ថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃខួបដែលលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាញ់នៅកណ្ដាលព្រៃនៃខេត្តកោះកុង ក្នុងពេលលោកចុះបេសកកម្មការងារការពារព្រៃឈើ និងនាំអ្នកកាសែតចុះយកព័ត៌មាន។ គិតមកដល់ថ្ងៃទី២៦ ខែមេសា នេះ លោក ឈុត វុទ្ធី បានស្លាប់រយៈ ៣ឆ្នាំមកហើយ។ ថ្វីត្បិតតែតុលាការបានបិទសំណុំរឿង និងបានសម្រេចផ្ដន្ទាទោសលើយុវជនម្នាក់ក្នុងសំណុំរឿងនេះក្ដី ប៉ុន្តែក្រុមគ្រួសារសពសកម្មជនរូបនេះនៅទទូចថា ពួកគេមិនទទួលបានយុត្តិធម៌នោះឡើយ។
ក្រុមគ្រួសារសពលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ដ៏ឆ្នើម នៅតែអំពាវនាវឲ្យស្ថាប័នជាតិ អន្តរជាតិ រកយុត្តិធម៌ជុំវិញអំពើឃាតកម្មនេះ ទោះបីជាបានកន្លងផុតទៅរយៈពេល ៣ឆ្នាំមកហើយក្ដី។
កូនប្រុសសពលោក ឈុត វុទ្ធី គឺយុវជន ឆឺយ ឧត្ដមរស្មី បានថ្លែងនៅថ្ងៃទី២៥ មេសា គឺជាថ្ងៃប្រារព្ធពិធីបុណ្យខួប ៣ឆ្នាំ នៃការស្លាប់របស់លោក ឈុត វុទ្ធី ថា រូបគាត់នៅតែនឹកឃើញពីវីរភាពរបស់ឪពុកខ្លួនដែលបានប្ដូរផ្ដាច់ និងលះបង់ជីវិតដោយសារក្ដីស្រលាញ់ និងការការពារធនធានធម្មជាតិនៅកម្ពុជា។
លោកថា ផ្ទុយទៅវិញ សេចក្ដីស្លាប់របស់ឪពុកលោក និងគ្រួសារទាំងមូលមិនបានទទួលយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌ប្រទេសកម្ពុជា ឡើយ ក្រៅតែពីភាពឈឺចាប់ដោយសារសង្គម និងបាត់បង់បង្គោលក្នុងគ្រួសារ៖ «ខ្ញុំចង់បានតែយុត្តិធម៌ជូនគាត់។ សកម្មជនការពារធនធានធម្មជាតិ និងប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងអស់ សំណូមពរឲ្យរដ្ឋាភិបាលគិតគូរកុំឲ្យការស្លាប់អ្នកទាំងអស់នោះជាការអត់ប្រយោជន៍»។
ទោះជាមានការទាមទារចង់បានយុត្តិធម៌យ៉ាងនេះក្ដី យុវជន ឆឺយ ឧត្ដមរស្មី បានអះអាងថា ពួកគេនឹងមិនបន្តដាក់ពាក្យប្ដឹងទៅណាទៀតនោះទេ ដោយព្រោះតែហេតុផលមិនទុកចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៖ «សង្គមឥឡូវនេះខ្ញុំអត់អាចធ្វើអ្វីបានទេ។ វាគ្មានអ្វីលាក់បាំងការពិតបានទេ។ រដ្ឋាភិបាលពុំមានឆន្ទៈរកឃាតកឲ្យឪពុកខ្ញុំទេ»។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនកាប់ឈើជាទីកន្លែងកើតហេតុ។ ក្នុងគ្រានោះ មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា បានព្យាយាមរារាំងរហូតដល់ផ្ទុះអាវុធស្លាប់ទាំងពីរនាក់ បន្ទាប់ពីលោក ឈុត វុទ្ធី ថតគំនរឈើមួយរបស់ក្រុមហ៊ុន ដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការស្ដារបាតអាងដើម្បីធ្វើវារីអគ្គិសនីក្នុងស្រុកថ្មបាំង។
ភ្លាមៗក្រោយការស្លាប់របស់លោក មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសសកម្មជនព្រៃឈើ បានសម្ដែងការសោកស្ដាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយគេចាត់ទុកថា ការបាត់បង់វីរជនមួយដ៏សំខាន់ដែលហានបូជាជីវិតដើម្បីការពារផលប្រយោជន៍ជាតិ និងបាត់បង់មនុស្សមានសេចក្ដីក្លាហាន មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតឡើងនៅកម្ពុជាបច្ចុប្បន្ន។
ប៉ូលិសបានសាកសួរ អ្នកកាសែតដែលនៅក្នុងហេតុការណ៍ និងធ្វើកោសល្យវិច័យលើសព។
ក្រោយមកតុលាការខេត្តកោះកុង ក៏បានកោះហៅអ្នកយកព័ត៌មាន ២រូបរបស់កាសែត ឌឹ ខេមបូឌា ដេលី ដែលត្រូវគេចាត់ទុកថា ជាសាក្សីដ៏សំខាន់នៅក្នុងសំណុំរឿងដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឃាតកម្មនេះ។ ទោះជាយ៉ាងណា កំណត់ហេតុរបស់សមត្ថកិច្ច និងតុលាការមានភាពខុសគ្នាជានិច្ច។
បន្ទាប់មករដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេត។ ជាលទ្ធផលចុងក្រោយនៃការបិទសំណុំរឿងឃាតកម្មនោះ តុលាការខេត្តកោះកុង បានចាប់ខ្លួន និងផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ រ៉ាន់ ប៊ូរ័ត្ន ជាអតីតសន្តិសុខការពារឲ្យក្រុមហ៊ុន ធីមប៊ឺ ហ្រ្គីន ពីបទមនុស្សឃាតដោយអចេតនា ដោយថា យុវជនរូបនោះជាអ្នករារាំងមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលបានបាញ់សម្លាញ់លោក ឈុត វុទ្ធី ហើយបានបង្កឲ្យរាលកៃកាំភ្លើងស្លាប់មន្ត្រីកងរាជអាវុធហត្ថ អ៊ិន រតនា។ តុលាការបានសម្រេចផ្ដន្ទាទោសឲ្យ រ៉ាន់ ប៊ូរ័ត្ន ជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ដែលអនុវត្តទោសជាក់ស្ដែងជាប់គុក ៦ខែ ព្យួរទោស ១ឆ្នាំ។
ឆ្លើយតបបញ្ហានេះ មន្ត្រីគ្រប់គ្រងផ្នែកបច្ចេកទេសនៃអង្គការលីកាដូ លោក អំ សំអាត មានបានចាត់ទុកថា ការស្លាប់របស់លោក ឈុត វុទ្ធី នៅរយៈពេល ៣ឆ្នាំនេះ ទាំងជនរងគ្រោះនិងក្រុមគ្រួសារមិនទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ ពីព្រោះការចោទប្រកាន់លើជនសង្ស័យគ្រាន់តែជាការបង្កើតឡើងបង្គ្រប់នីតិវិធីតែប៉ុណ្ណោះ៖ «រឿងនេះវាហាក់ដូចជា ប្រព្រឹត្តិការណ៍មួយដែលគេរៀបចំដើម្បីបង្ហាញទៅមជ្ឈដ្ឋានជាតិ អន្តរជាតិ ថា ឃាតកម្មលើលោក ឈុត វុទ្ធី ត្រូវបានគេស៊ើបអង្កេត»។
លោក ឈុត វុទ្ធី មានអាយុជាង ៤០ឆ្នាំ រស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខែត្រកណ្ដាល។ លោកមានកូនចំនួនបីនាក់ ប្រុសម្នាក់ ស្រី ២នាក់។ លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពីប្រទេសរុស្សី។ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅឆ្នាំ១៩៩២ លោក ឈុត វុទ្ធី បានធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងធ្វើជាគ្រូបង្ហាត់នាយទាហាននៅក្រសួងការពារជាតិ។ លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបម្រើការងារនៅអង្គការ គ្លបល វីនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។
ក្រោយពីរដ្ឋាភិបាលបានបណ្ដេញអង្គការ គ្លបល វីនេស ចេញពីកម្ពុជា លោកក៏បានបង្កើតអង្គការមួយឈ្មោះថា អង្គការការពារធនធានធម្មជាតិ ដែលគេដឹងថា អង្គការរបស់លោកមានជំនួយពីប្រទេសអាល្លឺម៉ង់ ដែលមានសកម្មភាពការងារផ្ដោតសំខាន់លើការការពារព្រៃឈើ និងធនធានធម្មជាតិ រហូតដល់បច្ចុប្បន្ន។
ស្ទើរមួយជីវិតលោក ឈុត វុទ្ធី បានលះបង់រស់នៅតែក្នុងព្រៃមិនសូវបានជួបជុំក្រុមគ្រួសារឡើយ។លោក ឈុត វុទ្ធី មិនមែនជាមនុស្សម្នាក់ដែលមានតែទ្រឹស្ដី និងអង្គុយតែនៅក្នុងការិយាល័យនោះទេ។ ក្នុងការបំពេញការងារដ៏សំខាន់នេះ លោកតែងតែចុះទៅដល់សហគមន៍មូលដ្ឋានជួបប្រជាសហគមន៍ និងពិនិត្យមើលព្រៃឈើដោយផ្ទាល់។ លើសពីនោះទៅទៀត លោកតែងតែសង្កេតមើលថា តើមន្ត្រីការពារព្រៃឈើបានអនុវត្តច្បាប់ការពារសម្បត្តិធម្មជាតិដែរឬទេ?
មុនរងការបាញ់សម្លាប់ ខណៈចុះបំពេញបេសកកម្មការពារព្រៃឈើនៅខេត្តកោះកុង លោក ឈុត វុទ្ធី បានជួយពង្រឹងស្មារតី និងលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរអោយហ៊ានក្រោកឡើង ដើម្បីការពារសម្បត្តិធម្មជាតិកម្ពុជា ដោយខ្លួនឯង ដោយមិនត្រូវដេករង់ចាំអោយរដ្ឋាភិបាលមកការពារអោយខ្លួននោះទេ។
ចំពោះការទប់ស្កាត់បទល្មើសព្រៃឈើ លោក ឈុត វុទ្ធី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីលោកមានជីវិតថា ពលរដ្ឋខ្មែរមិនអាចពឹងពាក់រដ្ឋាភិបាលទៀតទេ ពីព្រោះមន្ត្រីដែលមានតួនាទីការពារព្រៃឈើឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញ ធ្វើអោយសម្បត្តិធម្មជាតិកម្ពុជា វិនាសហិនហោច៖ «គាត់ត្រូវតែសហការគ្នាក្រោកឈរឡើងដើម្បីការពារធនធានទាំងអស់នោះ កុំរង់ចាំតែរដ្ឋាភិបាល»។
ក្រោយការស្លាប់លោក ឈុត វុទ្ធី កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០១២ ស្ថានទូតសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងមរណៈទុក្ខដល់គ្រួសាររបស់លោក ឈុត វុទ្ធី។ សេចក្ដីថ្លែងការណ៍ដដែល បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ឱ្យស្វែងរកឃាតកសម្លាប់លោក ឈុត វុទ្ធី ពីព្រោះថា លោក ឈុត វុទ្ធី បានបំពេញការងារដ៏មានតម្លៃក្នុងការការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា និងធ្វើឲ្យមានការយកចិត្តទុកដាក់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាលមួយ ដែលមានតម្លាភាព ដើម្បីបម្រើប្រជាពលរដ្ឋ។ សហរដ្ឋអាមេរិក នៅតែមានកង្វល់ទៅលើការប្រើកម្លាំង ដើម្បីរារាំងសកម្មភាពរបស់បុគ្គលម្នាក់ៗ ដែលមានបំណងបង្ហាញឲ្យគេឃើញនូវបញ្ហាសំខាន់នានា ប្រកបដោយសន្តិវិធី ដូចជាការកាប់ឈើខុសច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។