សហគមន៍​ខេត្ត​ព្រះវិហារ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ប្រគល់​តំបន់​ទេសចរណ៍​ទៅ​ឯកជន

កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​យល់​ព្រម​កាត់​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត ទៅ​ឱ្យ​ឯកជន​គ្រប់គ្រង ជំនួស​ប្រជា​សហគមន៍​ព្រៃ​ឈើ​ដែល​ធ្លាប់​តែ​គ្រប់គ្រង និង​ការពារ​ទី​នោះ​ជា​យូរ​មក​ហើយ។ ការ​ប្រគល់​តំបន់​ទេសចរណ៍​ធម្មជាតិ​ទៅ​ឱ្យ​ឯកជន​នេះ ធ្វើ​ឱ្យ​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាច្រើន រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង មាន​ការ​មិន​សប្បាយ​ចិត្ត​ទេ។

0:00 / 0:00

តើ​ក្រុម​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នឹង​មាន​វិធាន​ការ​យ៉ាង​ណា​ក្នុង​ការ​តវ៉ា​រឿង​នេះ?

បណ្ដាញ​សហគមន៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដោយ​ថា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទុយ​ពី​ឆន្ទៈ​សហគមន៍ និង​ឆន្ទៈ​ច្បាប់​ទាំង​ស្រុង។

ការ​រិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​អភិបាល​ខេត្ត​បាន​យល់​ព្រម​កាត់​ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត នៅ​ក្នុង​ភូមិ​សាមី ឃុំ​កំពង់ស្រឡៅ២ នៃ​ស្រុក​ឆែប ទៅ​ឱ្យ​ឯកជន​គ្រប់គ្រង និង​កាន់​កាប់ ដើម្បី​ធ្វើ​អាជីវកម្ម​រក​ចំណូល។

តំណាង​សហគមន៍​ភូមិ​កំពង់ស្រឡៅ១ និង​ជា​មន្ត្រី​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ គឺ​លោក គឿង ផន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​យល់​ព្រម​កាត់​ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត សរុប​ផ្ទៃ​ដី​ទំហំ​ជាង ៣៩​ហិកតារ ទៅ​ឱ្យ​ឯកជន​កាន់​កាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។

លោក គឿង ផន បាន​បញ្ជាក់​ថា តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត នោះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ព្រៃ​រាប់​សិប​ហិកតារ​ទៀត ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​បាន​គ្រប់គ្រង និង​ការពារ​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ទេសចរណ៍​ធម្មជាតិ​កន្លែង​ព្រះ​និម្មិត​ហ្នឹង គឺ​សហគមន៍​កាន់​កាប់​យូរ​មក​ហើយ។ ក៏ប៉ុន្តែ ក្រោយ​មក​ទៀត ទើប​ក្រុមហ៊ុន​មក​ដេញ​ថ្លៃ។ សហគមន៍​ក្នុង​ខេត្ត​ទាំង​មូល ខ្ញុំ​តំណាង​សហគមន៍​ខេត្ត​ហ្នឹង​មិន​ឱ្យ​ទេ ប៉ុន្តែ​គេ​នៅ​តែ​យក​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច? បើ​យើង​សុទ្ធ​តែ​ប្រជាជន​ធម្មតា ហើយ​គេ​សុទ្ធ​តែ​មាន​អំណាច គឺ​គេ​យក​អ៊ីចឹង។ ប្រជាជន​ទៅ​ប្រជុំ​ប្រឆាំង​អស់​ហើយ​ក្នុង​ខេត្ត​ហ្នឹង ធ្វើ​លិខិត​ស្នាម​អី​អស់​ហើយ ក៏ប៉ុន្តែ​វា​មិន​ឈ្នះ​នឹង​ចៅហ្វាយ​ខេត្ត និង​ចៅហ្វាយ​ស្រុក គេ​អ្នក​ដឹក​នាំ និង​អ្នក​មាន​អំណាច»

ក្រុម​បណ្ដាញ​សហគមន៍​ចំនួន ៤៧​នាក់ ដែល​មក​ពី​សហគមន៍​ព្រៃ​ឈើ បណ្ដាញ​សហគមន៍ សហគ្រាស​អនុផល​ព្រៃ​ឈើ ព្រម​ទាំង​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផង បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ពេល​ថ្មីៗ ដោយ​ជជែក​ជុំវិញ​បញ្ហា​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កាត់​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត ទៅ​ឱ្យ​ឯកជន​នោះ។ ពួក​គេ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ប្រឆាំង​តវ៉ា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​រវាង​សហគមន៍​ព្រៃ​ឈើ ជាមួយ​រដ្ឋាភិបាល គឺ​ចែង​ថា ទាំង​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃ​ឈើ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន មិន​អាច​ជួល ឬ​បញ្ចាំ​ដី​ព្រៃ​សហគមន៍ ទៅ​ឱ្យ​ឯកជន​ណា​មួយ​បាន​ឡើ​យ។ ដូច្នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​យល់​ព្រម​ប្រគល់​ដី​ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត ទៅ​ឱ្យ​ឯកជន​គ្រប់គ្រង​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដើម្បី​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​បាន​យ៉ាង​ណា​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ ពាណិជ្ជករ​ម្នាក់​ឈ្មោះ ផាត ខេមរា បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដើម្បី​វិនិយោគ​កម្រិត​ខេត្ត និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ព្រះ​និម្មិត លើ​ផ្ទៃ​ទំហំ​ជាង ៣៩​ហិកតារ។ ការ​ស្នើសុំ​នោះ ត្រូវ​បាន​អភិបាល​ខេត្ត​ព្រះ វិហារ លោក អ៊ុំ ម៉ារ៉ា យល់​ព្រម ដោយ​បញ្ជា​ឱ្យ​នាយក​រដ្ឋបាល​សាលា​ខេត្ត រៀប​ចំ​ក្រុម​លេខាធិការដ្ឋាន និង​វិនិយោគ ចុះ​ពិនិត្យ​លើ​គម្រោង​ឯកជន​នោះ។

អភិបាល​ស្រុក​ឆែប លោក អ៊ុង វុឌ្ឍី បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​អំពី​គម្រោង​ឯកជន​ទៅ​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​នោះ​ច្បាស់​លាស់​ទេ ក៏ប៉ុន្តែ​លោក​យល់​ថា អភិបាល​ខេត្ត​ដែល​សម្រេច​ប្រគល់​ឱ្យ​ឯកជន​វិនិយោគ​នោះ គឺ​ប្រាកដ​ជា​មាន​ហេតុផល​ត្រឹមត្រូវ៖ «ធម្មតា​ខ្ញុំ​គិត​ថា ឯកឧត្តម​អភិបាល​ខេត្ត​លោក​ធ្វើ​អ្វី គឺ​មាន​គោលការណ៍​ណាស់។ ឥឡូវ​នេះ​បើ​តាម​ខ្ញុំ​យល់​វិញ គឺ​មិន​មែន​ប្រគល់​ឱ្យ​ឯកជន​ទេ។ និយាយ​ពាក្យ​តាម​លក្ខណៈ​ណា​មួយ​ឱ្យ​ស្រប​ច្បាប់ មិន​ទាន់​មាន​ប្រគល់​ឱ្យ​បុគ្គល​ណា​មួយ​ច្បាស់​លាស់​ទេ»

ទោះ​យ៉ាង​ណា ក្រុម​សហគមន៍​ព្រៃ​ឈើ បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នេះ ផ្នែក​ឯកជន​នឹង​ទៅ​បើក​សម្ពោធ​ដំណើរ​សាងសង់​មួយ​ចំនួន​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ព្រះ​និម្មិត​នោះ​ហើយ។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ឆែប មួយ​រូប គឺ​លោក បូ យ៉ាត បាន​មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​កាត់​ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ទៅ​ឱ្យ​ឯកជន​វិនិយោគ​នោះ​ទេ ពីព្រោះ​តែ​តំបន់​នោះ​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​តែង​ចូល​ទៅ​រក​កម្រៃ​ចិញ្ចឹម​ជីវិត៖ «បើ​ផ្ដល់​តំបន់​ព្រះ​និម្មិត​ទៅ​ឱ្យ​គេ​ហើយ សូម្បី​តែ​ប្រជាពលរដ្ឋ​នៅ​ជិត​ហ្នឹង​ចូល​ទៅ​លេង​ក៏​គេ​គិត​លុយ​ពី​យើង​ដែរ។ តាម​តំបន់​កន្លែង​ហ្នឹង ពី​ដើម​មក​គាត់​ធ្លាប់​រក​ត្រី ខែ​ប្រាំង​មាន​អា​ត្រី​ស្រកា​វា​ឡើង​មក​តាម​ទឹក​ធ្លាក់​ហ្នឹង​ឯង អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​អាច​ទៅ​ត្រង​យក​ត្រី​ហ្នឹង។ គាត់​រក​មួយ​រដូវ​ប្រាំង​ហ្នឹង អាច​បាន​ក្រែល​ដែរ បើ​គិត​ជា​លុយ ឡាវ លុយ​គីប ខ្លះ​ក៏​បាន ១​លាន​អ៊ីចឹង។ ១​លាន​គីប វា​ស្មើ​នឹង ៥០​ម៉ឺន​លុយ​ខ្មែរ ហើយ​តំបន់​ហ្នឹង​សុទ្ធ​តែ​ព្រៃ​ល្អៗ មាន​កន្លែង​ភូមិសាស្ត្រ​របស់​ប្រជាពលរដ្ឋ​សម្រាប់​រុក​រក​អនុផល​ឈើ វល្លិ​ផ្ដៅ​អី​នៅ​កន្លែង​ហ្នឹង តំបន់​ហ្នឹង​សព្វ​បែប​យ៉ាង​តាំង​ពី​ជ័រ»

គេ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ធម្មជាតិ គឺ​បាន​ចិញ្ចឹម​ជីវិត​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ ដែល​រស់​នៅ​ជុំវិញ​ជាប់​ទី​នោះ​ផ្ទាល់ ហើយ​សហគមន៍​ព្រៃ​ឈើ​ក៏​រក​កម្រៃ​បាន​ដើម្បី​យក​មក​ទ្រទ្រង់​សកម្មភាព​ការពារ​ព្រៃ​ឈើ​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​បាន​កាត់​តំបន់​ព្រៃ​សហគមន៍ និង​ទេសចរណ៍​ធម្មជាតិ​ទៅ​ឱ្យ​ឯកជន​នោះ​ដែរ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​ហៅ​ការ​កាត់​ព្រៃ​សហគមន៍ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ទៅ​ឱ្យ​ឯកជន​វិនិយោគ​នោះ ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ៖ «ខ្ញុំ​យល់​ថា អាជ្ញាធរ​ខេត្ត​លោក​ធ្វើ​បែប​នេះ គឺ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​សហគមន៍ ហើយ​វា​ផ្ទុយ​នឹង​ឆន្ទៈ​របស់​កត្តា​ច្បាប់ ដែល​បាន​ប្រគល់​តំបន់​នោះ​ឱ្យ​ទៅ​សហគមន៍​រួច​ស្រេច​ទៅ​ហើយ។ តែ​ឥឡូវ បែរ​ជា​ខេត្ត​លោក​កាត់​ដី​កាត់​ព្រៃ​នោះ ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​អ្នក​គ្រប់គ្រង នេះ​ជា​ការ​ផ្ទុយ​នឹង​ច្បាប់​ហើយ»

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ចំនួន​៨ រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឱ្យ​ប្រតិភូ​រដ្ឋាភិបាល​នៃ​ក្រសួង​កសិកម្ម ព្រម​ទាំង​សហគមន៍​អឺរ៉ុប ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋ​អាមេរិក (USAID) ដែល​ជា​ម្ចាស់​ជំនួយ​លើ​គម្រោង​គ្រប់គ្រង​សហគមន៍​ព្រៃ​ឈើ មេត្តា​ជួយ​អន្តរាគមន៍ និង​មាន​វិធាន​ការ​ទប់ស្កាត់​ចំពោះ​ការ​វិនិយោគ​នៅ​លើ​តំបន់​ព្រៃ​សហគមន៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។