ចាប់តាំងតែពី ៤-៥ឆ្នាំមុនរហូតដល់ពេលនេះ ក្រុមអ្នកមានអំណាច និងប្រជាពលរដ្ឋចំណាកស្រុកខ្លះ នៅតែរែងរ៉ែមាសខុសច្បាប់នៅជុំវិញតំបន់ភ្នំអន្លង់ នៃឃុំរមទម្យ។
សកម្មភាពរែងយករ៉ែមាសទាំងនោះ មិនត្រឹមតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេ គឺវាថែមទាំងប្រើជាតិអាស៊ីត និងសារធាតុគីមីចាក់ចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងជីវិតមនុស្សសត្វទៀតផង។
ប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាស្រុករវៀង ខេត្តព្រះវិហារ ខ្លះ មានការព្រួយបារម្ភថា ជាតិអាស៊ីត និងគីមី ដែលពួកអ្នករែងរ៉ែមាសចាក់ចោលលើដី កំពុងបំពុលបរិស្ថាន និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ សត្វពាហនៈធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីរដ្ឋាភិបាលនៅតែមិនចាត់វិធានការទប់ស្កាត់ទេ។
ក្រុមអ្នកភូមិឲ្យដឹងថា តាំងតែពី ៤-៥ឆ្នាំមុនរហូតមកដល់ពេលនេះ មានក្រុមហ៊ុនខ្លះ និងអ្នកចំណាកស្រុកខ្លះនៅតែបន្តជីកដីរែងយករ៉ែមាសនៅជុំវិញតំបន់ភ្នំអន្លង់ ឃុំរមទម្យ នៃស្រុករវៀង។ ក្រុមអ្នករែងរ៉ែមាសទាំងនោះ បានចាក់អាស៊ីត និងគីមីចោលពាសវាលពាសកាល និងតាមខ្សែទឹកហូរផង។
បុរសម្នាក់រស់នៅឃុំរមទម្យ នៃស្រុករវៀង គឺលោក ម៉ៅ សំអូន។ លោកអះអាងកាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែធ្នូ ថា សព្វថ្ងៃនេះសកម្មភាពរែងរ៉ែមាសខុសច្បាប់ កំពុងកើតមានជាច្រើនកន្លែង ដូចជានៅភូមិរំដេង នៅតំបន់ប្រឡាយអង្គប់ ប្រឡាយបុស ចំណុចព្រៃទទឹង និងព្រៃតាខៀវ ជុំវិញភ្នំអន្លង់ នាឃុំរមទម្យ។ បុរសដដែលបង្ហាញការព្រួយបារម្ភ ចំពោះការរែងរ៉ែមាសនោះ ដោយសារតែពួកគេប្រើជាតិអាស៊ីត និងសារធាតុគីមី៖ «គីមីនោះគេចាក់យកមាស កាលណាភ្លៀងទៅវាហូរតាមអូរតាមប្រឡាយ។ នៅខែក្ដៅអ៊ីចេះ វាមិនសូវអីប៉ុន្មានទេ អាខែភ្លៀងពេលគោក្របីស៊ីស្មៅនៅតាមកន្លែងគេប្រើប្រាស់ គឺស្លាប់»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ លោក គង់ មករា និងអភិបាលស្រុករវៀង លោក ឯ សារ៉ូ ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ ដោយសារទូរស័ព្ទខ្លះហៅមិនចូល និងទូរស័ព្ទខ្លះទៀតមិនចុចទទួលដើម្បីសន្ទនា។
ចំណែកសមាជិកក្រុមប្រឹក្សាស្រុករវៀង លោក ប៉ិច ហ៊ុយគឹង ទទួលស្គាល់ថា ព័ត៌មានដែលអ្នកភូមិនិយាយពីរឿងការចាក់ចោលអាស៊ីត និងធាតុគីមីនៅតាមកន្លែងរែងរ៉ែមាសនោះ គឺជារឿងពិត។ លោក ប៉ិច ហ៊ុយគឹង បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ លោកបានជួបជាមួយមេឃុំរមទម្យ និងមន្ត្រីបរិស្ថាន ដើម្បីឲ្យនាំទៅពិនិត្យមើលកន្លែងចាក់គីមី ក៏ប៉ុន្តែមេឃុំរមទម្យ និងមន្ត្រីបរិស្ថាន ប្រាប់ថា មានអ្នកនៅចាំហាមឃាត់មិនឲ្យចូលទៅតំបន់នោះទេ៖ «ខ្ញុំថាប្រជុំក្រុមប្រឹក្សាស្រុកខែនេះ ខ្ញុំនឹងនិយាយជុំវិញបញ្ហានេះ ដើម្បីឲ្យក្រុមប្រឹក្សាស្រុកបានចូលទៅពិនិត្យឲ្យច្បាស់លាស់ អំពីរូបភាពនៃការចាក់ចោលសារធាតុគីមីនោះ»។
ក្រុមអ្នកភូមិខ្លះសង្ស័យថា សកម្មភាពរែងរ៉ែមាសខុសច្បាប់ទាំងនោះ គឺអាចមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលមួយចំនួនផង ពីព្រោះពេលខ្លះគេឃើញមានប៉ូលិស និងទាហាននៅឈរចាំយាមផ្លូវ ដែលចូលទៅកាន់តំបន់នោះ ដើម្បីហាមឃាត់ប្រជាពលរដ្ឋ ឬក៏អ្នកសារព័ត៌មាន មិនឲ្យចូលទៅកាន់តំបន់នោះបានទេ ហាក់ដូចជាតំបន់អបគមន៍មួយដែលមានរដ្ឋអំណាចផ្សេងគ្រប់គ្រង និងមានច្បាប់ដោយឡែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។