មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ខេត្តសៀមរាប​ឱ្យ​រឹត​បន្តឹង​បញ្ហា​ទុក​ដាក់​សំរាម​ក្នុង​ពិធីបុណ្យ​អុំទូក

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​និង​សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប រឹត​បន្តឹង​បញ្ហា​ទុក​ដាក់​​សំរាម ក្នុង​ពិធី​បុណ្យ​អុំទូក ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។

សំណើ​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា ​ឱ្យ​តែ​មាន​ពិធី​បុណ្យ​ទាន​ធំៗ ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បោះ​ចោល​សំរាម​តាម​ទី​សាធារណៈ និង​ចូល​ស្ទឹង​សៀមរាប​ប៉ះពាល់​សម្រស់​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​ចោល​សំរាម​តាម​ទី​សាធារណៈ នៅតែ​ជា​វិបត្តិ​បរិស្ថាន​ដដែលៗ នៅ​គ្រា​ដែល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ម្តងៗ ឆ្លុះ​បញ្ចាំង​អំពី​ឥរិយាបថ​មិន​ល្អ​របស់​ពលរដ្ឋ​មួយ​ចំនួន ដែល​អាជ្ញាធរ​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព។

សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ តុលា​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ចូលរួម​ពិធី​បុណ្យ​អុំទូក​ក្នុង​សៀមរាប គឺជា​គោលដៅ​ចោល​សំរាម​ ហេតុនេះ​អាជ្ញាធរ​គួរតែ​រឹត​បន្តឹង​បញ្ហា​នេះ​ឱ្យ​ចំ​ទិសដៅ និង​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ពួកគាត់​ឱ្យ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​ពង្រាយ​ធុង​សំរាម​តាម​ទី​សាធារណៈ​ឱ្យ​បាន​ច្រើន​ និង​កើប​សំរាម​ចេញ​ពី​ធុង​ឱ្យ​ទាន់​ពេល។

លោក ម៉ា ចិត្រា៖ «បើ​ចង់​ឱ្យ​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​លេង​ស្រុក​ខ្មែរ​ហ្នឹង បញ្ហា​បរិស្ថាន​ជា​ចំណុច​សំខាន់ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ដែរ ដូច​ជា ពួក​អឺរ៉ុប ដែល​ពួក​គេ​រស់​នៅ​បែប​មាន​អនាម័យ​ខ្ពស់ អត់​ដូច​អ្នក​នៅ​អាស៊ី​មួយ​ចំនួន​ទេ។ អ៊ីចឹង បើ​ចង់​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ច្រើន គួរតែ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឱ្យ​បាន»។

ជា​មួយ​គ្នា​នេះ ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប លោក ម៉ាលី សានី សង្កេត​ឃើញ​ថា កន្លង​ទៅ​ឱ្យ​តែ​មាន​ពិធី​បុណ្យ​ទាន​ម្តងៗ សំរាម​ថង់​ប្លាស្ទិក និង​ខិត្តប័ណ្ណ រាយ​ប៉ាយ​តាម​ទី​សាធារណៈ និង​មាន​សំរាម​ខ្លះ​ទៀត​គេ​បោះចោល​ចូល​ក្នុង​ស្ទឹង​សៀមរាប។

លោក​យល់​ថា ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​អាជ្ញាធរ​គួរតែ​ផ្សព្វផ្សាយ​តាម​ឧបករណ៍​បំណង​សំឡេង ឱ្យ​អ្នក​លក់ដូរ​និង​ភ្ញៀវ​ទេសចរ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។

ភ្ញៀវ​ទេសចរ​ម្នាក់ មកពី​រាជធានី​ភ្នំពេញ​ទៅ​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប លោក គុង ឈីងគិន យល់​ថា ប្រសិន​បើ​អាជ្ញាធរ​រៀបចំ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​រក្សា​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ នឹង​លើក​តម្លៃ​មុខមាត់​ប្រទេស​ជាតិ ទាក់ទាញ​អ្នកទេសចរ​កាន់​តែ​ច្រើន ​បង្កើន​ប្រាក់​ចំណូល​ជាតិ។

លោក គុង ឈីងគិន៖«និយាយរួម​ទៅ​ប្រសិន​បើ​កម្មវិធី​ធំៗ យើង​អាច​គ្រប់គ្រង​ការ​ទុក​ដាក់​សំរាម កុំ​ឱ្យ​ប៉ះពាល់​បាន អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ដើរ​ទៅ គឺ​ស្រស់​ស្រាយ អត់​មាន​ក្លិន​ស្អុយ ឬ សំរាម​ប៉ះពាល់​អារម្មណ៍​ពួក​គាត់​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​សៀមរាប​ លោក ប្រាក់ សោភ័ណ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ១៣ វិច្ឆិកា​ ដោយ​ទូរសព្ទ​ហៅ​ចូលតែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​ចេញ​សេចក្តី​ជូន​ដំណឹង​រៀបចំ​កម្ម​វិធី​នេះ​មាន​គោល​បំណង​រក្សា​ទំនៀម​ទម្លាប់​ខ្មែរ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប។ ជា​មួយ​គ្នា​នេះ អាជ្ញាធរ​បាន​រៀបចំ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព សង្គម​ល្អ​ប្រសើរ ដែល​ជា​កត្តា​ស្តារ​​វិស័យ​ទេសចរណ៍​ឡើង​វិញ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ លោក ខៀវ ធី មើល​ឃើញ​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​ប្រឹងប្រែង​រៀបចំ​ទុកដាក់​សំរាម​ប្រសើរ​ជាង​មុន បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ហើយ​ពលរដ្ឋ​មួយ​ចំនួន ក៏​មាន​ការ​យល់​ដឹង​ច្រើន​ដែរ។

តែ​យ៉ាង​ណា​ក្ដី លោក​ថា ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ ប្រសិន​បើ​មាន​សំរាម​ច្រើន​នឹង​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មិន​ចង់​មក​ទស្សនា​នៅ​កម្ពុជា​នោះ​ឡើយ។

លោក ខៀវ ធី៖«កាល​ណា​តែ​សំរាម​ច្រើន ភ្ញៀវ​អត់​ចូលចិត្ត​ទេ​គេ​ថា​យើង​គគ្រិច​ ហើយ​គេ​នឹង​មិន​ចង់​មក​លេង។ អ៊ីចឹង​ហើយ​ទើប​ក្រុម​របស់​ខ្ញុំ​តែង​តែ​បង្កើត​ការ​ដើរ​សំរាម​ដើម្បី​កុំ​ឱ្យ​ខ្មាស​ភ្ញៀវ​បរទេស»។

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ​រយៈ​ពេល ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែវិច្ឆិកា។ ក្នុង​ពិធី​បុណ្យ​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ច្រើន​នាក់​បាន​សម្រុក​ដើរ​កម្សាន្ត​ក្នុង​ក្រុង​សៀមរាប និង​តាម​ប្រាសាទ​បុរាណ​នានា ធ្វើ​ឱ្យ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​កើន​ឡើង​នូវ​ភ្ញៀវ​ទេសចរ​យ៉ាង​គំហុក។ រីឯ​កំណើន​សំរាម​ក៏​កើន​ឡើង​ច្រើន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។