សហគមន៍​នេសាទ​តាម​បឹងទន្លេសាប​ ត្អូញត្អែរ​ពី​ការរីងស្ងួត​ទឹក​នៅ​រដូវវស្សា ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់

0:00 / 0:00

ប្រជានេសាទ និង​សហគមន៍​នេសាទ​នៅតាម​តំបន់​បឹងទន្លេសាប​ ត្អូញត្អែរ​អំពី​ការរីងស្ងួត​ខ្វះទឹក​ខុស​ពី​ប្រក្រតី​ ស្រប​ពេល​ដែល​រដូវវស្សា​បាន​ចូល​មកដល់​ជាង​មួយខែ​ទៅហើយ។ ពួកគេថា ការរីងស្ងួត​ទឹក​នៅ​តំបន់​បឹងទន្លេសាប​នេះ ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​ពួកគេ ជាពិសេស​អ្នក​ដែល​រស់នៅ​តាម​ភូមិ​បណ្តែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប ដោយសារ​តែ​ពួកគេ​មិន​អាច​ប្រកប​របរ​អ្វី​ផ្សេង​ ក្រៅតែ​ពី​ការនេសាទ។ មន្ត្រី​អាជ្ញាធរ​ទន្លេសាប​របស់​រដ្ឋាភិបាល អះអាង​ថា ការរីងស្ងួត​ខ្វះទឹក​នាពេល​នេះ គឺ​ដោយសារតែ​កត្តា​អាកាសធាតុ​មិន​អំណោយផល ដែល​អាច​អូស​បន្លាយ​រហូតដល់​ពាក់​កណ្តាល​ខែសីហា ទើប​ទឹកទន្លេ​ចាប់ផ្ដើម​ហក់​ឡើងវិញ។ ក៏ប៉ុន្តែ អ្នកជំនាញ​ផ្នែក​អភិបាលកិច្ច​ទឹក​ថា ការសាងសង់​ទំនប់​វារី​អគ្គិសនី​ជាច្រើន​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ ក៏ជា​ចំណែក​មួយ​ចូលរួម​បង្កើត​ឲ្យ​មាន​វិបត្តិ​ខ្វះ​ទឹក​​នា​រដូវវស្សា​នេះ​ជាង​ពីរឆ្នាំ​ជាប់គ្នា​មកហើយ។

ការបន្ត​អូស​បន្លាយ​រដូវប្រាំង​បង្ក​ឲ្យមាន​ការរីង​ស្ងួត​ខ្វះ​ទឹក​នៅតាម​តំបន់​ទន្លេសាប​នេះ​ មិនមែន​ទើបតែ​កើតឡើង​ក្នុង​ឆ្នាំនេះទេ ក៏ប៉ុន្តែ​ ស្ទើរតែ​ជាង​ពីរ​ឆ្នាំ​ជាប់គ្នា​មក​ហើយ​ ដែល​មាន​បាតុភូត​ដដែល​នេះ​កើតឡើង បង្កឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​ទន្លេសាប។ ខុសប្លែក​ពី​ឆ្នាំ​មុនៗ សម្រាប់​ឆ្នាំ២០២០​នេះ ការ​បន្ត​អូស​បន្លាយ​រដូវ​ប្រាំង ហាក់​មាន​រយៈពេល​យូរ​ជាង។

អគ្គលេខាធិការ​រង​អាជ្ញាធរ​ទន្លេសាប​ លោក ម៉ៅ ហាក់ ថា ហេតុការណ៍​នេះ បណ្ដាល​មកពី​កត្តា​ប្រែប្រួល​អាកាសធាតុ ដែល​អាច​អូស​បន្លាយ​រហូត​ដល់​ពាក់​កណ្តាល​ខែសីហា ទើប​ទឹក​ចាប់ផ្ដើម​ហូរ​ពី​ទន្លេមេគង្គ​ចូល​ផ្ទៃបឹង​ទន្លេសាប​វិញ៖« យើង​ដឹង​ថា ឥឡូវ​ហ្នឹង​វា ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំ​ហ្នឹង គឺទឹក​វា​នៅ​ទាប​នៅឡើយ ហើយ​ស្ថានភាព​ភ្លៀង​នៅ​អាង​ទន្លេមេគង្គ​ក៏​មិន​ទាន់​ច្រើន ហើយ​នៅ​យើង​នេះ​មាន​ភ្លៀង​ដែរ ស្ថិត​នៅ​កម្រិត​មួយ​មធ្យម​ដែល​យើង​មើល​ទៅ​ទឹកទន្លេ​វាមិន​ទាន់បាន​ឡើង។ អ៊ីចឹង វា​ពាក់ព័ន្ធ​នឹង​របប​ទឹក​ទន្លេមេគង្គ​ទាំងអស់នេះ។ អ៊ីចឹង​ហើយ បាន​ជា​ទឹក​ទន្លេសាប​យើង​វាមិន​ទាន់​មាន​អ្វី​ដែល​ឆ្នាំនេះ​យើង​អាច​ថា​យឺត​ជាង​បណ្តា​ឆ្នាំ … វា​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ដែល​ទឹក​ក៏វាឡើង​យឺត​អញ្ចឹង​ដែរ »

លោក​បន្តថា​ ហេតុការណ៍​នេះ​នៅ​ពុំ​ទាន់​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​នៅ​ឡើយទេ ហើយ​អាជ្ញាធរ​រដ្ឋ​ក៏បាន​អន្តរាគមន៍​តាម​ជាក់ស្តែង​ដែរ ក៏ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ទេ ថាតើ​អន្តរាគមន៍​នោះ​ជាអ្វី​ឲ្យពិត​ប្រាកដ​នោះ៖ « មកដល់​ពេលនេះ​យើង​ដូចជា​ការខ្វះខាត​ទឹក​ វា​មិនទាន់​មាន​អី​ប្រឈម​ខ្លាំង​នោះទេ។ តាមពិត​រឿង​ទឹក​នេះ វា​ពាក់ព័ន្ធ​នឹង​របប​ទឹកភ្លៀង។ ការវាយតម្លៃ​របប​ទឹកភ្លៀង​ដឹងហើយ ព្រោះ​របប​ទឹកភ្លៀង​មិនទាន់​មាន​ច្រើន​នៅឡើយ។ នេះ​ហើយ​ជា​កត្តា​មួយ​ដែល​ទឹក​ទន្លេ​មិនទាន់​ហក់ឡើង។ ដោយឡែក រាល់ថ្ងៃ បើ​យើង​និយាយ​ពី​ទឹក​ប្រើប្រាស់ វា​នៅ​មាន​អី ប្រើប្រាស់​ធម្មតា​ មិនទាន់​ជា​ប្រឈម​អីទេ ... មាន​កន្លែង​ខ្លះ​ក៏​ប្រឈម​ក៏​យើង​ដោះស្រាយ​អន្តរាគមន៍​អ៊ីចឹង​ដែរ »

តំណាង​អាជ្ញាធរ​ទន្លេសាប​រូប​នេះ ព្យាយាម​មិន​ឆ្លើយ​ថាតើ បញ្ហា​រីងស្ងួត​បឹងទន្លេសាប​នេះ អាច​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី​ច្រើន​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន​ដែរឬទេ។

យ៉ាងណា​ផ្ទុយពី​ការអះអាង​នេះ ប្រធាន​សម្ព័ន្ធ​ប្រជានេសាទ​ទន្លេសាប លោក ឡុង សូចែត្រ ប្រាប់​អាស៊ីសេរី​ថា ការរីង​ស្ងួត​នេះ កើតឡើង​ស្ទើរតែ​គ្រប់កន្លែង​នៅ​តាមបឹង​ទន្លេសាប ហើយ​កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជានេសាទ​ជាពិសេស​អ្នករស់​នៅ​តាម​ភូមិ​បណ្ដែត​ទឹក​លើ​ផ្ទៃបឹង​ទន្លេសាប។ លោកថា តាមធម្មតា​ ទឹក​ទន្លេសាប​ចាប់ផ្ដើម​ហក់​ឡើង​នៅដើម ឬពាក់​កណ្ដាល​ខែមិថុនា៖ « តែដល់​ពេល​ទឹក​គោក​អញ្ចឹង​ទៅ​ជាក់ស្ដែង​នៅ​ខែនេះ​គឺអត់​មាន​ត្រីផង​ដោយសារតែ​វាគោក​ទៅណា​មិនរួច​ផង។ មិនបាច់​រហូតដល់​ទៅ​ទឹក​នេសាទ​ទេ សូម្បីតែ​ទឹក​សម្រាប់​ប្រើប្រាស់​ នៅ​តាម​គ្រួសារ​ទឹក​សម្រាប់មុជ ទឹក​សម្រាប់​ហូបចុក​អី​ហ្នុង​ក៏​វេទនា​ដែរ។ ជីក​អណ្ដូង​កន្លែង​ខ្លះ អត់ទាំង​ចេញ​ផង។ ឥឡូវ​ទន្លេសាប​ដល់ថ្នាក់​ជីកអណ្តូង​ហើយណាស់ អ្នក​ដែលរស់​នៅភូមិ​បណ្តែតទឹក ដោយសារតែ​វា​ខះ​ទៅ​ វា​នៅតែ​ភក់​នៅតែ​អី​អញ្ចឹង​ត្រូវការ​ជីក​អណ្តូង​ដើម្បីឲ្យ​ទឹក​វាចេញ។ ប៉ុន្តែ​កន្លែង​ខ្លះ​ជីកអត់​ទាំង​ចេញ​ទៀតផង។ វា​ធ្ងន់ធ្ងរដែរ។ មួយទៀត​ ដោយសារ​ពីរឆ្នាំជាប់គ្នា​ ទឹកវា​រីងខ្លាំង ស្មៅ​ចាប់ផ្តើម​ដុះ​លូត​ទៅទន្លេ​តែម្តង។ កន្លែង​ខ្លះ​លៀន​រហូត​ដល់​ទៅ ១គីឡូជាង បាន​សេចក្តី​ថា​វាធ្វើ​ឲ្យ​បឹង​កាន់តែ​រួម​តូច​ពីព្រោះ ស្មៅដុះ ហើយដី​ក៏ចាប់ផ្តើម​ដុះ​បណ្តើរៗដែរ។ »

ស្រដៀង​គ្នា​នេះ​ដែរ ប្រជានេសាទ​ម្នាក់ទៀត និង​ជា​ប្រធាន​សហគមន៍​នេសាទ​នៅ​ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ជា សារិន រអ៊ូរទាំ​ថា ការរីង​ស្ងួត​ទឹក​ទន្លេសាប​ក្នុង​ឆ្នាំនេះ ហាក់អូស​បន្លាយ​យូរ​ជាងឆ្នាំមុន៖ « វា​យ៉ាប់​មែន​ទែន​ឆ្នាំនេះ ទឹក​វា​អត់​មាន​តែម្តង។ ខែ​នេះ​ហើយ​វាអត់​ទាន់​មាន​ផង។ វា​គោក​នៅ​ខូង​ដី​នៅឡើយ។ ដូច​មុនៗ​ ខែ​នេះ​យើង​មាន​ទឹក​ជោរ​នាច​មកដល់​កោះ។ ឆ្នាំ​នេះ​វា​អត់មាន។ បើថ្ងៃ ឬ​ព្រឹក​ឡើង​ដែល​អត់ទាន់​មាន​ខ្យល់​រងា​មក មាន​ទឹក​ល្ហែ​ៗ តែ​បើ​ធ្លាក់​ខ្យល់​វិញ ដី​សុទ្ធ​តែម្តង។ មាន​តែ​តាម​ប្រឡាយ​ ចង្អូរ​កាណូត​បើក មួយ​ប្រឡោះ​ៗ។ និយាយ​រួម​ដូច​ដីស្រែ​យើង​ដែល​គេ​ព្យួរ​ គេ​សាប​សំណាប​អញ្ចឹង។ មើល​ទៅ​អញ្ចឹង​ឯង។ »

ជារៀងរាល់ឆ្នាំ បឹង​ទន្លេសាប​​បង្កើត​បានជា​បាតុភូត​ជលសាស្ត្រ​ធម្មជាតិ​ពិសេស​មួយ​កម្រ​មាន​នៅលើ​ពិភពលោក ដោយ​នៅ​រដូវវស្សា​ចាប់ពី​ខែ​មិថុនា ដល់​ខែ​តុលា ទឹកហូរ​ចេញពី​ទន្លេមេគង្គ​ចូលទៅ​ចាក់​បំពេញ​ក្នុង​ផ្ទៃអាង​បឹងទន្លេសាប។ ចលនា​ទឹកហូរ​នេះ​បញ្ច្រាស​មកវិញ​នៅ​រដូវប្រាំង ដោយ​ចរន្ត​ទឹក​ចាប់ហូរ​ចេញ​ពី​ផ្ទៃបឹង​ទន្លេសាប​ចូល​ទៅ​ទន្លេមេគង្គ​វិញ​ពី​ខែ​វិច្ឆិកា ដល់​ខែឧសភា។ បាតុភូត​នេះ​បាន​នាំ​មកនូវ​ដីល្បាប់​ដ៏​មាន​ជីជាតិ​ទៅ​ចាក់​បំពេញ​នៅ​ទំនាប​លិចទឹក បង្កើត​ជា​ជម្រក​សម្រាប់​ជីវចម្រុះ​យ៉ាង​សម្បូរណ៍​បែប។ ក៏ប៉ុន្តែ នៅឆ្នាំ២០២០នេះ ចរន្ត​ទឹកហូរ​ពីផ្ទៃ​ទន្លេ​មេគង្គ​ចូល​ទៅ​បឹងទន្លេសាប​នេះ ហាក់​នៅ​មិនទាន់​កើតមាន​នៅឡើយ។

អ្នកជំនាញ​ផ្នែក​អភិបាលកិច្ច​ទឹក លោក ហែម ឧត្តម មើល​ឃើញ​ថា ក្រៅពី​កត្តា​រួមផ្សំ​នៃ​ការប្រែប្រួល​អាកាសធាតុ ការសាងសង់​ទំនប់​វារីអគ្គិសនី​ច្រើន​នៅ​តាម​ប្រទេស​ខ្សែ​ទឹកខាងលើ​ ជាពិសេស​ប្រទេសចិន និងឡាវ ក៏​ចូលរួម​ចំណែក​ឲ្យ​កើតមាន​វិបត្តិ​នេះដែរ៖ « ឥឡូវ​នេះ​យើង​ឃើញ​ទំនប់ពីរទៀត ដែល​បន្ថែម​ដំណើរការ​។ និយាយ​ទៅ វាជា​រឿង​ដែលគេ​ផ្តោត​ទៅលើ​បញ្ហា​កសាង​ទំនប់​នៅផ្នែក​ខាងលើ​។ ប្រទេស​ចិន​ យើងដឹង​ស្រាប់​ហើយ មាន១២​ទំនប់​រួចហើយ​នៅទន្លេ​ឡានឆាង​នេះ។ ឡាវ​គាត់​បាន​សង់​ពីរ​រួច​ហើយ​ដែរ គឺ​ដងសាហុង ហើយនឹង​សាយ៉ាបូរី ដែលទើប​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ដែរ។ យើង​ឃើញថា​ ទំនប់​ពីលើ​ហ្នុង​ក៏បាន​ត្រូវការ​ប្រើប្រាស់​ទឹក។ អ៊ីចឹង មានន័យ​ថា បរិមាណ​ទឹក​ដែល​វា​ថយ​ចុះ​គឺវា​រឹត​តែ​តិច​ទៅៗ។ នេះ​ជា​បញ្ហា​ដែល​យើង​បាន​សង្កេត​មើល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ »

New analysis from and our team, dives deep into China's harmful use of dams along the upper Mekong, suggesting may be manipulating the river as a means to control power in the region. 3/5

បញ្ហា​សាងសង់​ទំនប់​វារីអគ្គិសនី​ច្រើន​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាង​លើ​នេះ ក៏ត្រូវ​អ្នកជំនាញ​កិច្ចការ​ទន្លេមេគង្គ​មួយ​រូបទៀត និង​ជា​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល STIMSON Center ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន(Washington) សហរដ្ឋ​អាមេរិក លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) សង្កេត​ឃើញ​ថា កំពុង​ចូលរួម​ចំណែក​ឲ្យ​កើត​មាន​វិបត្តិ​រីងស្ងួត​នៅ​តំបន់​ទន្លេសាប​នេះដែរ។ លោក​ថា ប្រទេស​ចិន និងឡាវ បាន​ស្តុក​ទឹក​ទុក​យ៉ាង​សម្បើម​នៅក្នុង​ប្រទេស​ខ្លួន៖ « កត្តា​ចម្បង​បំផុត​ដែល​នាំ​ឲ្យ​កើត​ហេតុការណ៍​នេះ​ឡើង គឺ​កង្វះ​ភ្លៀងធ្លាក់។ ក៏ប៉ុន្តែ នៅពេល​ដែល​ខ្វះ​ភ្លៀង​ធ្លាក់​នៅ​តំបន់​ខ្សែ​ទឹក​ខាងក្រោម ពេលនោះ​ គេ​ក៏​នឹង​និយាយ​ពី​ផលប៉ះពាល់​ដោយសារតែ​ទំនប់​វារីអគ្គិសនី ជាពិសេស​គឺ​ផលប៉ះពាល់​បណ្ដាល​មកពី​ទំនប់​វារីអគ្គិសនី​ស្តុក​ទឹក​ទុក​នៅ​ប្រទេសចិន និង​នៅ​ប្រទេសឡាវ ដែល​ស្តុក​ទឹក​ទុក​យ៉ាង​សម្បើម កាលពី​អំឡុង​រដូវវស្សា។ ជាជាង​អនុញ្ញាត​ឲ្យ​ទឹក​ហូរ​តាម​ទន្លេ​ដូច​ធម្មជាតិ ប្រទេស​ចិន មាន​វារីអគ្គិសនី​មួយ​ចំនួន​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ យើង​សង្កេត​មើល​ឃើញ​ជាថ្មី​ម្តង​ទៀត​ថា ពីរឆ្នាំ​ជាប់គ្នា​មក​ហើយ ដែល​វារីអគ្គិសនី​នៅ​ខ្សែ​ទឹក​ខាងលើ​របស់​ប្រទេស​ចិន កំពុង​តែ​រៀបចំ​បង្អាក់​ទឹក​ជាង​ ២០ពាន់​លាន​ម៉ែត្រគូប​ មិនឲ្យ​ហូរចូល​មក​ខ្សែ​ទឹក​ខាងក្រោម។ ... ទឹក​ទាំងនេះ​ហើយ​ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នាំ​ឲ្យមាន​រដូវ​មូសុង​វស្សា ដែល​ទឹក​ភាគច្រើន​ហូរ​ចូល​ទៅ​ទន្លេសាប។ »

រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន
រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន (RFA)

កាលពីខែមេសា ការសិក្សាថ្មីមួយ​ ធ្វើឡើង​ដោយ​ក្រុមហ៊ុនអាមេរិកាំង​ឈ្មោះ Eyes on Earth ដែលជា​ក្រុមហ៊ុន​ ស្រាវជ្រាវ និង​ពិគ្រោះយោបល់​អំពី​ការគ្រប់គ្រង​ទឹក​ ក្រោមការផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិក សន្និដ្ឋាន​ថា​ ប្រទេសចិន​ទំនងជា​អាច​រឹតត្បិត​ ឬរាំងខ្ទប់​ទឹក​ពី​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ តាមរយៈ​ទំនប់​វារីអគ្គិសនី​របស់ខ្លួន។​ ការសិក្សា​នេះ​ រកឃើញ​ថា​ កាលពីឆ្នាំ២០១៩​ កន្លងទៅ​ ខណៈ​ប្រទេសនានា​នៅ​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ បាន​ទទួល​រងគ្រោះ​រីងស្ងួត និង​រាំងស្ងួត​មិនធ្លាប់​មាន​ពីមុន​មក​ ផ្ទៃអាង​ទន្លេមេគង្គ​នៅ​ខ្សែទឹក​ខាងលើ​របស់​ប្រទេស​ចិន ទទួល​បាន​ការធ្លាក់ភ្លៀង​ និង​ការរលាយ​ទឹកកក​យ៉ាង​ច្រើន​ក្រាស់ក្រែល។ នេះ​មានន័យថា វារីអគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ​របស់​ប្រទេសចិន បាន​រាំងខ្ទប់​ទឹក​ស្ទើតែ​ទាំងស្រុង មិន​ឲ្យ​ហូរ​ចូល​មក​ចាក់​បំពេញ​នៅ​តាម​ខ្សែទឹក​ខាងក្រោម នៃ​ទន្លេមេគង្គ​ឡើយ។

ជុំវិញ​វិបត្តិ​រីងស្ងួត​នៅ​តំបន់​ទន្លេសាប​នេះ ប្រធាន​សម្ព័ន្ធ​ប្រជានេសាទ​ទន្លេសាប លោក ឡុង សូចែត្រ ចង់​ឃើញ​រដ្ឋាភិបាល​បង្វិល​ថវិកា​ពី​ការជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ពេលមាន​វិបត្តិ​ជំងឺ​កូវីដ១៩ មក​ជួយ​ប្រជានេសាទ​ដែល​រស់​នៅ​តាម​ភូមិបណ្តែត​ទឹក​នៅ​លើផ្ទៃ​បឹង​ទន្លេសាប ដើម្បី​ឲ្យ​ពួកគាត់​អាច​ដោះស្រាយ​ជីវភាព​ក្នុង​អំឡុងពេល​លំបាក​នេះ៖«សំណូមពរ​ខ្ញុំ​ អ្នកក្រីក្រ​នៅ​ផ្នែក​ខាងលើ​គឺ​គាត់​ក្រីក្រ​ហើយ។ ប៉ុន្តែ បើ​អ្នក​ទន្លេសាប​បណ្តែតទឹក​វិញ​គឺ​ភាគច្រើន​តែ​កាលណា​បើអត់មាន​ទឹក​អត់មានត្រី ពួកគាត់​កាន់តែ​យ៉ាប់​ខ្លាំងណាស់។ បើសិន​ជា​រដ្ឋាភិបាល​អាចបង្វិល​ថវិកា​ជួយ​ទៅ​ទន្លេ​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ជីវភាព​របស់​ពួកគាត់​បណ្ដោះ​មួយ​ពេល​ហ្នឹង​បាន ហើយ​ទម្រាំ​មានទឹក​ទៅ គាត់អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ដោះស្រាយ​ជីវភាព​ពួកគាត់​បានវិញ​ហើយ។ និយាយ​ជាក់ស្តែង​ទៅ​មាន​អ្នកខ្លះ​ចាប់ផ្តើម​ជឿបុល​ថវិកា​ប្រាក់ការ​ខ្ចីគេ​ ចងការគេ​ដើម្បី​ដោះស្រាយ​ជីវភាព ហើយ​មួយ​ចំនួន​ខ្លះទៀត អាច​រឹតបណ្តឹង​កូនចៅ​ដែល​ចេញ​មក​ធ្វើ​ការ​ខាង​ក្រៅ​ដើម្បី​ឲ្យជួយ​ឧត្តម្ភ​ទៅ​ក្នុង​ក្រុម​គ្រួសារ​ដែរ។ ពេលនេះ ការធ្វើ​ការងារ​របស់​កូនចៅ​នៅ​ខាងក្រៅ​ក៏ជួប​ការលំបាក។ ប៉ុន្តែ​កន្លែងខ្លះ​ក៏អាច​នៅ​មាន​ការងារ​ធ្វើ​ អាច​បណ្ដោះ​លុយ ខ្លះ​បញ្ជូន​កូន​មក​ធ្វើការ​តាមផ្ទះ​គេ​ មក​ខាង​លើៗ​តាម​ផ្ទះ​តាម​អីខ្លះទៅ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ។ តែ​អ្នកនៅ​លើ​ទន្លេ មិនទាន់​លទ្ធភាព​អ្វី​ដែល​ដោះស្រាយ​ជីវភាព​អី​បានទេ »

ការស្នើឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជីវភាព​របស់​ប្រជានេសាទ​នេះ ត្រូវ​អ្នកជំនាញ លោក ប្រាយអ៊ិន អាយល័រ​ មើលឃើញ​ថា រដ្ឋាភិបាល​ទំនង​ជា​ពិបាក​ក្នុងការ​ស្វែងរក​ធនធាន​មក​ដោះស្រាយ​បញ្ហា​នេះ ដោយសារតែ​បញ្ហា​ប្រឈម​នៃ​ជំងឺកូវីដ១៩ បូក​ផ្សំ​ជាមួយ​ បញ្​ហាប្រែប្រួល​អាកាសធាតុ និង​គ្រោះរីងស្ងួតនេះ ដែល​សុទ្ធ​តែ​ជា​បន្ទុក​បន្ថែម​តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​បន្ទាន់។ លោកថា វិបត្តិ​រីងស្ងួត​បឹងទន្លេសាប​នេះ នឹងធ្វើឲ្យ​ប្រជានេសាទ​កាន់តែ​ច្រើនទៀត ក្នុងចំណោម​ប្រជានេសាទ​ជាង​២លាននាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេសាប​ ត្រូវ​ធ្លាក់ខ្លួន​ជំពាក់បំណុលគេ៖ « វា​ច្បាស់ណាស់​ថា បរិមាណ​ត្រីនៅ​ទន្លេសាប កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។ បច្ចុប្បន្ន ជម្រើស​តែមួយ​គត់​របស់​ប្រជានេសាទ​ទាំងនោះ គឺ​ទៅខ្ចីបុល​បំណុល​កាន់តែច្រើន​ថែមទៀត។ ប្រជានេសាទ​ទាំងនោះ​កំពុង​ខ្នះខ្នែង​ដោះ​បំណុល​ចាស់​របស់​ពួកគេ​ស្រាប់ ខណៈ​ពួកគាត់​ភាគច្រើន​បាន​ជាប់​ជំពាក់​បំណុល​ច្រើន​រួច​ទៅ​ហើយ​កាលពី​ឆ្នាំកន្លង​ទៅ។ ក៏ប៉ុន្តែ ការលោះ​បំណុល​ទាំងនោះ​ទៀតសោត ពួកគេ​ត្រូវធ្វើ​ឲ្យ​ទាន់​ពេលវេលា។ វា​មិន​ត្រូវ​កើតឡើង​ពីមួយ​ឆ្នាំ ជាន់លើ​មួយ​ឆ្នាំ​ទៀត​យ៉ាង​ដូច្នេះ​ទេ។ បើពុំនោះ​សោត​ទេ ទាំង​ប្រជានេសាទ និង​ទាំង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​ត្រូវ​រង​ការខូចខាត »

អ្នកជំនាញ​រូប​នេះ​ស្នើថា រដ្ឋាភិបាល​គួរលើក​ឡើង​ពីកង្វល់​នេះ ជាមួយ​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងលើ ដោយ​ត្រូវ​ស្នើសុំ​ឲ្យ​ប្រទេស​ទាំងនោះ​បើកទឹក​ឲ្យ​មាន​លំហូរ​ដូច​ធម្មជាតិ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់​មួយចំនួន​បណ្តាល​មក​ពី​គ្រោះ​រីងស្ងួតនេះ។

បឹងទន្លេសាប​គឺ​ជា​បឹង​ទឹកសាប​ធំ​ជាងគេ​បង្អស់​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និងធ្លាប់​ជា​បឹង​ដែល​សម្បូរណ៍​ទៅ​ដោយ​ធនធាន​មច្ឆាជាតិ និង​ជីវចម្រុះ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ បឹង​ទន្លេសាប​ធ្លាប់​ជា​ជង្រុក​ត្រី ដែល​អាច​ផ្តល់​បរិមាណ​ផល​នេសាទ​ក្នុង​ចន្លោះ​ពី ១សែន​៨ម៉ឺនតោន ទៅ ២សែន៥ម៉ឺនតោន។ ក៏ប៉ុន្តែ ជង្រុក​ត្រី​ដែល​បឹង​នេះ​ធ្លាប់ល្បី​ឈ្មោះ ឥឡូវនេះ បាន​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​គ្រោះ​រីងស្ងួត​បណ្ដាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ និង​ការសង់សង់​ទំនប់​វារីអគ្គិសនី​ច្រើនហួស​ប្រមាណ​​នៅ​ខ្សែ​ទឹក​ខាងលើ​នៃ​ទន្លេមេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។