឯករាជ្យ ត្រូវអភិវឌ្ឍ និងអភិរក្សសម្រាប់សាធារណជនលំហែ និងកម្សាន្ត និងរៀបចំកែសម្រួលឲ្យសាធារណជនអាចចេញ ឬចូលទៅកម្សាន្តឆ្នេរខ្សាច់ក្នុងតំបន់នោះ។ ចំពោះឆ្នេរអូរត្រេះ ត្រូវសិក្សាអំពីវិធានការរុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរ និងចាប់ផ្តើមធ្វើការអប់រំ និងផ្សព្វផ្សាយ ព្រមទាំងកំណត់ពេលវេលា និងកិច្ចសន្យាច្បាស់លាស់ជាមួយអាជីវករ ឬអ្នកមានទីតាំងនៅតំបន់ឆ្នេរអូរត្រេះ ឲ្យរុះរើសំណង់ទាំងនោះចេញ ដើម្បីរៀបចំជាឆ្នេរគំរូសាធារណៈសម្រាប់បម្រើសេវាកម្មទេសចរណ៍ និងការលំហែ ឬការកម្សាន្ត ឲ្យស័ក្ដិសមជាឆ្នេរគំរូ។ ករណីឆ្នេរអូរឈើទាល នៅទល់មុខដីក្រុមហ៊ុនសុខាអូតែល អតីតក្រុមហ៊ុនអារីស្តុន ត្រូវធ្វើសមាហរណកម្មផ្លូវតាមបណ្ដោយឆ្នេរភ្ជាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ និងបើកចំហឆ្នេរនេះសម្រាប់សាធារណជន និងទេសចរ អាចចេញចូលកម្សាន្តដូចដើមវិញ និងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់គ្រប់ប្រភេទនោះទេ។
ចំណែកករណីកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់ដែលសង់លើទឹក ដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ មន្ត្រីជំនាញគ្រប់ស្ថាប័នត្រូវសិក្សារកដំណោះស្រាយប្ដូរទីតាំងសំណង់ទាំងឡាយ ដែលបានបោះទីតាំងនៅលើទឹកដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ត្រូវប្ដូរឲ្យទៅនៅលើដីផ្នែកខាងក្នុងនៃកោះរ៉ុង និងត្រូវគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីកាត់ដីរដ្ឋដែលនៅសល់ពីគម្រោងវិនិយោគផ្នែកខាងក្នុងនៃកោះរ៉ុង សម្រាប់ជាថ្នូរផ្ដល់ជូនអ្នកដែលត្រូវឲ្យប្ដូរទីតាំងទាំងនោះជំនួសវិញ។
ឆ្លើយតបនឹងការរិះគន់របស់មន្ត្រីសង្គមស៊ីវិលមួយចំនួន លោក នី ផល្លី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយលោក ជា សុផារ៉ា បានឲ្យដឹងថា ស្ថាប័ននេះបានបើកកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ ជុំវិញលទ្ធផលនៃសកម្មភាពការងារ និងផែនការកែលំអ ឬអភិវឌ្ឍឆ្នេរសមុទ្រនាសាលប្រជុំសាលាខេត្តព្រះសីហនុ។ លោកបន្តថា កាលពីថ្ងៃទី១៥ ខែកក្កដា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រជុំពិភាក្សាទៅលើចំណុចសំខាន់ៗមួយចំនួន និងទទួលបានលទ្ធផលមានដូចជា ពន្លឿនសកម្មភាពការងារចុះដោះស្រាយ និងជំរុញការអភិវឌ្ឍនៅកោះរ៉ុង ដើម្បីឈានដល់ចុះកាត់ឆ្វៀលដីជូនប្រជាជន ក៏ដូចជាដីវត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងភូមិទាំងបួននៅលើកោះរ៉ុងឲ្យបានឆាប់។ តាមរយៈកិច្ចប្រជុំនេះដែរ អង្គប្រជុំបានជំរុញឲ្យមន្ត្រីជំនាញ បន្តសកម្មភាពចុះកំណត់អត្តសញ្ញាណកម្មការវាស់វែងចំណែកដី និងរៀបចំប្លង់គោលសម្រាប់ផែនការអភិវឌ្ឍន៍នៅលើកោះរ៉ុង និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ចំពោះការងាររៀបចំកែលំអ និងអភិវឌ្ឍឆ្នេរសមុទ្រវិញ លោក នី ផល្លី បានបញ្ជាក់ថា អង្គប្រជុំរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរ បានជំរុញឲ្យក្រុមការងារបន្តពន្លឿនការស្ថាបនាខ្លោងទ្វារច្រកចូលនៅតាមឆ្នេរនីមួយៗ និងត្រូវបញ្ចប់ការគូសប្លង់មេសម្រាប់ឆ្នេរទាំងអស់ឲ្យបានឆាប់ ដើម្បីឈានដល់ការកែលំអឆ្នេរខ្សាច់ឲ្យស្របតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេស។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ហាក់អស់ជំនឿទៅលើសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាល ជុំវិញផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្តនេះ ថាមិនមានកាវិវឌ្ឍន៍ជឿនលឿនទៅមុខ នៅគ្រាពិធីបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល នឹងខិតជិតចូលមកដល់នៅដំណាច់ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។