សង្គម​ស៊ីវិល​និង​ប្រជា​នេសាទ​បារម្ភ​ពី​ធនធាន​ជលផល​ធ្លាក់​ចុះ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​នេសាទ​កម្ពុជា សំដែង​ការ​ព្រួយ​បារម្ភ​ពី​ធនធាន​ជលផល​កាន់តែ​ថយ​ចុះ នៅ​ពេល​ដែល​ឧបករណ៍​នេសាទ​ទំនើប​ត្រូវ​បាន​គេ​ប្រើ​ពាសពេញ​ផ្ទៃ​ទឹកសាប និង​ទឹកប្រៃ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​ជំនាញ។

បញ្ហា​នេះ​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​នេសាទ​​ស្នើ​សុំ​ឲ្យ​ក្រុម​អ្នក​តាក់តែង​ច្បាប់ និង​អ្នក​អនុម័ត​ច្បាប់​ជលផល គួរ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ ដើម្បី​គ្រប់គ្រង​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព។

ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា ពួកគាត់​ទិញ​ត្រី​ចិញ្ចឹម​ពី​ប្រទេស​វៀតណាម ទទួល​ទាន​នៅ​ពេល​ដែល​ត្រី​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​បាន​ថយ​ចុះ៖ «ដោយសារ​ការ​នាំ​ចេញ​ត្រី​ធម្មជាតិ​យ៉ាង​ច្រើន​ពី​បឹង​ទន្លេសាប ធ្វើ​ឲ្យ​តំបន់​សហគមន៍​នេសាទ​មួយ​​ចំនួន​នៅ​តាម​បឹង​ទន្លេ​សាប គឺ​ហូប​ត្រី​ចិញ្ចឹម​ទៅ​វិញ មិន​បាន​ហូប​ត្រី​ធម្មជាតិ​ទេ ហូប​ត្រី​ចិញ្ចឹម ហ្នឹង​តំបន់​បឹង​ទន្លេសាប​ជុំវិញ​បឹង​ទន្លេ​សាប»

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូចែត ថ្លែង​ថា ត្រី​ធម្មជាតិ​នៅ​ក្នុង​បឹង​ទន្លេសាប​មិន​អាច​ចាប់​បាន​ច្រើន​ដូច​សព្វ​មួយ​ដង ដោយសារ​បទល្មើស​នេសាទ​បំផ្លាញ​ត្រី​ធម្មជាតិ​ធំ តូច ត្រី​មេ​ពូជ ពី​ទន្លេ​សាប និង​ពី​កន្លែង​អភិរក្ស៖ «ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​នេសាទ​ខុស​ច្បាប់ បើសិនជា​រដ្ឋាភិបាល ក៏​ដូចជា​ស្ថាប័ន​ជំនាញ​អត់​មាន​វិធានការ​តឹងតែង​ទេ នៅ​តែ​បណ្ដែតបណ្ដោយ ដូច​បច្ចុប្បន្ន​នេះ​ទៀត ស្ថានភាព​នៅ​បឹង​ទន្លេសាប​នឹង​ជួប​បញ្ហា​គ្រោះថ្នាក់​ដល់​មច្ឆា​ជាតិ​ជា​មិន​ខាន»

ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រជា​នេសាទ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ថ្ងៃ​ទិវា​មច្ឆា​ជាតិ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ថា របាយការណ៍​ពី​ក្រសួង​កសិកម្ម​ធនធាន​ជលផល​ធម្មជាតិ​កើន​ឡើង ប៉ុន្តែ​វា​មិន​អាច​បំពេញ​តម្រូវការ​អ្នក​ទទួល​ទាន​អាហារ​ត្រី​បាន​គ្រប់គ្រាន់​ទេ ព្រោះ​កំណើន​មនុស្ស​ផង កំណើន​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផង បឹង​ព្រែក រីង​រាក់​គោក បណ្ដាល​​មក​ពី​មែក​ឈើ ស្លឹក​ឈើ​ជ្រុះ​ពេញ​បឹង ហើយក៏​មាន​អ្នក​កាប់​ព្រៃ​លិច​ទឹក ដាំ​ស្រូវ​ប្រាំង​ក្នុង​បឹង​​អភិរក្ស​ផង។

លោក ហ៊ុន សែន បន្តថា ដើម្បី​ឲ្យ​ត្រី​ធម្មជាតិ​សំបូរ​ឡើង​វិញ លោក​លែង​កូន​ត្រី ១​លាន​ក្បាល បង្កង ១០​ម៉ឺន​ក្បាល ត្រី​មេ​ពូជ​មួយ​ចំនួន​ទៅ​ក្នុង​អាង​ទឹក​ក្តុល នៅ​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង នា​រដូវ​បិទ​នេសាទ​ក្នុង​ថ្ងៃ​ទិវា​មច្ឆា​ជាតិ៖ «ថែទាំ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ ១​លាន​ក្បាល​វា​ធំធាត់​ឡើង ហើយ​វា​អាច​មាន​កូន​បន្ត ១០​ម៉ឺន​ក្បាល​បង្កង វា​ធំធាត់​ឡើង ហើយ​វា​អាច​មាន​កូន​បន្ត។ ចំណុច​នេះ​ទាមទារ​ឲ្យ​យើង​មាន​ការ​ខិតខំ​ទាំង​អស់​គ្នា។ តម្រូវការ​របស់​យើង​កាន់​តែ​ធំ ហើយ​ការ​ចិញ្ចឹម​ត្រី​របស់​យើង ត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន ដើម្បី​គួបផ្សំ​ជាមួយ​ត្រី​ធម្មជាតិ​នៅ​តាម​ទន្លេសាប ទន្លេ​មេគង្គ និង​បណ្ដា​បឹងបួ​ផ្សេងៗ​ថែម​ទៀត»

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​ថា ការ​លែង​កូន​ត្រី​តិចតួច ហើយ​ថត​​ផ្សាយ​ឲ្យ​គេ​ដឹង​ឭ​នោះ មិន​មែន​ជា​វិធី​ដោះស្រាយ​ឲ្យ​ត្រី​ធម្មជាតិ​កើន​ឡើង​មក​វិញ​ទេ។ លោក​ថា ការ​បំបាត់​ឲ្យ​អស់​នូវ​ការ​ហូរ​ចូល​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ហ៊ាន​អនុវត្ត​ច្បាប់​ជលផល​ឲ្យ​ត្រឹមត្រូវ ហើយ​បំបាត់​ឲ្យ​អស់​អ្នក​អន្តរាគមន៍​ដោះលែង​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ទើប​ជួយ​ឲ្យ​ត្រី​ធម្មជាតិ​សំបូរ​ឡើង​វិញ។

​ប្រធាន​បណ្ដាញ​នេសាទ​ទន្លេ​មេគង្គ លោក អ៊ាង ណាំ ថ្លែង​ថា ក្នុង​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង ជាដើម នៅ​តែ​មាន​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ ត្រី​រ៉ស់ ក្នុង​ទន្លេ​មេគង្គ និង​តាម​បៀ ព្រោះ​ត្រី​នោះ​វា​ស៊ី​ចំណី​ត្រី​ធម្មជាតិ​ធំ​ច្រើន​ណាស់​ក្នុង​១​ថ្ងៃៗ។ អ្នក​ចិញ្ចឹម​ត្រី​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ចាប់​យក​ត្រី​ពី​ទន្លេ​មេគង្គ​ច្រើន​តោន​ក្នុង​១​ថ្ងៃៗ យក​ទៅ​ឲ្យ​ជា​ចំណី​ត្រី​ឆ្ដោរ ត្រី​រ៉ស់ ជា​ហេតុ​នាំ​ឲ្យ​ត្រី​ធម្មជាតិ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក អ៊ាង ណាំ៖ «ដាយ​តាម​ដង​ទន្លេ​នេះ សព្វថ្ងៃ​វា​ចាប់​យក​ត្រី​មេ​ពូជ ត្រី​ឆ្លាំង ត្រប់សណ្ដាយ ត្រី​កែស ពិសេស​ទៀត ចាប់​មេត្រី​ដែល​ពង ហើយ​ត្រី​រៀល​ដែល​កំពុងតែ​ពង​ហ្នឹង វា​ចាប់​រាប់​តោន​មួយ​យប់ៗ។ អ៊ីចឹង​ជាក់ស្ដែង លោក​នាយ​ខណ្ឌ​ហ្នឹង​គាត់​បាន​ជ្រាប​ហើយ គាត់​បាន​ចុះ​ធ្វើ​ការ​ដែរ​តែ​នៅ​ក្នុង​តំបន់​នេះ ដូចជា​មិន​មាន​ការ​ធូរ​ស្រាល​ទេ មាន​តែ​កើន​ឡើង​រហូត។ សូម្បីតែ​ស្បៃ​មុង​ហ្នឹង ជាក់ស្ដែង​គឺ​ថា កើន​ឡើង​អត់​មាន​ថយ​ទេ»

ប្រជា​នេសាទ​តំបន់​ឆ្នេរ លោក រីម មូសើ ថ្លែង​ថា ឧបករណ៍​បំផ្លាញ​ជលផល​សមុទ្ទ រួម​មាន​ទូក​អូសគូ មង​ហោះ ទូក​ប្រើ​ស៊ីប​យន្ត ទូក​រុញ​គី​ជាដើម ប្រើ​ដោយ​ជនជាតិ​វៀតណាម រាប់​រយ​គ្រឿង​ក្នុង​១​ខែៗ ចូល​មក​នេសាទ​ដល់​ក្រុង​កំពត និង​នៅ​តំបន់​ទឹក​រាក់​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ជាដើម ដែល​មន្ត្រី​ជលផល និង​សហគមន៍​នេសាទ​មិន​អាច​ការពារ និង​បង្ក្រាប​បាន​ឡើយ។ ទន្ទឹម​នោះ​អ្នក​អនុវត្ត​ច្បាប់​ខ្លះ​ទទួល​សំណូក ទើប​សកម្មភាព​បំផ្លាញ​ធនធាន​ជលផល​ក្នុង​ធម្មជាតិ មិន​អាច​បង្ក្រាប​​បាន​ស្ងប់​ឡើយ។

លោក រីម មូសើ៖ «ព្រោះ​អី លប​កណ្ដុរ និង​ពោះវៀន​ជ្រូក​នេះ ដាក់​នៅ​ក្នុង​ក្បែរៗ​សហគមន៍​យើង​ហ្នឹង​ទេ។ អ៊ីចឹង​សំណូមពរ​មិន​ខុស​អី​ពី​បង​ទាំង​២​តំបន់​ប៉ុន្មាន​ទេ សុំ​ឲ្យ​លោក​អាជ្ញាធរ​រដ្ឋបាល​ជលផល និង​​ស្ថាប័ន​បង្ក្រាប​បទល្មើស ពុករលួយ ដាក់​ទោសទណ្ឌ​ជនល្មើស​អ្នក​ឃុបឃិត»

អគ្គនាយក​រង​រដ្ឋបាល​ជលផល លោក អ៊ឹង ទ្រី ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ធនធាន​ត្រី​ធម្មជាតិ​នៅ​តែ​​កើន​ឡើង​រាល់​ឆ្នាំ។ ប៉ុន្តែ​កំណើន​អ្នក​ចាប់ និង​ការ​ប្រ​ឧបករណ៍​ខុសច្បាប់​វា​កើន​ដែរ ទើប​ការ​ចាប់​ត្រី​ពី​ធម្មជាតិ​បាន​តិច។ លោក​បន្ត​ថា ប្រទេស​កម្ពុជា មាន​ការ​ជួញដូរ​ត្រី​ទៅ​បរទេស និង​ការ​ដឹក​ត្រី​​ពី​បរទេស​ចូល​មក​ប្រទេស​កម្ពុជា។ រដ្ឋបាល​ជលផល​មិន​អាច​កំណត់​ចំនួន​តោន​ត្រី​ក្នុង​១​ថ្ងៃ ឬ ១​ខែ ត្រូវ​ដឹក​ចេញ និង​ដឹក​ចូល​បាន​ទេ។

លោក​ទទួល​ស្គាល់​ថា មាន​បទល្មើស​នេសាទ​លួច​ចាប់​ត្រី​ទឹក​សាប​និង​សមុទ្ទ​នៅ​ពេល​យប់​ខ្លាំងក្លា ទន្ទឹម​នោះ មន្ត្រី​ជលផល​ចុះ​បង្ក្រាប​បទល្មើស​មាន​គ្នា​តិច មិន​អាច​អនុវត្ត​ច្បាប់​បាន​ទូលាយ៖ «ត្រី​បើ​ចេញ​ពី​បឹង​ទន្លេសាប ឲ្យ​តែ​ត្រី​ស្រុក​ខ្មែរ គឺ​មាន​តម្លៃ​ខ្លាំង ក៏​ប៉ុន្តែ​ប្រជាជន​របស់​យើង​គាត់​មាន​របៀប​សេដ្ឋកិច្ច គាត់​យក​ត្រី​ដែល​គាត់​ចាប់​បាន គាត់​សុខចិត្ត​លក់ អ៊ីចឹង​គាត់​ទិញ​ត្រី​ដែល​គេ​ចិញ្ចឹម​​យក​មក​ហូប។ បើ​ទៅ​ទិញ​ត្រី បើ​ថា ត្រី​ហ្នឹង​ជា​ត្រី​ចិញ្ចឹម​អត់​ទិញ​ទេ តែ​បើ​ត្រី​ហ្នឹង​ជា​ត្រី​មក​ពី​បឹង​ទន្លេសាប គឺ​នាំ​គ្នា​ទិញ សូម្បី​ត្រី​អណ្ដែង​ក៏ដោយ»

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ជា​នាយក​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឱម សាវ៉ាត ថ្លែង​ថា ដោយសារតែ​ធនធាន​ជលផល​ទឹក​សាប​និង​ទឹកប្រៃ រង​នូវ​ការ​បំផ្លាញ​អនាធិបតេយ្យ ទើប​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​ប្រជា​នេសាទ​ស្នើ​សុំ​ឲ្យ​ច្បាប់​ស្ដីពី​ជលផល​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ខ្លះ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ការពារ​ផល​ប្រយោជន៍​ជលផល។

លោក ឱម សាវ៉ាត៖ «ពិនិត្យ​មើល​អំពី​ស្ថានភាព​ទូទៅ​ក្រោយ​ពេល​លុប​ឡូត៍​នេសាទ យើង​ឃើញ​ថា វិធានការ​របស់​​រាជរដ្ឋាភិបាល​ចេញ​តាម​ប្រកាស​លេខ​០១ របស់​សម្ដេច​នាយករដ្ឋមន្ត្រី យើង​ឃើញ​ថា មាន​​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី បាន​ន័យ​ថា ប្រហែល​ជា​២ ឬ ៣​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​ហ្នឹង​មក យើង​ឃើញ​​ថា អន្តរក្រសួង​ដែល​ចុះ​ប្រតិបត្តិការ​ហ្នឹង​ក៏​បន្ថយ​សកម្មភាព សង្កេត​ឃើញ​បទល្មើស​នេសាទ​មាន​ការ​កើន​ឡើង​វិញ»

ប្រជា​នេសាទ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​ជលផល លើក​ឡើង​ថា វិបត្តិ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ធនធាន​ជលផល​ធ្លាក់​ចុះ​រួម​មាន មន្ត្រី​អនុវត្ត​ច្បាប់​ពុករលួយ បទល្មើស​នេសាទ​ភាគ​ច្រើន​បង្ក​ដោយ​ជនជាតិ​វៀតណាម ខ្មែរ​អ្នក​មាន​អំណាច មាន​លុយ បាន​ប្រើ​​ថ្នាំ​បំពុល បង្កង ឆក់​ត្រី ធ្វើ​របាំង ទំនប់​កាត់​ព្រែក កាត់​ដៃទន្លេ បូម​ពង្រីង​ទឹក​ចាប់​ត្រី បូម​ខ្សាច់ ប្រើ​អួន​ក្រឡា​ញឹក លូ​ស្បៃ​មុង បរណរ៉ាវ ស៊ី​ប​យន្ត យ៉ាំង​កាវ លប​កន្ទុយ​កណ្ដុរ ការ​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់ ដែល​បំផ្លាញ​ត្រី​ក្នុង​បឹង​ទន្លេសាប​ខ្លាំងក្លា ការ​ដុត​កាប់​រាន​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​​ព្រៃ​កោងកាង​ក្នុង​ដែន​សហគមន៍ បាន​ធ្វើ​ឲ្យ​ធនធាន​ជលផល​ថយ​ចុះ។ ពួកគាត់​អះអាង​ថា ការ​បំផ្លាញ​ធនធាន​ជលផល​កើត​ឡើង​ខ្លាំង ក្រោយ​ពី​រដ្ឋាភិបាល​ផ្ទេរ​ឡូត៍​នេសាទ​ទាំង​អស់​មក​ឲ្យ​​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ។

អ្នកនេសាទ​ក្នុង​ស្រុក​និង​មក​ពី​ក្រៅ​ប្រទេស​ដណ្ដើម​គ្នា​ចាប់​ត្រី​ដោយ​ឧបករណ៍​ខុស​ច្បាប់។ នៅ​ក្នុង​តំបន់​ឆ្នេរ ពួកគេ​ប្រើ​ឧបករណ៍​មង​ហោះ ទូក​អូសគូ ទូក​រុញ​គី ទូក​ម៉ាស៊ីន​គោយន្ត និង​មធ្យោបាយ​នេសាទ​ខុស​ច្បាប់​ដទៃ​ទៀត ប្រើ​លើ​ផ្ទៃ​សមុទ្ទ បណ្ដាល​ឲ្យ​ធនធាន​ជលផល​សមុទ្ទ​បាត់បង់​បន្តិច​ម្តងៗ បើ​ទោះ​បី​រដ្ឋបាល​ជលផល សហគមន៍​នេសាទ និង​​អង្គការ​សង្គម​ស៊ីវិល​ខិតខំ​អភិរក្ស​ធនធាន​ជលផល​យ៉ាង​ណា​ក៏ដោយ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។