ក្រុម​យុវជន​គ្រោង​ធ្វើ​យុទ្ធនាការ​ជិះកង់​ ពី​ភ្នំពេញ​ទៅ​ព្រៃ​ព្រះ​រកា​ បំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ព្រៃ​ព្រះ​រកា

0:00 / 0:00

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ ១០នាក់​​គ្រោង​ធ្វើ​យុទ្ធនាការ​ជិះកង់​ ពី​រាជធានី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះវិហារ​មាន​ចម្ងាយ​ជាង ៣០០គីឡូម៉ែត្រ (៣១៦) ក្នុង​បំណង​ផ្សព្វផ្សាយ​ ពី​សក្តានុ​ពល​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ និង​ស្នើ​ឱ្យ​មានការ​បង្កើត​យន្តការ​ជាក់លាក់​ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ក្នុង​កិច្ច​គាំពារ​អភិរក្ស​ព្រៃ​មួយ​នេះ​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ស្វាគមន៍​យុទ្ធនាការ​នេះ​ ​ដោយ​បូក​បញ្ចូល​ទាំង​យន្តការ​ដែល​មាន​ស្រាប់​របស់​​ក្រសួង​។

សមាជិក​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ លោក​ សាន់​ ម៉ា​ឡា​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦​ វិច្ឆិកា​ថា​ មូលហេតុ​ដែល​ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ជិះកង់​ពីភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​នេះ​ គឺក្នុង​ទិសដៅ​ធ្វើ​បច្ចុប្បន្នភាព​ព្រៃ​ព្រះ​រកា​ ថា​តើ​មកទល់​ពេលនេះ​ មានការ​កាប់​បំផ្លាញ​ដល់​​កម្រិត​ណា​ហើយ? ​លោក​ថា ក្រុម​យុវជន​នឹង​ចែក​ខិត​ប័ណ្ណ​ ផ្សព្វផ្សាយ​ពី​សក្តានុ​ពល​ព្រៃ​ព្រះ​រកា​ អំឡុង​ពេល​ដែល​ពួកគេ​ជិះកង់​ឆ្លងកាត់​តំបន់​នី​មួយៗ។ លោក​បន្ថែម​ថា​ គោលបំណង​ចម្បង​របស់​ក្រុម​យុវជន​ គឺ​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ បង្កើត​យន្តការ​អភិរក្ស​ព្រៃឈើ​ ច្បាស់លាស់​ជាង​មុន​ ស្រប​ពេល​ដែល​ពួក​លោក​​សង្កេតឃើញ​ថា​ បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ការពារ​មួយ​នេះ​ ​នៅតែ​កើតមាន​ឥតស្រាក​ស្រាន្ត៖ «អ្វី​ដែល​យើង យើង​មើល​ឃើញ កន្លង​មក​ហ្នឹង​នៅ​ក្នុង​ព្រៃ ដោយសារ​មាន​ផ្លូវ​ខ្វាត់ខ្វែង អ៊ីចឹង​វា​ជា​ការ​សម្រួល​ដល់​ជន​ល្មើស ក្នុង​ការ​ដឹក ដោយសារ​មិន​មាន​កម្លាំង​របស់​ឧទ្យានុរក្ស​គ្រប់គ្រាន់ ហើយ​កត្តា​មួយ​ទៀត​គឺ ប្រហែល​ជា​អាច​មាន​ការ​ឃុបឃិត​គ្នា ជា​លុយ​កាក់ ដើម្បី​សម្រួល​ឱ្យ ជន​ល្មើស​ចូល​ទៅ​ដឹក។ ដូច្នេះ​ហើយ ក្រសួង​អាច​បន្ថែម​ប៉ុស្តិ៍​ត្រូត​ពិនិត្យ ឱ្យ​បាន​ច្រើន​ជាង​មុន ធ្វើ​ម៉េច​ឱ្យ​មាន​ការ​យន្តការ​មួយ ក្នុង​ការ​តាម​ដាន ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី និង​បើក​ទូលាយ​ឱ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ដឹងឮ។ ហ្នឹង​បាន​ជា​វិធី​មួយ​ឱ្យ​យើង​ជឿ​ជាក់​ថា អាច​បញ្ឈប់ »

លោក​ សាន់​ ម៉ា​ឡា​ បន្ថែម​ថា​ ពួក​លោក​​ហាក់​មិនទាន់​ស្ងប់ចិត្ត​ទាល់តែសោះ​ ពី​យន្តការ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ របស់ក្រ​សួង​បរិស្ថាន​ ​ដោយសារ​ទំហំ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ កាន់តែ​ថយ​ចុះ​បន្តិច​ម្ដ​ងៗ។ លោក​ថា​ ពេល​​ចាប់​ជនល្មើស​មួយចំនួន​បាន មន្ត្រី​បរិស្ថាន​បាន​ត្រឹមតែ​ផាក​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ​ ​ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ ពី​ថៅកែ​ឈើ​ ហើយ​មួយ​រយៈ​ខ្លី​ក្រោយមក​ ក្រុម​ជនល្មើស​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​ដដែល​ៗ៖ «តាំង​ពី​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ក្នុង​ឆ្នាំ ២០១៦ ហ្នឹង​រយៈ​ពេល ៣ឆ្នាំហើយ ព្រៃ​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ជា​ហូរហែ ឥត​ស្រាកស្រាន្ត។ ដូច្នេះ​គឺ​យើង​ចង់ ឱ្យ​ការងារ​អភិរក្ស​របស់​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន មាន​ប្រសិទ្ធភាព​ជាង​មុន »

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ​ ភត្រា​ ចាត់​ទុក​យុទ្ធនាការ​នេះ​ ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ក្រុម​យុវជន​។ លោក​ថា​ យន្តការ​គ្រប់គ្រង​ តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ ដែល​ឋិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន​ គឺ​ក្រសួង​បាន​រៀបចំ​ សកម្មភាព​អភិរក្ស​ និង​សកម្មភាព​ចុះ​ល្បាត​ ក្នុង​ដែន​សមត្ថកិច្ច​របស់ក្រ​សួង​។ លោក​បញ្ជាក់​ថា​ តំបន់​ការពារ​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ក្រសួង​បាន​បញ្ជូន​មន្ត្រី​ឧទ្យានុ​រក្ស​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ជាប្រចាំ​។ ក្រៅពី​នេះ​ ក្រសួង​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ ពី​សហគមន៍​ និង​មហាជន​ ដើម្បី​អនុវត្ត​ច្បាប់ព្រៃ​ឈើ​កាន់​តែ​មាន​ប្រសិទ្ធភាព៖ «ការ​ផ្សព្វផ្សាយ ការ​ចូលរួម​ក្នុង​ការអប់រំ ពលរដ្ឋ​ក៏​ដូច​ជា ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ផ្សេងៗ វា​ជា​ការ​ល្អ ក៏​ប៉ុន្តែ​គ្រាន់​ថា សកម្មភាព​ហ្នឹង សូម​ឱ្យ​មាន​ភាព​ស្មោះ​ត្រង់ ហើយ​គោរព​តាម​​ច្បាប់​ដែរ​មាន។ សំខាន់​យើង​ស្វាគមន៍ រាល់​ការ​ចូលរួម​របស់​សាធារណជន ហើយ​យន្តការ ដែល​មាន​ស្រាប់​បញ្ចូល​គ្នា ធ្វើ​ម៉េច​ឱ្យ​មាន​ប្រសិទ្ធភាព »

ប្រជាសហគមន៍​​ការពារ​ព្រៃ​ព្រះ​រកា​ លោក​ ចាន់​ សិលា​ ចាត់​ទុក​យុទ្ធនាការ​របស់​ក្រុម​យុវជន​ ជា​សញ្ញា​វិជ្ជមាន​មួយ​ ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ព្រៃឈើ​ឱ្យ​បាន​ទូលំទូលាយ​ និង​ជា​ផ្នែក​មួយ​គាំពារ​ព្រៃ​ព្រះ​រកា​ ដែល​កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ឈើ​ធ្វើអាជីវកម្ម​ជាបន្តបន្ទាប់​។ លោក​សង្កេតឃើញ​ថា​ បច្ចុប្បន្ន​ ក្រុម​ជនល្មើស​ហាក់​មិន​ខ្លាច​សមត្ថកិច្ច​ និង​ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​នោះ​ទេ​ គឺ​ពួកគេ​ខ្លាច​តែ​ក្រុម​យុវជន​ និង​សហគមន៍​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ចុះ​ល្បាត​ព្រៃឈើ​ម្ដ​ងៗ។ លោក​ថា​ ព្រៃ​ព្រះ​រកា​នៅតែ​ទទួល​រង​ការ​កាប់​រំលំ​ឈើ​ធំៗ​ អស់​ជា​បន្តបន្ទាប់​ សូម្បីតែ​ដើម​ឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​ ក៏​កំពុង​បាត់បង់​ជាហូរហែ​ដែរ៖ «មាន​តែ​អ្នក​ចង់​ទៅ បង្ហើយ​តែ​រហូត​តែ​ប៉ុណ្ណឹង​ឯង ដឹក​សាំង​ចូល​ជា​បន្តៗ ដើម្បី​បង្ហើយ​អា​ធំៗ ដែល​មាន​អា​ខ្លះ​សល់ ៥០ ដើម ៧០ ដើម​អ៊ីចឹង​គេ​ចង់​បង្ហើយ​ឱ្យ​អស់។ មិនថា តែ​ខ្ញុំ​ទេ​ទាំង​សហគមន៍​ទាំង​មូល ដោយសារ​តែ​គាត់​ព្រួយ​បារម្ភ​ខ្លាច​គេ ឥឡូវ​គេ​បើក​ឱ្យ​មាន​អ្នក​ទិញ​អ៊ីចឹង​ហើយ។ ដើម​ជ័រ​អ្នក​ស្រុក រាល់​ថ្ងៃ​មាន​តែ​ដើម​ជ័រ​ហ្នឹង​ហើយ ដែល​ធំ​បំផុត »

នៅ​លើ​ក្រដាស ព្រៃ​ព្រះ​រកា​ មាន​ទំហំ​ជាង​ ៩៦​.០០០ហិកតារ​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន៣​ គឺ​ស្រុក​ត្បែងមានជ័យ​ ស្រុក​ជាំ​ក្សាន្ត​ និង​ស្រុក​ឆែប​ របស់​ខេត្ត​ព្រះវិហារ​។ មកទល់​ពេលនេះ​ ព្រៃ​អភិរក្ស​មួយ​នេះ​ មាន​ឆ្មាំ​អភិរក្ស​ ១៤នាក់​ និង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ សហគមន៍​ និង​សមត្ថកិច្ច​ចម្រុះ​ ដើម្បី​ចុះ​ល្បាត​ និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ៕

(ប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រុម​យុវជន)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។