អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អេង ហ៊ី បានប្រាប់អាស៊ីសេរី នៅយប់ម៉ោង ៨ ថ្ងៃទី ១៥ សីហាថា គណៈកម្មការជាតិបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ទាក់ទិនបទល្មើសព្រៃឈើគឺឧកញ៉ា គង់ ក្រឹង និងបុរសម្នាក់ទៀត ឈ្មោះ ម៉ាត់ ណាស៊ាត។ លោកថា ការឃាត់ខ្លួននេះ ក្រោយពីមានបទបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ។
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានសួរចម្លើយ ឧកញ៉ា គង់ ក្រឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ពេញមួយថ្ងៃនៅថ្ងៃទី១៥ ខែសីហានេះ ទាក់ទិនបទល្មើសព្រៃឈើ។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធមិនបញ្ជាក់ ពីលទ្ធផលនៃការសាកសួរ ឧកញ៉ា គង់ ក្រឹង ទាក់ទិនបទល្មើសព្រៃឈើបែបណានៅឡើយទេ នៅល្ងាចថ្ងៃទី១៥ ខែសីហា នេះ ដោយលើកហេតុផលថា ខ្លាចប៉ះពាល់ដល់សិទ្ធិជនសង្ស័យ។ លោកថា គណៈកម្មការជំនាញនឹងបង្ហាញលទ្ធផលនៅពេលក្រោយ បន្ទាប់ពីធ្វើការស៊ើបអង្កេត និងសាកសួរចប់សព្វគ្រប់។
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន កំពុងចាំអ៊ុតមើល យ៉ាងយកចិត្តទុកដាក់ ពីប្រសិទ្ធភាព អនុវត្តច្បាប់ព្រៃឈើ របស់គណៈកម្មការជាតិទប់ស្កាត់ បទល្មើសព្រៃឈើ ថាតើ ហ៊ានឃុំខ្លួនឧកញ៉ា គង់ ក្រឹង អនុវត្តតាមច្បាប់ ឬយ៉ាងទេ?
ឧកញ៉ា គង់ ក្រឹង ត្រូវបានក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលចោទប្រកាន់ថា ជាមេខ្លោងរត់ពន្ធឈើដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ។ ឧកញ៉ារូបនេះបាន ប្រមូលទិញឈើពីក្រុមកម្មករ និងប្រជាពលរដ្ឋគ្រប់តំបន់នៅខេត្តភាគឦសាន ដែលដឹកជញ្ជូនតាមម៉ូតូ រថយន្ត និងគោយន្តជាដើមមកស្តុកទុកក្នុងដេប៉ូ និងផ្ទះរបស់លោកក្នុងស្រុកស្នួល ខេត្តក្រចេះ រួចនាំចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ និងច្រករបៀងដេបី (D3)។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា ឧកញ៉ារូបនេះបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ៣ប្រភេទរួមមាន ការប្រមូលទិញឈើ និងរត់ពន្ធឈើឆ្លងដែនខុសច្បាប់ ការសូកប៉ាន់អាជ្ញាធរពាក់ព័ន្ធ និងការលួចបើកច្រករបៀងព្រំដែនសម្រាប់នាំឈើទៅលក់នៅប្រទេសវៀតណាម ក្នុងស្រុកស្នូលខេត្តក្រចេះ។ លោកថា អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋព្រៃឈើ មានរយៈពេល ១៥ ឆ្នាំ ហើយក្នុងរង្វង់ជាង ១៥ឆ្នាំនេះ តុលាការ និងគណៈកម្មការជំនាញត្រូវស៊ើបអង្កេតរកបទល្មើសចាស់ៗ មកអនុវត្តច្បាប់ បូកផ្សំបទថ្មីៗទៀត៖ «អ្វីដែលគាត់ប្រព្រឹត្តពីអតីតកាលមក គេស្រាវជ្រាវឃើញទាំងអស់អ៊ីចឹង តាមផ្លូវច្បាប់។ ហ្នឹងហើយដែលច្បាប់ចែង ដើម្បីទប់ស្កាត់ថា អ្នកណាដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋពុំមែនរួចខ្លួនទេ ធ្វើរួចមួយឆ្នាំ រួចខ្លួនអត់ទេ វា ១៥ ឆ្នាំបានរួចខ្លួន។ កាលណាយើងជាប់ហើយ យើងត្រូវស្រាវជ្រាវតាំងពីដើមមក»។
ទាក់ទិនការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មការជាតិ លោក ហេង ហ៊ី ឆ្លើយថា បទល្មើសចាស់ៗ ពុំមែនជាសមត្ថកិច្ចរបស់គណៈកម្មការជំនាញទេ ជាតួនាទីអយ្យការ និងតុលាការ។ លោកថា គណៈកម្មការជំនាញ បានចុះដល់ទីតាំងសន្និធិ ឬឃ្លាំង របស់ឧកញ៉ា គង់ ក្រឹង ពុំឃើញមានឈើក្នុងឃ្លាំងទេ។ លោកបន្ថែមថា គណៈកម្មការជាតិកំពុងស៊ើបអង្កេត ការលួចបើកច្រកព្រំដែនតូចៗ ក្នុងស្រុកស្នូល របស់ឧកញ៉ារូបនេះដែរ៖ «យើងអត់ទានមានរឹបអូសអីទេ ព្រោះពេលយើងចុះទៅអត់ឃើញឈើ។ កន្លែងសន្និធិមួយចំនួនតែវា អត់ឈើ។ យើងក៏ដាក់សំណួរថា តើរោងសន្និធិ សម្រាប់ចែកចាយ តែអត់ឈើជារោងអី ? សំខាន់គឺស្រាវជ្រាវបន្ត អត់ទីទេ ទោះបីជម្លៀសឈើចេញយ៉ាងណា ឱ្យតែមានភស្តុតាង។ វាពាក់ព័ន្ធបទល្មើស ទោះបីយ៉ាងណាក៏ដោយ ក៏ច្បាប់មានចែងដែរ»។
សកម្មជនបរិស្ថានរកឃើញថា លោក គង់ ក្រឹង គឺជាមន្ត្រីយោធាពាក់ស័ក្ដិ ៥ មានទ្រព្យសម្បត្តិរាប់លានដុល្លារ និងមានសណ្ឋាគារមួយកន្លែងនៅស្រុកស្នួល។ ពួកគេអះអាងទៀតថា ជាច្រើនឆ្នាំមកនេះ ឧកញ៉ារូបនេះ បានជះលុយរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ ដើម្បីសូកប៉ាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាថ្នូរអនុញ្ញាតសកម្មភាពរត់ពន្ធឈើឆ្លងដែនទៅប្រទេសវៀតណាម។ ពួកគេស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់តឹងរ៉ឹង ដល់ក្រុមឧកញ៉ារូបនេះ និងក្រុមឧកញ៉ាដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។