បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃឡង់

2024.09.18
បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃឡង់ ប្រធានក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន (​ខេមបូឌា​) (GLOBAL GREEN (CAMBODIA) ​លោក ទ្រី ដាលុច (ឆ្វេង) និង​ឪពុក​របស់​ខ្លួន​គឺ​លោក ទ្រី ភាព។
រូប៖ ហ្វេសប៊ុកក្រុមហ៊ុន ទ្រី ភាព គ្រុប

បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ ដោយ​បារម្ភ​ថា គម្រោង​នេះ​នឹងធ្វើ​ឲ្យ​ព្រៃឈើ និង​ធនធានធម្មជាតិ​ផ្សេងទៀត​បាត់បង់​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ពួកគាត់​ឃើញ​ទីស្នាក់ការ​បរិស្ថាន​មាន​បិទ​ផ្សាយ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ១១ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រុករក​រ៉ែ​នៅ​តំបន់​ព្រៃ​ការពារ​មួយ​នេះ

នៅតាម​មុខ​ទីស្នាក់ការ​បរិស្ថាន​ជុំវិញ​តំបន់​ព្រៃឡង់ ឃើញ​មាន​បិទ​ស្លាក​ផ្សាយ​ថា ក្រុមហ៊ុន​ឯកជន​ចំនួន​១១ កំពុងតែ​រុករក​រ៉ែ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​ធ្វើ​ឲ្យ​អ្នកការពារ​ព្រៃ​ឡង់ ព្រួយបារម្ភ​ពី​ការបាត់បង់​នូវ​ធនធាន​ធម្មជាតិ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នោះ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ថា ប្រសិន​បើ​មាន​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ហើយ​ឈាន​ដល់ការ​ធ្វើ​អាជីវកម្ម ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់ នឹង​បន្ត​បាត់បង់ ដើមឈើ​ធំៗ ធនធាន​រ៉ែ សត្វព្រៃ និង​ប៉ះពាល់​មុខរបរ​របស់​ប្រជា​ពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​នៅក្នុង​តំបន់​នោះ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ ឬ​បញ្ឈប់​គ្រប់​អាជីវកម្ម​រ៉ែ​ទាំងអស់​នៅក្នុង​តំបន់​ព្រៃឡង់ ពីព្រោះ​ការធ្វើ​អាជីវកម្ម​ទាំងនោះ​មិន​បាន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នេះ មាន​ជីវភាព​ល្អប្រសើរ​ឡើយ ផ្ទុយទៅវិញ​មានតែ​បំផ្លាញ នូវ​វប្បធម៌ ជីវភាព និង​រំខាន​ការរស់នៅ​របស់គាត់​ថែម​ទៀត

លោក ខេម សុឃី៖ «ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់ដំណឹង​ឲ្យ​បានដឹង​ច្បាស់​អំពី​ការរុករក​រ៉ែ​នៅក្នុង​ព្រៃ​អភិរក្ស គឺ​ព្រៃឡង់ ឲ្យ​បាន​ច្បាស់ ហើយ​វាយ​តម្លៃ​ច្បាស់​ពី​ការ​ផល​ប៉ះពាល់ និង​ផល​ចំណេញ​ពី​ការ​រុករក​រ៉ែ បាន​ផល​ពី​រ៉ែ​យក​ទៅ​ធ្វើ​អ្វីខ្លះ​ដល់​ជាតិ​របស់​យើង»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ​នោះ​ទេ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​រុករក​រ៉ែ​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស ដោយ​លោក​លើក​ហេតុផល​ថា ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផល​ប៉ះពាល់ និង​សុំ​មតិ​យោបល់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ដំណើរការ​រុករក​រ៉ែ និង​ធ្វើ​អាជីវកម្ម។

លោក ហឿន សុភាព៖ «កាកសំណល់​ជាតិគីមី​មួយចំនួន​នៅក្នុង​តំបន់​ដែល​គេ​រុករក​នោះ​គឺ​វា​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​ដល់​បរិស្ថាន​ទាំងមូល​តែម្ដង វា​ធ្វើ​ឲ្យ​ខូច​ដី ខូច​ទឹក ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ប៉ះពាល់​ដល់​សត្វ ខ្ញុំ​គិតថា វា​គ្មាន​ផល​អ្វី​ចំណេញ​សម្រាប់​ប្រជាពលរដ្ឋ​យើង វា​មានតែ​ធ្វើ​ឲ្យ​ខាត​ខ្លាំង និង​ធ្វើ​ឲ្យ​សុខភាព​មិនល្អ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា

ទោះជា​យ៉ាងណា នៅមុខ​ទីស្នាក់ការ​បរិស្ថាន​ជុំវិញ​តំបន់​ព្រៃឡង់ ពលរដ្ឋ​ឃើញ​មាន​បិទ​ស្លាក​ផ្សាយ​ថា មាន​ក្រុមហ៊ុន​ចំនួន​១១ កំពុង​រុករក​រ៉ែ ដោយ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​រ៉ែ​អ្វី​នោះទេ ក្រុមហ៊ុន​ទាំងនោះ​រួមមាន ក្រុមហ៊ុន ហ័រ យ៉ុង សេង អ៊ិនធើណេសិនណល ម៉ាញនីង (Hur Rong International Mining Co.LTD) ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD) និង​ក្រុមហ៊ុន ខេមបូឌា ខេ​៨៨ អ៊ិនដាសស្ទ្រី (Cambodia K88 Industry Co.LTD) ជាដើម​។ ក្នុង​ចំណោម​១១​ក្រុមហ៊ុន​នោះ ក្រុមហ៊ុន​គ្លូប៊ល ហ្គ្រីន របស់​កូនលោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច ទទួល​បាន​ទំហំ​ដី​រុករក​រ៉ែ​ធំជាង​គេ​នៅ​ក្នុង​តំបន់​ព្រៃឡង់

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំៗ រុករក​រ៉ែ​នៅ​តំបន់​ព្រៃ​ឡង់ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ ធនធាន​រ៉ែ និង​ព្រៃឈើ នឹង​រលាយ​ជាក់​ជា​មិនខាន។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិត​ពិចារណាឡើង​វិញ​ចំពោះ​គម្រោង​មួយ​នេះ។

លោក អូត ឡាទីន៖ «រដ្ឋាភិបាល​សូម​ពិចារណា​បញ្ឈប់​ក្រុមហ៊ុន​ទាំង​១១ កុំ​ឲ្យ​បន្ត​ស្រាវជ្រាវ​ក្នុងការ​រុករក​រ៉ែ វា​ជា​ហេតុផល​ដ៏​ធំ ធ្វើ​ឲ្យ​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់ នៅ​បន្ត​រង​នូវ​ហានិភ័យ និង​រង​បន្ត​បាត់បង់​ថែម​ទៀត»។

បច្ចុប្បន្ន​នៅក្នុង​តំបន់​ព្រៃឡង់ មាន​ក្រុមហ៊ុន​ចំនួន​២ ធ្វើ​អាជីវកម្ម​រ៉ែ​២​ផ្សេងៗ​គ្នា ដោយ​ក្រុមហ៊ុន ឡេតចេង ម៉ាញនីង ឌីវេឡុបមិន (Late Cheng Mining Development CO.,LTD) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស លើ​ផ្ទៃដី​ជាង​១​ម៉ឺន ៥​ពាន់​ហិកតា​( ១៥.១០០)​ហិកតា ស្ថិតនៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ភាគខាងត្បូង​នៃ​ដែន​ជម្រក​សត្វព្រៃ​-​ព្រៃ​ឡង់​ជាប់​តំបន់​ទេសចរណ៍​ភ្នំ​ជី។ ចំណែក​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់​កូនលោក ទ្រី ភាព កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក នៅក្នុង​តំបន់​ព្រៃឡង់​ភាគ​ខាងជើង ត្រង់​ចំណុច​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង

កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds បាន​រក​ឃើញ​ថា គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ នៅ​ក្នុងដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ បាន​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។