សហគមន៍​ខកចិត្ត​នឹង​គណៈកម្មការ​ជាតិ​រក​មិន​ឃើញ​បទល្មើស​​នៅ​ជុំវិញ​ព្រៃឡង់

ដោយ មាន ឫទ្ធិ
2023.05.08
សហគមន៍​ខកចិត្ត​នឹង​គណៈកម្មការ​ជាតិ​រក​មិន​ឃើញ​បទល្មើស​​នៅ​ជុំវិញ​ព្រៃឡង់ អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA

សហគមន៍​សកម្មជន​ហួសចិត្ត​ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រក​មិនឃើញ​បទល្មើស​ដែល​កើតឡើង​ដោយ​ក្រុមហ៊ុន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ខណៈ​កន្លងមក​សហគមន៍ និង​សកម្មជន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន​ឯកជន។ សហគមន៍​និង​សកម្មជន ចាត់ទុក​ការ​បង្ក្រាប​នេះ​ជា​ការ​សម្ដែង មិនមែន​ជា​ការ​បង្ក្រាប​ពិតប្រាកដ​ឡើយ។

ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ កើតឡើង​ក្រោយ​ពី​លោក សៅ សុខា បាន​បញ្ជា​កាលពី​ថ្ងៃទី​២៤ ខែ​មេសា កន្លង​ទៅ​។ គេ​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​តំបន់​អភិរក្ស​ភ្លាមៗ ក្រោយមក​ក៏​មាន​ការ​ឃាត់​គោយន្ត ម៉ូតូ ឡាន​ដឹក​ឈើមូល​ធំៗ និង​មនុស្ស​មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការខេត្ត​ក្រចេះ​ដើម្បី​អនុវត្ត​ច្បាប់។ ក៏ប៉ុន្តែ យុទ្ធនាការ​បង្ក្រាប​នេះ​មិន​បាន​រក​ឃើញ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ឯកជន​ណាមួយ ដែល​មាន​ទីតាំង​ជាប់​តំបន់​ព្រៃឡង់​នោះ​ទេ ទោះបី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់បាន​ឈើ​ជាច្រើន​ម៉ែត្រគូប នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ទាំងនោះ​ក្ដី។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក កង សៅគុណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៧​ខែ​ឧសភា ថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​ជាង​កន្លះ​ខែ​មក​នេះ រក​មិន​ឃើញ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ខាង​ខេត្តព្រះវិហារ ហើយក៏​រក​មិន​ឃើញ​បទល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS​។ លោក​បន្ថែម​ថា កម្លាំង​ជំនាញ​របស់​លោក​កំពុង​បោះ​ទីតាំង ដើម្បី​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​។ លោ​កថា​ប្រសិនបើ​ប្រជាពលរដ្ឋ ឬ​ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៅ​ត្រង់​ចំណុច​ណា ពួកគេ​អាច​ប្ដឹង​ទៅ​កម្លាំង​របស់​លោក​បាន។

លោក កង សៅគុណ៖ «ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ដើរ​ដល់​ថ្នាក់​ខ្ញុំ​បើកឡាន​រុក​រហូត​ដល់​ព្រៃ​ឡង់​ទៀត ប៉ុន្តែ​មិន​ឃើញ​ជួប​ការ​បំផ្លិចបំផ្លាញ​ហ្នឹង អត់​ដែល​ជួប​ទេ គោលដៅ​ស្រុក​ជ័យសែន និង​រវៀង​អត់​ដែល​ជួប​សោះ»

ចំណែក​ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech Co.,Ltd) នៅ​ខេត្ត​ក្រចេះ​វិញ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ឲ្យ​ដឹង​ថា ទោះបី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឃាត់​ឈើ​ជាច្រើន​នៅក្នុង​ក្រុមហ៊ុន​ក៏​ពិតមែន ក៏​ឈើ​ទាំងអស់​នោះ​មាន​ច្បាប់​អនុញ្ញាត។

លោក អេង ហ៊ី៖ «ព្រោះ​គេ​មានច្បាប់​មាន​ទម្លាប់​គេ អាហ្នឹង​ជា​ធម្មតា​ការស្រាវជ្រាវ​យើង​នៅតែ​ស្រាវជ្រាវ​យើង​មិនទាន់​ដឹង​ថា នរណា​ជាប់​ពាក់ព័ន្ធ​មិន​ជាប់​ពាក់ព័ន្ធ យើង​មិន​ទាន់​និយាយ​បាន»

សហគមន៍​និង​សកម្មជន​ហួសចិត្ត​និង​ខកចិត្ត​ដែល​គណៈកម្មការ​ជាតិ រក​មិន​ឃើញ​បទល្មើស​ព្រៃឈើ​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech Co.,Ltd) និង​ក្រុមហ៊ុន​ម៉ាឃល ឡូជីស្ទីក (​ខេមបូឌា) (MACLE LOGISTICS) ដែល​ធ្លាប់​កែន​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​ឈើ​យក​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ខេម សុឃី ឲ្យ​ដឹង​ថា មន្ត្រី​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត របស់​គណៈកម្មការ​ជាតិ មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ លោក​ថា ការ​បង្ក្រាប​នៅ​តំបន់​ព្រៃ​ឡង់​ខេត្តព្រះវិហារ សមត្ថកិច្ច​ហាក់​ចុះទៅ​ដើម្បី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ។ លោក​បន្ថែម​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​តែងតែ​ចេញ​របាយការណ៍ និង​ព័ត៌មាន​ជា​សាធារណៈ អំពី​ការ​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​ប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​PNT​។ លោក​បន្ថែម​ទៀត​ថា ការ​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ធ្វើ​ឲ្យ​សហគមន៍​លែង​មាន​ជំនឿ​​ទៅលើ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។

លោក ខេម សុឃី៖ «ហើយ​ទទូច​ចង់បាន​គឺ​ការ​ធ្វើ​ជា​រៀង​រហូត​ដើម្បី​សល់​ព្រៃ​និង​ព្រៃ​ដែល​សេសសល់​មិនមែន​ធ្វើ​មួយ​ប្រាវ​ដើម្បី​តែ​របាយការណ៍​ទេ ធ្វើ​ដើម្បី​ឲ្យ​សល់​ព្រៃ​សម្រាប់​មនុស្សជាតិ​ដើម្បី​ពិភពលោក អ្វី​ដែល​ខ្ញុំ​ចង់បាន​អ្វី​ដែល​ខ្ញុំ​ស្រមៃ​ចង់​បាន​ទៅ​ថ្ងៃ​ខាង​មុខ»

ជុំវិញ​រឿង​នេះ សកម្មជន​បរិស្ថាន លោក អូត ឡាទីន ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ យល់ឃើញ​ថា គណៈកម្មការ​ជាតិ​គួរតែ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត និង​ដាក់​កម្លាំង​សម្ងាត់​ដើម្បី​តាមដាន​ទៅលើ​ក្រុមហ៊ុន​ទាំងអស់ ដែល​មាន​ទីតាំង​ជាប់​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ។ លោក​ថា បើ​ពុំ​ដូច្នោះ​ទេ ក្រុមហ៊ុន​ទាំងនេះ​នឹង​វិលត្រឡប់​មក​រក​ស៊ី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សាជាថ្មី​ម្ដងទៀត​។ លោក អូត ឡាទីន បន្ថែម​ថា កាល​ពី​ពេល​កន្លង​ទៅ​ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​ល្បាត តែងតែ​ជួប​កម្មករ​របស់​ក្រុមហ៊ុន ហើយ​ពួកគេ​បាន​សារភាព​ថា ពួកគេ​កាប់​និង​ដឹកជញ្ជូន​ឈើ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន អង្គរ​ផ្លាយវូត និង​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក។

លោក អូត ឡាទីន៖ «ព្រោះ​ពី​ពេល​កន្លងទៅ​ពេល​ដែល​ពួក​យើង​ធ្វើការ​ស៊ើបអង្កេត ធ្វើ​ការ​ជួប​ក្រុម​ជនល្មើស​គឺ​ក្រុម​ជនល្មើស​តែងតែ​បញ្ជាក់​ហើយ​និង​អះអាង​ប្រាប់​ថា ពួកគាត់​គឺជា​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន ជាពិសេស​គឺ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត និង​ក្រុមហ៊ុន​ម៉ាឃលឡូ​ជី​ស្ទីក​ដែល​ទទួល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដើម្បី​យក​ធ្វើ​អាជីវកម្ម​បន្ត»

កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០ ក្រសួង​កសិកម្ម​ដែល​ចុះហត្ថលេខា​ដោយ​អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ គឺ​លោក វេង សាខុន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) របស់​លោក សយ សុផល ប្រមូល​ឈើ​ក្នុង​អនុ​តំបន់ ២​អនុ​តំបន់​៣ និង​អនុ​តំបន់ ៤ ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអ៊ិនធី (P.N.T Co., Ltd.)។ ចំណែក​ក្រុមហ៊ុន ស៊ីងបាយអូថេក ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​សរុប​ទំហំ​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ​(៣៤, ០០៧​ហិកតារ) កាល​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១១ ដើម្បី​ធ្វើ​ជា​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

សហគមន៍​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា ក្រុមហ៊ុន​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ អស់​រយៈពេល​ជិត​មួយ​ទសវត្ស​មក​ហើយ​។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ផ្សំគំនិត​ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ក៏បាន​យាយី​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​សហគមន៍​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល ដែល​ចូលរួម​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាប់​ខេត្ត​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ​រដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ កាល​ពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង​៤ សែន​ហិកតារ (៤៣១.៦៨៣ ហិកតារ ) ដែល​ឋិត ក្រោម​ការគ្រប់គ្រង​របស់ ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។