ក្រុមយុវជនបរិស្ថានអំពាវនាវដល់អាជ្ញាធរ ពង្រឹងការអនុវត្តច្បាប់ និងការពារព្រៃឈើឲ្យ ដូចជាភ្លៀងរលឹម ខណៈពួកគេមើលឃើញថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅតែកើតមានច្រើន។ ការលើកឡើងនេះបន្ទាប់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា ការកាប់បំផ្លាញព្រៃឈើជាទ្រង់ទ្រាយធំ ត្រូវបានបង្ក្រាបអស់ ហើយនៅតែទ្រង់ទ្រាយតូច ៗ ដែលធ្វើឡើងដោយ ប្រជាពលរដ្ឋតាមសហគមន៍តែប៉ុណ្ណោះ។
សកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិ មើលឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែកើនឡើង គួរឲ្យព្រួយបារម្ភ ខណៈយុទ្ធសាស្ត្រទប់ស្កាត់ការបំផ្លាញព្រៃឈើរបស់អាជ្ញាធរវិញ នៅតែគ្មានប្រសិទ្ធភាព ដោយសារតែ ជនល្មើសធំៗ ពិតប្រាកដនៅតែរួចខ្លួន ហើយជាប់ទោសតែប្រជាពលរដ្ឋតូចតាច និងសកម្មជនការពារព្រៃឈើទៅវិញ។
យុវជនស្រឡាញ់បរិស្ថានមួយរូប គឺលោក សាន់ ម៉ាឡា ថ្លែងថា ក្នុងពេលដែលលោកបានទៅអង្កេតករណីបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃព្រះរកា នៃខេត្តព្រះវិហារ កាលពីពាក់កណ្ដាលខែកក្កដាកន្លងនោះ ពួកលោករកឃើញបទល្មើសព្រៃឈើ ៦០ករណីជាថ្មីទៀត ក្នុងដែនជម្រកសត្វព្រៃនេះ។ លោកបន្តថា ក្រុមអ្នកកាប់ឈើ បានប្រើរណាយន្តអារច្រៀកឈើ ក្នុងព្រៃទាំងយប់ទាំងថ្ងៃ ហើយ មានគោយន្តជាច្រើនគ្រឿង ចូលទៅដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យ ដោយគ្មានការរារាំង ពីមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចនោះទេ ហើយ ក្រុមឈ្មួញ នៅតែចាំទទួលទិញឈើពីពលរដ្ឋនៅមូលដ្ឋាន។
យុវជនបរិស្ថានរូបនេះ អំពាវនាវដល់អាជ្ញាធរគួររឹតបន្តឹងការយាមល្បាតព្រៃឈើឲ្យតឹងរឹងថែមទៀត ហើយនឹងពង្រឹងការអនុវត្តច្បាប់ដោយដាក់ទោសទណ្ឌឲ្យបានសមរម្យចំពោះអ្នកដែលបំផ្លាញព្រៃឈើ៖ «យើងឃើញថាគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើហ្នឹង ធ្វើសកម្មភាពបង្ក្រាប ហើយនឹងមានចាប់ឧកញ៉ាចំនួនពីរនាក់យកទៅដាក់ពន្ធនាគារ ក៏ប៉ុន្តែអ្នករកស៊ីឈើ ឬ ក៏ឈ្មួញធំៗ មានច្រើន មិនមែនមានតែពីរនាក់ហ្នឹងទេបាទ។ អីចឹងយើងចង់ឲ្យគណៈកម្មការហ្នឹង បន្តធ្វើយុទ្ធនាការដូចភ្លៀងរលឹម ដើម្បីនាំអ្នកពាក់ពន្ធទាំងអស់មកទទួលខុសត្រូវចំពោះមុខច្បាប់»។
ការលើកឡើងនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ដ្រា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ថា ក្រសួងកំពុងបង្កើនការទប់ស្កាត់បទល្មើសព្រៃឈើនេះ ហើយនឹងដាក់ទោសចំពោះជនល្មើសមិនទៅតាមច្បាប់មិនលើកលែងឡើយ។ លោកថា រហូតមកដល់ពេលនេះ ការកាប់បំផ្លាញព្រៃឈើជាសកម្មភាពធំមិនមានទៀតទេ គឺមានសកម្មភាពតូច ៗ ដែលបង្កឡើងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ៖ «បងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់បានពង្រីកដីកសិកម្មរបស់គាត់ តាមរយៈការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ក៏ប៉ុន្តែកម្រិតនៃបទល្មើសធនធានធម្មជាតិខ្នាតធំ លែងមានហើយ វានៅមានបទល្មើសធនធានធម្មជាតិខ្នាតតូច ដូចជាការចូលទៅកាប់ដោយបុគ្គលមានម៉ូតូ ឬ មួយក៏មានគោយន្តអីជាដើម តែយើងនៅតែបន្តបង្ក្រាប»។
យុវជន សាន់ ម៉ាឡា ថា ការលើកឡើងរបស់លោក នេត្រ ភក្ត្រា នេះ មិនឆ្លុះបញ្ចាំងការពិតឡើយ ។ លោកបន្តថា កាលពីចុងខែកក្កដា កន្លងទៅនេះ ក្រុមអ្នកស្រឡាញ់បរិស្ថាន មានទាំងព្រះសង្ឃ សហគមន៍ព្រៃឡង់ និងក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថា ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd) និងក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood Co. Ltd) នៅតែបន្ត អាជីវកម្មឈើខ្នាតធំ និងកាប់បំផ្លាញឈើហ៊ុបធំៗ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងធ្វើឱ្យបាត់បង់ដើមឈើផលិត ជ័រទឹករាប់ម៉ឺនដើម។
លោក សាន់ ម៉ាឡា បន្តថា តាមរបាយការណ៍ស្រាវជ្រាវជាហូរហែ គឺរកឃើញថា ការបាត់បង់ព្រៃឈើ បណ្ដាលមកពីអ្នកមានអំណាចឃុបឃិតជាមួយនឹងឈ្មួញទុច្ចរិត ជាអ្នកបំផ្លាញ មិនមែនប្រជាពលរដ្ឋនោះទេ៖ «ហើយដែលសំខាន់មានតែក្រុមហ៊ុន ឯកជនទេ ដែលគាត់កាន់កាប់ ដីព្រៃដែលទទួលបានសិទ្ធិវិនីយោកពីរដ្ឋាភិបាលហ្នឹង ចំនួនខ្ទង់រាប់ពាន់ រាប់ម៉ឺនហិតា ហើយការកាប់បំផ្លាញទាំងអស់ហ្នឹង គឺត្រូវបានគេកត់សម្គាល់មើលឃើញថា មិនបានសិក្សាពីផលប៉ះពាល់បរិស្ថាន ហើយមិនបានបង្ហាញរបាយការណ៍ EIA ហើយជាពិសេស មិនមានតម្លាភាពផ្នែកចំណូលទៅទៀត រឿងទាំងអស់ហ្នឹងទេ ជាហេតុពិតប្រាកដ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើបាទ»។
ជាមួយគ្នានេះសកម្មជនការពារព្រៃឈើស្ម័គ្រចិត្ត និងជាជនភាគតិចព្នងនៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ឲ្យដឹងថា ពេលនេះដែនជម្រកសត្វកែវសីមា និងភ្នំណាមលៀវ កំពុងត្រូវរងការបំភ្លេចបំផ្លាញដោយអ្នកមានលុយមានអំណាច។
លោកប៉ាន់ស្មានថា ទំហំព្រៃដែលបាត់បង់នេះមានប្រមាណជាង មួយពាន (១.០០០)ហិកតារ ហើយលោកបញ្ជាក់ថាពួកលោកបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដែរ តែសមត្ថកិច្ចគ្មានវិធានការអ្វីឡើយ៖ «ឥឡូវហ្នឹងយើងឃើញមានសម្រុកកាប់រុករានដីព្រៃរដ្ឋ តែម្ដងបាទ អ្នកដែលកាប់ជាប្រជាពលរដ្ឋ តែម្ចាស់ដី គឺអ្នកមានលុយ មានអំណាចហ្នឹង មកពីភ្នំពេញ មកខេត្តណា ខេត្តណីខ្លះទេ តែអ្នកកាប់ស៊ីឈ្នួល គឺប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងទេ ។ បច្ចុប្បន្នយើងឃើញដែនជម្រកចំនួនពីរ គឺដែនជម្រកកែវសីមា និងដែលជម្រកភ្នំណាមលៀ ប៉ុន្តែច្រើនជាងគេ ដែលជម្រកភ្នំណាមលៀ ប៉ុន្តែច្រើនជាងគេ គឺដែនជម្រកភ្នំណាមលៀ ត្រងិល ហ្មង បាទ»។
ទាក់ទិននឹងបទល្មើសព្រៃឈើនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ទទួលស្គាល់ថា បទល្មើសព្រៃឈើ បានកើតឡើងស្ទើរគ្រប់កន្លែងសូម្បីតែនៅឧទ្យានអង្គរដែលមានការយាមល្បាតតឹងរឹងពីឆ្មាំអង្គរក៏នៅតែចោរចូលលួចកាប់ឈើ ប្រណិតបានដែរកាលពីពេលថ្មីៗ នេះ ។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា អំពើទាំងអស់នេះកើតឡើងបានដោយសារតែការអនុវត្តច្បាប់នៅ ទន់ខ្សោយដោយលោកកត់សម្គាល់ឃើញថា ក្រុមឈ្មួញធំៗ តែងតែគេចផុតពីសំណាញ់ច្បាប់៖ «ទោះធ្វើយ៉ាងម៉េច ក៏នៅតែកើនឡើងៗ ព្រោះថាមុខរបរ ឲ្យតែបទល្មើសហើយរកលុយបានច្រើនទៀត មុខរបរទុច្ចរិត អីចឹងហ្អា៎។ អ្នកដែលកាប់ឈើ រាប់ម៉ឺនរាប់គីបពីមុន ក៏សុទ្ធតែជាឧកញ៉ា ហើយសុទ្ធជាប់តែពាក់ព័ន្ធជាមួយ មន្ត្រីជនខ្ពស់ ខ្ពស់ៗ ទៀត តែទាំងអស់ ខ្ពស់ទៀត តែរហូតមកដល់ពេលនេះ យើងឃើញអ្នកទាំងអស់ហ្នឹង តែមិនទាន់អ្នកណាមួយត្រូវផ្ដន្ទាទោសដែរ ហើយឈ្មោះទាំងអស់ហ្នឹង សុទ្ធតែត្រូវបានបង្ហាញជាសាធារណៈ ឃើញនៅតុលាការទៀត អស់ហើយ បី បួន ប្រាំឆ្នាំហើយ អត់ទាន់មានកាត់ទោស កាត់អីសោះ»។
ទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវរួម (Joint Research Center, JRC) របស់គណៈកម្មការអឺរ៉ុប និងទិន្នន័យបម្រែបម្រួលព្រៃឈើសាកល (Global Forest Change) របស់សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃសហរដ្ឋអាមេរិក រកឃើញថា មានការកើនឡើងមិនធ្លាប់មានពីមុនមក នូវការបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជា។ គិតចាប់ពីឆ្នាំ២០០០ មក កម្ពុជាបានបាត់បង់គម្របព្រៃឈើដល់ទៅ ២៦% ស្មើនឹង ២លាន ៣សែនហិកតារ។ ដោយឡែក គ្រាន់តែក្នុងឆ្នាំ២០១៩ មួយ ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់ព្រៃរហូតដល់ទៅ ៧ពាន់ ៥រយហិកតារ គឺស្មើនឹងការកើនឡើងដល់ទៅ ៧៣% ពីឆ្នាំ២០១៨ ដែលមានន័យថា ក្នុង ១ម៉ោង ដែនជម្រកសត្វព្រៃព្រៃឡង់នេះ បាត់បង់ព្រៃស្មើនឹងទំហំធំជាងតារាងបាល់ទាត់មួយ។ តួលេខនេះ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី១០ ក្នុងពិភពលោកដែលរងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០១៩ គឺរហូតដល់ទៅជាង ៦ម៉ឺន ៣ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។