មន្ត្រីសង្គមស៊ីវិលនិងសកម្មជនបរិស្ថានស្នើឱ្យអាជ្ញាធរខេត្តសៀមរាប រឹតបន្តឹងបញ្ហាទុកដាក់សំរាម ក្នុងពិធីបុណ្យអុំទូក ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្ត។
សំណើនេះធ្វើឡើង ក្រោយពីពួកគេសង្កេតឃើញថា ឱ្យតែមានពិធីបុណ្យទានធំៗ ពលរដ្ឋមួយចំនួននៅតែបោះចោលសំរាមតាមទីសាធារណៈ និងចូលស្ទឹងសៀមរាបប៉ះពាល់សម្រស់បរិស្ថានក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការចោលសំរាមតាមទីសាធារណៈ នៅតែជាវិបត្តិបរិស្ថានដដែលៗ នៅគ្រាដែលមានពិធីបុណ្យជាតិធំៗ ម្តងៗ ឆ្លុះបញ្ចាំងអំពីឥរិយាបថមិនល្អរបស់ពលរដ្ឋមួយចំនួន ដែលអាជ្ញាធររដ្ឋាភិបាលគួរតែដោះស្រាយឱ្យមានប្រសិទ្ធភាព។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ តុលាថា ពលរដ្ឋមួយចំនួនដែលទៅចូលរួមពិធីបុណ្យអុំទូកក្នុងសៀមរាប គឺជាគោលដៅចោលសំរាម ហេតុនេះអាជ្ញាធរគួរតែរឹតបន្តឹងបញ្ហានេះឱ្យចំទិសដៅ និងអប់រំផ្សព្វផ្សាយណែនាំពួកគាត់ឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរត្រូវពង្រាយធុងសំរាមតាមទីសាធារណៈឱ្យបានច្រើន និងកើបសំរាមចេញពីធុងឱ្យទាន់ពេល។
លោក ម៉ា ចិត្រា៖ «បើចង់ឱ្យមានភ្ញៀវទេសចរណ៍បរទេសមកលេងស្រុកខ្មែរហ្នឹង បញ្ហាបរិស្ថានជាចំណុចសំខាន់ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានដែរ ដូចជា ពួកអឺរ៉ុប ដែលពួកគេរស់នៅបែបមានអនាម័យខ្ពស់ អត់ដូចអ្នកនៅអាស៊ីមួយចំនួនទេ។ អ៊ីចឹង បើចង់ឲ្យមានភ្ញៀវទេសចរណ៍មកលេងច្រើន គួរតែដោះស្រាយបញ្ហាហ្នឹងឱ្យបាន»។
ជាមួយគ្នានេះ ពលរដ្ឋរស់នៅខេត្តសៀមរាប លោក ម៉ាលី សានី សង្កេតឃើញថា កន្លងទៅឱ្យតែមានពិធីបុណ្យទានម្តងៗ សំរាមថង់ប្លាស្ទិក និងខិត្តប័ណ្ណ រាយប៉ាយតាមទីសាធារណៈ និងមានសំរាមខ្លះទៀតគេបោះចោលចូលក្នុងស្ទឹងសៀមរាប។
លោកយល់ថា ក្នុងពិធីបុណ្យអុំទូកនេះអាជ្ញាធរគួរតែផ្សព្វផ្សាយតាមឧបករណ៍បំណងសំឡេង ឱ្យអ្នកលក់ដូរនិងភ្ញៀវទេសចរទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ភ្ញៀវទេសចរម្នាក់ មកពីរាជធានីភ្នំពេញទៅកម្សាន្តក្នុងខេត្តសៀមរាប លោក គុង ឈីងគិន យល់ថា ប្រសិនបើអាជ្ញាធររៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ នឹងលើកតម្លៃមុខមាត់ប្រទេសជាតិ ទាក់ទាញអ្នកទេសចរកាន់តែច្រើន បង្កើនប្រាក់ចំណូលជាតិ។
លោក គុង ឈីងគិន៖«និយាយរួមទៅប្រសិនបើកម្មវិធីធំៗ យើងអាចគ្រប់គ្រងការទុកដាក់សំរាម កុំឱ្យប៉ះពាល់បាន អារម្មណ៍ភ្ញៀវទេសចរណ៍ដើរទៅ គឺស្រស់ស្រាយ អត់មានក្លិនស្អុយ ឬ សំរាមប៉ះពាល់អារម្មណ៍ពួកគាត់ទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេនៅថ្ងៃទី ១៣ វិច្ឆិកា ដោយទូរសព្ទហៅចូលតែគ្មានអ្នកលើក។
ក៏ប៉ុន្តែថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងរៀបចំកម្មវិធីនេះមានគោលបំណងរក្សាទំនៀមទម្លាប់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរកម្សាន្តក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ អាជ្ញាធរបានរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សង្គមល្អប្រសើរ ដែលជាកត្តាស្តារវិស័យទេសចរណ៍ឡើងវិញ។
ជុំវិញរឿងនេះប្រធានសមាគមមគ្គុទ្ទេសក៍អង្គរ លោក ខៀវ ធី មើលឃើញថា បច្ចុប្បន្នអាជ្ញាធរបានប្រឹងប្រែងរៀបចំទុកដាក់សំរាមប្រសើរជាងមុន បើធៀបនឹងឆ្នាំកន្លងទៅ ហើយពលរដ្ឋមួយចំនួន ក៏មានការយល់ដឹងច្រើនដែរ។
តែយ៉ាងណាក្ដី លោកថា ក្នុងពិធីបុណ្យជាតិធំៗ ប្រសិនបើមានសំរាមច្រើននឹងប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរមិនចង់មកទស្សនានៅកម្ពុជានោះឡើយ។
លោក ខៀវ ធី៖«កាលណាតែសំរាមច្រើន ភ្ញៀវអត់ចូលចិត្តទេគេថាយើងគគ្រិច ហើយគេនឹងមិនចង់មកលេង។ អ៊ីចឹងហើយទើបក្រុមរបស់ខ្ញុំតែងតែបង្កើតការដើរសំរាមដើម្បីកុំឱ្យខ្មាសភ្ញៀវបរទេស»។
អាជ្ញាធរខេត្តសៀមរាបបានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ក្នុងពិធីបុណ្យនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើននាក់បានសម្រុកដើរកម្សាន្តក្នុងក្រុងសៀមរាប និងតាមប្រាសាទបុរាណនានា ធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះកើនឡើងនូវភ្ញៀវទេសចរយ៉ាងគំហុក។ រីឯកំណើនសំរាមក៏កើនឡើងច្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
