បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ១០០ករណី​ក្នុង​ព្រៃ​ព្រះ​រកា

ដោយ ហេង រស្មី
2021.03.29
បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ១០០ករណី​ក្នុង​ព្រៃ​ព្រះ​រកា ដើមឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​កាប់​រំលំ និង​ដុត​បំផ្លាញ​ចោល ដែល​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ( CYN) ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២១។
រូប៖ CYN

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី២៩ មីនា ស្ដីពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន ១០០​ករណី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ មន្ត្រី​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ល្មើស ​និង​បើក​សិទ្ធិ​ឲ្យ​សកម្មជន​ការពារ​ព្រៃ​ឈើ ចូល​ល្បាត​ព្រៃ​ដូច​ឡើង​វិញ ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ​ថា មាន​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើត​ឡើង​ចំនួន ១០០​ករណី ព្រម​ទាំង​មាន​ការ​លួច​ដុត និង​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ចាប់​តាំង​ពី​មានការ​រារាំង​មិន​ឱ្យ​សហគមន៍​មូលដ្ឋាន​អង្គការ​សមាគម ​និង​អ្នក​ការពារ​ព្រៃ​ឈើ​ចូល​រួម​ល្បាត​នៅ​ក្នុង​ដែន​ជម្រក​នេះ​មក។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ឃើញ​នេះ គឺ​បន្ទាប់​ពី​ក្រុមការងារ​គម្រោង​អ្នកការពារ​ព្រៃឈើ​របស់​បណ្ដាញ​យុវជន​កម្ពុជា​បាន​ចុះ​ប្រមូល​ភស្តុតាង​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដែល​ស្ថិត​នៅ​ក្នុង​ប្រជុំ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប រយៈ​ពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ២០២១ កន្លង​ទៅ។ សមាគម​បណ្ដាញ​យុវជន​កម្ពុជា​បន្ត​ថា ​ក្នុងរយៈ​ចម្ងាយ​អង្កេត​ប្រវែង ៥៥គីឡូម៉ែត្រ ក្រុម​ការងារ​ បាន​រក​ឃើញ​បទ​ល្មើស​នៃ​ការ​កាប់​បំផ្លាញ​ដើម​ឈើ​ចំនួន​១០០​ករណី​ភាគ​ច្រើន​ជា​ប្រភេទ​ដើម​ឈើ​កម្រ និង​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ ដែល​មាន​ទំហំ​មុខ​កាត់​ចាប់​ពី ៤៥សង់ទី​ម៉ែត្រ​រហូត​ដល់ ១.៣៥​ម៉ែត្រ​នៅ​ក្នុង​តំបន់ ដែល​ជា​ប្រភេទ​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង។ ប្រភេទ​ឈើ​ដែល​ត្រូវ​រង​ការ​កាប់​បំផ្លាញ​មាន​ប្រភេទ​ដូច​ជា ឈើទាល ​ស្ទៀង​ ផ្ដៀក ពពេល​ ផ្ចឹក​ឧត្ដម គគីរ និង​សុក្រំ​ជា​ដើម ហើយ​ព្រមទាំង​មាន​ការ​ដុត និង​ឆ្ការ​ផ្នែក​ខ្លះ​ថែម​ទៀត​ផង ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ចំណុច​អូរ​តា​ម៉ាក់។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា ក៏​បាន​បង្ហោះ​រូបភាព​ភស្តុតាង​ជា​ច្រើន​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន ដែល​បង្ហាញ​អំពី​ដើម​ឈើ​ធំៗ ជា​ច្រើន ត្រូវ​បាន​កាប់​ផ្ដួល និង​ទីតាំង​ព្រៃឈើ​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​កាប់​ឆ្ការ និង​ដុត​បំផ្លាញ​ឲ្យ​ក្លាយ​ជា​វាល និង​ពណ៌ក្រហម។

Prey_Preah_Roka_032921_by_CYN_4.jpg
ដើម​ច្បោះ​ជ័រ​ទឹក ត្រូវ​បាន​គេ​កាប់​រំលំ និង​អារ​ច្រៀក​ថ្មីៗ ដែល​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ( CYN) រក​ឃើញ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២១។ រូប៖ CYN

Prey_Preah_Roka_032921_by_CYN_3.jpg
ដើម​ច្បោះ​ជ័រ​ទឹក ត្រូវ​បាន​គេ​កាប់​រំលំ និង​អារ​ច្រៀក​ថ្មីៗ ដែល​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ( CYN) រក​ឃើញ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២១។ រូប៖ CYN
Prey_Preah_Roka_032921_by_CYN_2.jpg
ដើម​ច្បោះ​ជ័រ​ទឹក ត្រូវ​បាន​គេ​កាប់​រំលំ និង​អារ​ច្រៀក​ថ្មីៗ ដែល​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ( CYN) រក​ឃើញ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២១។ រូប៖ CYN

មន្ត្រី​ជាន់​ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា ថ្លែង​ថា បទ​ល្មើស​ព្រៃ​ឈើ​ទាំង​នោះ ទើប​កើត​ឡើង​ថ្មីៗ ប៉ុន្តែ​ពួក​លោក​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ជនល្មើស​បាន​នៅ​ឡើយ​ទេ ដោយសារ​ពួកគេ​គេច​ខ្លួន។ លោក​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​នា​ពេល​អនាគត ព្រោះ​ថា ​ទន្ទឹម​នឹង​ក្រសួងបរិស្ថាន ​រារាំង​មិន​ឱ្យ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​ចូលរួម​ល្បាត​ការពារ​ព្រៃ​ឈើ​នោះ បែរ​ជា​កើត​មាន​ចំនួន​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ដ៏​ច្រើន​លើស​លប់​​ទៅ​វិញ។​ សកម្មជន​ការពារ​ព្រៃ​ឈើ​រូប​នេះ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស ក្រសួង​បរិស្ថាន ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ចំពោះ​ជន​ល្មើស ​និង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ការពារ​ព្រៃឈើ​ ចូល​ល្បាត​ព្រៃ​ដូច​ឡើង​វិញ ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៖ «ពេល​ដែល​គាត់​ឃាត់​ពួក​យើង វា​អត់​មាន​អី​ចំណេញ​សម្រាប់​ក្រសួង​បរិស្ថាន​ទេ។ វា​មាន​តែ​ខាត គឺ​ខាត​ប្រយោជន៍​ជាតិ ហើយ​ដើម​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ ហើយ​ពេល​ពួក​ខ្ញុំ​ទៅ​នេះ ចំណេញ​អី។ ខ្ញុំ​គិត​ថា ទោះ​បី​ជា​ពួក​ខ្ញុំ​ក៏​ដោយ ពួក​ក្រសួង​បរិស្ថាន​ក៏​ដោយ រាល់​ថ្ងៃ​នេះ បើ​យើង​មើល​ទៅ​លើ​វិនាសកម្ម​ព្រៃ​ឈើ បើ​សិន​ជា​ច្បាប់​មិន​តឹងរ៉ឹង ចំពោះ​ជន​ល្មើស ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​បំផ្លាញ​ទេ នៅ​ពេល​យើង​ចុះ​ល្បាត​ម្តង​វា​គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល ម្ដង​នៃ​ការ​កាប់​ទេ។ ដូច្នេះ​បើ​ចង់​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទប់​ស្កាត់​បាន លុះ​ត្រា​តែ​អ្នក​អនុវត្ត​ច្បាប់​ទាំង​អស់ យក​ច្បាប់​ទៅ​អនុវត្ត​លើ​អ្នក​ដែល​រក​ស៊ី​ឈើ​ទាំង​នោះ»

ទាក់ទង​ករណី​នេះ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួងបរិស្ថាន​ដាក់​បញ្ជូន​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩ម៉ឺន ៦ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ។ សកម្មជន​បរិស្ថាន​រក​ឃើញ​ជា​ហូរហែ​ថា ព្រៃឈើ​ទីនោះ​បាន​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​បន្តបន្ទាប់​អស់​រយៈពេល​​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​អាជ្ញាធរ មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ និង​ថែម​ទាំង​រារាំង​មិន​ឲ្យ​សកម្មជន​ការពារ​ព្រៃ​ឈើ ចូល​រួម​ល្បាត​ព្រៃ​ឈើ​ទីនោះ​ទៀត​ផង។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា ស្នើសុំ​ឱ្យ​ក្រសួង​បរិស្ថាន​ បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​បើក​ចំហ​សម្រាប់​សហគមន៍​មូលដ្ឋាន សកម្មជន​អ្នក​ស្រឡាញ់​ព្រៃ​ឈើ សមាគម អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន បាន​ចូលរួម​ល្បាត​ការពារ អភិរក្ស និង​ថែ​រក្សា​ព្រៃ​ឈើ ស្រប​តាម​បញ្ញត្តិ​ស្ដីពី​សិទ្ធិ និង​ករណីយ​កិច្ច​របស់​ពលរដ្ឋ​ដូច​មាន​ចែកក្នុងមាត្រា៣៥ ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាត្រា ២៩ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​ជាតិ ដើម្បី​ចូលរួម​ការពារ​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។