សិប្បកម្មធ្វើឆ្នាំងស្ពាន់មួយកន្លែងនៅភ្នំពេញ កំពុងបង្កការរំខានដល់ពលរដ្ឋរស់នៅទីនោះ ដោយសំឡេង ផ្សែង ទឹកកាកសំណល់ និងក្លិនស្អុយ ដែលភាយចេញពីកន្លែងសិប្បកម្ម។ ពលរដ្ឋរងផលប៉ះពាល់ ធ្លាប់ផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែមិនទទួលបានការអន្តរាគមន៍ពីពួកគេនៅឡើយទេ។
ខ្យល់បក់ភាយលាយក្លិនស្អុយ និងសំឡេងលាន់ឮទ្រហឹងនៃខ្សែសង្វាក់ផលិតឆ្នាំងស្ពាន់ នៃរោងសិប្បកម្មគ្មានស្លាកយីហោមួយកន្លែងនៅកណ្ដាលភូមិអ្នកស្រុក ដែលឋិតនៅភូមិនិរោធ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបង្កការរំខានដល់ពលរដ្ឋនៅក្បែរៗនោះជារៀងរាល់ថ្ងៃ។
ការរំខាននៃសំឡេង ផ្សែងហុយ ធ្លាក់កាកសំណល់ និងទឹកកាកសំណល់ដែលមានក្លិនស្អុយ បានធ្វើឲ្យពលរដ្ឋរស់នៅក្បែរកន្លែងសិប្បកម្មនេះ ដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានជាច្រើនដងមកហើយ សុំឲ្យមានការត្រួតពិនិត្យ ប៉ុន្តែអាជ្ញាធរមិនទាន់ឆ្លើយតបចំពោះការព្រួយបារម្ភតាមអ្វីដែលពលរដ្ឋចង់ឃើញនៅឡើយទេ។
កំពុងស្រោចទឹកបន្លែក្បែរទឹកកាកសំណល់ លោកស្រី ចាប លី ជាពលរដ្ឋមានព្រំដីជាប់កន្លែងសិប្បកម្មនេះរៀបរាប់ថា ចាប់តាំងពីទឹកកាកសំណល់បានហូរជ្រាបចូលដីលោកស្រី លោកស្រីមិនអាចដាំដំណាំអ្វីលើដីនោះបានទេ។ លោកស្រីឲ្យដឹងថា ទោះកន្លងមក លោកស្រីប្រាប់ទៅម្ចាស់សិប្បកម្មឲ្យការពាររឿងទឹកកាកសំណល់នេះដែរ ប៉ុន្តែគេមិនបានស្តាប់ និងធ្វើតាមឡើយ៖ «ស្អុយណាស់ភាយក្លិនម្តងៗចង់ដាច់ខ្យល់។ ខ្ញុំប្រាប់គេ គេឈប់បានតិច ហើយបង្ហូរមកដដែល»។
ទឹកកាកសំណល់មានក្លិនស្អុយឆ្អាបជ្រាបចេញពីតាមជញ្ជាំង នៃរោងសិប្បកម្មនោះ ធ្វើឲ្យស្មៅ និងដើមឈើនៅទីនោះងាប់។ ពលរដ្ឋថា សិប្បកម្មនេះទើបចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១២។
ពលរដ្ឋនៅទីនោះបានប្រមូលគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរមូលដ្ឋានញឹកញយដែរ ប៉ុន្តែគេមិនទាន់ឃើញអាជ្ញាធរមានវិធានការណាមួយទៅលើកន្លែងធ្វើសិប្បកម្មនេះទេ។
ពលរដ្ឋមួយរូបទៀតសុំមិនបញ្ចេញឈ្មោះ ដែលផ្ទះលោកនៅជាប់កន្លែងសិប្បកម្ម ឲ្យដឹងថា សំឡេង ផ្សេង និងក្លិនរបស់សិប្បកម្មនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់លោក និងអ្នកផ្សេងទៀត។ លោកទាមទារឲ្យសិប្បកម្មនេះជួយសម្រួលបំពង់ផ្សែង កាត់បន្ថយសំឡេងរំខាន និងបញ្ឈប់ការបង្ហូរទឹកកាកសំណល់ចេញមកក្រៅទៀត៖ «តវ៉ាម្តងជាពីរដង ហើយគ្មានដំណោះស្រាយអីទេ សុំឲ្យមានដំណោះស្រាយមួយដែលអាចទទួលបានយកបានទាំងអស់គ្នា»។
រោងសិប្បកម្មនេះលាតសន្ធឹងនៅកណ្ដាលភូមិរបស់ពលរដ្ឋ មានបណ្តោយជាង ១០ម៉ែត្រ ទទឹងជាង ៥ម៉ែត្រ ជញ្ជាំងនៅផ្នែកក្រោមជាប់ដីធ្វើពីឥដ្ឋ នៅផ្នែកខាងលើបិទបាំងដោយស័ង្កសី។ បំពង់ផ្សែងត្បិតតែគេធ្វើឲ្យមានកម្ពស់វែងលូតទៅលើក្តី ប៉ុន្តែបានធ្លាក់កាកសំណល់ពណ៌សៗធ្លាក់មកលើបរិវេណជុំវិញនោះ ដែលសុទ្ធសឹងតែជាផ្ទះរបស់ពលរដ្ឋ។
ចៅសង្កាត់និរោធ ខណ្ឌមានជ័យ អ្នកស្រី ទេព ព្រហ្មមុន្នី មានប្រសាសន៍ថា រឿងនេះកើតឡើងតាំងពីលោកចៅសង្កាត់ចាស់នៅកាន់តំណែងម្ល៉េះ ហើយពេលនោះ សង្កាត់បានបញ្ជាឲ្យសិប្បកម្មនោះកែសម្រួលដែរ ប៉ុន្តែគេមិនបានធ្វើតាមឡើយ។ អ្នកស្រីចៅសង្កាត់បញ្ជាក់ឲ្យដឹងថា ក្រុមការងារសង្កាត់នឹងចុះទៅពិនិត្យដល់កន្លែងជាថ្មីម្តងទៀតនៅពេលទទួលព័ត៌មាននេះ៖ «ទីតាំងហ្នឹងធ្លាប់បានណែនាំហើយ។ ខ្ញុំត្រូវតែចុះ ព្រោះលោកបានជម្រាបឲ្យដឹងចឹងល្អហើយ»។
ចំពោះករណីនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា លោកនឹងចាត់ឲ្យមន្ត្រីមន្ទីរបរិស្ថានចុះទៅដល់កន្លែង ដើម្បីពិនិត្យឲ្យដឹងពីការពិត។ លោកឲ្យដឹងថា ប្រសិនការបើកអាជីវកម្មណាមួយធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ក្រសួងស្ថាប័នមានសមត្ថកិច្ច ត្រូវតែដោះស្រាយ៖ «ខ្ញុំនឹងប្រាប់មន្ត្រីមន្ទីរឲ្យគេចុះទៅពិនិត្យ»។
ពលរដ្ឋឲ្យដឹងថា កាកសំណល់ដែលធ្លាក់ចុះតាមបំពង់ផ្សែង ហើយប៉ះត្រូវសម្លៀកបំពាក់ ប្រសិនបើគេមិនបោកសម្អាតនោះទេ គឺបណ្ដាលឲ្យកើតកន្ទួលរមាស់លើស្បែក។
អ្នកគ្រប់គ្រងសិប្បកម្មធ្វើឆ្នាំងស្ពាន់ លោក លូ វុទ្ធី ឆ្លើយតបថា ករណីទឹកកាកសំណល់ហៀរហូរចេញក្រៅនេះ ព្រោះគ្មានប្រព័ន្ធលូបង្ហូរទឹក។ ចំពោះសំឡេងលាន់ឮខ្លាំង និងកាកសំណល់ដែលចេញពីបំពង់ផ្សែង លោកថា លោកបានធ្វើរឿងនេះដោយតបំពង់ផ្សែងឡើងលើទៀត និងកែសម្រួលនៅក្នុងរោងសិប្បកម្មមិនឲ្យបញ្ចេញសំឡេងខ្លាំងៗដូចមុនទេ៖ «នៅទីនោះអត់មានប្រព័ន្ធលូចឹង ហើយបានទឹកចេះតែហូរមក។ ប៉ុន្តែខ្ញុំបានទឹកបូមចេញរហូត»។
ទន្ទឹមនឹងការរអ៊ូរទាំរបស់ពលរដ្ឋចំពោះការរំខាននេះ ម្ចាស់សិប្បកម្មស្នើឲ្យអាជ្ញាធរមូលដ្ឋាន រៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដើម្បីបង្ហូរទឹកកាកសំណល់ចេញ។ ប៉ុន្តែចៅសង្កាត់និរោធ អ្នកស្រី ទេព ព្រហ្មមុន្នី ថា សង្កាត់គ្មានថវិកាដើម្បីធ្វើប្រព័ន្ធលូឡើយ ហើយក៏មិនដឹងថា ត្រូវបង្ហូរទឹកកាកសំណល់ទៅណាដែរ និងថាថវិកាធ្វើប្រព័ន្ធលូជាបន្ទុករបស់សាលារាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។