ក្រុមហ៊ុន​ស៊ីងបាយ​អូថេក បញ្ជូន​កម្មករ​កាប់​ឈើ ក្នុង​ព្រៃឡង់​កម្រើក​ឡើង​វិញ

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា​ ក្រុមហ៊ុន​ស៊ីងបាយអូ​ថេក (Think Biotech Cambodia) ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន​ពាក់ព័ន្ធ​សកម្មភាព​បំផ្លិច​បំផ្លាញ​ភោគ​ទ្រព្យជាតិ​ ក្នុង​ដែន​ព្រៃឡង់ ​កំពុង​ដំណើរការ​អាជីវកម្ម​កាប់ឈើ​ខ្នាតធំ​ឡើង​វិញ ​នៅ​រយៈ​ពេល​ជាង​ ៣ ​សប្តាហ៍​ចុង​ក្រោយ​នេះ​។ ប្រជា​សហគមន៍​ថា ​បច្ចុប្បន្ន​មាន​គោយន្ត​រាប់​សិប​គ្រឿង ​និង​កម្លាំង​កម្មករ​រាប់​សិប​នាក់​ កំពុង​ពង្រាយ​ប្រមូលឈើ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ខេត្តក្រចេះ ​និង​ ខេត្តស្ទឹងត្រែង​ ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន ​ដែល​មាន​ដេប៉ូឈើ​អារ​ឈើ​ខ្នាតធំ​នៅ​ជាប់​ព្រៃឡង់​ខេត្តក្រចេះ​។

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ ​និង​ខេត្តស្ទឹងត្រែង ​បន្ត​អំពាវនាវ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ចុះ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ពី​អាជីវកម្ម​ឈើ​ខ្នាតធំ​ ឋិត​នៅ​តំបន់​ព្រៃឡង់​ខេត្តក្រចេះ ​ដែល​ពួកគាត់​អះអាង​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​ស៊ីង​បាយអូថេក​។ ប្រជា​សហគមន៍​អះអាង​ទៀត​ថា​ ក្រុមហ៊ុន​កំពុង​បញ្ជូន​កម្មករ​ជា​ច្រើន​នាក់​ ពង្រាយ​ពេញ​ព្រៃឡង់​ដោយ​មាន​គោយន្ត ​និង​រថយន្ត​យីឌុប ​ជា​មធ្យោបាយ ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃឡង់​។

សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​លោក គង់ រី ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៧ ​ខែមករា​ថា​ ក្រុមហ៊ុន​ស៊ីងបាយ​អូថេក​កំពុង​ធ្វើ​សកម្មភាព​ ប្រមូល​ឈើ​ខ្នាត​ធំ ​នៅ​តំបន់​ព្រៃឡង់​ជិត​១​ខែ​មក​ហើយ​ ប៉ុន្តែ​ក្រុមហ៊ុន​ហាក់​ដូច​ជា​ប្រុង​ប្រយ័ត្ន​ជាង​មុន​។​ លោក​ថា​ កម្មករ​របស់​ក្រុមហ៊ុន​ភាគ​ច្រើន​ ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​លប​ចូល​ព្រៃ​អារឈើ ​លក់​ឱ្យ​ក្រុមហ៊ុន ​ដោយ​ដឹក​ជញ្ជូន​តាម​គោយន្ត​ ក្នុង​មួយ​ថ្ងៃៗ​ មិន​ក្រោម​៥០​គ្រឿង​នោះ​ទេ​។

លោក​បន្ថែម​ថា​ ក្រោយពី​ប្រមូល​ឈើ​ចេញ​ពី​ព្រៃឡង់​គ្រប់​ចំនួន​ ក្រុមហ៊ុន​បាន​ដឹកជញ្ជូន​ឈើ​បន្ត​ទៀត ​ទៅ​រាជធានី​ភ្នំពេញ ​តាម​រយន្ត​យីឌុប ​ដោយ​មាន​មន្ត្រី​អាវុធហត្ថ ​និង​ សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងតែង​មិន​ឱ្យ​អ្នក​ប្លែក​មុខ​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន​។​ ទន្ទឹង​នឹង​នេះ​ ឈើ​មូល​ធំៗ​ដែល​ក្រុមហ៊ុន​កំពុង​ប្រមូល​ភាគ​ច្រើន ​ឈើ​ឈ្លីច​មាន​មុខ​កាត់ ​២ ​តឹង​ឡើង​ទៅ ​ដែល​គេ​កាប់​ក្នុង​តំបន់​ព្រៃឡង់​ នៅ​ចំណុច​ត្រពាំង​តាយឹង ​ព្រោះ​តំបន់នោះ​សំបូរ​ឈើ​ឈ្លីច ​និង​ដើម​ឈើ​ផលិតជ័រ​ទឹក​៖ «​ព្រួយបារម្ភ​ ចេះ​តែ​បារម្ភ​ហើយ ​ក្មួយ​អើយ ​សូម​ប្រមុខ​រដ្ឋាភិបាល ​និង​សំណូមពរ​ដល់​ក្រសួង​បរិស្ថាន ​ដែល​គាត់​មាន​អំណាច ​ឱ្យ​ជួយ​ការពារ​ទប់ស្កាត់​អ៊ីចឹង​ទៅ​ ដូច​ជា​ព្រងើយ​កន្តើយ។​ នឹក​ឃើញ​ថា​ អនាគត​ទៅមិន​យូរ​ទេ ​ក្នុង​តំបន់​ព្រៃឡង់ ​នឹង​អស់​។ គេ​ប្រមូល​ដឹក​បន្ត​បន្ទាប់​ប្រហែល​ជា ​៥០​ គ្រឿង»​។

កាលពី​សប្តាហ៍​មុន ​ប្រជា​សហគមន៍​ព្រៃឡង់មួយ​ក្រុម​បាន​ប្រថុយ​ចុះល្បាត​ព្រៃឡង់​ រយៈពេល៤យប់ ៥ថ្ងៃ ដោយប្រទះ​ឃើញកម្មករ​របស់​ក្រុមហ៊ុន​រាប់សិប​នាក់ប្រដាប់​​ដោយ​រណាយន្ត​និង​គោយន្ត​ចូល​ព្រៃឡង់ដើម្បី​កាប់ឈើ​លក់​ឱ្យ​ក្រុមហ៊ុន។ ក្រុមល្បាត​បាន​លបឆ្មក់​ចូល​រោងចក្រ​អារឈើ​របស់​ក្រុមហ៊ុនដោយ​ប្រទះឃើញ ឈើឈ្លីច និង​ឈើជា​ច្រើន​ប្រភេទ​ទៀតរាប់​រយ​ម៉ែត្រ​គូប​ដែល​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​យីឌុប​ចេញ​ក្រៅ។

ប្រជាសហគមន៍​ថាអាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះទើប​តែ​កម្រើក​ឡើងវិញ​ជា​ថ្មី​ទៀត​នេះ​ក្នុង​ទម្រង់​ប្រុង​ប្រយ័ត្នខ្ពស់ដោយមាន​មន្ត្រី​អាវុធហត្ថនិង​សន្តិសុខ​ក្រុមហ៊ុន​យាមល្បាត​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​មនុស្ស​ចេញ​ចូល​តំបន់​នោះ​ទេ។

សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​លោក​ វ៉ន​ ត្រៃ​ សង្កេតឃើញថា​ ក្រោយពី​ក្រសួង​បរិស្ថាន​រឹតត្បិត​មិន​ឱ្យ​ប្រជាសហគមន៍​ល្បាត​ព្រៃឡង់ ​បទល្មើស​ព្រៃឈើ ​នៅ​តែ​កើត​មាន​ច្រើន​ឥត​ថមថយ​ឡើយ ​ដោយ​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​ឈើ​នៅ​មូលដ្ឋាន​។ ​រីឯ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លះ​បាន​ស៊ីឈ្នូល​កាប់ឈើ​លក់​ឱ្យ​ក្រុមហ៊ុន ​និង​ឈ្មូញ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ ដែល​ជាមូល​ហេតុ​ធ្វើ​ឱ្យ​ព្រៃឡង់​ វិនាស​ហិន​ហោច​។

លោក​បារម្ភ​ថា ​ប្រសិនបើ​អាជីវកម្ម​ឈើ ​របស់​ក្រុមហ៊ុន​កម្រើក​ឡើង​វិញ ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ព្រៃឡង់​ជា​ថ្មី​ទៀត​ ស្របពេល​ដែល​ប្រជា​សហគមន៍​ គ្មាន​សិទ្ធិ​ចុះល្បាត​ព្រៃ​៖ «ជ្រួល​ច្របល់​រឿង​ដែលអារ​ឈើ​ជា​ឃ្លុំ​ដឹក​ចូល​ក្រុមហ៊ុន​។ អារ​ឈើ​ជា​ឃ្លុំ​ដឹក​ចូល​ក្រុមហ៊ុន​អ៊ីចឹង ​ប្រហែល​ចូល​ក្នុង​ព្រៃឡង់ ​អី ​ត្រូវ​តាម​ដាន​មើល​ថា​ តើ​ សកម្មភាព​​នេះ ​វា​បែប​ណា ?​

វិទ្យុអាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​ មេការក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ថេ​កលោក សំ ណូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ ខែមករា។ រី​ឯ​អ្នក​នាំ​ពាក្យក្រសួងបរិស្ថាន​លោក ​នេត្រ ភក្ត្រា និង​រដ្ឋមន្ត្រីក្រសួងកសិកម្ម​លោក​ វេង សាខុន ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ដោយ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដ​ង តែ​គ្មាន​អ្នកលើក​។

ចំណែក អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ​លោក​ អេង​ ហ៊ី ក៏​មិន​អាច​សុំការអធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ​។​តែ​យ៉ាង​ណា​ លោក​ធ្លាប់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​ឱ្យ​តែ​បទ​ល្មើសព្រៃឈើ​ គណៈកម្មការ​ជាតិ​នឹង​មាន​វិធានការ​ច្បាប់​ទាំង​អស់។ លោក​រុញ​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ដា​ក់​បណ្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ដែនដី​ និងអនុ​គណៈកម្មការ​ជាតិ​ថ្នាក់ខេត្ត។ ប៉ុន្តែនៅគ្រាដែលប្រជាសហគមន៍ផ្តល់ព័ត៌មាន ទៅអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញ​ជាច្រើនលើក ក៏គ្មានមន្ត្រីជំនាញណា អើពើចុះទប់ស្កាត់ដែរនាពេលកន្លងទៅ។

កាលពី​ខែ​មិថុនា​ ឆ្នាំ២០១២​ ក្រសួង​កសិកម្ម​ បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ ក្រុមហ៊ុន​ ស៊ីង បាយ​អូ​ថេ​ក វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ អាកា​ស្យា​ ឬ​ស្ថានីយ៍ស្ដារ​ព្រៃឈើ​ឡើង​វិញ​ លើ​ផ្ទៃដី​​ចំនួន​ជាង​ ៣ម៉ឺន​ ៤ពាន់​ហិកតារ (៣៤.០០៧) ​ឋិតនៅ​ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​ និង​មួយ​ផ្នែក​ចូល​ទឹក​ដី​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​។ ទន្ទឹម​គ្នា​នេះ​ ក្រុមហ៊ុន​ ស៊ីង បាយអូ​ថេក (Think Biotech)​ បាន​ផ្ទេរ​សិទ្ធិ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឱ្យ​ក្រុមហ៊ុន​ អង្គរ​ ប្លាយ​វូដ​ (Angkor Plywood) ​កាលពី​​ចុង​ឆ្នាំ២០១៨​។

សហគមន៍​ព្រៃ​ឡង់​ រាយការណ៍​ថា​ ក្រុមហ៊ុន​ទាំង​នេះ​ មាន​មហិច្ឆតា​ធ្វើអាជីវកម្ម​ឈើ​ខ្នាត​ធំ​ និង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​តាម​ផ្លូវ​ទឹក​ ព្រោះកន្លង​ទៅ​ សកម្មជន​​បរិស្ថាន​បាន​ទៅ​ដល់​ការដ្ឋាន​​ក្រុមហ៊ុន​នេះ​ ប្រទះ​ឃើញ​ ឈើ​មូល​ធំៗ​ រាប់​ពាន់ម៉ែត្រគូប​ ត្រៀម​ដឹក​ចេញ​ក្រៅ​ដែល​ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​ទាល​ និង​ត្រាច​ ដែល​អ្នក​ស្រុក​ដុត​យក​ជ័រទឹក​លក់​ចិញ្ចឹម​ជីវិត។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជាលោក អូត ឡាទីន ​មើល​ឃើញ​ថា​ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នេះ​នៅតែ​កើត​មាន​ច្រើន​ដែល​​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា​ ឆ្មាំអភិរក្ស​របស់​ក្រសួង​បរិស្ថាន ​គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃឈើ ​ស្រប​តាម​ច្បាប់​ និង​តួនាទី​ភារកិច្ច​នោះ​ឡើយ​។ លោកថា ​នៅ​ជាយ​ព្រៃឡង់ ​និង​តាម​ដងផ្លូវ​សំខាន់ៗ ​ចូល​ព្រៃឡង់​ទាំង ​៤ ​ខេត្ត ​សុទ្ធ​តែ​មាន​ស្នាក់ការ​របស់​មន្ត្រី​ឧទ្យានុរក្ស ​បើ​មន្ត្រី​ជំនាញ ​មាន​ឆន្ទៈ​អនុវត្តច្បាប់​ បទល្មើស​មិន​អាច​គេចពី​កណ្ដាប់​ដៃ​របស់​សមត្ថកិច្ច​បាន​ទេ​៖ «ប្រសិនបើ​បន្ត​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​ទេ​ ហើយ​ប្រសិន​ជាមិន​ឱ្យ​សហគមន៍​ចុះ​ល្បាត​ចូលរួម​ចំណែក​ការពារ​ទេ​ ស្ថានភាព​ព្រៃឡង់​កាន់តែ​រេចរឹល​ទៅ​ហើយ​។​ ស្នើ​សុំ​ទៅ​ក្រសួង​បរិស្ថាន​ឱ្យ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​ការពារ​ព្រៃឈើ​ឡើង​វិញ​»។

​មន្ត្រី​សង្គមស៊ីវិល​រូបនេះ ​បាន​ទម្លាក់​កំហុស ​ការ​ទទួល​ខុសត្រូវ​រឿងនេះលើ​ក្រសួង​បរិស្ថាន​ នៅតែ​មាន​ភាព​កម្សោយ​ក្នុងការ​អនុវត្ត​ច្បាប់ព្រៃឈើ​ ស្របពេល​ដែល​ប្រជាសហគមន៍​គ្មាន​សេរីភាព​ចុះល្បាត​ព្រៃឡង់​។ ​ប្រការនេះ ​លោក​ជំរុញ​ជា​ថ្មី​ទៀត​ ឱ្យ​ក្រសួង​បរិស្ថាន​គួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​ប្រជាសហគមន៍​ព្រៃឡង់ ​មាន​សិទ្ធិ​ចុះល្បាត​ព្រៃឡង់​ឡើង​វិញ​ នៅគ្រា​ដែល​ព្រៃឡង់​កំពុង​ប្រឈម​ការ​គំរាម​កំហែង​។

ប្រជា​សហគមន៍​ព្រៃឡង់​បារម្ភ​ថា ដើម​ឈើធំៗ​ បន្សល់​ចុងក្រោយ​ នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ​ កំពុង​ទទួល​រង​ការ​កាប់​ផ្តួល ធ្វើ​អាជីវកម្ម​ពីសំណាក់​ក្រុមហ៊ុន​​នេះ​បើគ្មាន​ការអន្តរាគមន៍​ពីគណៈកម្មការជំនាញ​ទេ ​ឈើ​មូលធំៗ ​ដែល​មាន​អាយុកាល​រាប់​រយឆ្នាំ​ នឹង​លែងមាន​វត្តមាន​ក្នុង​ដែន​អភិរក្សនេះ​ទៀត​ហើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។