អាជ្ញាធរ​ខេត្ត​មួយ​ចំនួន ធ្វើ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​ ដើម្បី​ស្ដារ​និរន្តរភាព​របស់​បឹង​ទន្លេសាប​ឡើង​វិញ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​នៅ​ជុំវិញ​បឹងទន្លេសាប ធ្វើ​យុទ្ធនាការ​ដាំ​ដើម​ត្នោត ដើម្បី​ស្ដារ​ឡើង​វិញ នូវ​និរន្តរភាព​របស់​បឹង​ទន្លេសាប ឱ្យ​រួច​ផុត​ពី​ការ​ទន្ទ្រាន​យក​ដី។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រគល់​គ្រាប់​ត្នោត​ចំនួន ៣​ម៉ឺន​គ្រាប់ ទៅ​ខេត្ត​កំពង់ធំ ដាក់​ដាំ​នៅ​ក្នុង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប នៅ​ថ្ងៃ​ទី២៩ ក្នុង​បំណង​ការពារ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រុក​រៀន​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​តំបន់​៣ មក​ធ្វើ​ជា​កម្មសិទ្ធិ។

ក្រៅ​ពី​ខេត្ត​ខេត្ត​កំពង់ធំ ថ្មីៗ​ នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ឆ្នាំង​ជាដើម ក៏​បាន​ដាំ​កូនឈើ និង​គ្រាប់​ត្នោត​រាប់​ពាន់​គ្រាប់​និង​ដើម នៅ​តំបន់​ព្រៃ​លិច​ទឹក ព្រំ​ប្រទល់​តំបន់​បី ដែល​រង​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​ដែរ។

យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​មន្ត្រី​រាជការ ឬ​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​បាន​កាប់​ទន្ទ្រាន និង​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់​បឹង​ទន្លេសាប។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ដក​ហូត​ដី​ទាំង​នោះ​ត្រឡប់​មក​វិញ ដើម្បី​ដាំ​ព្រៃ​ឈើ​ឡើង​វិញ និង​ការពារ​ព្រៃ​ទាំង​​នោះ​ទុក​ជា​ជម្រក​ត្រី​ពង។

ក្រសួង​ដែនដី ឲ្យ​ដឹង​ថា នៅ​រយៈពេល​ជិត ៣សប្ដាហ៍ មាន​ពលរដ្ឋ​ចំនួន ៩.៤៩៤គ្រួសារ នៅ​ក្នុង​ខេត្ត​ចំនួន៦ បាន​ឯកភាព​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ដែល​ខ្លួន​បាន​កាប់​ទន្ទ្រាន​សរុប​ជាង ៤ម៉ឺន​ហិកតារ (៤០.៤០៩.៨៨) ជូន​រដ្ឋ​វិញ។ ទោះ​ជា​យ៉ាង​ណា គេ​នៅ​ចាំ​មើល​ថា តើ​ក្រោយ​ពី​ការ​ដាំ​ហើយ​នឹង​មាន​សកម្មភាព​រក្សា​ថែទាំ​ដើម​ត្នោត​ទាំង​នោះ​ឱ្យ​បាន​រស់​ធំធាត់​ដែរ​ឬ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។