ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​មុខ​របរ​ពលរដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កោះកុង ព្រួយ​បារម្ភ​ខ្លាច​សកម្មភាព​បូម​ខ្សាច់ នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​រំខាន​ដល់​ការ​ប្រកប​មុខ​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​តំបន់​នោះ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​មួយ កំពុង​បូម​ខ្សាច់​យ៉ាង​មមាញឹក​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ​នៅ​ស្រុក​បុទុមសាគរ។

ពលរដ្ឋ​អះអាង​ថា អស់​រយៈ​ពេល​៦​ខែ​មក​ហើយ ដែល​មាន​សាឡង់​បូម​ខ្សាច់ ស្ថិត​នៅ​ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ទាំង​យប់​ទាំង​ថ្ងៃ។ អ្នកភូមិ​លើក​ឡើង​ថា ពួក​គាត់​ប្រទះ​ឃើញ​សាឡង់​បូម​ខ្សាច់​ទាំង​អស់​នោះ ដឹក​ជញ្ជូន​យក​ខ្សាច់​ទៅ​ចាក់​លុប​ឆ្នេរ​សមុទ្រ​នៅ​ឃុំ​ព្រែកខ្សាច់ ដើម្បី​សាងសង់​កំពង់ផែ​របស់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តានូន លោក សំ ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ថា បច្ចុប្បន្ន​មាន​សាឡង់​ជាង ១០​គ្រឿង​កំពុង​តែ​មមាញឹក​បូម​ខ្សាច់ ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជា​នេសាទ​នៅ​តំបន់​នោះ មិន​អាច​រក​បាន​ជលផល​ដូច​មុន​ឡើយ។ លោក​បន្ថែម​ថា អាជ្ញាធរ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ និង​ស្ដាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ ដែល​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​នោះ​ទេ ហើយ​បច្ចុប្បន្ន​មាន​ប្រជា​នេសាទ​ជាង ៣០០​គ្រួសារ ដែល​កំពុង​តែ​ប្រកប​របរ​នេសាទ​នៅ​តំបន់​នោះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

លោក សំ ធី៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​មួយ កំពុង​ធ្វើ​ការ​បូម​ខ្សាច់​រាល់​ថ្ងៃ សុំ​ឲ្យ​ដក​ឬ​ក៏​ពិនិត្យ​អាជ្ញាប័ណ្ណ​ឡើង​វិញ មក​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ពួក​ខ្ញុំ​កំពុង​តែ​រងគ្រោះ កុំ​ឲ្យ​ពួក​ខ្ញុំ​បាត់បង់​ជំនឿ​ដល់​រដ្ឋាភិបាល មាន​នរណា​បោះឆ្នោត​ជូន​គាត់​មាន​តែ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​នេះ​ហើយ ពេល​បោះឆ្នោត​ឲ្យ​ហើយ​អត់​គិតគូរ​ដល់​ប្រជាពលរដ្ឋ សូម​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ទាំង​អស់​នេះ ហើយ​គាត់​ទាំង​អស់​គ្នា​គាត់​រំពឹង​ទៅ​លើ​អ្វី​ស្រែ​ក៏​គាត់​មិន​មាន​ធ្វើ​មាន​តែ​តំបន់​នេសាទ​នេះ​តែ​មួយ​គត់»។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ទាំង​អាជ្ញាធរ​ភូមិ​ឃុំ និង​អាជ្ញាធរ​ថ្នាក់​ជាតិ មិន​ទាន់​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់​ជុំ​វិញ​អាជីវកម្ម​បូម​ខ្សាច់​នេះ​នោះ​ទេ។ លោក​ស្រី​បន្ថែម​ថា ការ​បូម​ខ្សាច់​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​ធ្លាប់​នេសាទ​ជុំ​វិញ​ទី​តាំង​នោះ។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «សំណូមពរ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​មាន​តែ​ពលរដ្ឋ​ក្រោក​ឈរ​ការពារ​ទើប​ការពារ​តំបន់​របស់​ខ្លួន​យើង​បាន ពីព្រោះ​កន្លង​មក​ក៏​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​អ្នក​ការពារ​តវ៉ា​បាន​ដោយ​ខ្លួន​ឯង​ដែរ​កន្លង​មក បើ​សម្រាប់​អាជ្ញាធរ​ភូមិ​ឃុំ​គាត់​ដូច​អត់​មាន​សកម្មភាព​អ្វី​ផង»។

ប្រជាពលរដ្ឋ​លើក​ឡើង​ទៀត​ថា តំបន់​ដែល​មាន​សាឡង់​បូម​ខ្សាច់​គឺ​ស្ថិត​នៅ​ត្រង់​ចំណុច​មាត់ពាមតានូន ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ជា​កន្លែង​ដែល​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន​៣ ជាង​៣០០ គ្រួសារ កំពុង​ប្រកប​របរ​នេសាទ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក្នុង​នោះ​មាន​ស្រុក​បុទុមសាគរ គីរីសាគរ និង​ស្រុក​ស្រែអំបិល ។ ពលរដ្ឋ​បន្ថែម​ថា ពួក​គាត់​អាច​រក​ប្រាក់​បាន​ពី​ការ​នេសាទ ចាប់​ពី ១០​ម៉ឺន​រៀល ទៅ ២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​មិន​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ពលរដ្ឋ​រក​មិន​សូវ​បាន​ដូច​មុន​ឡើយ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ចំណែក អ្នកឧកញ៉ា លី យ៉ុងផាត ក៏​វិទ្យុ​អាស៊ីសេរី មិន​ទាន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា មុន​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម អាជ្ញាធរ​ត្រូវ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ហើយ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ជៀសវាង​អាជ្ញាធរ​រង​នូវ​ពាក្យ​រិះគន់​ពី​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ថែម​ទៀត។

លោក យិន ម៉េងលី៖ «អ៊ីចឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់​មន្ទិល​សង្ស័យ អស់​ចម្ងល់ អស់​បញ្ហា មន្ត្រី​ជំនាញ​ត្រូវ​ធ្វើការ​បកស្រាយ​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ប៉ះពាល់​មុខ​របរ​ជីវភាព​របស់​ពួកគាត់​បាត់បង់​ជីវចម្រុះ​នៅ​ក្នុង​សមុទ្រ​ជំនាញ​ត្រូវ​ធ្វើការ​ពន្យល់ ត្រូវ​សិក្សា​ឡើង​វិញ ពីព្រោះ​កាល​ណា​យើង​ធ្វើការ​អភិវឌ្ឍ​ហើយ​បាត់បង់​ប្រយោជន៍ ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ»។

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​អាជីវកម្ម​បូម​ខ្សាច់​ជា​បណ្ដោះ​អាសន្ន ដើម្បី​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ជាង​៣០០​គ្រួសារ សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​ស្វែង​រក​ដំណោះស្រាយ ហើយ​ប្រសិនបើ​រក​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​បញ្ឈប់ និង​ដក​ហូត​យក​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ក្រុមហ៊ុន​នេះ​មក​វិញ បើ​ពុំ​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​គ្មាន​កន្លែង​នេសាទ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ដូច​មុន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។