ពលរដ្ឋ​បន្ទាយមានជ័យ​រាប់ពាន់​នាក់​បារម្ភ​​បញ្ហា​អត់​ទឹក ពេល​ស្ទឹង​មង្គលបុរី អាច​នឹង​រីងស្ងួត

0:00 / 0:00

ទឹកស្ទឹង​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ប្រឈម​នឹង​ការ​រីងស្ងួត ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ចុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ​។ ប្រជាពលរដ្ឋ​អះអាង​ថា ទឹកស្ទឹង​ចាប់ផ្ដើម​រីង​គោក​ដល់​បាត​ស្ទឹង​បណ្ដើរៗ ហើយ ស្រប​ពេល​ដែល​ផលដំណាំ និង​ស្រូវប្រាំង​របស់​អ្នកភូមិ​រាប់ពាន់​ហិកតារ​កំពុង​ត្រូវ​ការ​ទឹក​ស្រោចស្រព។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយម៉ែង ស្រុក​មង្គលបុរី លោក វ៉ាន់ ស៊ុយអ៊ីវ ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ មករា​ថា ប្រជាកសិករ​កំពុងតែ​ដណ្ដើម​ទឹក​គ្នា​បូម​បញ្ចូល​ស្រែ​រៀងៗ ខ្លួន ព្រោះស្រូវ​របស់​ពួកគាត់​ចេញ​ផ្លែ​នៅឡើយ​ទេ​។ លោក​បន្ត​ថា ទឹកស្ទឹង​មង្គល​បូរី​អាច​នឹង​រីងស្ងួត​នៅ​សប្ដាហ៍​ក្រោយ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​បន្ត​ដណ្ដើម​គ្នា​បូម​ទឹក​ដាក់​ស្រូវ​ដូច​សព្វ​ថ្ងៃ​នោះ ពីព្រោះ​ក្នុង​ស្ទឹង​កន្លែង​ខ្លះ​រីងស្ងួត​ដល់​បាត​ស្ទឹង​ហើយ៖ «បាទ​ !​ ពិបាក​ខ្លាំង​បណ្ដោយ ហើយ​​នៅ​ក្បែរមាត់​ស្ទឹង​មិន​អាច​ជីក​អណ្ដូង​បាន​ទឹក​ទេ ជីក​ជម្រៅ​៨០​ម៉ែត្រ​ហើយ​នៅ​មិន​មាន​ទឹក​ទៀត មិន​ដឹង​យ៉ាងម៉េច​ឱ្យ​តែ​អ្នក​នៅ​ក្បែរ​ស្ទឹង​ជីក​អណ្ដូង​មិន​បាន​ទឹក ហើយ​អ្នក​នៅ​ខាងលើ​ម្ដុំ​ផ្សារ​មង្គលបុរី​គោក​ខ្លះ​ហើយ។ ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ទាំងអស់​គ្នា​ម្នាក់​មួយ​ហិកតារ និង​២​ហិកតារ​គ្រប់​តែ​គ្នា​ហ្នឹង មើល​ទៅ​ដូច​តែ​ខែ​វស្សា​ដែរ​កសិករ​ធ្វើស្រែ​ពេញ​តែ​វាល»។

រីឯ​កសិករ​នៅ​ឃុំ​គយម៉ែង​ម្នាក់ទៀត លោក ស ប៊ូ ថ្លែង​ថា ដំណាំ​ស្រូវប្រាំង​របស់​លោក​ជាង​២​ហិកតារ​កន្លះ ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង​ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​។ លោក​បញ្ជាក់​ថា​សព្វថ្ងៃ​លោក​បូម​ទឹក​ពី​ស្ទឹង​មង្គលបុរី ដាក់បញ្ចូល​ស្រែ ក៏ប៉ុន្តែ​ស្ទឹង​មួយ​នេះ​អាច​នឹង​រីងស្ងួត​អស់​នៅមុន​ពេល​ស្រូវ​ចេញ​ផ្លែ​។ លោក​បន្ថែម​ថា ប្រសិនបើ​ទឹកស្ទឹង​រីង វា​នឹង​ធ្វើ​ឱ្យ​ស្រូវប្រាំង​របស់​កសិករ​រាប់ពាន់​ហិកតារ​រង​ការខូចខាត ហើយ​ប្រជាពលរដ្ឋ​រាប់​គ្រួសារ​នៅ​ស្រុក​មង្គល​បូរី ក៏​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ពេល​ខាងមុខ​នោះ​ដែរ៖ «ដល់​តែ​ទឹក​មុជ​ទៀត ក៏​ដោះស្រាយ​មិន​ចេញ​ទៀត មិន​ដឹង​ថា​ធ្វើ​ម៉េច​ទេ តាម​ដំណើរ​ទៅ​ចុះ មិន​ដឹង​ថា​ស្រែក​ទៅ​ណា​បាន បើ​ថា​មិន​ធ្វើស្រែ គេ​ថា​មិន​ពលរដ្ឋ​មិន​ធ្វើ។ ឱ្យតែ​យ៉ាង​នេះ​ប្រជាពលរដ្ឋ​មិនដឹង​ថា​ធ្វើស្រែ​យ៉ាងម៉េច​ទៀត​ទេ មិន​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​កើត បើ​គ្មាន​ប្រឡាយ​ទឹក​អីចឹង​។ អ្នក​លើ​ក៏​បូម​ទឹក​អ្នក​ក្រោម​អ្នក​កណ្ដាល​ក៏​បូម​ទឹក វា​អស់​ទឹក​ប្រើ បើ​មិន​បូម​ទឹក​ទាំងអស់​គ្នា​ទៅ​អាច​ទប់ទល់​បាន តែ​នេះ​អ្នកណា​គេ​បូមៗ​ទៅ​អ្នកណា​មិន​ហ៊ាន​ក៏​អត់​ទៅ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក យឹម ប៊ុនរ៉ុម ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​៩ មករា ដោយ​លោក​ប្រាប់​ថា ជាប់រវល់។

ប៉ុន្តែ​គេហទំព័រ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៩ មករា​ថា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​ចុះ​ទៅ​ពិនិត្យ និង​អន្តរាគមន៍​ដោយ​បូម​ទឹក​ពី​ស្ទឹង​សិរីសោភ័ណ នៅ​ក្នុង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ស្ទឹង​មង្គល​បូរី ដើម្បី​បញ្ជូន​ទឹក​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី​ប្រើប្រាស់​។ ក្រសួង​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មង្គល​បូរី ប្រមាណ ៨​ពាន់​គ្រួសារ ប្រឈមមុខ​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ។ ទោះជា​យ៉ាងណា​ក្រសួង​មួយ​នេះ​រំពឹង​ទុក​ថា ស្រុក​មង្គល​បូរី មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ពីព្រោះ​អាជ្ញាធរ​បាន​ដំឡើង​ម៉ាស៊ីន​បូមទឹក​ចំនួន ៣​គ្រឿង ដើម្បី​បូម​ទឹក​បង្ហូរ​ទៅ​ស្ទឹង​មង្គលបុរី​រួចហើយ។

ក្រសួង​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ស្ទឹង​មង្គលបុរី​រីងស្ងួត​នេះ ដោយសារ​កសិករ​នាំគ្នា​ធ្វើ​ស្រូវ​ប្រាំង​លើស​ផែនការ ដែល​បាន​កំណត់​ឱ្យ​កសិករ​ធ្វើស្រែ ៧​ពាន់​ហិកតារ ប៉ុន្តែ​កសិករ​បាន​ដាំ​ដុះ​រហូតដល់ ៨​ម៉ឺន​ហិកតារ (៨០.០០០) គឺ​លើស​ផែនការ ១១​ដង​។ រីឯ​ស្រូវប្រាំង​ដែល​ខ្វះ​ទឹក​ស្រោចស្រព​នោះ ក្រសួង​អះអាង​ថា មន្ទីរ​ធនធាន​ទឹក ខេត្ត​បន្ទាយមានជ័យ បាន​ជួយ​បូម​ទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ទាំងនោះ​រួចរាល់​ហើយ។

ដោយឡែក ប្រជាកសិករ​នៅ​ឃុំ​គយម៉ែង អះអាង​ថា ដំណាំ​ស្រូវ​ក្នុង​ភូមិ​របស់​ពួកគាត់​រាប់​រយ​ហិកតារ មិនទាន់​មាន​អាជ្ញាធរ​ណា​ជួយ​បូម​ទឹក​ដាក់​ស្រែ​របស់​ពួកគាត់​នៅឡើយ​ទេ ហើយ​ពួកគាត់​ក៏​ប្រឈម​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ពេល​ខាងមុខ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។