សហគមន៍​រង​គ្រោះ​ក្នុង​ខេត្ត​ពីរ​ទទូច​រដ្ឋាភិបាល​រឹតបន្តឹង​ច្បាប់​ប្រឆាំង​បទល្មើស​ព្រៃឈើ

ដោយ អ៊ុំ រង្សី
2015.08.27
ស្ដាប់ ឬ ទាញ​យក​សំឡេង ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្តីពី «ការ​កាប់​ឈើ និង​បរិបាល​កិច្ច​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង» នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Raingsy

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ស្ដីពី «ការ​កាប់​ឈើ និង​អភិបាលកិច្ច​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង»។

ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា ស្ថានភាព​កាប់​ឈើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃឈើ។ សហគមន៍​រង​គ្រោះ ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​កំពុង​មាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព។

សហគមន៍​រង​គ្រោះ​ដែល​ជា​ជនជាតិ​ភាគ​តិច​មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​ព្រៃឈើ​ដើម្បី​ស្តារ និង​ថែរក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់។

ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី «ការ​កាប់​ឈើ​និង​បរិបាល​កិច្ច​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង» ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។ ពិធី​នេះ មាន​គោលបំណង​បង្ហាញ​កង្វល់ និង​លទ្ធផល​សំខាន់ៗ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​ជុំវិញ​ស្ថានភាព​ការ​បាត់បង់​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី។

ថ្លែង​ក្នុង​កម្មពិធី​នោះ តំណាង​សហគមន៍​ជនជាតិ​ភាគ​តិច​មក​ពី​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អ្នកស្រី សេក ម៉ុន និយាយ​ថា ព្រៃឈើ​ក៏​ដូចជា​ធនធាន​ធម្មជាតិ​ផ្សេងៗ ត្រូវ​បាន​បាត់បង និង​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់។ អ្នកស្រី​បន្ត​ថា តាំង​ពី​មាន​ការ​កើន​ឡើង​ក្រុមហ៊ុន​ដី​សម្បទាន​សេដកិច្ច ពលរដ្ឋ​ជនជាតិដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹងត្រែង បាត់បង់​ចំណូល​ជីវភាព​ប្រចាំ​ថ្ងៃ​ពី​ផល​អនុផល​ព្រៃឈើ ថែម​ទាំង​រង​ការ​គំរាម​កំហែង​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ។

អ្នកស្រី​សំណូមពរ​ដល់​រដ្ឋាភិបាល​ត្រូវតែ​រឹត​បន្តឹង​ច្បាប់ ព្រម​ទាំង​ស្រាវជ្រាវ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់​លើ​អាជ្ញាប័ណ្ណ​កន្លង​មក​ថា តើ​រដ្ឋ​ពិតជា​ផ្តល់​ដី​សម្បទាន ឬ​ព្រៃ​សម្បទាន៖ «បើ​យើង​ពិនិត្យ​មើល​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ឃើញ​ថា ព្រៃឈើ​ក៏​ដូចជា​ធនធាន​ធម្មជាតិ​ផ្សេងៗ ត្រូវ​បាន​បាត់បង់ និង​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់។ ជាក់​ស្តែង​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ផ្ទាល​ព្រៃឈើ​កំពុងតែ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​សាហាវ​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​អាជ្ញាប័ណ្ណ​សម្បទាន​ដី​ពី​រដ្ឋាភិបាល»

​ជាមួយ​គ្នា​នេះ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាវែត មក​ពី​ខេត្ត​រតនគិរី បាន​និយាយ​ដែរ​ថា ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី រង​ការ​វិនាស​ហិនហោច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ភាព​ធូរ​រលុង​នៃ​ការ​រឹតបន្តឹង​ច្បាប់​របស់​សមត្ថកិច្ច ការ​កើន​ឡើង​នៃ​គម្រោង​ដី​សម្បទាន និង​តម្រូវការ​ទីផ្សារ​អាជីវកម្ម​ឈើ។ បញ្ហា​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ វា​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ និង​ទំនៀម​ទំលាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ៖ «បទល្មើស​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ បាន​ធ្វើ​ជនល្មើស​ប្រើ​សម្ភារៈ​ក៏​ដូចជា​រថយន្ត​ទំនើបៗ​ដឹក​ជញ្ជូន​ឈើ មិន​ត្រឹមតែ​ធ្វើ​អោយ​ជីវភាព​ពលរដ្ឋ​កាន់តែ​ដុនដាប​បាត់បង់​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ខុទ្ទកាល័យ និង​ជា​ទីប្រឹក្សា​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារឹទ្ធិ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គាំទ្រ​រាល់​ការ​ស្នើ​សុំ និង​របាយការណ៍​ណា​មួយ​ដែល​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ និង​សកម្មភាព​ចូលរួម​ថែរក្សា​បរិស្ថាន​ពិត​ប្រាកដ និង​មិន​មែន​ជា​របាយការណ៍​ណា​មួយ​ដែល​ធ្វើ​គ្រាន់​តែ​បម្រើ​ផលប្រយោជន៍​ក្រុម​ណា​មួយ​នោះ៖ «រដ្ឋាភិបាល​តែង​គិតគូរ​ពី​បញ្ហា​នេះ យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្រសួង​បរិស្ថាន​មាន​ធនធាន​មនុស្ស​តែ​ប៉ុន្មាន​នាក់ អ៊ីចឹង​មិន​អាច​ទៅ​មើល​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ដូច្នេះ​ខ្ញុំ​មិន​អ៊ីចឹង​ឮ​ពាក្យ​បន្ទោស​ក្រុម​ណា​មួយ​នោះ​ដែរ»

​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី ការ​កាប់​ឈើ និង​បរិបាល​កិច្ច​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង របស់​ក្រុម​អ្នក​សិក្សាស្រាវជ្រាវ​ឯករាជ្យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន ៥​ស្រុក​រួម​មាន ស្រុក​សៀមប៉ាង ស្រុក​វ៉ឺនសៃ ស្រុក​តាវែង ស្រុក​អណ្តូងមាស និង​ក្រុង​បានលុង បាន​បង្ហាញ​ថា ការ​បាត់បង់​ព្រៃឈើ​កើន​ឡើង ដោយសារ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់ សម្បទាន​ដី​សេដ្ឋកិច្ច និង​គំរោង​អភិវឌ្ឍន៍​ក្រុមហ៊ុន​នានា តម្រូវ​ការ​ឈើ​ដោយ​រដ្ឋាភិបាល​ដើម្បី​ផ្គត់ផ្គង់​ឈើ​ទីផ្សារ​បរទេស ការ​បង្ហិនបង្ហោច​ឈើ​មិន​មាន​តម្លៃ​ដោយ​កម្មករ​កាប់​ឈើ ការ​ពង្រីក​ផ្ទៃដី​ធ្វើ​ចម្ការ​របស់​អ្នក​តាំង​ទីលំនៅ​ខុស​ច្បាប់ និង​អាជីវកម្ម​ឈើ គ្រឿង​សង្ហារិម។ ជាង​នេះ​ទៀត នឹង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពី​ទេសចរណ៍​ធម្មជាតិ ១​ម៉ឺន​ដុល្លារ​១​ឆ្នាំ ក្នុង​ស្រុក​វ៉ឺនសៃ និង​តាវែង។

​ជាង​នេះ​ទៀត របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១៤ នៅ​ក្នុង​ខេត្ត​រតនគិរី យ៉ាង​ហោច​ណាស់​ក៏​មាន​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​មាន ៣៤​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​នៅ​ទី​នោះ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង​ ២៣​ម៉ឺន​ហិកតារ (២៣២.១៦៨) និង​គំរោង​អាជីវកម្ម​សម្បទាន​រ៉ែ​មាន ១១​ក្រុមហ៊ុន​ធំៗ គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជិត ៦០​ម៉ឺន​ហិកតារ (៥៨៨.៦៣២) និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កាស៊ីណូ​មាន ១​កន្លែង​ដ៏​សម្បើម​នៅ​អូរយ៉ាដាវ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ១៣៦​ហិកតារ ហើយ​សរុប​ទាំង​អស់​មាន​ទំហំ​ជាង ៨២​ម៉ឺន​ហិកតារ (៨២០.៩៣៦)  ក្រោម​រូបភាព​សម្បទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។