អ្នកជំនាញអភិបាលកិច្ចទឹក និងបញ្ហាបរិស្ថាន ព្រមទាំងសង្គមស៊ីវិលដែលឃ្លាំមើលជុំវិញបញ្ហានេះ បង្ហាញក្តីកង្វល់ជុំវិញការបាត់បង់ បឹងធម្មជាតិនៅក្នុងទីក្រុង ដែលជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ការបាត់បង់បឹងធម្មជាតិ និងការរួមតូចនៃផ្ទៃបឹងធម្មជាតិនេះ កើតឡើងដោយសារការចាក់ដីលុប ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប និងបុរី ដែលមានតម្លៃខ្ពស់ បានចាប់ផ្ដើមកើនឡើងច្រើន ដោយពុំបានសិក្សាពីផលប៉ះពាល់ឱ្យបានស៊ីជម្រៅ និងមានការទទួលខុសត្រូវលើការកើតឡើងនូវហានិភ័យទាំងនោះឡើយ។
អ្នកជំនាញបង្ហាញថា ការលុបបឹងធម្មជាតិ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ និងបង្ហាញនូវផលអវិជ្ជមានដ៏អាក្រក់ ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថយចុះមច្ឆាជាតិ ជាពិសេស ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានបណ្ដេញចេញពីលំនៅឋាន ឬប្រឈមការគំរាមកំហែងពីការបណ្ដេញចេញនៅថ្ងៃខាងមុខ ខណៈដែលគម្រោងអភិវឌ្ឍន៍នៅបន្តគំរាមកំហែងលំនៅឋាន និងការងាររបស់ប្រជាពលរដ្ឋ។
អ្នកប្រឹក្សាឯករាជ្យ ផ្នែកថាមពល បញ្ហាបរិស្ថាន និងអភិបាលកិច្ចទឹក លោក ហែម ឧត្តម បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងពង្រីកទីក្រុង ឬទីប្រជុំជនជាបន្តបន្ទាប់។
ការពង្រីកនេះ កន្លែងខ្លះមានការលុបបឹងធម្មជាតិ ដូចជា បឹងកក់ ផ្នែកខ្លះនៃបឹងទំពុន បឹងជើងឯក និងបឹងកប់ស្រូវ ឬបឹងតាមោកជាដើម ដែលជាកន្លែងអាស្រ័យផលចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋជាច្រើនជំនាន់មនុស្សកន្លងមកហើយ និងជាកន្លែងស្តុកទឹកការពារកុំឱ្យមានទឹកជំនន់។
លោកបន្តថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីមានការលប់បឹងធម្មជាតិធំៗក្នុងទីក្រុងឃើញមានទឹកជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ ហើយការស្រចុះមានរយៈពេលយូរជាងពេលមុនៗ៖ «អ៊ីចឹងប្រសិនបើទៅមុខប្រជាពលរដ្ឋសម្រុកចូលមកទីក្រុងកំណើនប្រជាពលរដ្ឋកាន់តែច្រើនតម្រូវការសាងសង់លំនៅឋានបន្ថែម ហើយខ្វះនូវប្រព័ន្ធជម្លៀសទឹកជំនន់ និងខ្វះប្រព័ន្ធរក្សាការពារអនាម័យ និងសំរាម ទាំងអស់ហ្នឹងវាអាចរីកឡើងធំហួសពីអ្វីដែលយើងអាចគ្រប់គ្រងបាន អ៊ីចឹងការអភិវឌ្ឍបែបនេះគួរឱ្យព្រួយបារម្ភ»។
ទាកទង់បញ្ហានេះដែរ សមាគមធាងត្នោតរកឃើញថា បឹងធម្មជាតិចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន១០ទៀត កំពុងចាក់លុបខ្លះៗ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញដែលចាប់តាំងពីឆ្នាំ១៩៩០មក ។ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ។
របាយការណ៍ ២៥ទំព័រ របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ បានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ បណ្ដាលមកពី អភិវឌ្ឍន៍ទីក្រុងរណប និងបុរីជាច្រើន បានចាប់ផ្ដើមចាក់ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក។
ទន្ទឹមនឹងនេះ បឹងធម្មជាតិ ប្រមាណ ៦០ភាគរយ និងតំបន់ដីសើម ៤០ភាគរយ ត្រូវបានចាក់លុប។
របាយការណ៍បន្ថែមថា បឹងធម្មជាតិ និងតំបន់ដីសើមនៅរាជធានីភ្នំពេញ អាចប្រឈមនឹងការបាត់ទាំងស្រុង ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត ហើយទីក្រុងភ្នំពេញ និងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រី បាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ និងប៉ះពាល់ជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋានជាដើម។
នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត សឿង សារ៉ន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មករាថា ការលុបបឹងមួយចំនួននៅរាជធានីភ្នំពេញ បង្កប៉ះពាល់ជីវភាពពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅជុំវិញបឹងធម្មជាតិ ការបណ្ដេញចេញដោយបង្ខំ ជាពិសេសបណ្ដាលឱ្យកើតមានទឹកជំនន់នៅក្រុងភ្នំពេញ៖ «ប្រសិនបើយើង រក្សាបឹងអាច តួនាទី យ៉ាងសំខាន់ ទី១ រំដោះទឹក ទី២ ជួយឱ្យទីក្រុងត្រជាក់អ៊ីចឹងជាការល្អ។ រដ្ឋាភិបាលពិចារណា ចេញច្បាប់ និងអនុក្រឹត្យ ដើម្បីការពារបឹងធំៗ ជាពិសេសបឹង តាមោក បឹងទំពុន ឬក៏បឹងជើងឯង»។
កន្លងមកបឹងកក់ដែលមានទំហំ ៩០ហិកតារ ត្រូវបានលុបទាំងស្រុងនៅឆ្នាំ២០១៣ មានពលរដ្ឋជាង ៤ពាន់គ្រួសារ (៤២៥៣) ត្រូវបានបណ្ដេញចេញដោយបង្ខំ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បឹងណាដែលមានប្រយោជន៍សម្រាប់បរិស្ថាន អាជ្ញាធរនឹងរក្សាទុក និងមានបឹងខ្លះសម្រាប់អភិវឌ្ឍន៍ក្នុងទីក្រុង។ លោកថា ស្ថាប័នជំនាញ មានគោលការណ៍ច្បាស់លាស់ថា បឹងប៉ុន្មានដែលត្រូវលុប និងមានបឹងប៉ុន្មានត្រូវរក្សាទុកសម្រាប់អភិរក្ស ដែលមានក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ជាអ្នកធ្វើកិច្ចការងារនេះ។ លោកថា បឹងកប់ស្រូវ ដែលមានទំហំធំជាងគេនៅរាជធានីភ្នំពេញ មានផ្នែកខ្លះរក្សាទុកសម្រាប់សំអាតទឹកស្អុយ និងមានផ្នែកខ្លះ អភិរក្សធ្វើជាតំបន់ទេសចរធម្មជាតិក្នុងផ្ទៃបឹង។ លោកបដិសេធមិនអធិប្បាយលម្អិតថា មានបឹងណាខ្លះដែលត្រូវអភិរក្ស និងបឹងណាខ្លះត្រូវអភិវឌ្ឍនោះទេ៖ «បឹងណាដែលមានសារប្រយោជន៍សម្រាប់ពាក់ព័ន្ធហ្នឹង Environment បរិស្ថានគេទុក ហើយគេចាក់កន្លែងខ្លះសម្រាប់ការអភិវឌ្ឍ។ អាហ្នឹងគេថា អភិរក្ស ប្រកបដោយការអភិវឌ្ឍន អភិវឌ្ឍន៍ប្រកបដោយការអភិរក្ស»។
អាស៊ីសេរីពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីសុំការអធិប្បាយបន្ថែមជុំវិញរឿងនេះបានទេរហូតមកដល់ម៉ោងផ្សាយនេះ។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងរបាយការណ៍របស់សមាគមធាងត្នោតដែលនិយាយពីផលប៉ះពាល់នៃការលុបបឹងនោះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ស្ថាប័នបច្ចេកទេស ជំនាញដែលពាក់ព័ន្ធ របស់រដ្ឋាភិបាល បានធ្វើការយ៉ាងម៉ត់ចត់ជុំវិញរឿងនេះ។
ក្រុមយុវជនរស់នៅរាជធានីភ្នំពេញ លោក សាន់ ម៉ាឡា អំពាវនាវថា រដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ អភិរក្សបឹងដែលនៅសល់ចុងក្រោយឱ្យគង់វង្ស និងកែច្នៃជាតំបន់ឧទ្យានជាតិ បម្រើឱ្យវិស័យទេសចរក្នុងទីក្រុង ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋ រក្សាបរិស្ថានស្អាត និងរកចំណូលចូលសេដ្ឋកិច្ចជាតិជាដើម៖ «យើងចង់ឱ្យរដ្ឋាភិបាលហ្នឹងធ្វើការពង្រីកក្រុង ហើយអភិវឌ្ឍន៍ដីគោក ដែលយើងមានស្រាប់ នៅជាយៗភ្នំពេញសិន សម្រាប់បឹងហ្នឹងគួរកែច្នៃវា ឱ្យទៅជាឧទ្យានសម្រាប់ឱ្យពលរដ្ឋនៅទីក្រុងហ្នឹងគាត់សម្រាក លំហែកម្សាន្ត យើងធ្វើលំហាត់ប្រាណ ឬក៏យើងកែច្នៃធ្វើម៉េច ? បើយើងអាចរកចំណូលបានពីវា ពីព្រោះប្រទេសអភិវឌ្ឍន៍ភាគច្រើនឃើញគេធ្វើអីចឹង»។
ដោយឡែក ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត សង្កេតឃើញថា បឹងធម្មជាតិមួយចំនួន ដូចជាបឹងទំពុន និងបឹងកប់ស្រូវជាដើម កំពុងទទួលរងការចាក់លុប ធ្វើអាជីវកម្ម និងធ្វើលំនៅឋាននៅផ្នែកខ្លះ ពីសំណាក់បុគ្គលមានអំណាច៖ «ប្រសិនបើជា រដ្ឋាភិបាលនៅតែសម្រេចចិត្តបន្តលុបបឹងទៀត វាពិតជាធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់ខ្លាំងមែនទែន ហើយធ្វើឱ្យពួកគាត់ធ្លាក់ក្នុង ជីវភាពក្រីក្រ ដោយសារពួកគាត់មិនអាចបឹងអាស្រ័យលើដែលមានក្នុងបឹងដែលគាត់រស់នៅជាប្រចាំ។ ម្យ៉ាងទៀតពលរដ្ឋរស់នៅជុំវិញបឹងនៅរាជធានីភ្នំពេញហ្នឹង គឺគាត់ប្រឈមខ្លាំងមែនទែន ព្រោះគាត់ត្រូវប្រឈមការបណ្ដេញចេញទាំងបង្ខំ »។
របាយការណ៍របស់សមាគមធាងត្នោតបានបង្ហាញដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ជាបឹងមួយធំជាងគេក្នុងរាជធានីភ្នំពេញ មានទំហំ ជាង ៣ពាន់ ២រយ (៣២៣៩)ហិកតារ និងមានប្រជាជនរស់នៅជុំវិញបឹងចំនួន ៣១៩ គ្រួសារ។ បឹងនេះ អាចការពារទឹកជំនន់ អាងស្តុកទឹកស្អាតលក្ខណៈធម្មជាតិ ធនធានត្រី និងបក្សីជាដើម។
នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត សឿង សារ៉ន បន្ថែមថា បឹងតាមោក និងបឹងទំពុនឬបឹងជើងឯក មានតួនាទីសំខាន់ណាស់ ក្នុងការជួយរំដោះទឹកជំនន់ ធ្វើឱ្យទីក្រុងភ្នំពេញត្រជាក់ និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុជាដើម។ លោកថា រដ្ឋាភិបាលគួរតែពិចារណារក្សាបឹងទាំងនេះ ដោយអភិរក្សជាសម្បត្តិសាធារណៈ និងកែច្នៃឱ្យទៅជាតំបន់ទេសចរធម្មជាតិបៃតង៖ «យើងក្រឡេកមើល ទៅប្រទេសដទៃទៀត បឹងគេរក្សាក្នុងទីក្រុង ដើម្បីទី១ ជួយបង្កើនប្រព័ន្ធអេកូឡូស៊ីហ្នឹង ទី២ កាត់បន្ថយកម្ដៅក្នុងទីក្រុង ហើយឥឡូវហ្នឹងបញ្ហាការបម្រែបម្រួលអាកាសធាតុវាច្រើន»។
រដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញ អនុក្រឹត្យលេខ ២០ ដាក់បឹងកប់ស្រូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ គ្របដណ្ដប់លើផ្ទៃទឹកជាង៣ពាន់ ២រយហិកតារ។
សមាគមធាងត្នោត ចាត់ទុកការបាត់បង់ផ្នែកខ្លះនៃបឹងធម្មជាតិ ដូចជាបឹងទំពុន ឬបឹងជើងឯក នឹងធ្វើឱ្យទឹកកខ្វក់ ចំនួន ២,៥ ទៅ ៣លានម៉ែត្រគូប ដែលត្រូវរកកន្លែងផ្សេង ដើម្បីប្រព្រឹត្តិកម្មទឹក ដែលអាចបណ្ដាលឱ្យលិចផ្នែកខ្លះនៃក្រុងភ្នំពេញ ភាគខាងក្រោម និងក្រុងតាខ្មៅ។ លើសពីនេះទៀត រចាក់ដីខ្សាច់លុបបឹងបច្ចុប្បន្ន កំពុងមានសកម្មភាពបន្តក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។