ប្រជាពលរដ្ឋតែងតែអំពាវនាវឲ្យប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ ឬបញ្ឈប់ផែនការសាងសង់ទំនប់បន្ថែមទៀត ដែលអ្នកភូមិព្រួយបារម្ភថាអាចនឹងបង្កផលប៉ះពាល់កាន់តែច្រើនឡើងដល់ជីវភាពរស់នៅ និងធនធានធម្មជាតិក្នុងទន្លេ។
មនុស្សប្រមាណជាង ១០០នាក់ ជាតំណាងសហគមន៍បណ្ដាញការពារទន្លេបី នៅថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៣ បាននាំគ្នាហែក្បួនយកកូនត្រីទៅលែងក្នុងទន្លេ ដោយមានស្រែកជ័យឃោសរំលឹកគុណទន្លេ និងអំពាវនាវសុំកុំឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេ ដែលបង្កផលប៉ះពាល់អាយុជីវិតផលដំណាំ ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ មច្ឆជាតិ នៅក្នុងទន្លេ។
ពិធីនេះ រៀបចំឡើងដោយសហគមន៍ការពារទន្លេស្រែពក នៅក្នុងបុណ្យខួបបណ្ដាញការពារទន្លេសេកុង ស្រែពក សេសាន លើកទី១១ ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
តំណាងសហគមន៍រស់នៅតាមដងទន្លេសេសាន លោក សុខ ខឿន មានប្រសាសន៍បញ្ជាក់ថា ច្រើនឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រទេសវៀតណាម ចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ពីតំបន់ខ្សែទឹកខាងលើមក ផលប៉ះពាល់ជាច្រើនបានកើតមានចំពោះប្រជាពលរដ្ឋអ្នករស់នៅតាមដងទន្លេ។ លោកបន្តថា ការកសាងទំនប់សេសានក្រោម២ បន្ថែមទៀត គឺបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ពលរដ្ឋ៖ «រាល់ថ្ងៃ កំពុងមានទុក្ខដោយសារវារីអគ្គិសនីកំពុងតែសាងសង់។ យើងជាអ្នកដងទន្លេដូចគ្នា បើយើងបាត់បង់ទន្លេ គឺយើងបាត់បង់អ្វីៗទាំងអស់។ វាមានបញ្ហាច្រើនយ៉ាងចាប់តាំងពីយើងរុះរើភូមិឋាន»។
ដូចគ្នានេះដែរ តំណាងសហគមន៍រស់នៅតាមដងទន្លេម្នាក់ទៀត គឺអ្នកស្រី រម៉ាស់ វឿន បានកត់សម្គាល់ថា ទំនប់វារីអគ្គិសនីបានបង្កឲ្យទឹកទន្លេប្រែប្រួលគុណភាព និងចរន្តទឹកហូរឡើងស្រកមិនទៀងទាត់ ធ្វើឲ្យធនធានក្នុងទន្លេមានបន្លែធម្មជាតិ មច្ឆជាតិ ជីវចម្រុះក្នុងទន្លេថយចុះ ទឹកជំនន់ធ្ងន់ធ្ងរលិចផ្ទះសម្បែង ខូចខាតផលដំណាំ ទ្រព្យសម្បត្តិ បាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈទៀតផង៖ «តាមដងទន្លេយើង ត្រីអស់រលីង ដាក់មងក៏មិនបាន អណ្ដែតទៅរហែកអស់ ដល់ព្រឹកទៅមើលអស់រលីង អណ្ដែតអស់ មានក្រឡាប់ទូកទៀត វាលំបាកការរកស៊ី ទឹកប្រែប្រួលរហូត យើងរកបន្លែក៏មិនបាន»។
របាយការណ៍របស់អង្គការបណ្ដាញការពារទន្លេបី ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ន រាជរដ្ឋាភិបាលនៃប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ គឺប្រទេសកម្ពុជា ឡាវ និងវៀតណាម មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីសរុប៤៨ ក្នុងនោះទំនប់ចំនួន២៦ បានសាងសង់រួចហើយ។
អ្នកសម្របសម្រួលអង្គការទន្លេបី លោក មាច មៀន មានប្រសាសន៍បញ្ជាក់ថា ដោយសារមានផលប៉ះពាល់ជាច្រើនទាក់ទិនការសាងសង់ទំនប់វារីអគ្គិសនីនេះ ទើបប្រជាពលរដ្ឋអ្នករស់នៅតាមដងទន្លេនាំគ្នាចងក្រងជាបណ្ដាញសហគមន៍ការពារទន្លេ និងប្រារព្ធខួបបង្កើតសហគមន៍ការពារទន្លេរៀងរាល់ឆ្នាំ ដើម្បីធ្វើការតស៊ូមតិ ការពារទន្លេឲ្យបានប្រសើរ៖ «ទឹកទំនប់មកពីលើភ័យប៉ុណ្ណឹង។ បើទំនប់សេសានក្រោម២ បិទទៀត មិនដឹងគាត់ តើភ័យប៉ុណ្ណា? រាជរដ្ឋាភិបាលគួរពិចារណាខ្លួនឯង ព្រោះផែនការនេះរដ្ឋាភិបាលជាអ្នកអនុម័ត»។
អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍ឆ្លើយតបចំពោះការព្រួយបារម្ភនេះថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ទាំងអស់នោះហើយ ជាពិសេសផលប៉ះពាល់ដែលធ្លាប់កើតមានកន្លងទៅ។ លោកបន្តថា ប្រការសំខាន់ គឺប្រជាពលរដ្ឋសហគមន៍បណ្ដាញការពារទន្លេ ត្រូវពង្រឹងកិច្ចការពារធនធានធម្មជាតិក្នុងទន្លេ កុំឲ្យមានការបំផ្លាញដោយពលរដ្ឋខ្លួនឯង៖ «បើធ្វើទៅប៉ះប្រជាជន មិនមែនសុខចិត្តឲ្យធ្វើទេ ច្បាស់ជាសិក្សាផលប៉ះពាល់ហើយ គ្រាន់តែចំណុចខ្លះយើងដោះដូចគ្នា អាចផ្តល់ថវិកាឲ្យគាត់បានរស់នៅស្រួល»។
រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីចំនួន៨ នៅតាមដងទន្លេសេកុង ស្រែពក និងសេសាន ក្នុងនោះបានយល់ព្រមឲ្យសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅដើមឆ្នាំ២០១៣។ ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋនៅតាមទន្លេទាំងបីបានលើកពាក្យស្លោកថា ប្រជាពលរដ្ឋចង់បានទន្លេមិនចង់បានទំនប់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។