អ្នក​ជំនាញ​​បារម្ភ​ពី​ការ​ចាក់​ដី​លុប​បឹង​ធម្មជាតិ​ពង្រីក​ក្រុង បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ

0:00 / 0:00

អ្នក​ជំនាញ​អភិបាលកិច្ច​ទឹក និង​បញ្ហា​បរិស្ថាន ព្រមទាំង​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ជុំវិញ​បញ្ហា​នេះ បង្ហាញ​ក្តី​កង្វល់​ជុំវិញ​ការបាត់បង់ បឹង​ធម្មជាតិ​នៅ​ក្នុង​ទីក្រុង ដែល​ជំរុញ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

ការបាត់បង់​បឹង​ធម្មជាតិ និង​ការ​រួម​តូច​នៃ​ផ្ទៃ​បឹង​ធម្មជាតិ​នេះ កើតឡើង​ដោយសារ​ការ​ចាក់​ដី​លុប ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​រណប និង​បុរី ដែល​មាន​តម្លៃ​ខ្ពស់ បាន​ចាប់ផ្ដើម​កើន​ឡើង​ច្រើន ដោយ​ពុំបាន​សិក្សា​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ស៊ីជម្រៅ និង​មានការ​ទទួលខុសត្រូវ​លើ​ការ​កើតឡើង​នូវ​ហានិភ័យ​ទាំង​នោះ​ឡើយ។

អ្នក​ជំនាញ​បង្ហាញ​ថា ការ​លុប​បឹង​ធម្មជាតិ បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ និង​បង្ហាញ​នូវ​ផល​អវិជ្ជមាន​ដ៏​អាក្រក់ ដូចជា​ទឹកជំនន់ ការ​បំពុល​បរិស្ថាន និង​ការ​ថយចុះ​មច្ឆាជាតិ ជាពិសេស ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញពី​លំនៅឋាន ឬ​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ខាងមុខ ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​នៅ​បន្ត​គំរាមកំហែង​លំនៅឋាន និង​ការងារ​របស់​ប្រជាពលរដ្ឋ។

អ្នក​ប្រឹក្សា​ឯករាជ្យ ផ្នែក​ថាមពល បញ្ហា​បរិស្ថាន និង​អភិបាលកិច្ច​ទឹក លោក ហែម ឧត្តម បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ពង្រីក​ទីក្រុង ឬ​ទីប្រជុំជន​ជា​បន្តបន្ទាប់។

ការពង្រីក​នេះ កន្លែង​ខ្លះ​មានការ​លុប​បឹង​ធម្មជាតិ ដូចជា បឹងកក់ ផ្នែក​ខ្លះ​នៃ​បឹងទំពុន បឹង​ជើងឯក និង​បឹង​កប់​ស្រូវ ឬ​បឹង​តាមោក​ជាដើម ដែល​ជា​កន្លែង​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ជំនាន់​មនុស្ស​កន្លង​មក​ហើយ និង​ជា​កន្លែង​ស្តុក​ទឹក​ការពារ​កុំ​ឱ្យ​មាន​ទឹកជំនន់​។

លោក​បន្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោយពី​មានការ​លប់​បឹង​ធម្មជាតិ​ធំៗ​ក្នុង​ទីក្រុង​ឃើញ​មាន​ទឹក​ជន់​លិច​ផ្លូវ ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ការ​ស្រ​ចុះ​មាន​រយៈពេល​យូរ​ជាង​ពេល​មុនៗ៖ «អ៊ីចឹង​ប្រសិនបើ​ទៅមុខ​ប្រជាពលរដ្ឋ​សម្រុក​ចូល​មក​ទីក្រុង​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​តម្រូវការ​សាងសង់​លំនៅឋាន​បន្ថែម ហើយ​ខ្វះ​នូវ​ប្រព័ន្ធ​ជម្លៀស​ទឹកជំនន់ និង​ខ្វះ​ប្រព័ន្ធ​រក្សា​ការពារ​អនាម័យ និង​សំរាម ទាំងអស់​ហ្នឹង​វា​អាច​រីក​ឡើង​ធំ​ហួស​ពី​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន អ៊ីចឹង​ការ​អភិវឌ្ឍ​បែបនេះ​គួរ​ឱ្យ​ព្រួយបារម្ភ»។

ទាកទង់​បញ្ហា​នេះដែរ សមាគម​ធាងត្នោត​រកឃើញ​ថា បឹង​ធម្មជាតិ​ចំនួន​១៦ ត្រូវ​បាន​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន​១០​ទៀត កំពុង​ចាក់​លុប​ខ្លះៗ ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ​ដែល​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក ។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន ដែល​ការពារ​ដោយ​អនុក្រឹត្យ កំពុង​ប្រឈម​ការ​ចាក់​លុប​ដូចគ្នា​ដែរ។

របាយការណ៍ ២៥​ទំព័រ របស់​សមាគម​ធាងត្នោត ដែល​ចេញផ្សាយ​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​លាតត្រដាង​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ បណ្ដាលមកពី អភិវឌ្ឍន៍​ទីក្រុង​រណប និង​បុរី​ជាច្រើន បាន​ចាប់ផ្ដើម​ចាក់​ដី​ខ្សាច់​លុប​បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក។

ទន្ទឹម​នឹង​នេះ បឹង​ធម្មជាតិ ប្រមាណ ៦០​ភាគរយ និង​តំបន់​ដី​សើម ៤០​ភាគរយ ត្រូវ​បាន​ចាក់​លុប។

របាយការណ៍​បន្ថែម​ថា បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​នៅ​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ការ​បាត់​ទាំងស្រុង ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅតែ​បន្ត ហើយ​ទីក្រុង​ភ្នំពេញ និង​តំបន់​ជុំវិញ នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ បាត់បង់​ត្រី បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ និង​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ជាដើម។

នាយក​ប្រតិបត្តិ នៃ​អង្គការ​សមាគម​ធាងត្នោត សឿង សារ៉ន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ មករា​ថា ការ​លុប​បឹង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ដែល​រស់នៅ​ជុំវិញ​បឹង​ធម្មជាតិ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ជាពិសេស​បណ្ដាល​ឱ្យ​កើតមាន​ទឹកជំនន់​នៅ​ក្រុងភ្នំពេញ​៖ «ប្រសិនបើ​យើង រក្សា​បឹង​អាច តួនាទី យ៉ាង​សំខាន់ ទី​១ រំដោះ​ទឹក ទី​២ ជួយ​ឱ្យ​ទីក្រុង​ត្រជាក់​អ៊ីចឹង​ជា​ការ​ល្អ​។ រដ្ឋាភិបាល​ពិចារណា ចេញ​ច្បាប់ និង​អនុក្រឹត្យ ដើម្បី​ការពារ​បឹង​ធំៗ ជាពិសេស​បឹង តា​មោក បឹងទំពុន ឬក៏​បឹង​ជើង​ឯង»។

កន្លងមក​បឹង​កក់​ដែល​មាន​ទំហំ ៩០​ហិកតារ ត្រូវ​បាន​លុប​ទាំងស្រុង​នៅ​ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ (៤២៥៣) ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា បឹង​ណា​ដែល​មាន​ប្រយោជន៍​សម្រាប់​បរិស្ថាន អាជ្ញាធរ​នឹង​រក្សាទុក និង​មាន​បឹង​ខ្លះ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ទីក្រុង​។ លោក​ថា ស្ថាប័ន​ជំនាញ មាន​គោលការណ៍​ច្បាស់លាស់​ថា បឹង​ប៉ុន្មាន​ដែល​ត្រូវ​លុប និង​មាន​បឹង​ប៉ុន្មាន​ត្រូវ​រក្សាទុក​សម្រាប់​អភិរក្ស ដែល​មាន​ក្រសួង​ធនធាន​ទឹក និង​ក្រសួងបរិស្ថាន ជា​អ្នកធ្វើ​កិច្ច​ការងារ​នេះ​។ លោក​ថា បឹង​កប់​ស្រូវ ដែល​មាន​ទំហំ​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ មាន​ផ្នែក​ខ្លះ​រក្សាទុក​សម្រាប់​សំអាត​ទឹក​ស្អុយ និង​មាន​ផ្នែក​ខ្លះ អភិរក្ស​ធ្វើជា​តំបន់​ទេសចរ​ធម្មជាតិ​ក្នុង​ផ្ទៃ​បឹង​។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ថា មាន​បឹង​ណាខ្លះ​ដែល​ត្រូវ​អភិរក្ស និង​បឹង​ណាខ្លះ​ត្រូវ​អភិវឌ្ឍ​នោះ​ទេ៖ «បឹង​ណា​ដែល​មាន​សារប្រយោជន៍​សម្រាប់​ពាក់ព័ន្ធ​ហ្នឹង Environment បរិស្ថាន​គេ​ទុក ហើយ​គេ​ចាក់​កន្លែង​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​។ អាហ្នឹង​គេ​ថា អភិរក្ស ប្រកប​ដោយ​ការ​អភិវឌ្ឍន អភិវឌ្ឍន៍​ប្រកបដោយ​ការ​អភិរក្ស»។

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​រហូតមកដល់​ម៉ោង​ផ្សាយ​នេះ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​ស​មា​គម​ធាងត្នោត​ដែល​និយាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​លុប​បឹង​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ស្ថាប័ន​បច្ចេកទេស ជំនាញ​ដែល​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល បាន​ធ្វើការ​យ៉ាង​ម៉ត់ចត់​ជុំវិញ​រឿង​នេះ។

ក្រុម​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ លោក សាន់ ម៉ាឡា អំពាវនាវ​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់ អភិរក្ស​បឹង​ដែល​នៅសល់​ចុងក្រោយ​ឱ្យ​គង់វង្ស និង​កែច្នៃ​ជា​តំបន់​ឧទ្យាន​ជាតិ បម្រើ​ឱ្យ​វិស័យ​ទេសចរ​ក្នុង​ទីក្រុង ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ រក្សា​បរិស្ថាន​ស្អាត និង​រក​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​ជាដើម​៖ «យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ធ្វើការ​ពង្រីក​ក្រុង ហើយ​អភិវឌ្ឍន៍​ដីគោក ដែល​យើង​មាន​ស្រាប់ នៅ​ជាយ​ៗ​ភ្នំពេញ​សិន សម្រាប់​បឹង​ហ្នឹង​គួរ​កែច្នៃ​វា ឱ្យ​ទៅ​ជា​ឧទ្យាន​សម្រាប់​ឱ្យ​ពលរដ្ឋ​នៅ​ទីក្រុង​ហ្នឹង​គាត់​សម្រាក លំហែ​កម្សាន្ត យើង​ធ្វើ​លំ​ហាត់ប្រាណ ឬក៏​យើង​កែច្នៃ​ធ្វើ​ម៉េច​ ? បើ​យើង​អាច​រក​ចំណូល​បាន​ពី​វា ពីព្រោះ​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន​ឃើញ​គេ​ធ្វើ​អីចឹង»។

​ដោយឡែក ប្រធាន​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត សង្កេត​ឃើញ​ថា បឹង​ធម្មជាតិ​មួយ​ចំនួន ដូចជា​បឹងទំពុន និង​បឹង​កប់​ស្រូវ​ជាដើម កំពុង​ទទួលរង​ការ​ចាក់​លុប ធ្វើ​អាជីវកម្ម និង​ធ្វើ​លំនៅឋាន​នៅ​ផ្នែក​ខ្លះ ពី​សំណាក់​បុគ្គល​មាន​អំណាច៖ «​ប្រសិន​បើ​ជា រដ្ឋាភិបាល​នៅតែ​សម្រេចចិត្ត​បន្ត​លុប​បឹង​ទៀត វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ខ្លាំង​មែនទែន ហើយ​ធ្វើឱ្យ​ពួកគាត់​ធ្លាក់​ក្នុង ជីវភាព​ក្រីក្រ ដោយសារ​ពួកគាត់​មិន​អាច​បឹង​អាស្រ័យ​លើ​ដែល​មាន​ក្នុង​បឹង​ដែល​គាត់​រស់នៅ​ជាប្រចាំ​។ ម្យ៉ាងទៀត​ពលរដ្ឋ​រស់​នៅ​ជុំវិញ​បឹង​នៅ​រាជធានី​ភ្នំពេញ​ហ្នឹង គឺ​គាត់​ប្រឈម​ខ្លាំង​មែនទែន ព្រោះ​គាត់​ត្រូវ​ប្រឈម​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ »​។​

​របាយការណ៍​របស់​ស​មា​គម​ធាងត្នោត​បាន​បង្ហាញ​ដែរ​ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ជា​បឹង​មួយ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ មាន​ទំហំ ជាង ៣​ពាន់ ២​រយ (៣២៣៩)​ហិកតារ និង​មាន​ប្រជាជន​រស់នៅ​ជុំវិញ​បឹង​ចំនួន ៣១៩ គ្រួសារ​។ បឹង​នេះ អាច​ការពារ​ទឹកជំនន់ អាង​ស្តុក​ទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ ធនធាន​ត្រី និង​បក្សី​ជាដើម។

នាយក​ប្រតិបត្តិ នៃ​អង្គការ​សមាគម​ធាងត្នោត សឿង សារ៉ន បន្ថែម​ថា បឹងតាមោក និង​បឹងទំពុន​ឬ​បឹង​ជើងឯក មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​រំដោះ​ទឹកជំនន់ ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ត្រជាក់ និង​ទប់ស្កាត់​ការប្រែប្រួល អាកាសធាតុ​ជាដើម​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​រក្សា​បឹង​ទាំងនេះ ដោយ​អភិរក្ស​ជា​សម្បត្តិ​សាធារណៈ និង​កែច្នៃ​ឱ្យ​ទៅ​ជា​តំបន់​ទេសចរ​ធម្មជាតិ​បៃតង៖ «យើង​ក្រឡេក​មើល ទៅ​ប្រទេស​ដទៃ​ទៀត បឹង​គេ​រក្សា​ក្នុង​ទីក្រុង ដើម្បី​ទី​១ ជួយ​បង្កើន​ប្រព័ន្ធ​អេកូឡូស៊ី​ហ្នឹង ទី​២ កាត់បន្ថយ​កម្ដៅ​ក្នុង​ទីក្រុង ហើយ​ឥឡូវ​ហ្នឹង​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ​វា​ច្រើន»។

រដ្ឋាភិបាល លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​ចេញ អនុក្រឹត្យ​លេខ ២០ ដាក់​បឹង​កប់​ស្រូវ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក​ជាង​៣​ពាន់ ២​រយ​ហិកតារ។

សមាគម​ធាងត្នោត ចាត់​ទុក​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​បឹង​ធម្មជាតិ ដូចជា​បឹងទំពុន ឬ​បឹង​ជើងឯក នឹង​ធ្វើ​ឱ្យ​ទឹក​កខ្វក់ ចំនួន ២,៥ ទៅ ៣​លាន​ម៉ែត្រ​គូប ដែល​ត្រូវ​រក​កន្លែង​ផ្សេង ដើម្បី​ប្រព្រឹត្តិកម្ម​ទឹក ដែល​អាច​បណ្ដាល​ឱ្យ​លិច​ផ្នែក​ខ្លះ​នៃ​ក្រុងភ្នំពេញ ភាគ​ខាងក្រោម និង​ក្រុង​តាខ្មៅ​។ លើស​ពី​នេះ​ទៀត រ​ចាក់​ដី​ខ្សាច់​លុប​បឹង​បច្ចុប្បន្ន កំពុង​មាន​សកម្មភាព​បន្ត​ក្នុង​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។