អ្នក​ប្រើ​ហ្វេសប៊ុក​ធ្វើ​យុទ្ធនាការ​ស្នើ​រដ្ឋាភិបាល​បិទ​រោងចក្រ​អារ​ឈើ​​ទូទាំង​ប្រទេស​ដើម្បី​ការពារ​ព្រៃ​ឈើ

ព្រះសង្ឃ និស្សិត សកម្មជន​ការពារ​បរិស្ថាន និង​ពលរដ្ឋ​សរុប​ប្រមាណ​១០០​នាក់ រួមគ្នា​ធ្វើ​យុទ្ធនាការ​បង្ហោះ​រូបភាព​ឈរ​លើ​បដា​ក្នុង​បណ្ដាញ​សង្គម​សង្គម​ហ្វេសប៊ុក ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​ចេញ​វិធានការ​ផ្លូវច្បាប់ បិទ​រាល់​រោងចក្រ​អារ​ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ និង​នៅ​ទូទាំង​ប្រទេស ដើម្បី​រក្សា​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់ កុំ​ឱ្យ​បាត់បង់។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ឱ្យ​ដឹង​ថា យុទ្ធនាការ​នេះ​ចែក​ចេញ​មាន​បី​ដំណាក់កាល​។ យុទ្ធនាការ​លើក​ទី​១ ដែល​ធ្វើតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​មាន​រយៈពេល ១០​ថ្ងៃ ដោយ​ចាប់​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០​ខែ​មេសា។

លោក​ថា ក្នុង​រយៈពេល​នេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដែល​ស្រលាញ់​ព្រៃឈើ អាច​សរសេរ​សារ​ផ្ទាល់ខ្លួន​ផ្ញើ​មក​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ទិវា​បរិស្ថាន​ពិភពលោក ជា​ភាសា​អង់គ្លេស​ថា World Environment Day Festival – Cambodia នោះ​ក្រុមការងារ​នោះ នឹង​យក​រូបថត​ទាំងនោះ ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​។ លោក ហេង ស្រស់ ថា សារ​ភាគច្រើន​ដែល​អ្នកចូលរួម​សរសេរ​បង្ហោះ​ក្នុង​យុទ្ធនាការ​នេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បិទ​រោងចក្រ​នៅ​ទូទាំង​ប្រទេស។

ចំពោះ​យុទ្ធនាការ​ទី​២ រយៈពេល​ដែល​នឹង​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ មេសា​វិញ លោក ហេង ស្រស់​ប្រាប់​ថា គឺជា​ការ​ជិះ​ម៉ូតូ​របស់​ប្រជា​សហគមន៍ ចុះ​ល្បាត​ក្រឡឹង​ជុំវិញ​តំបន់​ព្រៃ​ឡង់​ដើម្បី​ប្រមូល​ភស្តុតាង​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ ដូចជា​កាប់​ឈើ និង​រោងចក្រ​អារ​ឈើ​ធំៗ​នៅ​ក្នុង​តំបន់​នោះ ដើម្បី​ដាក់​ជូន​ក្រសួង​បរិស្ថាន ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

បន្ទាប់​ពី​នោះ​គឺជា​យុទ្ធនាការ​ចុងក្រោយ​ដែល​អ្នកស្ម័គ្រចិត្ត​ដើរ​ផ្សព្វផ្សាយ​តាម​ទីប្រជុំជន​នានា​នៅ​ទូទាំង​ខេត្ត​ក្រុង ដើម្បី​អប់រំ​ពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​ព្រៃឈើ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំងអស់​គ្នា។

ទោះបី​ជា​មាន​ការ​ដាក់​គំនាប និង​រារាំង​ពី​អាជ្ញាធរ​ក៏ដោយ លោក ហេង ស្រស់ បញ្ជាក់​ថា យុទ្ធនា​ការដែល​ធ្វើ​ទាំង​៣​ដំណាក់កាល​នេះ គឺជា​សារ​ផ្ញើ​ជូន​រដ្ឋាភិបាល​ដើម្បី បញ្ចប់​ការ​ផ្ដល់​លិខិតអនុញ្ញាត​ដឹកជញ្ជូន​អនុផល​ព្រៃឈើ និង​បិទ​អាជ្ញាប័ណ្ណ​រោងចក្រ​អារ​ឈើ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ជាពិសេស​នោះ​គឺ​រោងចក្រ​អារ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដូចជា​ក្រុមហ៊ុន អង្គរ​ផ្លាយវ៉ូឌ (Angkor Plywood) ក្រុមហ៊ុន ស៊ីងបាយអូធិច (Think Biotech) និង​ក្រុមហ៊ុន ធីង៉ា (Thy Nga PNT) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។