សកម្មជនបរិស្ថានអះអាងថា តំបន់ព្រៃការពារធម្មជាតិជាច្រើនកន្លែងកំពុងប្រឈមនឹងការវិនាសហិនហោច ព្រោះក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើឥតស្រាកស្រាន្ត ដោយមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន។ ពួកគេស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ឱ្យងាកមកគិតគូររឿងបទល្មើសព្រៃឈើនេះឡើងវិញ បើពុំដូច្នេះទេព្រៃឈើសេសសល់ចុងក្រោយនៅប្រទេសកម្ពុជា នឹងរលាយសាបសូន្យក្នុងពេលដ៏ខ្លីខាងមុខនេះ។
សកម្មជនព្រៃឈើ លោក ហេង ស្រស់ អះអាងថា តំបន់ព្រៃការពារធម្មជាតិជាច្រើនកន្លែង កំពុងរងការកាប់បំផ្លាញ និងការរុករានទន្ទ្រានយកដី។ លោករៀបរាប់ថា តំបន់ទាំងនោះ មានជាអាទិ៍ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំព្រិច ដែនជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឧទ្យានជាតិវីរជ័យ ព្រមទាំងតំបន់ការពារធម្មជាតិជាច្រើនផ្សេងទៀត។
លោកអះអាងថា ការបាត់បង់ព្រៃឈើក្នុងតំបន់ការពារទាំងនេះ កើតមានក្នុងរូបភាព៣ សំខាន់ គឺទីមួយ ក្រុមឈ្មួញជួលពលរដ្ឋឱ្យកាប់ឈើ ហើយពួកគេជាអ្នកចាំទិញឈើពីពលរដ្ឋ។ ទីពីរពួកគេស្នើសុំដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ព្រៃការពារ រួចកាប់ឈើចេញពីតំបន់ទាំងនោះមកដាក់ក្នុងដីសម្បទានរបស់ខ្លួន រួចលក់ចេញដោយស្របច្បាប់។ ចំណែកទីបី ពួកគេចូលទៅបើករោងម៉ាស៊ីនអារឈើនៅក្នុងព្រៃតែម្ដង តាមរយៈការសូកប៉ាន់ អាជ្ញាធរដែនដីនៅតំបន់នោះ៖ «ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចូលទៅកាប់ព្រៃឈើនៅក្នុងតំបន់ការពារ យកមកដាក់នៅក្នុងដីរបស់ខ្លួន នៅតែមានការកើនឡើង មិនមានការអន់ថយ។ នេះហើយគឺជារូបភាពមួយដែលយើងមើលឃើញថា ព្រៃឈើប្រទេសកម្ពុជានៅតែបាត់បង់រហូត មិនមានការទប់ស្កាត់ពីមន្ត្រីណាឡើយ។ ហើយគម្របព្រៃឈើ យើងមើលទៅវាមិនទៅដល់៣០ % ផង បើចំពោះខ្ញុំប៉ាន់ស្មានទិដ្ឋភាពជាក់ស្ដែងដែលយើងជិះតាមតំបន់ការពារមួយចំនួន»។
បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះជិត៦០ កន្លែង ដែលមានផ្ទៃដីសរុបជាង៧ លានហិកតារ។ តំបន់ទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយក្រសួងមានមន្ត្រីឧទ្យានុរក្សចំនួនជាង១ ពាន់នាក់ (១,២២១) នៅការពារ និងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ។
ទោះជាយ៉ាងណា លោក ហេង ស្រស់ បារម្ភថា តំបន់ការពារធម្មជាតិមួយចំនួនអាចនឹងត្រូវរំសាយជាបន្តបន្ទាប់នៅថ្ងៃមុខ ពីព្រោះតំបន់ខ្លះស្ទើរតែក្លាយជាវាលរហោស្ថានអស់ទៅហើយ ហើយកន្លងមក របបក្រុងភ្នំពេញក៏ធ្លាប់បានរំសាយដែនជម្រកសត្វព្រៃពីរកន្លែងរួចទៅហើយដែរ។ តំបន់ទាំងនោះ រួមមាន ដែនជម្រកសត្វព្រៃស្នួល និងដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីសរុបជាង ១១ ម៉ឺនហិកតារ ត្រូវបានរំសាយក្រោមហេតុផលថា តំបន់ទាំងពីរនេះលែងមានសក្ដានុពលជាតំបន់អភិរក្សតទៅទៀតហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា ក្រសួងគ្មានគម្រោងរំសាយតំបន់ការពារធម្មជាតិណាទៀតឡើយ។ លោកថា អ្វីដែលក្រសួងកំពុងខិតខំធ្វើនៅពេលនេះ គឺថែរក្សា និងការពារធនធានព្រៃឈើដែលនៅសល់ និងអនុវត្តចំណាត់ការលើក្រុមជនល្មើសដែលនៅតែបន្តកាប់រានព្រៃក្នុងតំបន់ការពារ។ លោកទទួលស្គាល់ថា បច្ចុបន្ននេះនៅតែមានក្រុមឧក្រិដ្ឋជនលួចដឹកឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមនៅឡើយ ហើយក្រសួងស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះ៖ «ជាការពិត គឺនៅមានបទល្មើស មានជនខិលខូចមួយចំនួននៅតែបន្តលួចចេញឈើ លួចកាប់ឈើ។ ហើយជាមួយគ្នានេះ ក៏យើងចាត់វិធានការផ្លូវច្បាប់ផងដែរ អ៊ីចឹងហើយបានជាចំណុចសំខាន់ គឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីប្រជាសហគមន៍នានា ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ សូមឱ្យចូលរួមក្នុងការការពារធនធានធម្មជាតិ»។
អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា គិតត្រឹមឆ្នាំ២០១៦ កម្ពុជានៅមានគម្របព្រៃឈើជាង៤៥% នៃផ្ទៃដីសរុប។ លោកជឿជាក់ថា ផ្ទៃដីគម្របព្រៃឈើអាចនឹងមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការដាំដុះកូនឈើឡើងវិញ បូករួមទាំងប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសព្រៃឈើ និងការរុករានដីព្រៃ។
ទោះជាយ៉ាងណា សកម្មជនបរិស្ថានអះអាងថា គម្របព្រៃឈើពិតប្រាកដ អាចមានត្រឹមចន្លោះពីជាង២០% ទៅជាង៣០% ប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននេះ បទល្មើសព្រៃឈើ គ្មានការថមថយឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា ការរុករានដីព្រៃអភិរក្ស និងព្រៃសហគមន៍ កើតមានស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈបទល្មើសព្រៃឈើវិញ នៅតែបន្តកើតមានតាមតំបន់ការពារធម្មជាតិ។ ដូច្នេះ លោកជឿថា ដីគម្របព្រៃឈើពិតប្រាកដមិនមានការកើនឡើងឡើយ ផ្ទុយទៅវិញមានតែកាត់បាត់បង់ជាគំហុកទៅវិញទេ។ ចំណែកការផ្ដន្ទាទោសលើក្រុមឧក្រិដ្ឋជនព្រៃឈើធំៗវិញ លោកថា មានតែការលើកឡើងប៉ុណ្ណោះ មិនមានការការអនុវត្តជាក់ស្ដែងឡើយ។ លោកថា មូលហេតុសំខាន់ គឺដោយសារអំពើពុករលួយ និងការរីករាលដាលនៃវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា៖ «មិនមែនត្រឹមតែចោះយកទេ ឥលូវនេះរានយកទាំងដីព្រៃទៅធ្វើជាកម្មសិទ្ធិទៀត អាហ្នឹងលឿនបំផុតហើយ។ បើយើងនិយាយទៅ មួយកន្លែងៗរាប់ពាន់ហិកតារ។ តំបន់ឧទ្យាន តំបន់ដែលការពារដោយព្រះរាជក្រឹត្យ គឺជាកន្លែងមួយដែលកាប់រានខ្លាំងបំផុត គ្រប់កន្លែង។ កំពង់ស្ពឺ កំពត រតនគិរី មណ្ឌលគិរី កាប់រាន បំផ្លិចបំផ្លាញទាំងអស់»។
កម្ពុជាបានជាប់ឈ្មោះថា ជាប្រទេសដែលមានការបាត់បង់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក នៅចន្លោះឆ្នាំ២០០១ ដល់២០១៤។ ទិន្នន័យពីប្រព័ន្ធផ្កាយរណបផ្ដល់ដោយវិទ្យាស្ថានធនធានពិភពលោក (World Resource Institute) និងសាកលវិទ្យាល័យម៉ារីឡេនដ៍ (University of Maryland) នៅសហរដ្ឋអាមេរិក បង្ហាញថា នៅក្នុងឆ្នាំ១៩៧០ កម្ពុជាមានព្រៃឈើចំនួន ៧២% នៃផ្ទៃដីសរុប ក៏ប៉ុន្តែ បានធ្លាក់មកនៅត្រឹមជាង៤០% ក្នុងឆ្នាំ២០១៤។ សាកលវិទ្យាល័យដដែលនេះ រកឃើញទៀតថា យ៉ាងហោចណាស់ព្រៃឈើទំហំជាង ២សែនហិកតារ នៅតំបន់ភូមិភាគឦសាន ត្រូវបានកាប់បំផ្លាញទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៦។
ដោយឡែក អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ហៅកាត់ថា EIA វិញ ក៏បានរកឃើញថា ចាប់ពីខែតុលាឆ្នាំ ២០១៧ ដល់ខែមីនា ២០១៨ ទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញ មានចំនួនជាង១ លាន ១សែន ម៉ែត្រគីប គិតជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារអាមេរិក។ អង្គការអន្តរជាតិមួយនេះរកឃើញថា ឈើទាំងនោះត្រូវបាននាំចេញទៅប្រទេសវៀតណាម ដោយត្រូវបង់លុយឱ្យអាជ្ញាធរព្រំដែន និងក្រុមអនុរក្សព្រៃឈើ ជាថ្នូរនឹងកិច្ចការពារសុវត្ថិភាពឆ្លងព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។