ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសមួយបញ្ជាក់ថា ប្រទេសកម្ពុជា នឹងអាចទទួលឥទ្ធិពលព្យុះមួយដែលមានប្រភពមកពីសមុទ្រចិនខាងត្បូង។ ព្យុះនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា មានពពកដេរដាស និងមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ហើយនឹងអាចបណ្ដាលឱ្យរាជធានី ខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀងជន់លិចទៀតទៀតផង។
មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ព្រោះថា កម្ពុជានឹងទទួលរងខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង អាចធ្វើឲ្យមានជំនន់ទឹកភ្លៀង។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញា ថា ព្យុះទី១៩ ដែលមានប្រភពមកពីសមុទ្រចិនខាងត្បូងនេះ ឈ្មោះ វ៉ានកូ (VANCO) ដែលនឹងអាចដល់ឆ្នេរភាគកណ្ដាល ឬឡើងគោកនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី១៥ ខែកញ្ញា។ លោកបន្តថា កាលណាព្យុះនេះឡើងគោក នឹងអាចជះឥទ្ធិពលដល់កម្ពុជា ហើយដំណើរព្យុះនេះនឹងបក់កាត់តំបន់កន្ទុយនាគរបស់កម្ពុជា ដែលអាចធ្វើឱ្យខេត្តមួយចំនួនទៀតនៅខ្ពង់រាបភាគឦសាន រួមមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខ្ពង់រាបភាគខាងជើង រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ជាដើម អាចរងជំនន់ទឹកភ្លៀង។
លោកថា ខេត្តកំពង់ធំ គឺជាខេត្តមួយគួរឱ្យបារម្ភដែរ ព្រោះស្ទឹងសែន នឹងអាចទទួលយកនូវចំនួនទឹកយ៉ាងច្រើនដែលហូរមកពីផ្នែកខាងលើ ហើយរុញមកចាល់ត្រឹមខេត្តមួយនេះ៖ «បណ្ដាខេត្តនៅតំបន់ខ្ពង់រាបអាចនឹងប្រឈមជំនន់ទឹកភ្លៀង។ ឯកំពង់ធំ ដូចខ្ញុំជម្រាបជូនអ៊ីចឹង កាលណាភ្លៀងនៅតំបន់ភ្នំដងរែកច្រើន ផ្ទៃរកទឹកភ្លៀងនៅតំបន់ស្ទឹងសែន គឺនៅត្រឹមហ្នឹង»។
លោកបន្ថែមទៀតថា ខាងក្រសួងបានបង្កើតក្រុមការងារមួយដើម្បីតាមដានស្ថានភាព និងឥទ្ធិពលរបស់ព្យុះមួយនេះ ព្រមទាំងជម្រាបទៅគណៈគ្រប់គ្រងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលជាខេត្តជាប់ស្ទឹងសែន ឱ្យជួយតាមដានបន្ថែមទៀត។ ចំណែកស្ថានភាពទឹកទន្លេមេគង្គវិញ លោក ចាន់ យុត្ថា បញ្ជាក់ថា នឹងអាចកើនឡើងខ្លះ ប៉ុន្តែមិនអាចដល់កម្រិតគួរឱ្យបារម្ភឡើយ។
លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញកាលពីថ្ងៃទី១១ ខែកញ្ញា ឱ្យដឹងថា នៅក្នុងសមុទ្រចិនខាងត្បូង កើតមាននូវសម្ពាធទាបសកម្មមួយ ចាប់ពីថ្ងៃទី១១ កញ្ញា ទៅ ហើយសម្ពាធទាបសកម្មនេះ វិវត្តន៍ទៅជាវិសម្ពាធនៅថ្ងៃបន្ទាប់ ព្រមទាំងវិវត្តន៍ទៅជាព្យុះនៅថ្ងៃទី១៣ កញ្ញា ហើយធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម។
ក្នុងលិខិតបន្តថា ព្យុះនេះនឹងជះឥទ្ធិពលដល់កម្ពុជា ដែលបង្កឱ្យផ្ទៃមេឃមានពពកច្រើនដេរដាស ព្រមទាំងមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេសកម្ពុជា ពិសេសចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។ លើសពីនេះទៀត នឹងបង្កឱ្យបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ធំ និងខេត្តសៀមរាប ប្រឈមនឹងជំនន់ទឹកភ្លៀងទៀតផង។ ក្នុងលិខិតដដែលក៏ស្នើឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមសមុទ្រ សូមផ្អាកសកម្មភាពចាប់ពីថ្ងៃទី១៤ កញ្ញា ដល់ថ្ងៃទី១៨ កញ្ញា។
បន្ថែមលើសេចក្ដីជូនដំណឹងឱ្យសាធារណជនមានការប្រុងប្រយ័ត្ន អ្នកនាំពាក្យរូបនេះក៏អំពាវនាវឱ្យពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋរស់នៅតាមជាប់តំបន់សមុទ្រ និងខ្ពង់រាប ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ៖ «ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមសមុទ្រត្រូវផ្អាកសកម្មភាពដូចនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨។ មួយទៀត ចំពោះបងប្អូនដែលរស់នៅជាប់ផ្លូវទឹក និងនៅតំបន់ទំនាប»។
ទោះបីយ៉ាងណា អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា ក្រោយពេលទទួលដំណឹងនេះថា ខាងលោកក៏បានកោះប្រជុំប្រាប់ទៅអាជ្ញាធរស្រុកទាំង៨ ពិសេសស្រុក និងក្រុងដែលជាប់ស្ទឹងសែន ព្រមទាំងប្រជាពលរដ្ឋផង ឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាប្រែប្រួលអាកាសធាតុនាប៉ុន្មានថ្ងៃនេះ។
លោកបន្តថា កម្រិតទឹកស្ទឹងសែន នៅទាបនៅឡើយ ប៉ុន្តែខាងអាជ្ញាធរកំពុងតាមដានបន្ថែមទៀត៖ «យើងក៏ចាប់អារម្មណ៍ដែរ អ៊ីចឹងយើងកំពុងតាមដាន និងវាយតម្លៃ និងប្រាប់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នពីការធ្វើដំណើរ»។
អភិបាលខេត្តដដែលឱ្យដឹងទៀតថា ការងារចំពោះមុខ ខាងអាជ្ញាធរក៏បានត្រៀមសម្ភារៈ និងស្បៀងសម្រាប់សង្គ្រោះបឋម ត្រៀមកម្លាំងប្រដាប់អាវុធដើម្បីជួយពលរដ្ឋនៅពេលមានអាសន្ន។ ចំណែកអាជ្ញាធរត្រូវតាមដានពីការប្រែប្រួលអាកាសធាតុតាមមូលដ្ឋានឱ្យបានដិតដល់ ពិសេសផ្សព្វផ្សាយព័ត៌មានប្រឈមដល់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។