ក្រុមអ្នកការពារព្រៃឈើ សត្វព្រៃ និងភោគទ្រព្យរ៉ែ នៅតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ទាមទារឲ្យរដ្ឋាភិបាលបង្កើនកិច្ចប្រឹងប្រែង អភិរក្សតំបន់បរិស្ថានធម្មជាតិដែលនៅសេសសល់ចុងក្រោយមួយនេះ ដើម្បីកុំឲ្យបាត់បង់ដោយសារការកាប់បំផ្លាញរបស់ក្រុមហ៊ុនចិន ដែលគ្រោងសង់ទំនប់វារីអគ្គិសនីនៅទីនោះ។
ចលនាមាតាធម្មជាតិ ដែលមានការចូលរួមពីសំណាក់ក្រុមនិស្សិតបញ្ញវ័ន្ត ព្រះសង្ឃ និងក្រុមយុវជនជាច្រើន បានហៅតំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង ថាឋានសួគ៌ធម្មជាតិចុងក្រោយដែលត្រូវការពារឲ្យបាន ពីគម្រោងការបំផ្លិចបំផ្លាញរបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីចិន ឈ្មោះ ស៊ីណូហាយដ្រូ (Synohydro)។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មានដើមកំណើតនៅទីក្រុងបាសេលូណា (Barcelona) ប្រទេសអេស្ប៉ាញ (Spain)។ លោកបានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០២។ លោកមានប្រសាសន៍ថា អ្វីដែលធ្វើឲ្យលោកជាប់ចិត្តរស់នៅប្រទេសកម្ពុជា ក្នុងរយៈពេលដ៏យូរនេះ គឺដោយសារលោកជាប់ស្នេហ៍នឹងសម្ផស្សព្រៃឈើខ្មែរ។
លោក អាឡិកហ្សង់ដ្រូ ដែលជាអ្នកស្រឡាញ់ព្រៃឈើ សត្វព្រៃ និងទេសភាពនៅស្រុកខ្មែររូបនេះ អះអាងថា សោភណភាព និងបរិស្ថានធម្មជាតិនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន ហើយដែលមានប្រយោជន៍លើសពីការកសាងទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ រាប់សែនដងទៅទៀត។
តំបន់អារ៉ែង ស្ថិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញភាគកណ្ដាល ដែលជាព្រៃក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមានទំហំ ៤សែន ៦ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ហើយដែលមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ តំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង នេះ ត្រូវបានចុះក្នុងអនុក្រឹត្យការពារតាំងពីឆ្នាំ២០០១ មក។
តំបន់អារ៉ែង នេះ ជាទីព្រៃស្រោងធម្មជាតិ ដែលមានសត្វកម្រជិតផុតពូជជាង ៣០ប្រភេទ រួមមាន ក្រពើភ្នំ ខ្លាធំ ដំរី ត្រីនាគ ខ្លារខិន ខ្លាឃ្មុំ និងសត្វស្លាបជាច្រើនប្រភេទទៀត។ ក្រៅពីសត្វព្រៃកម្រទាំងនេះ តំបន់អារ៉ែង ក៏ជាជម្រករស់នៅរបស់ក្រុមជនជាតិភាគតិចជង ដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើ។ តំបន់នេះសម្បូរទៅដោយភ្នំ គ្របដណ្ដប់ទៅដោយអាកាសធាតុក្តៅ ហើយសើម រុក្ខជាតិលាស់ត្រួយខៀវខ្ចី ជាជម្រកនៃបក្សាបក្សី ម្រឹគីម្រឹគា។ បើមើលពីតាមជ្រលងភ្នំនាពេលព្រឹកព្រលឹមទៅតំបន់អារ៉ែង ប្រៀបបីដូចជាឋានសួគ៌ដែលពោរពេញទៅដោយអាប់ និងដុំពពក បន្ទាបខ្លួនប្រឡែងលេងជាមួយធម្មជាតិនៅទីនោះ។
ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៩ មក តំបន់អារ៉ែង ដែលសម្បូរទៅដោយព្រៃឈើប្រណិតៗជាច្រើនប្រភេទ ដូចជា បេង នាងនួន គ្រញូង ត្រូវបានក្រុមហ៊ុនឯកជន និងក្រុមឧកញ៉ាមហាសេដ្ឋីកំពូលៗ កាប់ដឹកធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។
ដើម្បីស្ដារ និងការពារធនធានធម្មជាតិតំបន់អារ៉ែង នេះឡើងវិញ ក្រុមចលនាមាតាធម្មជាតិ ដែលមានការចូលរួមពីសំណាក់ព្រះសង្ឃឯករាជ្យ ក្រុមយុវជនខ្មែរមហានគរ ក្រុមយុវជនសម្រាប់សន្តិភាព និងបណ្ដាញយុវជនជាច្រើនទៀត បានសហការគ្នាជាធ្លុងមួយធ្វើយ៉ាងណា ទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីរបស់ចិន ស៊ីណូហាយដ្រូ នោះឲ្យបាន។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន សម្ដែងភាពប្ដេជ្ញាចិត្តថា លោកហ៊ានប្ដូរជីវិតសុខចិត្តស្លាប់ ធ្វើយ៉ាងណាការពារសម្បត្តិធម្មជាតិតំបន់អារ៉ែង ដែលលោកចាត់ទុកថា ជាតំបន់ព្រៃឈើមានតម្លៃចុងក្រោយនោះឲ្យបាន។
ចំណែកប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ វិញក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ ឬបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងអារ៉ែង នេះជាបន្ទាន់ ដោយសារផលដែលបានមកពីទំនប់វារីអគ្គិសនីមិនមានតុល្យភាពគ្នាទៅនឹងការបាត់បង់ធនធានធម្មជាតិនៅទីនោះ។
កម្លាំងវារីអគ្គិសនីដែលក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ គ្រោងផលិតនៅតំបន់ស្ទឹងអារ៉ែង នេះមានតែជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ជាថាមពលមួយដ៏ខ្សោយជាទីបំផុត។ ក្រុមអ្នកស្រាវជ្រាវបានវិភាគថា ស្ទឹងអារ៉ែង មិនអាចបង្កើតទំនប់វារីអគ្គិសនីបានទេ ដោយសារស្ទឹងនេះមានបរិមាណទឹកតិចតួចដែលគ្មានកម្លាំងទឹកហូរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្រពីខាងបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា រហូតមកទល់ពេលនេះ រដ្ឋសភាកម្ពុជា នៅមិនទាន់អនុម័តឲ្យក្រុមហ៊ុនស៊ីណូហាយដ្រូ សាងសង់ទំនប់វារីអគ្គិសនីនៅឡើយទេ ហើយថា ក្រុមអ្នកការពារបរិស្ថានមិនចាំបាច់បារម្ភអំពីបញ្ហានេះទេ ព្រោះក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីមួយនេះ កំពុងធ្វើការសិក្សាស្រាវជ្រាវនៅតំបន់អារ៉ែង នោះនៅឡើយ។
លោក ឈាង វុន បន្តថា លោកគាំទ្រប្រសិនបើទំនប់វារីអគ្គិសនីបង្កើតឡើងអាចផ្តល់ផលប្រយោជន៍សម្រាប់ការអភិវឌ្ឍដល់ប្រជាពលរដ្ឋ ជាជាងទុកព្រៃសម្រាប់ការពារបរិស្ថាននោះ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈរបស់ លោក ឈាង វុន មិនស៊ីសង្វាក់គ្នាទៅនឹងការអភិវឌ្ឍរបស់បណ្ដាលោកសេរី ដូចជា នៅសហរដ្ឋអាមេរិក កាណាដា បារាំង ឬ អង់គ្លេស ជាដើម ដែលការអភិវឌ្ឍនៃប្រទេសទាំងនោះ ឈរលើគោលការណ៍ការពារបរិស្ថាន ការពារជម្រកសត្វព្រៃ ការពារធនធានមច្ឆជាតិ និងការពារព្រៃឈើជាធំ។
ឆ្លើយតបទៅនឹងប្រសាសន៍របស់ លោក ឈាង វុន ដែលគាំទ្រឲ្យមានការកាត់ព្រៃឈើ ហើយដាក់ជំនួសនូវទំនប់វារីអគ្គិសនីសម្រាប់ការអភិវឌ្ឍនេះដែរ លោក សុន ឆ័យ ដែលជាតំណាងរាស្ត្រពីខាងបក្សប្រឆាំង បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរច្នៃតំបន់ស្ទឹងអារ៉ែង ឲ្យក្លាយទៅជាតំបន់ការពារបរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅមើលសត្វព្រៃកម្រព្រៃឈើ និងទេសភាពដ៏ប្រណិតៗនៅទីនោះវិញប្រសើរជាង។ លោកបន្តថា ធ្វើដូច្នេះពលរដ្ឋដែលរស់នៅតំបន់នោះ អាចរកចំណូលពីវិស័យទេសចរណ៍ ដើម្បីចិញ្ចឹមជីវភាពបានដោយងាយ។ លោក សុន ឆ័យ បន្តថា លោកជាសាក្សីដែលបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពដឹកនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង និងបណ្ដាខេត្តជាច្រើនទៀត។
ក្រៅពីតំបន់ស្ទឹងអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង គេក៏ឃើញតំបន់អភិរក្សព្រៃឈើផ្សេងទៀត ដែលមានចុះព្រះរាជ្យក្រឹត្យការពារដោយព្រះមហាក្សត្រ ដូចជា តំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ ដែនជម្រកសត្វបឹងពែរ ក្នុងខេត្តព្រះវិហារ និងឧទ្យានជាតិវីរជ័យ នៅខេត្តរតនគិរី បានរងការបំផ្លាញព្រៃឈើធ្វើអាជីវកម្មទៅប្រទេសចិន និងវៀតណាម យ៉ាងអនាធិបតេយ្យ។ ហើយរហូតមកទល់ពេលនេះ ប្រាក់ចំណូលពីការលក់ឈើទាំងនោះ នៅមិនទាន់ឃើញដាក់បញ្ចូលទៅក្នុងខ្ទង់ចំណូលថវិកាជាតិនៅឡើយ។ ហើយជនល្មើសបំផ្លាញព្រៃឈើខ្មែរជាច្រើន ដែលសុទ្ធសឹងជាក្រុមឧកញ៉ាកំពូលៗ ឬសែស្រឡាយថ្នាក់ដឹកនាំរដ្ឋាភិបាលខ្មែរទាំងនោះ ក៏នៅមិនទាន់ត្រូវបានចាប់ខ្លួនយកផ្ដន្ទាទោសតាមច្បាប់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។