សកម្មជនថា ក្រសួងបរិស្ថានគួរពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ស្របពេលលើកកម្ពស់ជីវភាពប្រជាសហគមន៍។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាធំដែលនាំឱ្យមានវិនាសកម្មព្រៃឈើ គឺបណ្ដាលមកពីឈ្មួញទុច្ចរិត និងអំពើពុករលួយ គឺមិនមែនបណ្ដាលមកពីប្រជាសហគមន៍នោះឡើយ។ ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាននឹងធ្វើឱ្យជីវភាពប្រជាសហគមន៍មានបានជាមុនសិន ទើបអាចការពារព្រៃសហគមន៍ជោគជ័យ។
សកម្មជន និងមន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកការពារព្រៃឈើលើកឡើងស្រដៀងៗគ្នាថា ដើម្បីការពារព្រៃឈើសហគមន៍បានក្រសួងបរិស្ថានគួរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទៅលើអ្នកដែលប្រព្រឹត្តបទល្មើស។
សមាជិកបណ្ដាញព្រៃឡង់ ខេត្តក្រចេះ លោក ស្វាយ សុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកុម្ភៈ ថា បើទោះបីជាប្រជាសហគមន៍ការពារព្រៃឈើ មានជីវភាពល្អប្រសើរក្ដី ក៏បទល្មើសព្រៃឈើនៅតែកើតមានដែរ។ លោកបន្តថា មូលហេតុសំខាន់ដែលបណ្ដាលឱ្យកើតមានបទល្មើសព្រៃឈើ គឺមិនមែនបណ្ដាលមកពីប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែគឺជាទំនួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសឈ្មួញរកស៊ីឈើខុសច្បាប់ធំៗ ដែលមានអំណាចទៅវិញទេ។
លោក ស្វាយ សុង៖ «ខ្ញុំមើលច្បាប់ព្រៃឈើ មិនមានជនល្មើសណាអាចដឹកឈើសេរី ឬក៏កាប់ដើមឈើមួយដើមយកមកដឹកតាមផ្លូវបានទេ ពីព្រោះច្បាប់ថា អ្នកដែលទៅកាប់បំផ្លាញព្រៃឈើ បទល្មើសហ្នឹងពី ១លាន ទៅ ១០លាន ជាប់គុកពី ១ឆ្នាំ ទៅ ២ឆ្នាំ ហើយប្រសិនបើអនុវត្តច្បាប់មន្ត្រីរាជការវិញ គឺគុណ(២)អ៊ីចឹងច្បាប់នេះល្អណាស់ ម៉េចគាត់អត់ព្រមអនុវត្ត បើអនុវត្តគ្មាននរណាហ៊ានកាប់ទេ»។
ការលើកឡើងរបស់សមាជិកបណ្ដាញព្រៃឡង់នេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថានកំពុងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបប្រជាសហគមន៍លែងចូលព្រៃ ប៉ះពាល់ធនធានធម្មជាតិដោយខុសច្បាប់។
លោកបានលើកឡើងដូច្នេះ នៅពេលចុះពិនិត្យសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
ផ្ទុយពីការលើកឡើងនេះ ប្រជាសហគមន៍លើកឡើងថា មូលហេតុបណ្ដាលឱ្យមានបទល្មើសព្រៃឈើ គឺបណ្ដាលមកក្រុមហ៊ុនរកស៊ីឈើធំៗ នៅតែបន្តអាជីវកម្មនៅក្បែរដែនអភិរក្សព្រៃឈើទៅវិញទេ។ ជាក់ស្ដែងក្រុមហ៊ុនរកស៊ីឈើធំៗ ដូចជា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និងក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech (Cambodia) CO,Ltd) នៅតែបន្តអាជីវកម្មឈើនៅជាប់តំបន់ព្រៃឡង់ ហើយក្រុមហ៊ុនទាំងនោះក៏បានបញ្ជូនកម្មករចូលទៅកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់មួយនេះយ៉ាងអនាធិបតេយ្យ។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន គាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ទោះជាយ៉ាងណា លោកយល់ឃើញថា មូលហេតុសំខាន់ដែលបណ្ដាលឱ្យបទល្មើសព្រៃឈើនៅតែបន្តកើតមាន មិនមែនបណ្ដាលមកពីប្រជាសហគមន៍នោះឡើយ។
លោក អូត ឡាទីន៖ «ហើយគេប្រើប្រាស់ក្រោមរូបភាព ជួលប្រជាពលរដ្ឋដែលក្រីក្រទៅកាប់ ហើយកាប់បានប៉ុណ្ណា គេឱ្យអ្នកកាប់ហ្នឹងមួយចំណែកតូចមួយ ដើម្បីឱ្យយាមដីឱ្យគេ ទីបំផុតដីដែលត្រូវបាន គេផ្ដល់ឱ្យមួយចំណែកតូចហ្នឹងគឺ គេប្រមូលទិញយកមកវិញនៅពេលដែលស្ថានភាពព្រៃសហគមន៍ហ្នឹង វារលត់ វាស្ងាត់ អ៊ីចឹងអានេះជាបញ្ហា បើសិនជាស៊ើបអង្កេត ឬក៏ដោះស្រាយពីបីករណី ហើយយើងដាក់តាមច្បាប់តំបន់ការពារ ឬក៏ច្បាប់ព្រៃឈើខ្ញុំជឿថា គ្មាននរណាគេហ៊ានទៅធ្វើទេ»។
លោក អូត ឡាទីន សង្កត់ធ្ងន់ថា បញ្ហាសំខាន់ដែលធ្វើឱ្យគម្របព្រៃឈើនៅតែបន្តបាត់បង់ គឺបណ្ដាលមកពីភាពទន់ខ្សោយនៃការអនុវត្តច្បាប់នៅលើជនល្មើស ខណៈការកាប់ទន្ទ្រានដីព្រៃឈើធ្វើជាកម្មសិទ្ធិភាគច្រើន តែងមានបុគ្គលដែលមានអំណាច ឬមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅពីក្រោយខ្នង។
សកម្មជនការពារព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលអះអាងថា ប្រជាសហគមន៍ព្រៃឈើភាគច្រើន តែងចង់ការពារព្រៃឈើពីបុព្វបុរស ហើយពេលខ្លះបើទោះបីជាប្រឈមនឹងការបាត់បង់ជីវិតក្ដី ក៏ពួកគេនៅតែចុះល្បាតព្រៃឈើពីការកាប់បំផ្លាញដោយឈ្មួញទុច្ចរិត។ ពួកគេលើកឡើងថា ដើម្បីការពារព្រៃឈើឱ្យបានគង់វង្ស រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានគួរចាប់ជនល្មើសប្រឈមចំពោះមុខច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាជាងរង់ចាំរហូតដល់ប្រជាសហគមន៍មានជីវភាពធូរធារ ទើបអនុវត្តច្បាប់ ខណៈព្រៃឈើនៅតែរងការកាប់ទន្ទ្រានយកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។