អ្នកភូមិជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី អះអាងថា ដើមឈើផលិតជ័រទឹកដែលគេនិយមហៅដើមច្បោះរបស់ពួកគាត់ប្រមាណ ៤០ដើម ត្រូវគេលួចអាររំលំច្រៀកជាឈើជ្រុងពីក្នុងព្រៃសហគមន៍អភិរក្ស។ នេះជាសកម្មភាពកាប់បំផ្លាញព្រៃឈើសហគមន៍ថ្មីទៀត បន្ទាប់ពីដើមច្បោះរាប់រយដើមរបស់អ្នកភូមិ ត្រូវបានក្រុមហ៊ុនសម្បទានមួយកាប់កាលពីឆ្នាំ២០១៤។
ប្រជាពលរដ្ឋសហគមន៍ភូមិឡៅកា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។
កាលពីថ្ងៃទី២៩ ខែឧសភា ប្រជាពលរដ្ឋភូមិឡៅកា ប្រមាណ ១០នាក់ បាននាំគ្នាចូលព្រៃស្វែងរកអនុផលព្រៃឈើ ប្រទះឃើញមនុស្សមួយក្រុមមានគ្នាជិត ២០នាក់ជាជនចំណាកស្រុក ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ កំពុងអាររំលំដើមគគីរ ដើមត្រាច ជាដើមឈើអភិរក្សសម្រាប់មុខរបរប្រពៃណីអ្នកភូមិ។
អ្នកភូមិឈ្មោះ ផ្លឹក ភារម្យ បញ្ជាក់ថា ដើមច្បោះត្រូវគេអាររំលំ ហើយកាត់ចុង និងគល់ចេញ ទើបជនល្មើសដឹកជញ្ជូនចូលចម្ការកៅស៊ូរបស់ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន (Village Development)។ គាត់រៀបរាប់ទៀតថា អ្នកភូមិមានគ្នាតិចជាងជនល្មើស ហេតុនេះអ្នកភូមិមិនអាចរារាំងសកម្មភាពកាប់យកឈើនោះបានទេ៖ «គេកាប់គេដឹកខ្លះ ហើយនៅសល់មួយចំនួន គេយកដើមជ័រច្បោះហ្នឹងចូលទៅកន្លែងក្រុមហ៊ុន។ យើងអត់ហ៊ានចាប់ ដោយសារតែក្រុមយើងតិចពេក គេជាង ១០នាក់មានកាំបិត»។
កាលពីឆ្នាំ២០១៤ ដើមឈើច្បោះរបស់សហគមន៍ឡៅកា រាប់រយដើម ត្រូវបានក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន កាប់យកឈើដើម្បីយកដី ក៏ប៉ុន្តែអ្នកភូមិបានប្ដឹងករណីនេះជូនអាជ្ញាធរមូលដ្ឋាន និងស្ថាប័នតុលាការ។ រហូតមកទល់បច្ចុប្បន្ន ក្រុមសមត្ថកិច្ចមិនទាន់ដោះស្រាយយ៉ាងណានៅឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានអង្កេតករណីកាប់បំផ្លាញដើមច្បោះអ្នកភូមិឡៅកា រហូតមក។
លោក សុក រដ្ឋា កត់សម្គាល់ថា ក្រុមអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ហាក់មានចេតនាមិនយកចិត្តទុកដាក់ការពារព្រៃឈើសហគមន៍នោះឡើយ។ ផ្ទុយទៅវិញ ការសម្របសម្រួលឲ្យអ្នកភូមិទទួលយកប្រាក់សំណងតិចតួចពីការកាប់បំផ្លាញព្រៃឈើសហគមន៍ជាថ្នូរ គឺជាយន្តការដោះស្រាយរបស់អាជ្ញាធរ ដើម្បីបញ្ចប់ការរកយុត្តិធម៌តាមផ្លូវច្បាប់។ លោកថ្លែងថា ដើមច្បោះសហគមន៍នៅសេសសល់ចុងក្រោយ នឹងរងការកាប់បន្តទៀត ប្រសិនក្រុមអាជ្ញាធរមិនយកចិត្តទុកដាក់ទប់ស្កាត់ ឬស៊ើបអង្កេតរកជនល្មើសមកផ្ដន្ទាទោស៖ «ការកាប់បំផ្លាញព្រៃឈើ និងការកាប់បំផ្លាញដើមច្បោះសហគមន៍ឡៅកា រហូតពេលនេះ មិនទាន់មានវិធានការពីមន្ត្រីបរិស្ថាននៅឡើយ។ ពួកគាត់ហាក់មានការបណ្តែតបណ្តោយមិនអើពើនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសធនធានធម្មជាតិ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីខែឆ្នាំ២០១៤ បានចេញសេចក្តីប្រកាសបង្កើតសហគមន៍តំបន់ការពារធម្មជាតិឡៅកា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានទំហំដី ២.២២៦ហិកតារ។
ទាក់ទិនករណីនេះ អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល មានប្រសាសន៍បញ្ជាក់ថា សហគមន៍ត្រូវធ្វើរបាយការណ៍នេះជូនអាជ្ញាធរ ដើម្បីចាត់វិធានការទប់ស្កាត់ករណីនេះ។ លោកថា សហគមន៍ក៏មានតួនាទីសំខាន់ក្នុងការការពារព្រៃសហគមន៍អភិរក្ស ហេតុនេះសហគមន៍គួរពង្រឹងការយាមល្បាត ដើម្បីការពារព្រៃឈើ និងផលប្រយោជន៍សហគមន៍ដែលជាអ្នកអាស្រ័យផលពីព្រៃឈើនោះ៖ «ក្នុងនាមអាជ្ញាធរ ខ្ញុំចាំជួយគាត់។ គាត់ខ្ញុំបានអនុញ្ញាតឲ្យចូលរួមប្រជុំប្រចាំខែ ហើយខ្ញុំតែងតែដាស់តឿនក្រើនរំឭកថា បើមានបញ្ហាអ្វីឲ្យរាយការណ៍មកខ្ញុំ ព្រោះខ្ញុំមានប៉ុស្តិ៍រដ្ឋបាលចាំជួយគាត់»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីមានប្រកាសបង្កើតសហគមន៍តំបន់ការពារមករហូតបច្ចុប្បន្ន ជម្លោះស្រួចស្រាវមួយចំនួនកើតមាននៅក្នុងសហគមន៍ ដូចជាទំនាស់ប្ដឹងតវ៉ារវាងសហគមន៍ និងមន្ត្រីបរិស្ថានខេត្ត ទាក់ទិនការអនុវត្តគោលនយោបាយការពារព្រៃឈើមិនបានត្រឹមត្រូវ ជម្លោះសហគមន៍ប្ដឹងក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន ទាក់ទិនការរំលោភឈូសឆាយព្រៃការពារជិត ៣០០ហិកតារ និងកាប់បំផ្លាញដើមឈើផលិតជ័រទឹកសហគមន៍រាប់ពាន់ដើម ជម្លោះប្រើអំពើហិង្សារវាងបុគ្គលិកក្រុមហ៊ុន និងប៉ូលិសមូលដ្ឋាន វាយមកលើសហគមន៍ដែលជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។