ប្រជាពលរដ្ឋស្រុករតនៈមណ្ឌលព្រួយបារម្ភពីផលប៉ះពាល់ ផ្ទះសម្បែង និងដីដាំដុះ ពីគម្រោងសាងសង់ទំនប់ស្តុកទឹករបស់អាជ្ញាធរនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ ក្ដីបារម្ភនេះកើតឡើង បន្ទាប់ពីមន្ទីរធនធានទឹកគ្រោងសាងសង់ទំនប់ទឹកចំនួន២កន្លែងបន្ថែមនៅខេត្តបាត់ដំបង។ សង្គមស៊ីវិល យល់ថា លោកគាំទ្រចំពោះការអភិវឌ្ឍន តែអាជ្ញាធរត្រូវគោរពពីសិទ្ធិពលរដ្ឋដែលអាស្រ័យផលនៅតំបន់នោះ។
ប្រជាពលរដ្ឋព្រួយបារម្ភពីផលដំណាំដែលបានដាំដុះកន្លងមកជិត២០ឆ្នាំនៅក្បែរមាត់ស្ទឹងថ្វាក មានដូចជា ស្វាយ មៀនប៉ៃលិន និងដំណាំហូបផ្លែជាច្រើនប្រភេទទៀត ក្រោយទទួលដំណឹងពីគម្រោងទំនប់ទឹកចំនួន២កន្លែងក្នុងស្រុករតនៈមណ្ឌល និងស្រុកសំឡូតខេត្តបាត់ដំបង។
ប្រជាពលរដ្ឋរស់នៅឃុំអណ្ដើកហែប លោកស្រី កុយ ចាន់ធឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ កញ្ញា ថា លោកស្រីព្រួយបារម្ភក្រោយទទួលព័ត៌មានពីគម្រោងសាងសង់ទំនប់ទឹកមួយកន្លែងនៅតំបន់លោកស្រីរស់នៅ។ លោកស្រីបន្តថា ចម្ការលោកស្រីនៅជាប់ដងស្ទឹងថ្វាកហើយដំណាំទាំងអស់គឺប្រមូលផលរាល់ឆ្នាំ និងបានជួយដល់ជីវភាពគ្រួសារ។ លោកស្រី កុយ ចាន់ធឿន បញ្ជាក់ថា ដំណាំលោកស្រីមានដើមមៀនប្រមាណជាង ១ពាន់ដើម នៅលើផ្ទៃដី៣ហិកតារ។ លោកស្រីបារម្ភថា ប្រសិនបើអាជ្ញាធរធ្វើទំនប់ទឹកនោះ វានឹងប៉ះពាល់ដល់ផលដំណាំរបស់លោកស្រីជាមិនខាន ហើយពេលនោះជីវភាពគ្រួសារលោកស្រី នឹងជួបការលំបាកខ្លាំង៖ «និយាយរួមខ្ញុំព្រួយតែលិចដំណាំហ្នឹងឯង ព្រួយអារឿងលិចទឹក ព្រោះអីដំណាំយើងនៅមាត់ទឹកជាងគេអ៊ីចឹងហាស និយាយរួមរាល់ថ្ងៃវាចូលតាំងពីប៉ាដាំមកចូលជាង២០ឆ្នាំហើយដើមវា។ វាមានតូចដែរ វាមានដូចថាទឹកលិចមកឆ្នាំមុន វាហូរដាច់លិចអ៊ីចឹងខ្ញុំដាំវគ្គក្រោយ វាមានតូចដែរអ៊ីចឹងចាសវាមានតូចមានធំ។ ប៉ះពាល់ច្រើនចាស ប៉ះពាល់ច្រើនអ៊ីចឹងឯង ព្រោះដំណាំធំ ពេលដែលលិចផ្លែលិចអីអ៊ីចឹង គឺវាមានខូចអ៊ីចឹងហាស»។
ជុំវិញរឿងនេះ អភិបាលស្រុករតនៈមណ្ឌលលោក គុយ វណ្ណូ ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលបានការណែនាំ ឬព័ត៌មានពីមន្ទីរធនធានទឹកនៅឡើយទេ ពាក់ព័ន្ធគម្រោងការធ្វើទំនប់ទឹកនេះ។ លោកបន្តថា ស្ទឹងថ្វាកគឺមិនអាចធ្វើទំនប់ទឹកកើតឡើយ ព្រោះស្ទឹងនេះខ្ពស់ខ្លាំង។ លោក គុយ វណ្ណូ អះអាងថា លោកធ្លាប់ចុះសិក្សាជាមួយខាងមន្ទីរធនធានទឹកម្ដង នៅខាងសំឡូតប៉ុន្តែ បច្ចុប្បន្ន លោកមិនទាន់ដឹងគម្រោងយ៉ាងណានោះទេ៖ «ឥឡូវនេះអត់លឺសូរ បើស្រុកខ្ញុំអត់លឺទេបាទ អាហ្នឹងអត់លឺអ្នកណាធ្វើអីអ៊ីចឹងណា ខ្ញុំអត់បានដឹង ប៉ុន្តែចាំមើលខ្ញុំសួរធនធានទឹកវិញណា បើអត់លឺសូរព័ត៌មានមកដល់ហ្នឹងផង។ បើនៅពាមតា ( ស្រុកសំឡូត ) ខ្ញុំចុះទៅសិក្សាកាលហ្នឹងហាស ហ្នឹងគេសិក្សាពីសំណងផលប៉ះពាល់ក្នុងភូមិ ក្នុងអីអ៊ីចឹងហាស ប៉ុន្តែខាងខ្ញុំអត់មានទេ ខាងរតនៈមណ្ឌលអត់មានទេ»។
ចំណែកអភិបាលស្រុកសំឡូត លោក សើ សាម៉េត វិញ លោកថ្លែងថា លោកមិនទាន់ទទួលប្លង់ ការណែនាំពីអភិបាលខេត្ត និងខាងមន្ទីរធនធានទឹកនៅឡើយ។ ប៉ុន្តែលោកបញ្ជាក់ថា បើមានការសាងសង់មែន ក៏មិនសូវមានការប៉ះពាល់ដល់ពលរដ្ឋឡើយ ព្រោះដីជាប់មាត់ស្ទឹង និងដីបម្រុងសុទ្ធតែជាតំបន់ព្រៃការពារបរិស្ថាននៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ ដើម្បីសាកសួររឿងនេះបានទេ កាលពីថ្ងៃទី១៣ កញ្ញា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រចាំនៅខេត្តបាត់ដំបងលោក អ៊ិន គង់ជិត លើកឡើងថា ការសាងសងទំនប់ទឹកទាំង២នេះ គឺអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវសិក្សាអោយច្បាស់លាស់ទាក់ទងផលប៉ះពាល់ជាមួយពលរដ្ឋ។ លោកបន្តថា អាជ្ញាធរត្រូវមានការពិគ្រោះយោបល់ និងស្ដាប់ពីកង្វល់របស់ពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានច្រើន ដើម្បីងាយស្រួលដោះស្រាយ និងស្វែងយល់ពីគ្នាទៅវិញទៅមក។ លោកគាំទ្រការអភិវឌ្ឍរបស់រដ្ឋ ប៉ុន្តែអាជ្ញាធរត្រូវដោះស្រាយសំណង ដែលអាចទទួលយកបានទាំងពលរដ្ឋប៉ះពាល់ និងរដ្ឋ ដើម្បីអោយការអភិវឌ្ឍប្រកបដោយតម្លាភាពចំពោះមុខច្បាប់៖ «គម្រោងនេះគួរតែមានការសិក្សាឱ្យបានច្បាស់លាស់ ម្យ៉ាងទៀតសិក្សាអំពីផលប៉ះពាល់ទៅលើតំបន់ហ្នឹង ដែលអាចនឹងប៉ះពាល់ទៅលើដំណាំចម្ការរបស់ប្រជាពលរដ្ឋ និងវាលស្រែរបស់ប្រជាពលរដ្ឋ ហើយនឹងត្រូវមានវេទិកាពិគ្រោះយោបល់ជាមួយអ្នករងផលប៉ះពាល់ហ្នឹងដែរ ត្រូវស្ដាប់កង្វល់របស់ពួកគាត់ឱ្យបានច្រើន នឹងត្រូវត្រៀមសម្រាប់ផ្ដល់សំណងទូទាត់ដ៏សមរម្យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹង»។
កន្លងទៅ ស្រុករតនៈមណ្ឌលក៏មានការសាងសង់ទំនប់ទឹកដែរនៅតំបន់សេកសកគឺ ទំនប់ពហុបំណងសេកសក ដែលអាចផលិតថាមពលអគ្គិសនីបានប្រមាណ ១៣មេហ្គាវ៉ាត់ ជាគម្រោងរបស់រដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម និងសាងសង់ដោយក្រុមហ៊ុនចិន ដែលជាប្រាក់កម្ចីពីប្រទេសចិន ដែលបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៨។ ទំនប់ពហុបំណងសេកសកជាអាងស្តុកទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកបន្តទៅទំនប់ដង្ហត ដែលស្ថិតនៅផ្នែកខាងក្រោមតំបន់សេកសក ក្នុងស្រុកបាណន់ ដោយអាចស្រោចស្រពលើផ្ទៃដីកសិកម្មបានប្រមាណ ៧ម៉ឺនហិកតារ គ្របដណ្ដប់លើស្រុក៤ គឺស្រុកគាស់ក្រឡ មោងឫស្សី ស្រុកបាណន់ និងក្រុងបាត់ដំបង។ ប៉ុន្តែមានផ្ទៃដីកសិកម្មជាង ១០ម៉ឺនហិកតារត្រូវបានលិចលង់ជារៀងរាល់ឆ្នាំ ក្រោយពីទំនប់ពហុបំណងសេកសកនេះសាងសង់រួច។
អង្គការសង្គមស៊ីវិលយល់ថា អាជ្ញាធរត្រូវតែសិក្សាស៊ីជម្រៅពីផលប៉ះពាល់គម្រោង មុននឹងធ្វើទំនប់នេះ ដើម្បីបញ្ចៀសបញ្ហា និងផលប៉ះពាល់លើពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។