សកម្មជន​បរិស្ថាន​សាទរ ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​យោធា និង​នគរបាល ៩នាក់ នៅ​មណ្ឌលគិរី និង​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​នៅ​តំបន់​ដទៃ​ទៀត

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​ព្នង និង​មន្ត្រី​សង្គម​ស៊ីវិល​សាទរ ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​ឃាត់​ខ្លួន​មន្ត្រី​យោធា ​និង​មន្ត្រី​នគរបាល​ចំនួន ៩នាក់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃឈើ ​និង​ ឃុបឃិត​ជាមួយ​ជន​ជាតិ​វៀតណាម​នាំ​ឈើ​ចេញ​ខុស​ច្បាប់​នៅ​តំបន់​អូរ​ហ៊ុច ស្រុក​កែវសីមា ដែល​ជា​កន្លែង​មាន​ភាព​ចម្រូងចម្រាស ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម។ ពួក​គេ​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ថែម​ទៀត។

ជនជាតិ​ដើម​ភាគ​តិច​ព្នង និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ចំណាត់​ការ​នេះ នៅ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ​ទេ ប៉ុន្តែ​ពួក​គេ​សង្ឃឹម​ថា អាច​នឹង​កាត់​បន្ថយ​បទ​ល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​បាន​ខ្លះ។ ពួក​គេ​សង្កេត​ឃើញ​ថា ការ​ឃុបឃិត​គ្នា​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម និង​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​អភិរក្ស​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​យោធា នគរបាល និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ជាច្រើន​រូប​ទៀត ដែល​ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ ដើម្បី​ផ្តន្ទាទោស​ទៅ​លើ​ជន​ល្មើស​តាម​ច្បាប់។

ការ​លើក​ឡើង​នេះ បន្ទាប់ពី កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​ខ្លួន មន្ត្រី​យោធា និង​នគរបាល ៩រូប កាល​ពី​សប្ដាហ៍​មុន ទាក់ទិន​ករណី​បើក​ផ្លូវ​ឱ្យ​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​តំបន់​អូរហ៊ុច ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ប្រទេស​វៀតណាម។ គណៈកម្មការ​ជាតិ​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មន្ត្រី​យោធា និង​នគរបាល​ទាំង​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ជាមួយ​ជន​ជាតិ​វៀតណាម​លួច ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​បាន​ដក​ហូត​ឈើ​មូល​ប្រភេទ​ស្រឡៅ​ ២៥២រយកំណាត់ ត្រាក់ទ័រ ២គ្រឿង ម៉ូតូ ២គ្រឿង និង​រណារ​យន្ត ១គ្រឿង។

Authorities_inspect_cutting_trees_in_Ohuch_Mondulkiri_062621.jpg
មន្ត្រីអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន កំពុង​ពិនិត្យ​គល់​ឈើ​ស្រឡៅមួយ ​ក្នុងចំណោម ៧៧គល់ ដែល​គេរក​ឃើញ​​កាត់រំលំ និង​ច្រៀកយក កាល​ពី​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក GRK News

ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង លោក គ្រើង តុលា ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​នេះ​ថា ប៉ះ​ចំ​ចំណុច​ស្នូល អាច​កាត់​បន្ថយ​សកម្មភាព​ដឹក​ឈើ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស​បាន​ខ្លះ។ លោក​សង្កេត​ឃើញ​ថា ឈើ​ហ៊ុប​ធំៗ នៅ​តំបន់​ផ្សេងៗ ស្ទើរ​តែ​អស់​ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​ទៅ​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុច ព្រោះ​តំបន់​នោះ នៅ​សល់​ឈើ​មាន​តម្លៃ​ច្រើន។ លោក​បន្ថែម​ថា តំបន់​នោះ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម៖ «ដើម​ហេតុ​មក​ពី​ប្រធាន​ច្រក​ទេ ដូចជា មេ​ប៉ុស្តិ៍​អ៊ីចឹង​ទេ អ្នក​ដែល​ប្រព្រឹត្ត។ ឥឡូវ​ខ្ញុំ​គិត​ថា ខ្ញុំ​សាទរ អ្នក​ដែល​ចាប់​មេៗ ច្រក​ហ្នឹង ការ​ចាប់​ហ្នឹង គឺ​ចំ​គោលដៅ​តែ​ម្ដង កាល​ពី​មុន​មាន​ការ​ឃុបឃិត​លួច​លាក់។ យើង​ឃើញ​ថា បទ​ល្មើស​នៅ​តែ​កើត​ឡើង រាល់ថ្ងៃ ដល់​ពេល​ឥឡូវ នៅ​មាន​ការ​រាងចាល​ខ្លះៗ ដល់​ពេល​ចាប់​ប្រធាន​ច្រក »

មន្ត្រី​យោធា ​និង​មន្ត្រី​នគរបាល​ចំនួន ៩នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ពី​បទ​សម​គំនិត​ជា​មួយ​បរទេស​ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៦ មិថុនា។ តុលាការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​នោះ ផ្អែក​តាម​ច្បាប់​ស្ដីពី​កិច្ច​ការពារ​បរិស្ថាន ច្បាប់​ស្ដីពី​ព្រៃឈើ និង​ក្រម​ព្រហ្ម​ទណ្ឌ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ លោក អេង ហ៊ី បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​ព្រះរាជអាជ្ញា​រង ខេត្ត​មណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បាន​ប្រាប់​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ថា ចៅក្រម​ស៊ើបសួរ សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំងនោះ ពី​បទ​រួមគំនិត​ក្នុង​អំពើ​នាំចេញ​ផល​អនុផល​ព្រៃ​ឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ធ្វើ​សកម្មភាព​អន្តរាគមន៍​ផ្តល់​ការអនុញ្ញាត​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល ដើម្បី​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ។

លោក​ថា ជន​សង្ស័យ​ទាំង​នោះ បាន​ជួយ​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម ចូល​មក​ក្នុង​កម្ពុជា​ដោយ​លួច​លាក់។ លើស​ពី​នេះ មាន​ជនជាតិ​វៀតណាម​ចំនួន ២នាក់​ទៀត បាន​រត់គេច​ខ្លួន ត្រូវ​បាន​ចោទ​ពី​បទ​កាប់​ប្រមូល ​ដឹកជញ្ជូន ​ធន​ធាន​ធម្មជាតិ​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សាទរ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ តែ​លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ក្នុង​សំណុំរឿង​បទ​ល្មើស​ព្រៃ​ឈើ នៅ​មាន​តិចតួច​នៅ​ឡើយ ព្រោះ​ក្រុម​ឧកញ៉ា និង​អ្នក​មាន​ឥទ្ធិពល​ជា​ច្រើន​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ នៅ​មិន​ទាន់​ឃើញ​គណៈកម្មការ​ជាតិ ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ពង្រីង​វិសាលភាព​អនុវត្ត​ច្បាប់​បែប​នេះ នៅ​តំបន់​ផ្សេងៗ ទៀត នៅ​ទូទាំង​ប្រទេស៖ «អ៊ីចឹង​សុំ​ឱ្យ​មាន​ការ​ចាប់​វិធានការ ចំពោះ​ការ​បង្ក្រាប​ពី​មុន ទី១ និងទី២ បទ​ល្មើស​ផ្សេងៗ ទៀត​ ឱ្យ​ដូច​បទ​ល្មើស​ដែល​បង្ក្រាប​ឥឡូវ ដែល​បាន​ឃុំ​ខ្លួន​មន្ត្រី​យោធា ប៉ូលិស​ថ្នាក់​តូច​រហូត​ដល់ ៩នាក់ ។ កុំ​ឱ្យ​ពលរដ្ឋ​លោក​ចោទ​ថា តុលាការ​ធ្វើ​បាន​តែ​មន្ត្រី​តូចតាច ចំពោះ​មន្ត្រី​ធំៗ ជាន់​ខ្ពស់ និង​ឧកញ៉ា​ដែល​បង្ក្រាប​លើក​មុន ឥឡូវ​ស្ងាត់​ឈឹង »។

ជនសង្ស័យ​ទាំង ៩នាក់ ​ដែល​មន្ត្រី​ជំនាញ​ចាប់​ខ្លួន រួមមាន មេបញ្ជាការ គ២ នៃ​វរសេនាតូច​លេខ ២ បញ្ជាការ​រង​ទទួល ខ២ ខ៣ មេបញ្ជាការ ខ២ ប្រចាំការ​នៅ​ចំណុច​អូរហ៊ុច ខេត្ត​មណ្ឌលគិរី ​នាយ​ប៉ុស្តិ៍​ និង​នាយរង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរហ៊ុច រួម​ទាំង​មន្ត្រី​យោធា​មួយ​ចំនួន​ទៀត ប្រចាំ​ការ​តំបន់​អូរ​ហ៊ុច។

កាល​ពី​ថ្ងៃ​ទី៣០ មករា ឆ្នាំ២០១៨ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​ឆ្មាំ​អភិរក្ស​របស់​មន្ត្រី​បរិស្ថាន ៣រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។