សកម្មជនបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិច នៅមិនទាន់ស្ងប់អារម្មណ៍ចំពោះការថយចុះទំហំព្រៃឈើជាបន្តបន្ទាប់ និងការបាត់បង់ឈើប្រណិតនៅតំបន់ព្រៃការពារធម្មជាតិគ្រប់តំបន់។ ពួកគេមើលឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការជំនាញ មិនឈរលើគោលការណ៍រឹងមាំ និងច្បាស់លាស់នៅឡើយទេ។
ក្រុមយុវជន សហគមន៍ព្រៃឈើ និង សកម្មជនបរិស្ថាន សោកស្តាយ ចំពោះការបាត់បង់ធនធានធម្មជាតិបន្តិចម្តងៗ ដោយគ្មានអ្នកទទួលខុសត្រូវ និងគ្មានយន្តការទប់ស្កាត់ ឱ្យច្បាស់លាស់ និងមានប្រសិទ្ធភាពយូរអង្វែង។ ពួកគេមើលឃើញថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនបង្ហាញជំហរស្មោះត្រង់ ការពារធនធានធម្មជាតិ និងប្រយោជន៍ពលដ្ឋឱ្យបានពេញលេញតាមបន្ទាត់ច្បាប់នៅឡើយទេ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ បានហៅប្រសិទ្ធភាពការងារបស់គណៈកម្មការជំនាញ មិនទាន់ធ្វើឱ្យពលរដ្ឋស្ងប់អារម្មណ៍នោះទេ។ លោកថា សកម្មភាពដឹកជញ្ជូនឈើ និងការលួចចូលកាប់ឈើក្នុងព្រៃអភិរក្សនៅតែកើតមានឡើងដដែល ជាទ្រង់ទ្រាយតូចៗ។ លោកថា ក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗ ជាច្រើនទៀត មានជាប់ពាក់ព័ន្ធធ្វើអាជីវកម្មឈើខុសច្បាប់ នៅមិនទាន់ឃើញគណៈកម្មការមួយនេះស៊ើបអង្កេត និងអនុវត្តច្បាប់នៅឡើយទេ៖ «បើគាត់ខ្លាំងត្រូវបង្អាក់ទ្រព្យសម្បត្តិអ្នកដែលរកស៊ីឈើទាំងអស់ហ្នឹងទៅ ប្រសិនជាគាត់បង្កើតគណៈកម្មការហ្នឹងមក ដើម្បីឲ្យជាប្រយោជន៍របស់ជាតិគាត់ស៊ើបអង្កេតអ្នក ដែលជាប់ពាក់ព័ន្ធពីមុនៗមក យកមកផ្តន្ទាទោសទៅ។ អាហ្នឹងហើយ បង្កើតគណៈកម្មការមួយដែលឯករាជ្យ ដើម្បីផលប្រយោជន៍ជាតិ។ ប្រសិនគាត់មកធ្វើទេ គាត់បង្កើតមក ដើម្បីចែកអំណាចគ្នាកាន់ » ។
យុវជនដែលតែងចុះឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ លោក សាន់ ម៉ាឡា ឲ្យដឹងនៅថ្ងៃទី២៨ តុលាថា ការអនុវត្តច្បាប់របស់អាជ្ញាធរ និងគណៈកម្មការជាតិ មិនឈរលើមូលដ្ឋានច្បាប់ជាក់លាក់ និងរឹងមាំនោះទេ។ លោកថា សកម្មភាពបង្ក្រាបបទល្មើស ធ្វើឡើងទាល់តែមានបទបញ្ជា ពីមេប៉េអឹម លោក សៅ សុខា និងថ្នាក់ដឹកនាំកំពូល ទើបគណៈកម្មការមួយនេះ ចេញមុខអនុវត្តច្បាប់ព្រៃឈើមួយប្រាវ ក្រោយមកក៏ស្ងាត់ទៅវិញ៖ «ប្រតិកម្មខ្លាំងពីមហាជន ទើបគណៈកម្មការ និងអាជ្ញាធរគាត់នាំគ្នាដុតដៃដុតជើង។ ការធ្វើសកម្មភាពបែបហ្នឹងចំពោះពួកខ្ញុំ ខ្ញុំមើលឃើញថា ពុំមានអីដែលជាក់លាក់ និងអាចសង្ឃឹមថា ពិតជាអាចទប់ស្កាត់បទល្មើសព្រៃឈើមានប្រសិទ្ធភាព » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ចាត់ទុកការលើកឡើងរបស់ក្រុមយុវជន និងសកម្មជនបរិស្ថាន គ្រាន់តែជាសិទ្ធសេរីភាព បញ្ចេញមតិប៉ុណ្ណោះ។ លោកថា គណៈកម្មការជំនាញកំពុងបន្តអនុវត្តច្បាប់ព្រៃឈើគ្រប់តំបន់ ក៏ប៉ុន្តែលោកបដិសេធមិនអធិប្បាយ ពីលទ្ធផលនៃការ រឹបអូសវត្ថុតាង និងឃាត់ខ្លួនជនល្មើស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនោះឡើយ៖ «គាត់មានសិទ្ធិក្នុងការនិយាយស្តី ក៏ប៉ុន្តែគណៈកម្មការជាតិរបស់យើងថ្នាក់ខែត្រគេធ្វើរាល់ថ្ងៃហើយ។ គណៈកម្មការគេបង្ក្រាបឱ្យតែមានបទល្មើសអត់មាន ខែប្រាំង ខែវស្សា និងខែរងាអីទេ » ។
សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា មើលឃើញថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មការជំនាញមួយនេះ ហាក់មិនស៊ីចង្វាក់គ្នា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឱ្យបានពេញលេញនៅឡើយទេ។ លោកថា មូលហេតុជាច្រើនដែលពលរដ្ឋបង្ខំចិត្តលួចកាប់ឈើលក់ចិញ្ចឹមជីវិត គឺដោយសាររដ្ឋាភិបាល មិនរកទីផ្សារកសិផល និងមិនបានលើកទឹកចិត្តឱ្យពលរដ្ឋធ្វើកសិកម្ម។ លើសពីនេះ ពលរដ្ឋមួយចំនួនបានជំពាក់បំណុលធនាគារ ត្រូវបង្ខំចិត្តកាប់ឈើ និងដឹកជញ្ជូនឈើលក់ ហើយសមត្ថកិច្ចមូលដ្ឋាន អាណិតអាសូរ និងយល់មនោសញ្ចេតនា មិនអនុវត្តច្បាប់៖ «ពិសេសបច្ចុប្បធ្វើតុនិងទូ ពីខ្មែរយើងនាំទៅវៀតណាមឧទាហរណ៍។ យើងសំណូមពរទៅថ្នាក់ដឹកនាំ គួរតែមានទីប្រឹក្សា សេដ្ឋកិច្ចឲ្យច្រើន កុំមានទីប្រឹក្សាក្រាញអំណាច។ បើមានទីប្រឹក្សាក្រាញអំណាច ប្រទេសជាតិអត់រីកចម្រើន នៅតែប៉ុណ្ណឹង គួរតែក្មាស់ថៃ វៀតណាម និងឡាវ » ។
មន្ត្រីជាន់ខ្ពស់សមាគមអាហុក លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា គណៈកម្មការជាតិបានខំប្រឹងប្រែងអនុវត្តច្បាប់ព្រៃឈើកន្លងទៅ រហូតបញ្ជូនឈ្មោះមនុស្សជាច្រើននាក់ ទៅតុលាការ ក៏ប៉ុន្តែតុលាការបែរជាយឺតយ៉ាវក្នុងការអនុវត្តច្បាប់ទៅវិញ។ លោកអំពាវនាវដល់ក្រសួងយុត្តិធម៌ ឱ្យអន្តរាគមន៍ដោះស្រាយរឿងនេះជាបន្ទាន់ ទាក់ទិនករណីតុលាការខេត្តមណ្ឌលគិរីយឺតយ៉ាវ មិនចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជនព្រៃឈើមួយចំនួនទៀត៖ «ត្រូវស្រាវជ្រាវថា ហេតុអីបានមានការយឺតយ៉ាវ មិនចាត់វិធានការនៅស្ថាប័នតុលាការ។ គណៈកម្មការជាតិត្រូវធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីដោះបន្ទុកខ្លួនឯងថា ខ្លួនបានធ្វើដែរ តែយឺតនៅតុលាការ » ។
កាលពីពាក់កណ្តាលឆ្នាំ ២០១៩ កន្លងទៅ តុលាការខេត្តមណ្ឌលគិរី បានឃុំខ្លួនមនុស្ស ១១នាក់ ក្នុងនោះ ៥នាក់ជនជាតិខ្មែរ ៣នាក់ជាជនជាតិវៀតណាម និង ៣នាក់ទៀតជាជនជាតិចិន។ លើសពីនេះ គណៈកម្មករជាតិបានឃាត់ខ្លួន ឧកញ៉ា ២រូបដែលល្បីល្បាញខាងដឹកឈើទៅលក់នៅប្រទេសវៀតណាម គឺឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា គង់ ក្រឹង ហើយបញ្ជូនសំណុំរឿងទៅតុលាការ ដែលមកទល់ពេលនេះ ឧកញ៉ារកស៊ីឈើទាំងពីរនាក់នេះ កំពុងជាប់ឃុំក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។