សកម្មជនបក្សភ្លើងទៀនដែលកំពុងរស់នៅប្រទេសថៃ នៅថ្ងៃទី១៩ ខែកុម្ភៈ បន្តជួបជុំពលករខ្មែរជិត៦០នាក់នៅខេត្ត ឈុនបុរី ប្រទេសថៃ (Chhun Buri) ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់ខ្លួន ដើម្បីរកអ្នកគាំទ្រមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកការជួបជុំនេះថា ជាសិទ្ធិសម្ដែងមតិផ្នែកនយោបាយ ប៉ុន្តែត្រូវរក្សាជំហរឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។
សកម្មជនបក្សភ្លើងនិងពលករខ្មែរនៅប្រទេសថៃជិត៦០នាក់បន្តប្រមូលផ្ដុំគ្នាដោយពួកគាត់លើកឡើងថាការកៀងគរពលករខ្មែរនេះគឺជាក្ដីសង្ឃឹមមួយដើម្បីធ្វើការផ្លាស់ប្ដូរមេដឹកនាំនាពេលបច្ចុប្បន្ននិងចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគាត់ថា ពលករខ្មែរតាមខេត្តនានាក្នុងប្រទេសថៃកំពុងចាប់អារម្មណ៍និងគាំទ្រច្រើនលើបក្សភ្លើងទៀន។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីពួកគាត់បានប្រមូលផ្តុំគ្នាដោយអ្នកខ្លះពាក់មួកស្លាកគណបក្សភ្លើងទៀនរួមនឹងសំឡេងស្រែកគាំទ្របក្សមួយនេះ។ កម្មវិធីជួបជុំនេះក៏មាននិមន្តព្រះសង្ឃខ្មែរចំនួន៣ព្រះអង្គដើម្បីសូត្រមន្តប្រោសព្រំនិងធ្វើពិធីឧទ្ទិសកុសលដល់អ្នកស្នេហាជាតិរួមមានអ្នកវិភាគនយោបាយ លោក បណ្ឌិត កែម ឡី អ្នកការពារព្រៃឈើ លោក ឈុន វុទ្ធី អ្នកការពារសិទ្ធិកម្មករសហជីពលោក ជា វិជ្ជា និងអ្នកស្នេហាជាតិជាច្រើនទៀតដែលបានស្លាប់នៅក្នុងរបរដឹកនាំរបស់លោក ហ៊ុន សែន៖
«គំនិតខ្មែរកើតកំណើតខ្មែរមាន ពលករអុចទៀន សង្គ្រោះជាតិយើង គំនិតខ្មែរកើត កំណើតខ្មែរមានពលករអុចទៀនសង្គ្រោះជាតិ»។
តំណាងសកម្មជនបក្សភ្លើងទៀននៅប្រទេសថៃលោក ឆន សុខឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកុម្ភៈថា លោករួមនឹងសកម្មជនបក្សភ្លើងទៀនជាច្រើននាក់បានប្រមូលផ្ដុំគ្នាដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្សដើម្បីស្វែងរកសំឡេងគាំទ្របន្ថែមពីពលករខ្មែរទាំងនោះ៖
«គណបក្សកាន់អំណាចសូមបក្សកាន់អំណាចគោរពតាមរដ្ឋធម្មនុញ្ញកម្ពុជាពិសេស គឺបើកលំហប្រជាធិបតេយ្យឱ្យគណបក្សភ្លើងទៀន ក៏ដូចជាបក្សប្រឆាំងផ្សេងទៀតដើម្បីមានសិទ្ធិបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយពួកយើងទាំងអស់គ្នាដែលគោរពស្រឡាញ់ប្រជាធិបតេយ្យនឹងគឺ ចង់មើលលំហប្រជាធិបតេយ្យនៅកម្ពុជាមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន»។
ចំណែកពលករខ្មែរម្នាក់ដែលធ្វើការសំណងនៅប្រទេសថៃអស់រយៈពេល២ឆ្នាំ លោក ភួក វី លើកឡើងថាការចូលរួមកម្មវិធីជួបជុំគ្នាថ្ងៃនេះដោយសារតែលោកជឿជាក់លើគោលនយោបាយបក្សភ្លើងទៀន។ លោករំពឹងថាបើសិនជាបក្សមួយនេះឈ្នះឆ្នោតនៅពេលខាងមុខលោកចង់ឃើញប្រទេសកម្ពុជាផ្ដល់នូវយុត្តិធម៌ដល់ពលរដ្ឋទន់ខ្សោយលុបបំបាត់អំពើពុករលួយនិងជួយស្វែងរកការងារជូនពលករខ្មែរអាចត្រឡប់ទៅធ្វើការងារនៅឯស្រុកខ្មែរវិញព្រោះពួកគាត់មិនចង់ឆ្លាតឆ្ងាយពីស្រុកកំណើតនិងប្រពន្ធកូនទៀតនោះឡើយ៖
«ចិត្តខ្ញុំចង់ឱ្យផ្លាស់ប្ដូរ(បក្សកាន់អំណាច)តាំងយូរហើយ គឺវាពិបាកណាស់ វេទនាណាស់ប្រជាជនខ្មែរនៅខ្មែរ។ខ្ញុំគាំទ្របក្សភ្លើងទៀនជានិច្ច។ ខ្ញុំចង់សំណូមពរឱ្យបក្សភ្លើងទៀនយើងឱ្យជួយប្រជាជនខ្មែរយើងនៅក្រៅប្រទេសថៃឱ្យជួយសុខទុក្ខគាត់»។
ជុំវិញរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខឥសានប្រាប់វិទ្យុអាស៊ីសេរី ថា ការជួបជុំស្វែងរកអ្នកគាំទ្ររបស់សកម្មជនបក្សភ្លើងទៀននេះគឺជាសិទ្ធិរបស់ពួកគាត់។ ទោះយ៉ាងណាលោកថា សម្រាប់គណបក្សកាន់អំណាចមិនដែលខ្លាចអ្នកណានោះទេហើយលោកក៏ស្វាគមន៍គ្រប់បក្សនយោបាយក្នុងការចូលរួមបោះឆ្នោតនៅពេលខាងមុន៖
«អាហ្នឹងវាធម្មតាតើកាលណាប្រកួតប្រជែងសុទ្ធមានគេហៅថា ក្ដីសង្ឃឹមរាងៗខ្លួនហើយ មិនមែនតែគណបក្សគាត់ទេ គណបក្សផ្សេងគេមានក្ដីសង្ឃឹមដូចគ្នា។ ឱ្យតែគាត់សង្ឃឹមទៅ ឱ្យតែសម្រេចដូចបំណងទៅ ក្រែងខ្លាចតែមិនបានសម្រេចដូចបំណង។ ដូចខ្ញុំថា ចឹងឱ្យគាត់អំពាវនេះគឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែបងប្អូនដែលដើរតាមគាត់អត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អីចឹងបានសិទ្ធិមកពីណាទៅបោះឆ្នោតចាញ់ទៀត ដល់ពេលចាញ់ទៀតថា គេលួចសន្លឹកឆ្នោតទៀតហើយ»។
ថ្វីដ្បិតការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចឱ្យមានការចូលរួមការបោះឆ្នោតពីសំណាកពលរដ្ឋនិងអ្នកនយោបាយបក្សប្រឆាំងបែបនេះក្ដីក៏អ្នកវិភាគនយោបាយមើលឃើញថាការចូលរួមរបស់បក្សប្រឆាំងហាក់រួមតូចចង្អៀតជាពិសេសការសម្ដែងមតិរកអ្នកគាំទ្រ។
ទោះយ៉ាងណានាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) ដែលធ្វើការផ្នែកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាលោក សំ គន្ធមី លើកឡើងថាការប្រឹងប្រែងធ្វើយុទ្ធនាការស្វែងរកសំឡេងអ្នកគាំទ្ររបស់បក្សភ្លើងទៀននៅប្រទេសថៃគឺជារឿងត្រឹមត្រូវខណៈដែលបក្សកាន់អំណាចក៏បន្តធ្វើសម្មភាពទាំងនោះជាហូរហែ។ លោកបន្តថាអ្វីដែលជាក្ដីបារម្ភនោះគឺការចូលរួមជីវភាពនយោបាយរបស់បក្សប្រឆាំងហាក់មិនសូវមានស្ថានភាពល្អប្រសើរនោះទេស្របពេលដែលជាបក្សកាន់អំណាចនិងបក្សប្រឆាំងនៅតែបន្តខាំធ្មេញដាក់គ្នាដូចសព្វថ្ងៃ៖
«គឺជំហរសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយសំខាន់ បានន័យថា គណបក្សនយោបាយត្រូវផ្ដល់សិទ្ធិពេញលេញខាងផ្លូវច្បាប់។ សិទ្ធិនយោបាយដែលគាត់ធ្វើសកម្មភាពនយោបាយស្វែងរកការគាំទ្រអាហ្នឹងសំខាន់មួយ ហើយសិទ្ធិពលរដ្ឋនឹងអ៊ីចឹងដែរ។ សិទ្ធិពលរដ្ឋកុំមានការគំរាមកំហែងកៀបសង្កាត់ឱ្យគាត់នឹងចូលរួមការបោះឆ្នោតឱ្យបានគ្រប់គ្នាទៅតាមគណបក្សដែលគាត់ពេញចិត្តហ្នឹង ទៅតាមគោលនយោបាយរបស់បក្សនីមួយៗអាហ្នឹងសំខាន់ណាស់។ ប្រជាពលរដ្ឋក៏ប្រើប្រាស់សិទ្ធិនយោបាយគាត់ចូលបោះឆ្នោត អាហ្នឹងសំខាន់»។
អស់រយៈពេល២ខែចុងក្រោយនេះគេឃើញថាសកម្មជនបក្សភ្លើងទៀនដែលកំពុងរស់នៅប្រទេសថៃបានបន្តសកម្មភាពជួបជុំពលករខ្មែរនិងសមាជិកបក្សភ្លើងទៀនអស់រយៈពេល៣ទៅ៤បួនលើកមកមកហើយ។ ការជួបជុំនេះគឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់ពួកគាត់និងទាមទារឱ្យអាជ្ញារក្រុងភ្នំពេញដោះលែងមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងអ្នកទោសនយោបាយផ្សេងទៀត។ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit, EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) បានបង្ហាញសន្ទស្សន៍ប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ២០២២ដោយដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ ១២១ ក្នុងចំណោម១៦៧ប្រទេសនៅលើសាកលលោកដែលមានរបបដឹកនាំតាមបែបផ្តាច់ការដោយសារតែបក្សកាន់អំណាចរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។