ប្រទេសចិនជូនដំណឹងដល់ប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គ រួមទាំងគណៈកម្មការទន្លេមេគង្គ (MRC) ផង ពីការស្រកចុះទឹកទន្លេបណ្ដាលមកពីការកាត់បន្ថយរំហូរទឹកទន្លេនៅស្ថានីយទំនប់វារីអគ្គិសនីមួយរបស់ខ្លួន។ អ្នកជំនាញអភិបាលកិច្ចទឹក ថ្លែងថា ចិនជូនដំណឹងយឺត ដែលអាចធ្វើឲ្យប្រទេសនៅតាមខ្សែទឹកខាងក្រោមជួបការលំបាកក្នុងការត្រៀមខ្លួនជាមុន។
កម្រិតទឹកទន្លេនៅតាមប្រទេសខ្សែទឹកខាងក្រោមនេះ ស្រកចុះរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៤ ខែមករា ដោយសារតែប្រទេសចិនអះអាងថា ខ្លួនត្រូវការជួសជុលបណ្ដាញអគ្គិសនីផ្តល់ដោយស្ថានីយទំនប់វារីអគ្គិសនី ជីងហុង (Jinghong Hyrdropower Station) ស្ថិតក្នុងខេត្តយូណាន (Yunan)។
គណៈកម្មការទន្លេមេគង្គឲ្យដឹងតាមរយៈ សេចក្ដីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៦ មករាថា ហេតុការណ៍នេះ នឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃ ឡាវ និងកម្ពុជា ទទួលរងនូវការប្រែប្រួល។ គណៈកម្មការទន្លេមេគង្គ ឲ្យដឹងថា ផ្អែកតាមសេចក្ដីជូនដំណឹងដែលខ្លួនទទួលបានពីក្រសួងធនធានទឹករបស់ចិន កាលពីថ្ងៃទី៥ មករា ការជួសជុលខ្សែបណ្ដាញចែកចាយអគ្គិសនីពីស្ថានីយវារីអគ្គិសនីរបស់ខ្លួន នឹងបណ្ដាលឲ្យមានការកាត់បន្ថយរំហូរទឹក ក្នុងកម្រិត ១ពាន់ម៉ែត្រគូបក្នុងមួយវិនាទី ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី២៤ ខែមករា។ សេចក្ដីជូនដំណឹងដដែលបន្តថា បរិមាណរំហូរទឹកទន្លេ នឹងមានស្ថានភាពដូចដើមវិញនៅថ្ងៃទី២៥ ខែមករា ខាងមុខ។ យ៉ាងណា ផ្អែកតាមការអង្កេតទិន្នន័យកម្រិតទឹកទន្លេមេគង្គនៅឯស្ថានីយវារីអគ្គិសនី ជីងហុង ដែលមានត្រឹមថ្ងៃទី៤ មករា គណៈកម្មការនេះរកឃើញថា កម្រិតរំហូរទឹកទន្លេបានចាប់ផ្ដើមស្រកចុះស្ទើរតែពាក់កណ្ដាល កាលពីថ្ងៃទី១ ខែមករា។
គណៈកម្មការទន្លេមេគង្គ គូសបញ្ជាក់ថា ផ្អែកតាមការព្យាកររបស់ខ្លួន កម្រិតទឹកទន្លេនៅតាមទន្លេមេគង្គអាចនឹងស្រកចុះប្រមាណ ១,២០ ម៉ែត្រ។ យ៉ាងណា គណៈកម្មការទន្លេមេគង្គ ឲ្យដឹងថា កម្រិតទឹកទន្លេមេគង្គនៅស្ថានីយខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ក្រុងភ្នំពេញ កោះខែល និងអ្នកលឿង ហាក់នៅមិនទាន់ស្រកចុះនៅឡើយទេ គិតត្រឹមថ្ងៃទី៥ មករា។ គណៈកម្មការទន្លេមេគង្គ ព្យាករបន្តថា កម្រិតទឹកទន្លេនៅតាមតំបន់ទាំងនេះ នឹងមិនរំពឹងថា មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្រកចុះក្នុងកម្រិតទាបជាង ១ម៉ែត្រប៉ុណ្ណោះ ក្នុងចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតប្រចាំតំបន់របស់គណៈកម្មការទន្លេមេគង្គ លោក ឡាំ ហ៊ុងសុន (Dr. Lam Hung Son) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា ហេតុការណ៍នេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបររស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមទន្លេមេគង្គ ដូចជា ការនេសាទត្រី ជាដើម។ លោកថា មជ្ឈមណ្ឌលរបស់លោកនឹងបន្តតាមដានស្ថានភាពប្រែប្រួលនៃកម្រិតទឹកទន្លេនេះយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកជំនាញផ្នែកអភិបាលកិច្ចទឹក និងថាមពល លោក ហែម ឧត្តម ប្រាប់អាស៊ីសេរីថា ការជូនដំណឹងរបស់ប្រទេសចិន នាពេលនេះ បើប្រៀបធៀបទៅនឹងពេលអតីតកាល អាចជាដំណើរវិវត្តន៍ប្រសើរជាងមុន។ ក៏ប៉ុន្តែ លោកថា ការជូនដំណឹងនេះ ហាក់នៅមានកម្រិតនៅឡើយ៖ « យើងឃើញថា ទិន្នន័យហ្នុងបានមកតែពីមួយស្ថានីយទេ។ ចំណែកស្ថានីយផ្សេងៗទៀត យើងដឹងហើយមាននៅក្នុងទន្លេឡានឆាង ផ្នែកខាងលើប្រទេសចិន មានរហូតដល់ទៅ ១១ទំនប់។ ស្ថានីយផ្សេងៗនោះ យើងអត់មានទិន្នន័យអីទេ។ អ៊ីចឹង ការឯកភាពរបស់គេ នៅក្នុងរង្វង់តែស្ថានីយពីរទេ ហើយពីរហ្នុង មានតែមួយទៀត ដូចជា ជីងហុង ដែលជាប់នឹងទន្លេឡានឆាង។ អញ្ចឹង ក្រៅពីនោះ យើងនៅអត់ដឹង » ។
នេះគឺជាលើកទីមួយហើយ ដែលប្រទេសចិនចាប់ផ្ដើមចែករំលែកព័ត៌មានរំហូរទឹកទន្លេមេគង្គ ក្រោយប្រទេសនេះ បានសន្យាជាមួយក្រុមប្រទេសនៅតាមខ្សែទឹកខាងក្រោមទន្លេមេគង្គ ថា ខ្លួននឹងផ្តល់ព័ត៌មាននានា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ នេះ ពាក់ព័ន្ធនឹងការកើនឡើង ឬការស្រកចុះខុសប្រក្រតីនៃកម្រិតទឹកទន្លេ។ នៅមុនការសន្យាចែករំលែកព័ត៌មានទឹកនេះ ប្រទេសចិន រងការចោទប្រកាន់ថា បានប្រើទំនប់វារីអគ្គិសនីរបស់ខ្លួននៅខ្សែទឹកខាងលើ ដើម្បីរាំងខ្ទប់រំហូរទន្លេមេគង្គ ដែលបានបង្កឲ្យមានគ្រោះរាំងស្ងួត និងរីងស្ងួតខុសប្រក្រតីក្នុងចំណោមប្រទេសខ្សែទឹកខាងក្រោម មិនធ្លាប់មានពីមុនមកអស់រយៈពេល ២ឆ្នាំជាប់ៗ គ្នា។
Update for Week of 12/28/20-1/3/21: It's 2021, do you know where your water is? No notification from China on major...
Posted by Mekong Dam Monitor on Tuesday, January 5, 2021
ផ្អែកតាមទំព័រហ្វេសប៊ុកផ្លូវការនៃកម្មវិធីឃ្លាំមើលទំនប់វារីអគ្គិសនីប្រចាំតំបន់មេគង្គ (Mekong Dam Monitor) របស់មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអាមេរិក ស្ទីមសុន សេនធឺ (Stimson Center) ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណប កាលពីថ្ងៃអង្គារ កម្មវិធីនេះរកឃើញថា ប្រទេសចិន មិនបានជូនដំណឹងដល់ប្រទេសជិតខាងរបស់ខ្លួននៅពេលដែលទំនប់វារីអគ្គិសនីជីងហុង បានចាប់ផ្ដើមរឹតត្បិតរំហូរទឹក តាំងពីថ្ងៃទី៣១ ធ្នូ មកម្ល៉េះ។ ការណ៍នេះបានបណ្ដាលឲ្យកម្រិតទឹកទន្លេស្រកចុះរហូតដល់ទៅ ១ម៉ែត្រ នៅតាមប្រទេសខ្សែទឹកខាងក្រោម ហើយអាចបង្កផលប៉ះពាល់ដល់បរិមាណត្រី។
លោក ហែម ឧត្តម ថា ភាពនៅមានកម្រិត និងការយឺតយ៉ាវនៃការជូនដំណឹងរបស់ប្រទេសចិន នឹងធ្វើឲ្យប៉ះពាល់ដល់ការត្រៀមខ្លួនជាមុនរបស់ប្រទេសនៅតាមខ្សែទឹកខាងក្រោម៖ « បើសិនជាការជូនដំណឹងនៅតែមានភាពយឺតយ៉ាវដដែល អ៊ីចឹងវានៅតែផ្តល់នូវការលំបាកក្នុងការត្រៀមខ្លួនរបស់ប្រជាកសិករ ប្រជានេសាទនៅតាមខ្សែទឹកខាងក្រោម។ មែនទែនទៅ គួរតែមានការពិគ្រោះយោបល់ថែមទៀត មិនត្រឹមតែជូនដំណឹងទេ ពីព្រោះអីទីតាំងភូមិសាស្ត្រ ជីវសាស្ត្រនៃប្រព័ន្ធទន្លេមេគង្គ វាខុសៗ គ្នា វាអត់ដូចគ្នាទេ ...» ។
ប្រទេសចិន បច្ចុប្បន្នកំពុងដាក់ឲ្យដំណើរការប្រតិបត្តិទំនប់វារីអគ្គិសនីធំបំផុតចំនួន១១ រីឯប្រទេសឡាវកំពុងដំណើរការប្រតិបត្តិវារីអគ្គិសនីចំនួនពីរ។ សហរដ្ឋអាមេរិក ធ្លាប់ព្រមានថា ទន្លេមេគង្គ មិនមែនជាធនធានផ្ដាច់មុខឲ្យប្រទេសចិនគ្រប់គ្រងតែឯងតាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននៅខ្សែទឹកខាងលើនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
