ពលរដ្ឋ និង​សកម្មជន​ថា ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​កំពុង​កម្រើក​ឡើងវិញ​នៅ​ខេត្ត​កោះកុង

ដោយ ហេង រស្មី
2019.02.13
បូម​ខ្សាច់ កោះកុង ៦២២ សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះប៉ោ ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ចុងខែ​មករា កន្លងទៅ។
រូបថត​ដោយ​សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ

អាជីវកម្ម​ខ្សាច់​នៅ​ខេត្ត​កោះកុង បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ​ហើយ ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជិត ២ឆ្នាំ​។ ប្រជា​សហគមន៍​នៅ​ក្នុង​ខេត្ត​នេះ សង្កេត​ឃើញ​ថា ថ្មីៗ​នេះ មាន​ករណី​ដឹកជញ្ជូន​ខ្សាច់​ញឹកញាប់​ជាង​មុន ហើយ​ក្រុមហ៊ុន​បាន​ប្ដូរ​រូបភាព​ពី​ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ ជា​ការ​បូម​ក្នុង​ទ្រង់ទ្រាយ​តូច​វិញ​ម្ដង ប៉ុន្តែ​កើតមាន​ច្រើន​កន្លែង។

ប្រជា​ពលរដ្ឋ នៅ​ក្នុង​ខេត្ត​កោះកុង និង​សកម្មជន​បរិស្ថាន​ព្រួយបារម្ភ​អំពី​អាជីវកម្ម​ខ្សាច់​បែប​អានាធិបតេយ្យ​ដែល​កំពុង​កម្រើក​ឡើងវិញ នៅ​តាម​ប្រព័ន្ធ​ស្ទឹង និង​ព្រែក​តាម​ដៃសមុទ្រ ដោយសារ​ពួកគេ​សង្កេតឃើញ មាន​សាឡង់​ដឹក​ខ្សាច់​ច្រើន​គ្រឿង​បាន​ចូល​ទៅ​ក្នុង​តំបន់​នោះ​ជា​បន្តបន្ទាប់។

តំណាង​ស្ត្រី​សហគមន៍​កោះ​ស្រឡៅ លោកស្រី ម៉ូត សុផា ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​តាម​ស្ទឹង និង​ព្រែក​ក្នុង​ខេត្ត​កោះកុង មិន​បាន​បញ្ឈប់​ទាំងស្រុង​នោះ​ទេ ដោយ​មាន​ទីតាំង​អាជីវកម្ម​ខ្លះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដដែល។ លោកស្រី​អះអាង​ថា រូបភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ពេល​នេះ ខុស​ពី​ពេលមុន ដោយ​ក្រុមហ៊ុន​បាន​ប្រើ​បំពង់​ទុយោ ដើម្បី​បូម​ខ្សាច់ មិនមែន​ប្រើ​ឧបករណ៍​ចាប់​ខ្សាច់​ទ្រង់ទ្រាយ​ធំ ដូច​ពីមុន​នោះ​ឡើយ។ ចំណែក​ការ​ដឹកជញ្ជូន​វិញ លោកស្រី​បញ្ជាក់​ថា សាឡង់​ធំៗ​បាន​ដឹក​ខ្សាច់​ចេញទៅ​សមុទ្រ​ខាងក្រៅ​ជា​ញឹកញាប់ គ្រាន់តែ​មិន​បន្ត​កន្ទុយ​គ្នា ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន៖ «មួយថ្ងៃ ១​កប៉ាល់ ២​កប៉ាល់ គ្រាន់​ថា វា​មិន​បូម​ដោយ​ក្រចាប់​ទេ វា​បូម​ដោយ​ទុយោ​វិញ។ នៅតែ​បូម​រាល់ថ្ងៃ​អ៊ីចឹង មិនមែន​បញ្ឈប់​មែនទែន​នោះ​ទេ។ សម្រាប់​អាជ្ញាធរ​អត់​មាន​អ្នក​អើពើ ព្រួយ​បារម្ភ​តែ​ចំពោះ​ពួក​យើង​ដែល​ជា​សហគមន៍​នេសាទ​ទេ»

លោកស្រី​បញ្ជាក់​ថា ទីតាំង​ដែល​នៅ​មាន​ការ​បូម​ខ្សាច់​នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិតនៅ​តំបន់​ត្រពាំងរូង ក្នុងស្រុក​កោះកុង។ លោកស្រី​ជឿជាក់​ថា ការ​បូម​នេះ​ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សហគមន៍​កោះ​ស្រឡៅ​ផង​ដែរ ដោយសារ​តំបន់​ត្រពាំងរូង​ស្ថិតនៅ​ខ្សែទឹក​ខាងលើ​នៃ​តំបន់​កោះ​ស្រឡៅ​។ លោកស្រី​បញ្ជាក់​ថា ប្រជា​សហគមន៍​ក៏បាន​ជជែក​គ្នា​ច្រើន​ដែរ​ពី​រឿង​ក្តី​បារម្ភ​ថា នឹង​អាច​មានការ​បូម​ខ្សាច់​បែប​អានាធិបតេយ្យ​ឡើងវិញ​នោះ ព្រោះ​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​តាតៃ មិនទាន់​ត្រូវ​បាន​រុះ​រើចេញ​នៅឡើយ ហើយ​ទីតាំង​នោះ​តែងតែ​មាន​មនុស្ស​នៅ​យាមកាម​ជា​រៀងរាល់ថ្ងៃ៖ «ការដែល​បូម​ពី​ព្រែក​ខាងលើ​មក​កករ​ដី ជាតិ​ប្រេង ជាតិ​អី វា​ហូរ​ធ្លាក់​មក​ខាងក្រោម​តំបន់​ដែល​យើង​នេសាទ​ហ្នឹងហើយ។ អាហ្នឹង​វា​ជា​ការ​បំផ្លាញ​មួយ​ដែរ អ៊ីចឹង​បានជា​ពួកយើង​នៅ​ទីនេះ​នៅតែ​បារម្ភ ហើយ​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ភូមិ​ហ្នឹង​នៅតែ​បោះ​ពាក្យ​សម្ដី​ថា បោះឆ្នោត​ហើយ​នឹង​មានការ​បូម​ខ្សាច់​បន្ត»

តំបន់​កោះ​ស្រឡៅ នៃ​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង គឺជា​ទីកន្លែង​ដែល​មាន​ការ​បូម​ខ្សាច់​ខ្នាត​ធំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាងលើ និង​ក្បែរ​តំបន់​កោះ​ស្រឡៅ បាន​កើតឡើង​ពេញបន្ទុក​ចាប់ពី​ឆ្នាំ២០០៦ ដល់​ចុង​ឆ្នាំ២០១៦។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ អះអាង​ថា រហូត​មក​ទល់នឹង​ពេលនេះ ក្រសួង​មិន​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​នាំចេញ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ឡើងវិញ​នៅឡើយ​ទេ ហើយក៏​គ្មាន​ក្រុមហ៊ុន​ណា​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​គោលដៅ​នាំ​ចេញទៅ​ក្រៅ​ប្រទេស​នោះ​ដែរ។ លោក​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ណាមួយ​នៅ​ក្នុង​ខេត្ត​កោះកុង​នៅ​ពេល​បច្ចុប្បន្ន គឺ​សម្រាប់​បំពេញ​តម្រូវការ​ក្នុងស្រុក​តែប៉ុណ្ណោះ។ អ្នកនាំពាក្យ​រូប​នេះ​ស្នើ​ឱ្យ​ពលរដ្ឋ​កុំ​បារម្ភ​ពី​បញ្ហា​នេះ ព្រោះ​អាជ្ញាធរ​ចេះ​គិតគូរ​ពី​រឿង​នេះ​ហើយ៖ «គាត់​ចេះតែ​ដេក​យក​ជើង​ទ្រ​មេឃ ដូច​ត្រដេវវិច​អ៊ីចឹង​រហូត ឬ​ម៉េច​។ បារម្ភ​បាន​ប្រយោជន៍​អី មាន​ពេល​ទំនេរ រវល់​ទៅ​ធ្វើ​ការ​រកស៊ី កុំ​ទៅ​បារម្ភ​រឿង​ហ្នឹង​គេ​ចេះ​គិតគូរ​ហើយ។ ប្រាប់​ថា គេ​បិទ​អស់ហើយ ចេះតែ​នៅ​បារម្ភ ខ្ញុំ​ឆ្ងល់​នោះ​ឆ្ងល់ ប្រជាពលរដ្ឋ​ហ្នឹង​ចេះតែ​មានការ​ញុះញង់​អ៊ីចឹង។ គាត់​ត្រូវ​ការ​ធ្វើ​ផែ ធ្វើ​ផ្ទះ ធ្វើ​ផ្លូវ ដូច្នេះ​ត្រូវការ​ថ្ម ត្រូវការ​ខ្សាច់​ហ្នឹង​ទៅ​យក​មក​ពី​ណា​? វា​មិនដែល​អ្នកណា​ដឹក​ខ្សាច់​ពី​ក្រចេះ មណ្ឌលគិរី ទន្លេ​មេគង្គ​ហ្នឹង​យក​ទៅ​ផ្គត់ផ្គង់​នៅ​កោះកុង ដូច្នេះ​វា​ត្រូវ​ការ​រក​ក្បែរៗ​ហ្នឹង​សម្រាប់​តម្រូវការ​ក្នុង​តំបន់​តូច​ៗ​ហ្នឹង»

ពលរដ្ឋ​សហគមន៍​កោះ​ស្រឡៅ​អះអាង​ថា ក្តី​កង្វល់​របស់​ពួកគាត់​នេះ គឺ​ដើម្បី​ឱ្យ​ក្រសួង​ជំនាញ​ចុះ​ពិនិត្យ​ករណី​នេះ និង​ធានា​ថា គ្មាន​ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ណាមួយ​កើតឡើង​ទៀត​នោះ​ឡើយ​។ ម្យ៉ាងវិញទៀត ពួកគាត់​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​បែប​អានាធិបតេយ្យ​នេះ​ប្រមាណ ១០​ឆ្នាំ ទើប​ពួកគាត់​មិន​អាច​នៅ​ស្ងៀម​បាន នៅ​ពេល​ឃើញ​បញ្ហា​នេះ​កម្រើក​ឡើងវិញ៖ «បើ​មាន​ការ​បូម​ខ្សាច់ ទម្រាំ​លឺ​ដល់​ក្រសួង ឬ​អ្នកនាំពាក្យ វា​ធ្វើ​ឱ្យ​ពួក​យើង​ហ្នឹង​ដាច់​បាយ​នៅ​នេះ​ដែរ​។ គាត់​ចេះតែ​ថា​កុំ​ឱ្យ​ប្រជាជន​បារម្ភ​ហ្នឹង គាត់​ក៏​អត់​បាន​មក​ឃើញ​ស្ថានភាព​នៅ​កន្លែង​តំបន់ ដែល​យើង​គួរតែ​បារម្ភ​ដែរ អ៊ីចឹង​ដើម្បី​បញ្ជាក់​ឱ្យ​គាត់​ឃើញ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​គាត់​ចុះ​មក​មើល​ផ្ទាល់​តំបន់​ដែល​យើង​នេសាទ​រាល់ថ្ងៃ ហើយ​កន្លែង​ដែល​គេ​បូម​ខ្សាច់​រាល់ថ្ងៃ​។ ខ្ញុំ​ចង់​ឱ្យ​គាត់​មក​ឃើញ​ផ្ទាល់​ឥលូវ​នេះ»

សកម្មជន​បរិស្ថាន​អ្នកនាង លីម គីមស័រ ថ្លែង​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​គួរ​ឱ្យ​សង្ស័យ​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើងវិញ​នូវ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ទ្រង់ទ្រាយ​ធំ។ នាង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ភូមិ​ព្រែក​អង្គញ់ ក្នុង​ឃុំ​ត្រពាំងរូង មាន​ទីតាំង​បូម​ខ្សាច់​មួយ​កន្លែង​ដែល​ទំនងជា​កំពុង​ធ្វើ​អាជីវកម្ម​លើស​ពី​អ្វី​ដែល​ក្រសួង​បាន​កំណត់ ហើយ​ខ្សាច់​ដែល​ក្រុមហ៊ុន​បូម​បាន ត្រូវ​ដឹក​តាម​សា​ឡង់​ចេញទៅ​សមុទ្រ​ខាងក្រៅ មិនមែន​សម្រាប់​ទុក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​នោះ​ឡើយ។

ចំណែក​នៅ​តំបន់​កោះប៉ោ នៃ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ឯណោះ​វិញ អ្នកនាង​សង្កេត​ឃើញ​ថា មាន​ឧបករណ៍​ចាប់​ខ្សាច់ និង​សា​ឡង់​ដឹក​ខ្សាច់​ជាច្រើន​គ្រឿង បាន​ចូល​ទៅ​តំបន់​នោះ។ អ្នកនាង​ជំរុញ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ធ្វើ​អធិការកិច្ច​ករណី​ទាំងនេះ ដើម្បី​ធានា​ថា វិធានការ​ដែល​ក្រសួង​បាន​ដាក់​ចេញ​នោះ ពិតជា​ត្រូវ​បាន​អនុវត្ត​ដោយមាន​ប្រសិទ្ធភាព​មែន៖ «តម្រូវការ​ត្រូវតែ​បូម​ខ្សាច់ ប៉ុន្តែ​ទោះបី​ម៉េច​ក៏ដោយ ក្រសួង​គួរតែ​កំណត់​ទីតាំង​ច្បាស់លាស់​ឱ្យ​បូម ដូចជា​នៅ​កោះ​ប៉ោ​អីហ្នឹង ការ​បូម​របស់​គាត់ គឺ​ចូល​ទៅ​ខាងក្នុង​ជិត​ទៅដល់​ទំនប់​វារីអគ្គិសនី​ឫស្សី​ជ្រំ អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ ឬក៏​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង ចុះទៅ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យមើល​ក្រុមហ៊ុន​ដែល​កំពុងតែ​បូម​នៅ​កោះ​ប៉ោ​ហ្នឹង ហើយ​ចុះ​ទៅ​ពិនិត្យ​ឧបករណ៍​បូម​ហ្នឹង​ផង តើ​វា​ត្រូវ​ស្តង់ដារ​ដែល​ឱ្យ​បូម​ដែរ ឬ​អត់»

សកម្មជន​រូប​នេះ បន្ថែម​ថា តំបន់​ដែល​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង សុទ្ធ​សឹង​តែ​មាន​សក្ដានុពល​ខាង​ទេសចរណ៍ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​គិតគូរ​បង្កើត​តំបន់​អេកូ​ទេសចរណ៍ សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​វិញ ជាជាង​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ព្រោះ​អាជីវកម្ម​នេះ​បម្រើ​តែ​ផលប្រយោជន៍​របស់​នាយ​ទុន​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត អាជីវកម្ម​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ច្រើន​សម្បើម​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ​។

កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ កន្លងទៅ ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ឈប់​ការនាំចេញ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​ក្រៅ​ប្រទេស បន្ទាប់ពី​សកម្មជន​បរិស្ថាន និង​អ្នកសារព័ត៌មាន បាន​លាតត្រដាង​ជា​បន្តបន្ទាប់​អំពី​រឿង​ការនាំចេញ​ខ្សាច់​គេច​ពន្ធ និង​រឿងអាស្រូវ​ខាតបង់​ចំណូល​ពន្ធគយ​ជាច្រើន​លាន​ដុល្លារ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស។

តាមរយៈ​សេចក្ដី​សម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល រាល់​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដើម្បី​នាំចេញ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ក៏ប៉ុន្តែ​វិធានការ​នេះ មិន​គ្រប​ដណ្តប់​លើ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​នោះ​ទេ ហើយក៏​មិន​គ្រប​ដណ្ដប់​លើ​ការ​នាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា (Silica) ឬ​ខ្សាច់​ស​ទៅ​ក្រៅ​ប្រទេស​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។