សង្គម​ស៊ីវិល​ជំរុញ​រដ្ឋមន្ត្រី​អាស៊ាន​ឱ្យ​ផ្ដល់​ថវិកា​គាំទ្រ​ការ​អភិរក្ស​ព្រៃឈើ​ទប់ទល់​ផ្សែង​អ័ព្ទ​ឆ្លងដែន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ផ្ដល់​ថវិកា​បន្ថែម គាំទ្រ​ដំណើរការ​អភិរក្ស​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដែល​ភាយ​ចេញ​ពី​ប្រទេស​រីកចម្រើន​ផ្នែក ឧស្សាហកម្ម និង​សេដ្ឋកិច្ច​។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​១៥ ស្ដីពី​សន្និសីទ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន ចាត់​ទុក​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ថា ជា បញ្ហា​ប្រឈម​លក្ខណៈ​សកល ដែល​ភាយ​ចេញ​ពី​ប្រទេស​មាន​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​រីកចម្រើន​រួមមាន ប្រទេស​ចិន ជប៉ុន អាមេរិក និង​ប្រទេស​ឥណ្ឌា​ជាដើម​។ ពួកគេ​ស្នើសុំ​ស្ថាប័ន​បរិស្ថាន និង​រដ្ឋមន្ត្រី​អាស៊ាន​ថា គួរ​ចេញ​សេចក្ដី​ថ្លែង​ការ​រួម​មួយ បំណង​ជំរុញ​ប្រទេស​ទាំងនេះ ឱ្យ​ផ្ដល់​ថវិកា ជួយ​ដល់​ប្រទេស​ក្រីក្រ និង​សហគមន៍​មូលដ្ឋាន​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដំណើរការ​អភិរក្ស​ព្រៃឈើ ឬ​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ ខែ​តុលា​ថា ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ធន់​ធ្ងន់​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី គួរតែ​ផ្ដល់​ថវិកា ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ប្រទេស​ក្រីក្រ​បន្ថែម​ទៀត ដើម្បី​រក្សា​គម្រប​ព្រៃ និង​ការពារ​ព្រៃឈើ​ឱ្យ​គង់វង្ស​។ បញ្ឈប់​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន និង​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​ជាតិ​ដើម​។ លោក​ថា ប្រសិនបើ​ប្រទេស​នៅ​តំបន់​អាស៊ាន ពុំ​មាន​យន្តការ​ច្បាស់លាស់ ទប់ស្កាត់​សកម្មភាព​នាំ​ឈើ​ខុសច្បាប់​ឆ្លងដែន​នោះ​ទេ លោក​មិន​សង្ឃឹមថា យន្តការ​អភិរក្ស​ព្រៃឈើ ដើម្បី​ទប់ទល់​ផ្សែង​អ័ព្ទ​ឆ្លងដែន​ទាំងនេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ៖ «ប្រទេស​ឧស្សាហកម្ម​ធន់​ធ្ងន់​នៅ​តំបន់​អឺរ៉ុប ចិន និង​អាមេរិក​ជាដើម សុទ្ធតែ​បំ​ភាយ​បរិយាកាស​ឧស្ម័ន​កាបូន ក្នុង​បរិយាកាស​ច្រើន​ជាងគេ ហើយ​បច្ចុប្បន្ន​អ្វី​ដែល​កំពុង​ទាមទារ​គឺ គោល​ការណ៍ ក្រុមហ៊ុន និង​អ្នក​ទាំងឡាយ​ណា​ក៏​ដោយ ឱ្យ​តែ​បំភាយ​ឧស្ម័ន ក្នុង​បរិយាកាស​ច្រើន​គាត់​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ បង់ពន្ធ និង​បង់លុយ​ដើម្បី​ស្ដារ​បរិស្ថាន​។ ខ្ញុំ​គិត​ថា ប្រទេស​ទាំងអស់​នោះ​គួរតែ​បង្កើត​ផ្ដល់​ថវិកា កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ផ្សេងទៀត ដែល​មាន​ព្រៃ​បៃតង ធ្វើ​ម៉េច​រក្សា​ព្រៃ​នោះ​ឱ្យ​គង់វង្ស​ល្អ​ប្រសើរ»។

សន្និសីទ​នេះ ក្នុង​បំណង​ស្វែងយល់​ពី​ដំណោះស្រាយ​ការ​បំពុល​ផ្សែង​អ័ព្ទ និង​តាមដាន​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ បរិស្ថាន និង​សុខភាព​មនុស្ស ដែល​ប្រើ​រយៈ​ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១១ ខែ​តុលា​នេះ ធ្វើ​​ឡើង​​នៅ​​ក្រុង​​សៀមរាប។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បញ្ហា​​ទាំង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១០ ខែ​តុលា។

លោក ស ម៉ូរី បន្ថែម​ថា រដ្ឋាភិបាល​អាស៊ាន នៅ​ពុំ​ទាន់​មាន​យន្តការ​ថ្នាក់​តំបន់ ដើម្បី​រួមចំណែក​ការពារ​បរិស្ថាន​នៅឡើយ​ទេ ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការ​បំភាយ​ឧស្ម័ន​ពុល ក្នុង​ស្រទាប់​បរិយាកាស​កំពុង​កើតមាន​គួរ​ឱ្យ​បារម្ភ នាំ​ឱ្យ​ប្រែប្រួល​អាកាសធាតុ ប៉ះពាល់​បរិស្ថាន និង​មនុស្ស​។ លោក​សង្កេត​ឃើញ​ថា ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ច្រើន​រូបភាព​រួមមាន ភ្លើង​ឆេះ​ព្រៃ​រាប់​ម៉ឺន​ហិកតារ ការ​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម និង​ការ​សាងសង់​ថាមពល​ធ្យូងថ្ម គឺជា​មូលហេតុ​ចម្បង នាំ​ឱ្យ​កើតមាន ការ​បំពុល​ខ្យល់ និង​បរិយាកាស​។ លោក​រំពឹង​ថា លទ្ធផល​នៃ​សន្និសីទ​អាស៊ាន​ស្ដីពី​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ មន្ត្រី​បរិស្ថាន​អាស៊ាន​នឹង​រក​ដំណោះស្រាយ​រួម​មួយ ដោះស្រាយ​វិបត្តិ​បរិស្ថាន​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ប៉ុន្តែ​យើង​មើល​ឃើញ​ថា រឿង​មួយ​ដែល​លំបាក​​​ក្នុង​វិស័យ​ព្រៃឈើ​ដូចជា ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន​ជាដើម ដូច​យើង​ដឹង​ស្រាប់​ហើយ ការ​កាប់​ឈើ​ក្នុង​ប្រទេស​កម្ពុជា យើង​មាន​ការ​នាំ​ឈើ​ចេញ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ហើយ​ប្រទេស​វៀតណាម​យក​ឈើ​ចិន និង​ទីផ្សារ​អឺរ៉ុប​ជាដើម​។ ប្រសិនជា នៅ​ក្នុង​តំបន់​អាស៊ាន​ពុំ​មាន​វិធានការ​ទប់ស្កាត់ ការ​នាំ​ឈើ​ឆ្លងដែន​ទេ ខ្ញុំ​គិត​ថា ការ​រួម​ចំណែក​អភិរក្ស​ព្រៃឈើ ដើម្បី​ជួយ​ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​ក្នុង​បរិ​កាស​នេះ គឺ​មិន​ជោគជ័យ​ទេ»។

កាល​ពី​ឆ្នាំ​២០១៦ អង្គការ​សហប្រជាជាតិ បាន​ផ្ដួចផ្ដើម​ឱ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បើក​សន្និសីទ​ដ៏​ធំ​មួយ ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល =​បម្រែបម្រួល អាកាសធាតុ និង​ការ​ប្ដេជ្ញាចិត្ត​រួមចំណែក ការ​បំភាយ​ឧស្ម័ន​កាបូន​។ កិច្ចពិភាក្សា​នោះ ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ប្ដេជ្ញាចិត្ត​រួមគ្នា ដោយ​ត្រូវ​បង្កើត​គម្រប​ព្រៃឈើ និង​ការពារ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ព្រៃឈើ​ស្រូប​យក​ឧស្ម័ន​ពុល ឬ​កាបូន​។ លើស​ពី​នេះ ត្រូវ​កាត់បន្ថយ ការ​បង្កើត​រោងចក្រ​ឧស្សាហកម្ម និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដែល​បំភាយ​ឧស្ម័ន​កាបូន ក្នុង​បរិយាកាស​។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ប្រទេស​ចិន ឥណ្ឌា ជប៉ុន និង​សហរដ្ឋអាមេរិក បាន​បំភាយ​ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។

អាស៊ីសេរី​នៅ​មិនទាន់​ទទួល​បាន​សេចក្ដី​ថ្លែង​ការណ៍​រួម​នៅឡើយ​ទេ ទាក់ទិន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន នៅ​រសៀល ថ្ងៃ​ទី​១០ ខែ​តុលា នេះ។ រីឯ​អគ្គលេខាធិការ​អាស៊ាន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា សមាជិក​អាស៊ាន មានបំណង​ពង្រឹង​សហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​ផ្សែង​អ័ព្ទ​នេះ ជាពិសេស ត្រូវ​ប្រឹងប្រែង​រួមគ្នា បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ ផ្អែក​តាម​ស្មារតី​សាមគ្គី​ភាព​រឹងមាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។