ជនជាតិដើមភាគតិចរស់នៅជាប់តំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បារម្ភខ្លាចបាត់បង់ដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពួកគាត់។ ការបារម្ភនេះ ក្រោយពីសកម្មភាពកាប់បំផ្លាញដើមឈើផលិតជ័រទឹក និងឈើមានតម្លៃនៅតំបន់ព្រៃឡង់ នៅតែបន្តកើតមានដដែល បើទោះបីជារដ្ឋាភិបាលសម្រេចដាក់ចូលតំបន់ព្រៃឡង់ ជាដែនជម្រកសត្វព្រៃក្តី។
ជនជាតិដើមភាគតិចនៅថ្ងៃទី២២ ខែកុម្ភៈ អំពាវនាវឲ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ ឲ្យមានប្រសិទ្ធភាព ជាពិសេសដើមឈើផលិតជ័រទឹក។
ពលរដ្ឋរស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ហែម ឌីម ឲ្យដឹងថា គ្រួសារលោកមានដើមឈើផលិតជ័រទឹកជាង ៤០០ដើម មានលទ្ធភាពផលិតជ័រទឹកក្នុងមួយខែជាង ១០កាន (មួយកាន៣០លីត្រ) ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមឈើផលិតជ័រទឹករបស់លោកត្រូវបានគេលូចកាប់អស់ជាង ១០០ដើម។ បញ្ហានេះលោកបារម្ភថា ប្រសិនបើដើមឈើផលិតជ័រទឹកត្រូវបានគេលូចកាប់បន្ថែមទៀតពលរដ្ឋរស់នៅតំបន់នោះនឹងប្រឈមបាត់បង់ប្រាក់ចំណូល។
លោកបន្ថែមថា គ្រួសាររបស់លោកបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុជាច្រើនលានរៀល ហើយត្រូវបង់សងជាប្រចាំខែ ដោយក្នុងមួយខែ ១លាន ២សែនរៀល (១២០.០០០រៀល)។ លោកថា ប្រាក់ដែលលោកបង់សងនោះ មួយផ្នែករកបានពីអនុផលព្រៃឈើ៖ «បើគេកាប់អស់ខានដងជ័រ សងអង្គការ (មីក្រូហិរញ្ញវត្ថុ) ខ្វះលុយខ្វះកាក់អី ខ្ញុំយកលុយគាត់ ៥០ ទៅ ៦០ម៉ឺនទៅ ហើយខ្ញុំដងជ័រឲ្យគាត់»។
លោក ហែម ឌីម បន្ថែមទៀតថា ក្នុងមួយខែគ្រួសារលោកដងជ័រទឹកបាន ១០កាន ហើយក្នុង ១កានអាចលក់បានប្រាក់ពី ៥ម៉ឺនរៀល ដល់ ៦ម៉ឺនរៀល។

ជ័រទឹកគេអាចយកទៅផលិតជាចន្លុះសម្រាប់បង្កាត់ភ្លើង និងដុតបំភ្លឺពេលយប់ និងយកទៅស្លជាមួយជ័រចុងសម្រាប់ប៉ះទូកជាដើម។
ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា អាជ្ញាធរស្រុកបានកំណត់ដែនអភិរក្សចំនួន៣ រួមមានដែនជម្រកសត្វព្រៃឡង់ ដែនព្រៃអភិរក្សរបស់សហគមន៍ និងដែនព្រៃអាស្រ័យផល។ ដែនអភិរក្សព្រៃទាំងនោះ អាជ្ញាធរ និងសហគមន៍នឹងចុះល្បាតតឹងរ៉ឹងជាប្រចាំដោយទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
លោកថា យន្តការនេះជាផ្នែកមួយជួយគាំពារដើមឈើផលិតជ័រទឹករបស់ពលរដ្ឋ ហើយមកទល់ពេលនេះ អាជ្ញាធរស្រុកបានអនុវត្តសម្រេចបានពីរឃុំ រួមមានឃុំអន្លង់ជ្រៃ និងឃុំកាំងចាម ក្នុងនោះអាជ្ញាធរបានបង្កើតក្រុមល្បាត កំណត់លក្ខន្តិកៈរវាងអាជ្ញាធរ និងសហគមន៍៖ «អនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធព្រៃឈើនេះ ទី១ ធ្វើយ៉ាងណាឲ្យគាត់នៅបន្តនិរន្តរភាពជីវភាពរបស់គាត់ បើគាត់មានជីវភាពធូរធារគាត់មិនចូលរួមចំណែកកាប់បំផ្លាញព្រៃឈើទៀតទេ ហើយព្រៃសហគមន៍ដែលទទួលផលហើយ គឺយើងនឹងបង្កើតក្រុមការងារចុះត្រូវពិនិត្យការងារទាំងអស់ហ្នឹង»។
ព្រៃឡង់ឋិតក្នុងចន្លោះខេត្តចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ដោយឡែកជនជាតិដើមភាគតិចរស់នៅភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក សំ ណូ អះអាងនៅថ្ងៃទី២២ ខែកុម្ភៈ ថា ក្រុមហ៊ុន ស៊ីបាយអូថេច (Ci-biotech) នៅតែបន្តកាប់បំផ្លាញដើមឈើផលិតជ័រទឹក និងឈើមានតម្លៃ ខណៈក្រុមហ៊ុននេះធ្លាប់កាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ពលរដ្ឋនៅតំបន់នោះកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ អស់រាប់ពាន់ដើម។ លោកត្អូញថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនសូវយកចិត្តទុកដាក់ចូលរួមអភិរក្សដើមឈើផលិតជ័រទឹក របស់អ្នកភូមិនោះទេ បណ្ដាលឲ្យដើមឈើផលិតជ័រទឹកកាន់តែបាត់បង់៖ «គឺកាប់នៅតំបន់ខ្ញុំប្រហែលជាង ៣០ ទៅ ៤០ភាគរយហើយ ដែលកាប់ដើមច្បោះជ័រច្រើនណាស់រាប់ពាន់ដើម នៅតាមអូរកាប់អស់រលីងដល់ពេលក្រុមហ៊ុនមកដាក់រ៉ា (កាប់) តែម្ដង»។
ការសិក្សារបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះកាលពីឆ្នាំ២០១៥ រកឃើញថា ប្រជាសហគមន៍ជាង ២សែន ៥ម៉ឺននាក់រស់នៅក្នុងភូមិ ៣៤០ ជុំវិញតំបន់ព្រៃឡង់ រស់ពឹងអាស្រ័យស្ទើរទាំងស្រុងលើអនុផលពីព្រៃឈើសម្រាប់ជីវភាពចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។