ក្រុមអង្គការសង្គមស៊ីវិល ចំនួន ១១ស្ថាប័ន រួមគ្នាទាមទាររដ្ឋាភិបាល ឱ្យដោះស្រាយបញ្ហាបរិស្ថាន។ ការទាមទារនេះ ធ្វើឡើងនៅក្នុងរបាយការណ៍រួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលបង្ហាញពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ និងការប្រែប្រួលអាកាសធាតុជាដើម។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១១ស្ថាប័ន រួមមានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងសមាគមសម្ព័ន្ធនិស្សិតបញ្ជាវន្តខ្មែរ (KSILA) ជាដើម នៅថ្ងៃទី១០ ខែមិថុនា បានចេញរបាយការណ៍រួមស្ដីពីទិវាបរិស្ថានពិភពលោក ដើម្បីអំពាវនាវដល់រដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។
សេចក្ដីថ្លែងការណ៍រួមនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល សហជីព យុវជន ២២៤នាក់មកពី ១១ស្ថាប័ន បានប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទស្ដីពី សុខុមាលភាពពិភពលោក ជាការទទួលខុសត្រូវរបស់យើង កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ។
របាយការណ៍នោះ បានបង្ហាញក្ដីព្រួយបារម្ភចំពោះការបាត់បង់ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងកង្វះខាតការអនុវត្តគោលនយោបាយការពារបរិស្ថានរបស់រដ្ឋាភិបាលឲ្យបានគ្រប់ជ្រុងជ្រោយ រួមទាំងការខកខានពុំបានយកចិត្តទុកដាក់ដោះស្រាយសំណូមពរនានា ដែលបានលើកឡើងពីបញ្ហាបរិស្ថាននាពេលកន្លងទៅ។
របាយការណ៍ដដែលនោះ ក៏បារម្ភពីការបាត់បង់គម្របព្រៃឈើនៅកម្ពុជា បន្ទាប់ពីមានការកាប់បំផ្លាញជាបន្តបន្ទាប់នៅក្នុងតំបន់ការពារមួយចំនួន រួមមានដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រៃព្រះរកា ព្រៃកោងកាង និងការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ជាដើម នៅក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។
ប្រភពដដែលបារម្ភថា ការបន្តលុបបឹងធម្មជាតិ ការបង្ហូរកាកសំណល់ចូលក្នុងប្រភពទឹក ការសាងសង់សំណង់រឹង និងចាក់ដីចូលទន្លេ បានប៉ះពាល់ដល់ចរន្តទឹកហូរ គុណភាពទឹក ច្រាំងទន្លេ បម្រែបម្រួលប្រព័ន្ធអេកូឡូស៊ី និងធនធានជលផលជាដើម។
ក្រៅពីបញ្ហាខាងលើនេះ របាយការណ៍ដដែល ឲ្យដឹងដែរថា វិបត្តិ នៃការគ្រប់គ្រងកាកសំណល់ និងប្លាស្ទិក មិនបានត្រឹមត្រូវ រួមមានការបោះចោលសំរាមនៅតាមទីសាធារណៈ ការបែងចែកសំរាមតាមប្រភេទនីមួយៗ ការដឹកជញ្ជូន និងកែច្នៃសំរាមឡើងវិញ បានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព និងបង្កជាជំងឺនានាដល់ពលរដ្ឋ។
ទន្ទឹមនឹងនេះ របាយការណ៍ ក៏បានបង្ហាញពីផលប៉ះពាល់ដល់សហគមន៍មូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ី ដែលបណ្ដាលមកពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងការរឹតត្បិតសហគមន៍ និងសកម្មជនបរិស្ថាន មិនឲ្យអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេបានពេញលេញនោះឡើយ។
ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់រដ្ឋាភិបាលឲ្យបង្កើតសួនសាធារណៈ និងឧទ្យានជាតិធំៗនៅតាមរាជធានី-ខេត្តនានា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសអាកាសធាតុ។ ពួកគេ ក៏ស្នើដល់រដ្ឋាភិបាល ចាត់ឲ្យមានក្រុមអធិការកិច្ចចុះពិនិត្យការងាររបស់មន្ត្រីឧទ្យានុរក្ស និងរដ្ឋបាលព្រៃឈើនិងដោះស្រាយបញ្ហាមួយចំនួនទៀតទាក់ទងនឹងបរិស្ថាន។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការឆ្លើយតបបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១១ ខែមិថុនា។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមិថុនាថា បញ្ហាអាទិភាព ដែលរដ្ឋាភិបាលគួរតែដោះស្រាយរួមមានបញ្ហាព្រៃឈើ សំរាម អាជីវកម្មរ៉ែខុសច្បាប់ ការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក និងការលុបបឹងធម្មជាតិជាដើម។ លោកថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយបញ្ហាទាំងនេះ ឲ្យបានឆាប់នោះទេ វានឹងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ និងពិបាកស្ដារឡើងវិញ។
លោក ហេង គឹមហុង៖ «ដោយសារតែបញ្ហាទាំងនោះកំពុងប្រឈមជាក់ស្ដែងជាមួយនឹងស្ថានភាពសង្គម ដែលយើងត្រូវការឲ្យមានការដោះស្រាយ ប្រសិនបើការដោះស្រាយបញ្ហាទាំងអស់នោះមានភាពយឺតយ៉ាវ និងបង្កឲ្យមានផលប៉ះពាល់ជាច្រើនចំពោះមុខសង្គម ជាពិសេសគឺ ការកាប់បំផ្លាញព្រៃឈើ ការបង្ហូរសារធាតុគីមីចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធទឹក ការធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់ជាដើមហ្នឹង វាមិនត្រឹមតែធ្វើឲ្យយើងបាត់បង់នូវនិរន្តរភាពធនធានធម្មជាតិ និងធនធានរ៉ែប៉ុណ្ណោះទេ វាក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី ហើយបានបង្កជាផលអវិជ្ជមានទៅដល់វិបត្តិបម្រែបម្រួលអាកាសធាតុផង»។
ប្រធានសមាគមរូបនេះ ក៏ទទូចដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធបើកលំហសិទ្ធិសេរីភាពឲ្យសហគមន៍ សកម្មជន យុវជន និងអ្នកពាក់ព័ន្ធអាចចូលរួមការពារបរិស្ថាន ដោយគ្មានការរឹតត្បិត។ សម្រាប់ទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ២០២៤ នេះ ក្រុមអង្គការសង្គមស៊ីវិល ជាង ១០ស្ថាប័ន បានរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីជំរុញរដ្ឋាភិបាលឱ្យលើកកំពស់ និងការពារបរិស្ថាន។ សកម្មភាពទាំងនោះ រួមមាន ការជិះកង់១ពាន់គីឡូម៉ែត្រពីខេត្តរតនគិរីទៅកាន់ខេត្តកំពត ដើម្បីបរិស្ថាន ការដាំកូនឈើនៅតាមសហគមន៍មួយចំនួន ការរៀបចំកិច្ចពិភាក្សាដេញដោលជាមួយគណបក្សនយោបាយពីកិច្ចការពារបរិស្ថាន និងការចេញសេចក្ដីថ្លែងការណ៍រួមទាមទាររដ្ឋាភិបាលឱ្យ ការពារបរិស្ថានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។