អាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងអភិវឌ្ឍតំបន់ធម្មជាតិរលុះធំទៅជារមណីយដ្ឋានទេសចរណ៍
2017.05.16

រលុះធំ គឺជាឈ្មោះតំបន់ធម្មជាតិមួយកន្លែងដែលមានដីហូរច្រោះ ហើយផ្ទាំងដីខ្លះបាននៅសល់បង្កើតទៅជារូបរាងដូចជាសសរវិហារ ឬក៏សំណង់ប្រាសាទបុរាណផ្សេងៗ ជាដើម។ ទីនោះស្ថិតនៅភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង បើធ្វើដំណើរពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅលិចត្រង់ មានចម្ងាយតែ ១២គីឡូម៉ែត្រទេ ប៉ុន្តែបើចេញតាមផ្លូវអូរស្មាច់ គឺមានចម្ងាយរហូតដល់ទៅ ៣២គីឡូម៉ែត្រ។
បច្ចុប្បន្ន រលុះធំ កំពុងធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិខ្លះចាប់អារម្មណ៍ទៅលើទេសភាពធម្មជាតិរបស់វាយ៉ាងខ្លាំង។
មន្ត្រីជំនាញផ្នែកទេសចរណ៍ និងអាជ្ញាធរខេត្តឧត្តរមានជ័យ មើលឃើញថា តំបន់ដីហូរច្រោះរលុះធំ គឺមានសក្ដានុពលអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនា និងកម្សាន្តទេសភាពធម្មជាតិរបស់វា ព្រមទាំងអាចបង្កើតការងារខ្លះឲ្យអ្នកភូមិដែលរស់នៅជិតនោះ អាចរកកម្រៃពីវិស័យទេសចរណ៍បាននៅពេលអនាគត។
ដោយសារតែមើលឃើញសក្ដានុពលផ្នែកទេសចរណ៍នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានជំរុញឲ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរក្រុងសំរោង រៀបចំគម្រោងអភិរក្សតំបន់ធម្មជាតិនៅទីនោះ ដើម្បីទប់ស្កាត់កុំឲ្យមានការចូលទៅរុករានយកដីធ្វើជាកម្មសិទ្ធិ ហើយរៀបចំផ្សព្វផ្សាយទៅលើវិស័យទេសចរណ៍ជាបន្តបន្ទាប់។
ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ គឺអ្នកស្រី ធិន នីមុន្នីរស្មី។ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្ន មន្ទីរទេសចរណ៍ និងអាជ្ញាធរក្រុងសំរោង កំពុងសហការគ្នាចុះបោះព្រំដើម្បីកំណត់ផ្ទៃដីរលុះធំនេះទុក កុំឲ្យមានការចូលទៅរំលោភយកដីធ្លីទីនោះធ្វើជាកម្មសិទ្ធិឯកជន។ តំបន់រលុះធំ ក្រៅតែពីមានទេសភាពដីច្រោះបង្កើតបានជាសិល្បៈធម្មជាតិម្យ៉ាង មានទ្រង់ទ្រាយដូចជាសសរព្រះវិហារ ឬក៏ប្រាសាទធ្វើពីដីជាដើមនោះ វាក៏ជាតំបន់ដែលសម្បូរទៅដោយត្បូងថ្មប្រភេទនិល ព្រមទាំងមានធម្មជាតិគួរឲ្យទាក់ទាញដែរ។
អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់ថា មន្ទីរទេសចរណ៍មានគម្រោងអភិវឌ្ឍន៍ និងកែច្នៃតំបន់រលុះធំ ឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅពេលអនាគត ក៏ប៉ុន្តែបច្ចុប្បន្ន គេនៅរង់ចាំក្រុមហ៊ុនចិន ដែលធ្វើផ្លូវជាតិលេខ៥៨ ឆ្លងកាត់តំបន់នោះឲ្យរួចរាល់សិន៖ «ក្រោយពីផ្លូវលេខ៥៨ កើតស្រួលបួលជាផ្លូវកៅស៊ូហើយ យើងនឹងអាចលើកស្លាកសម្គាល់ ហើយនិងអាចដាំដើមឈើឡើងវិញនៅតំបន់នោះ ព្រមទាំងអភិរក្សដីទីនោះកុំឲ្យវាបាត់បង់»។
បច្ចុប្បន្ន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិខ្លះៗបាននាំគ្នាចូលទៅកម្សាន្តនៅទីនោះ ក៏ប៉ុន្តែចំនួនអ្នកទេសចរហាក់នៅមានកម្រិតតិចតួច ដោយសារតែផ្លូវមិនទាន់ល្អប្រសើរ និងមិនមានអ្នកបម្រើផ្នែកសេវាកម្មទេសចរណ៍នៅឡើយ។
បុរសម្នាក់ដែលជាជាងសំណង់ កំពុងរៀបចំកសាងកន្លែងគោរពសក្ការៈបែបសាសនានៅទីនោះ លោក ណុប សួន ឲ្យដឹងថា ស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃឈប់សម្រាកពីការងាររាជការ ឬក៏ថ្ងៃបុណ្យទាន លោកតែងឃើញមនុស្សជាច្រើនមកលេងនៅកន្លែងដីរលុះធំនេះ។
បុរសដដែលបញ្ជាក់ថា ពេលខ្លះលោកបានឃើញក្រុមអ្នកទេសចរហាក់ដូចជាក្រុមនិស្សិត បាននាំគ្នាមកសិក្សាស្រាវជ្រាវផង៖ «ពាក់ព័ន្ធនឹងនិស្សិតមកច្រើនណាស់រាប់រយនាក់។ អ្នកមកកម្សាន្តច្រើនតែមកពីខេត្តឆ្ងាយៗ គឺមកថតរូប ហើយនាំគ្នាឡើងមកលើភ្នំលេងកម្សាន្ត»។
តំបន់ដីច្រោះរលុះធំ មានទំហំប្រហែល ៤គីឡូម៉ែត្រក្រឡា។ វាចាប់ផ្ដើមធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍តាំងពីឆ្នាំ២០០៧ បន្ទាប់ពីមន្ត្រីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានថតរូបភាពយកទៅដាក់តាំងពិព័រណ៍ ហើយព្រះមហាក្សត្រខ្មែរបានព្រះរាជទានជ័យលាភីឲ្យជាប់លេខ១ មក។
អាជ្ញាធរខេត្តឧត្តរមានជ័យ មានគម្រោងរក្សាទុកតំបន់ដីច្រោះរលុះធំនេះជាតំបន់ប្រវត្តិសាស្ត្រធម្មជាតិ ដែលបង្កើតឲ្យមានជារូបរាងសិល្បៈដោយខ្លួនឯង។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា អាជ្ញាធរខេត្តគាំទ្រយ៉ាងពេញទំហឹងចំពោះមន្ទីរទេសចរណ៍ ដែលស្នើសុំឲ្យរក្សាទុកតំបន់នោះជាកន្លែងប្រវត្តិសាស្ត្រ។ លោក ស ថាវី បញ្ជាក់ទៀតថា បច្ចុប្បន្នតំបន់ដីច្រោះធម្មជាតិរលុះធំនោះ គឺមានភ្ញៀវទេសចរទៅលេងជាបន្តបន្ទាប់ ហើយនៅពេលខាងមុខ អាជ្ញាធរក៏នឹងប្រឹងប្រែងផ្សព្វផ្សាយតំបន់នោះឲ្យក្លាយទៅជាការទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត៖ «ហើយទីពីរទៀត គឺខ្ញុំកំពុងរៀបចំតំបន់នោះឲ្យក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយយើងរក្សាព្រៃឈើ និងកសាងសំណង់សក្ការបូជាសាសនានៅទីនោះ ជាដើម»។
ទោះជាយ៉ាងណា មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មិនអាចបញ្ជាក់បានទេថា តើក្នុងមួយខែៗមានភ្ញៀវទេសចរចំនួនប៉ុន្មាននាក់ដែលទៅកម្សាន្តនៅទីនោះទេ ដោយសារតែបច្ចុប្បន្ន គេនៅមិនទាន់បានដាក់ភ្នាក់ងារទេសចរប្រចាំនៅទីនោះនៅឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ឲ្យដឹងថា បច្ចុប្បន្ននេះគេបានត្រៀមខ្លួនរួចហើយលើការផ្សព្វផ្សាយតំបន់រលុះធំ ឲ្យមហាជនបានដឹងតាមរយៈគេហទំព័រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ជាដើម៕