ប្រជាសហគមន៍រកឃើញបទល្មើសព្រៃឈើជាង ២រយករណី ក្នុងព្រៃព្រះរការ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការរកឃើញនេះបង្ហាញពីអសមត្ថភាពរបស់មន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ជុំវិញការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនអភិរក្ស។
ជនជាតិដើមភាគតិចកួយ ឃុំប្រមេរុ ១៥នាក់ បានចុះល្បាតព្រៃព្រះរការ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ដោយរកឃើញបទល្មើសព្រៃឈើ ២៥០ករណី ។ ការរកឃើញបទល្មើសព្រៃឈើនេះ ស្របពេលដែលអង្គការសង្គមស៊ីវិលប្រារព្ធពិធីព្រៃឈើអន្តរជាតិ។
សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានរកឃើញសម្ភារៈបទល្មើសមួយចំនួន ដូចជា ម៉ាស៊ីនអារឈើចំនួន ៥គ្រឿង សាំងជិត ១០០លីត្រ ជួបជនសង្ស័យកាប់ឈើ ២៤នាក់ និងគល់ឈើ ដែលទើបកាប់រួចថ្មីៗ ២៥៣ដើម។ ដើមឈើដែលត្រូវបានគេកាប់ទាំងនោះមានមុខកាត់ចាប់ពី ៣៥សង់ទីម៉ែត្រ រហូតដល់ ២០០សង់ទីម៉ែត្រ ភាគច្រើនគឺជា ឈើទាល និងឈើត្រាច ដែលជាដើមច្បោះដើម្បីដងយកជ័ររបស់ប្រជាពលរដ្ឋ និងប្រភេទឈើប្រណិតផ្សេងៗ ទៀតរួមមាន គគីរ ផ្ចឹក កកោះ សុក្រំ និងពពេលជាដើម។
ជនជាតិដើមភាគតិចកួយម្នាក់ ដែលបានចូលរួមល្បាតព្រៃឈើ លោក ថី ហ៊ុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែមីនា ថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃព្រះរការមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចកួយដែលដងជ័រនោះទេ តែក៏ប៉ះពាល់ដល់ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ដែលកំពុងអាស្រ័យអនុផលព្រៃឈើផ្សេងៗ ដូចជាបេះផ្សិត បន្លែ ក្នុងព្រៃព្រះរការផងដែរ។ លោកបន្តថា មូលហេតុសំខាន់ដែលធ្វើឱ្យព្រៃឈើព្រះរការនៅតែរងការកាប់បំផ្លាញ គឺដោយសារតែក្រុមឈ្មួញរកស៊ីឈើ តែងឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថាន ជួលប្រជាពលរដ្ឋចូលកាប់ ដោយឱ្យប្រាក់ឈ្នួលប្រមាណ ១៥ម៉ឺន ទៅដល់ ២០ម៉ឺនរៀលក្នុងឈើមួយម៉ែត្រគូប ។
លោក ថី ហ៊ុន៖ «សម្រាប់ខ្ញុំវាល្អបើសិនជាយើងដាក់ទោសបទល្មើស ធ្វើម៉េចយើងធ្វើតាមច្បាប់ដែលមានចែងនៅក្នុងរដ្ឋបាលព្រៃឈើ ឬក៏ក្នុងច្បាប់បរិស្ថាន ដែលមន្ត្រីគាត់ទម្លាក់ឱ្យការពារធនធានធម្មជាតិនេះ ធ្វើតាមច្បាប់ហ្នឹងទៅ ហើយបរិស្ថានឱ្យសហគមន៍ខ្ញុំចូលរួមផង កុំពេលសហគមន៍ខ្ញុំចូលទៅគាត់ហាមមិនឱ្យចូល»។
អនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែនជម្រកសត្វព្រៃព្រះរការ ដែលមានទំហំជាង ៩ម៉ឺនហិកតារ ត្រូវបានទទួលស្គាល់ជាតំបន់ដែលត្រូវគ្រប់គ្រងការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតថា ប្រសិនបើមិនទប់ស្កាត់បទល្មើសព្រៃឈើនោះទេ មនុស្សតិចទទួលបានផលប្រយោជន៍ ហើយមនុស្សជាច្រើននឹងលំបាកវេទនា។ ទោះជាយ៉ាងណា ដែនជម្រកសត្វព្រៃព្រះរការ នៅតែរងការកាប់បំផ្លាញទ្រង់ទ្រាយធំ ហើយសូម្បីតែដើមច្បោះរបស់ជនជាតិដើមភាពតិចកួយដែលអាស្រ័យផល តាំងពីដូនតារបស់ពួកគាត់រៀងមក ក៏ត្រូវបានជនល្មើសលួចកាប់ផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក ផៃ ប៊ុនឈឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយនៅថ្ងៃទី២១ ខែមីនា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា ការរកឃើញបទល្មើសកាប់ឈើរបស់ប្រជាសហគមន៍ មានលក្ខណៈវិទ្យាសាស្ត្រ ព្រោះគ្រប់គល់ឈើដែលត្រូវបានដាក់ចូលក្នុងរបាយការណ៍មានលេខនិយាមកា GPS ច្បាស់លាស់។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធគួរតែអន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃព្រះរការជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យដែនជម្រកសត្វព្រៃមួយនេះ ក្លាយជាព្រៃរេចរឹលលែងដើរតួនាទីជាជម្រកសត្វព្រៃទៀត។
លោក អូត ឡាទីន៖ «បើសិនជាអាជ្ញាធរថ្នាក់ជាតិរកឃើញថា មន្ត្រីបរិស្ថាននៅទីនោះធ្វើកិច្ចការងារអត់បានដិតដល់ ឬក៏ធ្វើការងារអត់បានច្បាស់លាស់តាមបទបញ្ជាទេ អាចបន្លំនៅក្នុងការធ្វើកិច្ចការងារដោយសំងាត់ជាមួយសហគមន៍មូលដ្ឋាន ហើយចុះទៅប្រតិបត្តិការដោយសម្ងាត់ ហើយមួយទៀតយើងអាចស្រាវជ្រាវរកអ្នកពាក់ព័ន្ធបង្កអំពើពុករលួយ រវាងអ្នករកស៊ីជាមួយនឹងមន្ត្រី ហើយយើងអាចចាត់វិធានការណ៍ ទៅលើមន្ត្រីហ្នឹង ដើម្បីឱ្យគាត់មានភាពរៀងចាល»។
ប្រជាសហគមន៍លើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាព ក្រសួងបរិស្ថាន គួរចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើឈ្មួញចាំទិញឈើ និងជនល្មើសចូលលួចកាប់ឈើ ជាជាងបន្តច្រានចោលការរកឃើញ បទល្មើសព្រៃឈើ ដែលបណ្ដាលមកពីមន្ត្រីបរិស្ថាននៅមូលដ្ឋាន ឃុបឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់ដោយគ្មានហេតុផល។
កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានសន្យាកាត់កខ្លួនឯង បើមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។ ក្រោយមកទៀត លោកថ្លែងថា លោកស្អប់អ្នកបំផ្លាញព្រៃឈើ និងចាត់ទុកការកាប់ឈើ ដូចជា «ការកាប់ក្បាល» របស់លោក ប៉ុន្តែសារបែបនេះមិនអាចជួយទប់ស្កាត់វិនាសកម្មព្រៃឈើនៅកម្ពុជាបានឡើយ។ ផ្ទុយទៅវិញ កម្ពុជាបែរជាប់ឈ្មោះថា ជាប្រទេសបាត់បង់ព្រៃឈើខ្ពស់ជាងគេបំផុតលើពិភពលោក។ ទិន្នន័យផ្កាយរណបផ្ដល់ដោយមជ្ឈមណ្ឌលស្រាវជ្រាវរួម (Joint Research Center, JRC) របស់គណៈកម្មការអឺរ៉ុប និង ទិន្នន័យបម្រែបម្រួលព្រៃឈើសាកល(Global Forest Change) របស់សកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃសហរដ្ឋអាមេរិក រកឃើញថា មានការកើនឡើងមិនធ្លាប់មានពីមុនមក នូវការបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជា។ គិតចាប់ពីឆ្នាំ២០០០ រហូតដល់ដំណាច់ឆ្នាំ២០១៩ កម្ពុជាបានបាត់បង់គម្របព្រៃឈើដល់ទៅ ២៦% ស្មើនឹង២លាន ៣សែនហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។