សកម្មជនបរិស្ថាន សោកស្តាយ និងរិះគន់រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បរាជ័យលក់កាបូនឱ្យប្រទេសកូរ៉េខាងត្បូង ដោយសារមិនអាចការពារព្រៃឈើក្នុងតំបន់គម្រោងរេដបូក (Redd+)។ ការលើកឡើងនេះ គឺបន្ទាប់ពីសហព័ន្ធចលនាដើម្បីបរិស្ថាន (Korea Federation for Environmental Movements) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយ រកឃើញថា ក្រសួងកសិកម្មបានបរាជ័យក្នុងការអនុវត្តគម្រោងលក់ឥណទានកាបូនឱ្យប្រទេសកូរ៉េ ដោយសារមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ។ របាយការណ៍រកឃើញថា ព្រៃសហគមន៍ចំនួន ១៣ មានផ្ទៃដីសរុបជាង ៧ម៉ឺនហិកតារ នៅជាប់ព្រៃឡង់ក្នុងខេត្តកំពង់ធំ បានបាត់បង់ព្រៃឈើជាង ២ម៉ឺនហិកតារ នៅរយៈពេល ៦ ឆ្នាំចុងក្រោយនេះ ធ្វើឱ្យការអនុវត្តគម្រោងរ៉េដបូក បានបរាជ័យ។
ក្រុមសកម្មជនបរិស្ថាន លើកឡើងថា របាយការណ៍ស្តីពីការបាត់បង់ព្រៃឈើក្នុងតំបន់រ៉េដបូកនេះ ឆ្លុះបញ្ចាំងពីការពិត ហើយបង្ហាញយ៉ាងច្បាស់ថា ក្រសួងជំនាញពាក់ព័ន្ធ របស់រដ្ឋាភិបាលជាពិសេសក្រសួងកសិកម្ម គ្មានសមត្ថភាពការពារធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីទុកជាប្រយោជន៍ជាតិនោះទេ។
របាយការណ៍កម្រាស់ ១០ ទំព័រ ដែលមានចំណងជើងថា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំនៅតំបន់រ៉េដបូក របស់កូរ៉េ ក្នុងប្រទេសកម្ពុជា បង្ហាញថា ព្រៃសហគមន៍ចំនួន ១៣កន្លែង បានបាត់បង់ព្រៃឈើរាប់ម៉ឺនហិកតារ ឋិតនៅតំបន់ទំរីង ជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តកំពង់ធំ ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគម្រោងរ៉េដបូក របស់ប្រទេសកូរ៉េ មានតម្លៃរាប់រយលានដុល្លារ។
ការចុះស៊ើបអង្កេតនេះ សហការព័ន្ធចលនាដើម្បីបរិស្ថាន របស់កូរ៉េ បានសហការជាមួយក្រុមសកម្មជនការពារព្រៃឈើកម្ពុជា ដោយប្រើឧបករណ៍ប្រមូលទិន្នន័យ។
ការវិភាគប្រើរូបភាពផ្កាយរណប ថតរូបវីដេអូ ឧបករណ៍តាមដាន ប្រព័ន្ធកំណត់ទីតាំងសកល ឬ GPS សម្ភាសន៍ប្រជាសហគមន៍ និងចុះត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង។ បេសកកម្មនេះ ធ្វើឡើងរយៈពេល ៣ ខែ ចាប់ពីខែ ឧសភា ដល់ខែ កក្កដា ឆ្នាំ ២០២១នេះ។

របាយការណ៍ចេញផ្សាយជាភាសាអង់គ្លេស កាលពីចុងខែសីហាកន្លងទៅ ឱ្យដឹងថា ក្រុមការងារចុះស្រាវជ្រាវនេះ ដឹកនាំដោយ ម្ចាស់ពានរង្វាន់វីរជនការពារបរិស្ថានពិភពលោក ឆ្នាំ២០១៦ (The Goldman Environmental Prize) លោក អ៊ូច ឡេង និងគាំទ្រដោយសកម្មជននៃសហព័ន្ធកូរ៉េដើម្បីចលនាបរិស្ថាន (KFEM) និងមូលនិធិជីវៈចម្រុះ។
ការស្រាវជ្រាវ រកឃើញថា ព្រៃសហគមន៍ចំនួន ១៣ ក្នុងចំណោមព្រៃចំនួន ១៤កន្លែង ក្នុងតំបន់ទុំរីងរ៉េដ+ ឋិតក្នុងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ដែនជម្រកសត្វព្រៃឡង់បានបាត់បង់ ព្រៃឈើ ៣៧% នៅក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។ ការរកឃើញនេះ ផ្អែកតាមទិន្នន័យផ្កាយរណបសាធារណៈផ្តល់ដោយសាកលវិទ្យាល័យម៉ារីលែន ដែលរកឃើញថា ទំហំព្រៃឈើបានថយចុះពីប្រមាណជាង ៥ម៉ឺន ៦សែន ហិកតារ (៥៦.០៨៤ ) ក្នុងឆ្នាំ ២០១៥ និងបាត់បង់ ព្រៃជាង ១ម៉ឺន ៥ សែន ហិកតារទៀត នៅឆ្នាំ២០២០។ ក្រៅពីនេះទំហំព្រៃឈើ ដែលបាត់បង់ភាគច្រើនបានប្រែក្លាយទៅជាដីស្រែចម្ការ មានដំណាំដំឡូងមី កៅស៊ូ និងស្វាយចន្ទីជាដើម គ្រប់គ្រងកម្មសិទ្ធិឯកជន។
សកម្មជនការពារព្រៃឈើ ដែលចុះស្រាវជ្រាវ លោក ហេង ស្រស់ យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែពង្រឹងសមត្ថភាពឡើងវិញ និងកែប្រែឥរិយាបថ កុំឱ្យមានការកាប់ទន្ទ្រានព្រៃឈើ និងកាប់ឈើបន្តទៀត ហើយត្រូវដាំដើមឈើស្តារព្រៃឡង់ឡើងវិញ។ លោកថា អំពើពុករលួយ ភាពកម្សោយនៃការអនុវត្តច្បាប់ និងកម្សោយនៃការគ្រប់គ្រងធនធានធម្មជាតិ ធ្វើឱ្យព្រៃកេរដូនតា រលាយហិនហោច ដោយសារតែមន្ត្រីរដ្ឋាភិបាលមួយចំនួន គ្មានឆន្ទៈស្មោះត្រង់ ការពារព្រៃ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព៖ «ក្រសួងកសិកម្ម និងក្រសួងបរិស្ថានមានតួនាទីសំខាន់ក្នុងការទប់ស្កាត់កុំឱ្យមានការរាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា ប៉ុន្តែលុយដែលគេយកមកអភិវឌ្ឍន៍ដើម្បីឈប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើហ្នឹង លុយក៏អស់ ហើយព្រៃឈើនៅបន្តបាត់បង់។ នេះជា ឆ្លុះបញ្ចាំងថាអាជ្ញាធរនៅកម្ពុជា អសមត្ថភាពកុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ដូចគម្រោងរ៉េដបូកជាដើម » ។
របាយការណ៍បន្ថែមថា សកម្មភាពកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ នៅក្នុងព្រៃសហគមន៍ចំនួន ១៣ ដែលឋិតក្នុងគម្រោងរ៉េដបូកគឺជាបញ្ហាប្រឈមចម្បងមួយ។ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង បានថ្លែងក្នុងរបាយការណ៍ថា វាមិនមែនជាអាថ៌កំបាំងនោះទេ ករណីសត្វព្រៃកម្រជិតផុតពូជ នៅកម្ពុជាត្រូវបានជួញដូរយ៉ាងសកម្មនៅលើទីផ្សារងងឹតនាពេលបច្ចុប្បន្ន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និង អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាននៅឡើយទេនៅថ្ងៃទី ០៦ កញ្ញា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ដោះស្រាយថាមពលអាកាសធាតុ និងបរិស្ថាន ជាគោលនយោបាយសំខាន់ រយៈពេលវែង ដែលត្រូវទទួលខុសត្រូវតាមសមត្ថភាពរៀងៗខ្លួន។ លោកថា ការដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន ជាការលំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៖ «ប្រទេសកម្ពុជាទទួលជោគជ័យក្នុងការចូលរួមទីផ្សារកាបូន ស្ម័គ្រចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ កម្ពុជាចាត់ទុកឥណទានកាបូន ជាប្រភពហិរញ្ញប្បទានប្រកបដោយចិរភាព ដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ហើយកម្ពុជាបើកជំហរ ទទួលការចូលរួមភាពជាដៃគូ ជាមួយបណ្តាប្រទេស និងវិស័យឯកជននានា។
ទោះជាយ៉ាងណា ក្រុមសកម្មជនបរិស្ថាន យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែធ្វើឲ្យល្អមើល និងល្អស្តាប់ប៉ុណ្ណោះ។
នាយិកាសាមគ្គីអន្តរជាតិនៃសហព័ន្ធចលនា ដើម្បីបរិស្ថាន គឺអ្នកស្រី គីមហេ-លីន (Kim Hye-lyn) បានថ្លែងក្នុងរបាយការណ៍នេះដែរថា ការបាត់បង់ទំហំព្រៃឈើទាំងនេះ នាំឱ្យមានកេរ្តិ៍ឈ្មោះមិនល្អ និងមានការរិះគន់ថា គម្រោងរ៉េដបូក ជាទីភ្នាក់ងារបំផ្លាញព្រៃឈើ។ អ្នកស្រី ជំរុញឲ្យមានការ ស៊ើបអង្កេតឱ្យបានហ្មត់ចត់ថែមទៀត ពីសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់រ៉េដបូក។
រីឯសកម្មជនការពារព្រៃឡង់ រស់នៅស្រុកសណ្ដាន់ លោក ហឿន សុភាព វិញ លោកយល់ថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីការពិត ស្របពេលដែលព្រៃសហគមន៍ដែលមានការគ្រប់គ្រងដោយមន្ត្រីរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម បានថយចុះយ៉ាងគំហុក ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកថា មន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួន កំពុងមមាញឹកក្នុងការលូកដៃ ជាខ្នងបង្អែកដែលផ្តល់ផលប្រយោជន៍ ដល់អ្នកកាប់បំផ្លាញព្រៃឈើ និងអ្នករកស៊ីឈើខុសច្បាប់ ខណៈដែលរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់អនុវត្តច្បាប់លើ មន្ត្រីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយនៅឡើយទេ៖ «រដ្ឋាភិបាលនៅតែមានគំនិតក្នុងការបណ្ដែតបណ្ដោយដូចបច្ចុប្បន្នខ្ញុំគិតថា មិនអាចសល់ព្រៃបានទេ។ ក្រសួងណាក៏ដោយ ឱ្យតែមានចំណុចក្រោយពីរដ្ឋាភិបាលទាំងមូល ខ្ញុំគិតថា វាមិនអាចទៅរួចទេ » ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ថា ការបាត់បង់ព្រៃឈើក្នុងតំបន់រ៉េដបូក ឆ្លុះបញ្ចាំងថា ក្រសួងកសិកម្មគ្មានសមត្ថភាពការពារធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពនោះទេ៖ «គួរតែពិន័យរដ្ឋបាល ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងតំបន់នោះ ដើម្បីលើកទឹកចិត្តដល់មន្ត្រីខំរៀបចំការពារ និងមិនឱ្យមានការចូលរួមពាក់ព័ន្ធជាមួយ ក្រុមអ្នកបំផ្លាញធនធានធម្មជាតិទាំងអស់នោះ។
អ្នកជំនាញបរិស្ថានពន្យល់ថា គម្រោងរ៉េដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការរំភាយឧស្ម័នផ្ទះកញ្ចក់ដោយសារបាត់បង់ព្រៃឈើ។ រ៉េដបូកមានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
របាយការណ៍ បន្ថែមថា ក្រុមសកម្មជនបរិស្ថានបានចុះវាស់វែងជាក់ស្តែងនៅតំបន់នោះ អះអាងថា ការខូចខាតព្រៃឈើ ក្នុងតំបន់រ៉េដបូកនេះ គឺមានរហូតដល់ ៤៥% នៃគម្របព្រៃឈើទាំងមូលគឺលើសពីអ្វីដែលបានរកឃើញ តាមរយៈផ្កាយរណបទៅទៀត។ ទន្ទឹមនឹងនេះអត្រានៃការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្ន នៅឆ្នាំ ២០២០ មានការបាត់បង់ព្រៃឈើជិត ៩ ភាគរយ (៨,៧៦ ) ក្នុងតំបន់គម្រោងរ៉េដបូក ហើយនៅឆមាសទីមួយនៅឆ្នាំ ២០២១ ការបាត់បង់ព្រៃឈើបានឈានដល់ ជិត ១០ភាគរយ (៨,៣%)៕